ព្រះយេហូវ៉ាសង់ក្រុងយេរូសាឡិមឡើងវិញ ព្រះអង្គប្រមូលអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។
យេរេមា 49:36 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំខ្យល់មកពីទិសទាំងបួន ធ្លាក់លើស្រុកអេឡាំ ហើយកម្ចាត់កម្ចាយគេទៅគ្រប់ទិសទាំងបួននោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិស បក់មកលើស្រុកអេឡាំ យើងឲ្យខ្យល់ទាំងនោះកម្ចាត់ពួកគេ ខ្ចាត់ខ្ចាយទៅគ្រប់ទិសទី ជនជាតិអេឡាំទៅនៅក្នុងចំណោម ប្រជាជាតិទាំងអស់ ឥតចន្លោះណាមួយឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំខ្យល់ទាំង៤ឲ្យមកពីទាំង៤ទិស ធ្លាក់លើស្រុកអេឡាំ ហើយនឹងកំចាត់កំចាយគេទៅគ្រប់ទិសទាំង៤នោះ ឥតមាននគរណាមួយ ដែលពួកបំបរបង់របស់សាសន៍អេឡាំមិនបានទៅដល់នោះឡើយ អាល់គីតាប យើងនឹងធ្វើឲ្យខ្យល់ទាំងបួនទិស បក់មកលើស្រុកអេឡាំ យើងឲ្យខ្យល់ទាំងនោះកំចាត់ពួកគេ ខ្ចាត់ខ្ចាយទៅគ្រប់ទិសទី ជនជាតិអេឡាំទៅនៅក្នុងចំណោម ប្រជាជាតិទាំងអស់ ឥតចន្លោះណាមួយឡើយ។ |
ព្រះយេហូវ៉ាសង់ក្រុងយេរូសាឡិមឡើងវិញ ព្រះអង្គប្រមូលអ៊ីស្រាអែល ដែលខ្ចាត់ខ្ចាយឲ្យត្រឡប់មកវិញ។
ព្រះអង្គនឹងលើកទង់មួយឡើង សម្រាប់អស់ទាំងសាសន៍ ហើយនឹងប្រមូលពួកព្រាត់ប្រាស នៃសាសន៍អ៊ីស្រាអែល ព្រមទាំងរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដា មកពីទិសទាំងបួននៃផែនដី។
ហើយនៅគ្រានោះ នឹងឮសូរត្រែធំផ្លុំឡើង នោះពួកអ្នកនៅក្នុងស្រុកអាសស៊ើរ ដែលហៀបនឹងវិនាសបាត់ និងពួកអ្នកដែលត្រូវបំបរបង់ចេញទៅឯស្រុកអេស៊ីព្ទ គេនឹងវិលមកថ្វាយបង្គំព្រះយេហូវ៉ា នៅលើភ្នំបរិសុទ្ធ ត្រង់ក្រុងយេរូសាឡិម។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងនឹងប្រមូលអស់អ្នកដែលត្រូវគេបោះបង់ ក្នុងសាសន៍អ៊ីស្រាអែល យើងនឹងប្រមូលមនុស្សដទៃមកជាមួយដែរ គឺជាពួកអ្នកក្រៅពីពួកអ៊ីស្រាអែល ដែលបានប្រមូលហើយ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងមើលអ្នកឲ្យជា ហើយនឹងធ្វើឲ្យរបួសអ្នកបានសះ ពីព្រោះគេបានហៅអ្នកជាពួកបំបរបង់ ដោយពាក្យថា នេះជាក្រុងស៊ីយ៉ូន គ្មានអ្នកណារាប់រកសោះ។
ហ្វូងអូដ្ឋ និងហ្វូងសត្វដ៏សន្ធឹករបស់គេ នឹងត្រូវគេប្លន់យក យើងនឹងកម្ចាត់កម្ចាយពួកអ្នក ដែលកាត់ជ្រុងពុកចង្កាឲ្យទៅគ្រប់ទិស ហើយនាំសេចក្ដីអន្តរាយរបស់គេ មកពីគ្រប់តំបន់ជុំវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ដូច្នេះ ឪពុកនឹងស៊ីកូន ហើយកូននឹងស៊ីឪពុក ហើយយើងនឹងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក ព្រមទាំងកម្ចាត់កម្ចាយសំណល់របស់អ្នកទៅគ្រប់ទិសទី»។
មួយភាគបីក្នុងចំណោមអ្នករាល់គ្នានឹងត្រូវស្លាប់ ដោយអាសន្នរោគ និងភាពអត់ឃ្លាន មួយភាគបីទៀតនឹងដួលស្លាប់ដោយដាវ ហើយមួយភាគបី យើងនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិសទី ក៏នឹងមានដាវដេញតាមក្រោយគេទៀតផង។
កាលស្តេចនោះមានអំណាចថ្កុំថ្កើងហើយ នោះនគររបស់ស្ដេចក៏ត្រូវបែកបាក់ ហើយបែងចែកទៅឲ្យទិសទាំងបួននៅក្រោមមេឃ តែមិនមែនចែកឲ្យពូជពង្សរបស់ស្តេចទេ ក៏មិនមានអំណាចដូចស្តេចមុនដែលធ្លាប់គ្រប់គ្រងដែរ ដ្បិតរាជ្យនោះនឹងត្រូវយកចេញ ហើយធ្លាក់ក្នុងកណ្ដាប់ដៃអ្នកផ្សេងវិញ។
ចំណែកឯស្នែងដែលបាក់ ហើយមានស្នែងបួនដុះឡើងជំនួស គឺជានគរបួនដែលនឹងកើតឡើងពីសាសន៍នោះ តែមិនមានអំណាចដូចស្តេចមុនទេ។
ពពែឈ្មោលនោះតម្កើងខ្លួនយ៉ាងក្រៃលែង តែកាលវាមានអំណាចខ្លាំង នោះស្នែងធំក៏ត្រូវបាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញែងដុះឡើងជំនួស ស្នែងទាំងនោះកន្ធែកទៅរកទិសទាំងបួន។
ដ្បិតមើល៍ យើងនឹងបញ្ជា ហើយរែងពូជពង្សអ៊ីស្រាអែលក្នុងចំណោម អស់ទាំងសាសន៍ ដូចគេរែងអង្ករនៅក្នុងកញ្ច្រែង តែឥតមានគ្រាប់ណាមួយធ្លាក់ដល់ដីឡើយ។
ទេវតាឆ្លើយមកខ្ញុំថា៖ «នេះជាខ្យល់ទាំងបួនទិសនៅលើអាកាស ដែលចេញពីព្រះអម្ចាស់នៃផែនដីទាំងមូល។
ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកបាក់ទ័ពនៅមុខខ្មាំងសត្រូវ អ្នកនឹងចេញទៅទាស់នឹងគេតាមផ្លូវមួយ តែនឹងរត់នៅមុខគេតាមផ្លូវប្រាំពីរ ហើយនគរទាំងប៉ុន្មាននៅលើផែនដីនឹងមានសេចក្ដីរន្ធត់ ដោយឮដំណឹងនេះ។
ព្រះយេហូវ៉ានឹងកម្ចាត់កម្ចាយអ្នក ឲ្យទៅក្នុងចំណោមជាតិសាសន៍ទាំងអស់ ពីចុងផែនដីម្ខាង រហូតដល់ចុងផែនដីម្ខាង។ នៅទីនោះ អ្នកនឹងគោរពប្រតិបត្តិដល់ព្រះដទៃធ្វើពីឈើ និងពីថ្ម ដែលអ្នក និងដូនតារបស់អ្នកមិនដែលស្គាល់។
ក្រោយនោះមក ខ្ញុំឃើញទេវតាបួនរូប ឈរនៅជ្រុងផែនដីទាំងបួន ទាំងទប់ខ្យល់នៅផែនដីទាំងបួនទិស មិនឲ្យបក់មកលើផែនដី សមុទ្រ ឬដើមឈើណាឡើយ។