សាការី 12:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ថ្លែងពីស្រុកអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ ព្រះគម្ពីរខ្មែរសាកល នេះជាទំនាយ ជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ស្ដីអំពីអ៊ីស្រាអែល: នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា ដែលលាតផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងសូនវិញ្ញាណរបស់មនុស្សឡើងនៅក្នុងខ្លួនគេផង៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សេចក្ដីប្រកាស នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ ថ្លែងអំពីស្រុកអ៊ីស្រាអែល។ ព្រះអម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានព្រះបន្ទូលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាព្រះបន្ទូលយ៉ាងធ្ងន់នៃព្រះយេហូវ៉ា ពីដំណើរអ៊ីស្រាអែល។ ព្រះយេហូវ៉ា ជាព្រះដែលបានលាតផ្ទៃមេឃ ហើយដាំឫសនៃផែនដី ព្រមទាំងបង្កបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្សផង ទ្រង់មានបន្ទូលដូច្នេះថា អាល់គីតាប សេចក្ដីប្រកាស នេះជាបន្ទូលដែលអុលឡោះតាអាឡា ថ្លែងអំពីស្រុកអ៊ីស្រអែល។ អុលឡោះតាអាឡាដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានបន្ទូលថា៖ |
ព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដី មកសូនធ្វើជាមនុស្ស ហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេ នោះមនុស្សក៏មានជីវិតរស់ឡើង។
ក៏គ្របដណ្ដប់ព្រះអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា ព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតបារាំ
សូមព្រះយេហូវ៉ា ដែលព្រះអង្គបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរអ្នករាល់គ្នាពីក្រុងស៊ីយ៉ូន!
ហើយធូលីត្រឡប់ជាដីដូចដើមវិញ ហើយវិញ្ញាណ ត្រឡប់ទៅឯព្រះ ដែលព្រះអង្គបានប្រទានមកនោះ
តើអ្នកណាបានវាល់ទឹកទាំងប៉ុន្មានដោយក្បង់ដៃ ហើយវាស់ផ្ទៃមេឃដោយចំអាមដែរ ព្រមទាំងដាក់ធូលីដីទាំងអស់ចុះក្នុងរង្វាល់ ហើយថ្លឹងអស់ទាំងភ្នំធំ ដោយជញ្ជីង និងភ្នំតូចទាំងប៉ុន្មានដោយជញ្ជីង
គឺព្រះដែលគង់ពីលើរង្វង់ផែនដី ហើយមនុស្សនៅផែនដីប្រៀបដូចជាកណ្តូប គឺព្រះអង្គដែលលាតផ្ទៃមេឃ ដូចជាលាតបារាំ ហើយសន្ធឹងទៅ ដូចជាត្រសាលសម្រាប់អាស្រ័យនៅ
ឯព្រះដ៏ជាព្រះយេហូវ៉ា ជាព្រះដែលបានបង្កើត និងលាតអស់ទាំងជាន់ផ្ទៃមេឃ គឺជាព្រះដែលបានក្រាលផែនដី និងរបស់សព្វសារពើដែលចេញពីនោះមក គឺព្រះអង្គដែលប្រទានឲ្យប្រជាជាតិទាំងប៉ុន្មាន នៅផែនដីមានដង្ហើម ព្រមទាំងឲ្យមនុស្សទាំងឡាយដែលដើរក្នុងលោក មានវិញ្ញាណ ព្រះអង្គមានព្រះបន្ទូលថា
ព្រះយេហូវ៉ា ជាព្រះដែលប្រោសលោះអ្នក គឺជាព្រះដែលជបសូនអ្នក តាំងពីនៅក្នុងផ្ទៃម្តាយ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងជាយេហូវ៉ា ជាព្រះដែលបង្កើតរបស់សព្វសារពើ យើងលាតសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានក្រាលផែនដីដោយខ្លួនយើង
យើងបានរៀបចំផែនដី ហើយបង្កើតមនុស្សឲ្យអាស្រ័យនៅ គឺដៃយើងដែលបានលាតផ្ទៃមេឃ ហើយយើងបានបង្គាប់ដល់អស់ទាំងពលបរិវារ ដែលនៅលើស្ថាននោះដែរ។
ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។
ដៃយើងបានដាក់ឫសនៃផែនដី ហើយដៃស្តាំរបស់យើងបានលាតផ្ទៃមេឃ កាលណាយើងហៅ នោះទាំងពីរក៏ឈរឡើងជាមួយគ្នា។
អ្នកបានភ្លេចព្រះយេហូវ៉ា ជាព្រះដែលបង្កើតអ្នកមក ដែលព្រះអង្គបានលាតផ្ទៃមេឃ ក៏ដាក់ឫសផែនដីផង ហើយរាល់ថ្ងៃអ្នកខ្លាចចំពោះសេចក្ដីក្រោធ របស់អ្នកដែលសង្កត់សង្កិន ហាក់ដូចជាគេរៀបនឹងបំផ្លាញអ្នក តែសេចក្ដីក្រោធរបស់គេនោះ តើនៅឯណា?
ដ្បិតយើងមិនព្រមតវ៉ាជាដរាបទៅទេ ក៏មិនមានសេចក្ដីក្រោធជានិច្ចដែរ ព្រោះវិញ្ញាណគេនឹងរលត់ទៅនៅមុខយើង ព្រមទាំងព្រលឹងទាំងប៉ុន្មានដែលយើងបានធ្វើនេះ។
ព្រះបានបង្កើតផែនដី ដោយឫទ្ធិតេជះរបស់ព្រះអង្គ ព្រះអង្គបានតាំងលោកិយ៍ឡើង ដោយសារប្រាជ្ញារបស់ព្រះអង្គ ហើយបានលាតផ្ទៃមេឃ ដោយសារយោបល់។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ឱយ៉ាកុប ជាអ្នកបម្រើយើងអើយ កុំខ្លាចឡើយ ឱអ៊ីស្រាអែលអើយ កុំស្រយុតចិត្តដែរ ដ្បិតយើងនឹងជួយសង្គ្រោះអ្នកមកពីឆ្ងាយ និងពូជពង្សអ្នកមកពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលត្រឡប់មកវិញ ហើយនៅដោយសុខសាន្ត និងស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ។
ដូច្នេះ អស់អ្នកណាដែលត្របាក់ស៊ីអ្នក នឹងត្រូវគេត្របាក់ស៊ីវិញ អស់ទាំងខ្មាំងសត្រូវរបស់អ្នក គេនឹងត្រូវចាប់ទៅជាឈ្លើយគ្រប់គ្នាដែរ ពួកអ្នកដែលជិះជាន់អ្នក នឹងត្រូវគេជិះជាន់ដូចគ្នា ហើយអស់អ្នកដែលប្លន់អ្នក យើងនឹងឲ្យមានគេប្លន់អ្នកនោះវិញ។
ព្រះបាទសេដេគាស្បថនឹងហោរាយេរេមាដោយសម្ងាត់ថា៖ «ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ ដែលព្រះអង្គបានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសម្លាប់ ឬប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ»។
ឯព្រះដ៏ប្រោសលោះគេ ព្រះអង្គមានឥទ្ធិឫទ្ធិ ព្រះនាមព្រះអង្គ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងកាន់ក្ដីគេ ដើម្បីប្រោសឲ្យផែនដីបានសេចក្ដីសុខ ហើយឲ្យពួកអ្នកនៅក្រុងបាប៊ីឡូន កើតមានភ័យអាសន្ន។
គឺព្រះអង្គដែលបានបង្កើតផែនដី ដោយសារព្រះចេស្តា ព្រះអង្គក៏បានតាំងលោកីយ៍ឡើង ដោយប្រាជ្ញារបស់ព្រះអង្គ ក៏បានលាតផ្ទៃមេឃ ដោយយោបល់ព្រះអង្គ។
ពួកហោរារបស់នាង បានឃើញការជាក់ស្តែងក្លែងក្លាយ ហើយផ្តេសផ្តាស គេមិនបានបើកឲ្យឃើញអំពើទុច្ចរិតរបស់នាង ប្រយោជន៍នឹងនាំពួកនាង ដែលនៅជាឈ្លើយឲ្យបានមកវិញទេ គឺគេបានឃើញតែសេចក្ដីកំភូត និងសេចក្ដីដែលបណ្ដាលឲ្យត្រូវនិរទេសវិញប៉ុណ្ណោះ។
មើល៍! ព្រលឹងទាំងអស់ជារបស់យើង ទោះទាំងព្រលឹងឪពុក និងព្រលឹងកូនផង ក៏ជារបស់យើងដូចគ្នា ឯព្រលឹងណាដែលធ្វើបាប គឺព្រលឹងនោះនឹងត្រូវស្លាប់។
ស្រុកអេស៊ីព្ទនឹងទៅជាស្ងាត់ច្រៀប ហើយស្រុកអេដុមនឹងទៅជាទីរហោស្ថាន ព្រោះតែអំពើឃោរឃៅដែលគេ បានប្រព្រឹត្តចំពោះប្រជាជនយូដា ដ្បិតគេបានកម្ចាយឈាមមនុស្សស្លូតត្រង់ នៅក្នុងស្រុករបស់គេ។
យើងនឹងសងសឹកឲ្យឈាមរបស់គេ គឺឈាមដែលយើងមិនទាន់បានសងសឹកឲ្យនៅឡើយ ដ្បិតព្រះយេហូវ៉ាគង់នៅក្រុងស៊ីយ៉ូន។:៚
សេចក្ដីប្រកាស។ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ទាស់នឹងស្រុកហាត្រាក និងស្រុកដាម៉ាស ដ្បិតព្រះនេត្រនៃព្រះយេហូវ៉ា ទតមើលមនុស្សទាំងអស់ ដូចជាទតមើលកុលសម្ព័ន្ធអ៊ីស្រាអែល
លោកទាំងពីរក៏ក្រាបចុះមុខដល់ដី ហើយទូលថា៖ «ឱព្រះអើយ ព្រះអង្គជាព្រះនៃវិញ្ញាណរបស់មនុស្សលោកទាំងអស់! បើមនុស្សតែម្នាក់ធ្វើបាប នោះតើព្រះអង្គក្រោធនឹងក្រុមជំនុំទាំងមូលឬ?»។
មួយទៀត យើងមានឪពុកខាងសាច់ឈាម ដែលវាយប្រដៅយើង ហើយយើងក៏កោតខ្លាចគាត់ដែរ ដូច្នេះ តើមិនត្រូវឲ្យយើងចុះចូលចំពោះព្រះវរបិតាខាងវិញ្ញាណឲ្យរឹតតែខ្លាំងទៅទៀត ដើម្បីរស់ទេឬ?