Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សាការី 6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


និមិត្ត‌ទី​ប្រាំបី អំពី​រទេះ​បួន

1 ខ្ញុំ​បាន​ងើយមើល​ម្តង​ទៀត ឃើញ​មាន​រទេះ​បួន​ចេញ​ពីជ្រលង​ភ្នំ​មក ឯ​ភ្នំ​ទាំង​ពីរ​នោះ​ជា​ភ្នំ​លង្ហិន។

2 រទេះ​ទី​មួយ​ទឹម​សេះ​សម្បុរ​ក្រហម រទេះ​ទី​ពីរ​ទឹម​សេះ​សម្បុរ​ខ្មៅ

3 រទេះ​ទី​បី​ទឹម​សេះ​សម្បុរ​ស និង​រទេះ​ទី​បួន​ទឹម​សេះ​សម្បុរ​ពញ្លក់ ដែល​មាន​កម្លាំង​ខ្លាំង។

4 ខ្ញុំ​ក៏​សួរ​ទេវតា​ដែល​ពោល​មក​ខ្ញុំ​ថា៖ «លោក​ម្ចាស់​អើយ តើ​ទាំង​អស់​នេះ​ជា​អ្វី?»

5 ទេវតា​ឆ្លើយ​មក​ខ្ញុំ​ថា៖ «នេះ​ជា​ខ្យល់​ទាំង​បួន​ទិស​នៅ​លើ​អាកាស ដែល​ចេញ​ពី​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល។

6 ឯ​រទេះ​ទឹម​សេះ​សម្បុរ​ខ្មៅ​នោះ ចេញ​ទៅ​ស្រុក​នៅ​ទិស​ខាង​ជើង សេះ​ស​ក៏​ចេញ​តាម​ក្រោយ​ទៅ សេះ​ពញ្លក់​ចេញ​ទៅ​ស្រុក​នៅ​ទិស​ខាង​ត្បូង

7 រួច​សេះ​ដែល​មាន​កម្លាំង​ខ្លាំង​ក៏​ចេញ​ទៅ​តាម ហើយ​រក​ផ្លូវ​ឲ្យ​បាន​ដើរ​ចុះ​ឡើង​នៅ​លើ​ផែនដី»។ ទេវតា​បង្គាប់​វា​ថា៖ «ទៅ​ចុះ ហើយ​ដើរ​ចុះ​ឡើង​នៅ​ផែនដី» ដូច្នេះ វា​ក៏​ដើរ​ចុះ​ឡើង​នៅ​ផែនដី​ទៅ។

8 ពេល​នោះ ទេវតា​ស្រែក​មក​ខ្ញុំ​ថា៖ «មើល៍! សេះ​ដែល​ចេញ​ទៅ​ស្រុក​នៅ​ទិស​ខាង​ជើង បាន​រម្ងាប់​ចិត្ត​យើង​ចំពោះ​ស្រុក​ខាង​ជើង​នោះ​ហើយ»។


ការ​តែង​តាំង​មែក​ធាង

9 ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖

10 ចូរ​ប្រមូល​យក​ប្រាក់ និង​មាស ពី​ពួក​អ្នក​ដែល​ជាប់​ជា​ឈ្លើយ គឺ​ត្រូវ​យក​ពី​ហេលដាយ ពី​ថូប៊ីយ៉ា និង​ពី​យេដាយ៉ា ដែល​ទើប​មក​ពី​ក្រុង​បាប៊ីឡូន ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ត្រូវ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យ៉ូសៀស ជា​កូន​សេផានា។

11 ត្រូវ​យក​ប្រាក់ និង​មាស​ពី​គេ​ទៅ​ធ្វើ​មកុដ បំពាក់​លើ​ក្បាល​យេសួរ ជា​កូន​យ៉ូសាដាក​ជា​សម្ដេច​សង្ឃ។

12 ត្រូវ​ប្រាប់​លោក​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! មនុស្ស​ដែល​ឈ្មោះ​ថា លំពង់ និង​ពន្លក​ដុះ​ឡើង​ពី​កន្លែង​របស់​ខ្លួន ហើយ​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

13 គឺ​អ្នក​នោះ​នឹង​សង់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នឹង​តាំង​សិរី‌ល្អ​ទី​នោះ​ឡើង ក៏​នឹង​អង្គុយ​គ្រប់‌គ្រង​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន អ្នក​នោះ​នឹង​ធ្វើ​ជា​សង្ឃ​នៅ​លើ​បល្ល័ង្ក​របស់​ខ្លួន ហើយ​ទាំង​ពីរ​នាក់​មាន​មេត្រី​ភាព​នឹង​គ្នា។

14 ឯ​មកុដ​នោះ​សម្រាប់​ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយ​សម្រាប់​ហិន ជា​កូន​សេផានា ទុក​ជា​ទី​រំឭក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

15 ចំណែក​ពួក​អ្នក​ដែល​នៅ​ឆ្ងាយ គេ​នឹង​មក​ជួយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​បាន​ចាត់​ខ្ញុំ​មក​រក​អ្នករាល់​គ្នា​មែន ហើយ​ការ​នេះ​នឹង​កើត​មក​មែន បើ​ឯង​រាល់​គ្នា​ព្យាយាម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ឯង​រាល់​គ្នា។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម