ដោយព្រោះគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្ដាលឲ្យយើងខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់យើងបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបាន។
យេរេមា 42:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ "កំហឹង និងសេចក្ដីក្រោធរបស់យើង ដែលបានចាក់ចេញទៅលើពួកអ្នក នៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់យើង នឹងត្រូវចាក់ចេញ លើអ្នករាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ អ្នករាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្ដាសា ហើយជាទីជេរប្រមាថ អ្នករាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូល ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរ ប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះ ព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលដូច្នេះថា សេចក្ដីកំហឹង នឹងសេចក្ដីក្រោធរបស់អញ ដែលបានចាក់ចេញទៅលើពួកអ្នកនៅក្រុងយេរូសាឡិមជាយ៉ាងណា នោះសេចក្ដីក្រោធរបស់អញ នឹងត្រូវចាក់ចេញ លើឯងរាល់គ្នាយ៉ាងនោះដែរ គឺក្នុងកាលដែលចូលទៅក្នុងស្រុកអេស៊ីព្ទនោះ នៅស្រុកនោះ ឯងរាល់គ្នានឹងត្រឡប់ទៅជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង ជាទីផ្តាសា ហើយជាទីជេរប្រមាថ ឯងរាល់គ្នានឹងមិនបានឃើញទីនេះទៀតឡើយ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា: ប្រសិនបើអ្នករាល់គ្នាទៅស្រុកអេស៊ីប យើងនឹងជះកំហឹងដ៏ខ្លាំងក្លារបស់យើងទៅលើអ្នករាល់គ្នា ដូចយើងបានជះទៅលើអ្នកក្រុងយេរូសាឡឹមដែរ។ ប្រជាជាតិទាំងឡាយយកឈ្មោះអ្នករាល់គ្នាទៅដាក់បណ្ដាសាជេរប្រមាថ និងចំអកឡកឡឺយឲ្យគ្នា អ្នករាល់គ្នាពុំបានឃើញទឹកដីនេះវិញឡើយ។ |
ដោយព្រោះគេបានបោះបង់ចោលយើង ហើយបានដុតកំញានថ្វាយព្រះដទៃ ដើម្បីនឹងបណ្ដាលឲ្យយើងខឹង ដោយអស់ទាំងការដែលដៃគេធ្វើទាំងប៉ុន្មាន ហេតុនោះបានជាសេចក្ដីកំហឹងរបស់យើងបានចាក់មកលើទីនេះ ហើយនឹងពន្លត់មិនបាន។
ដូច្នេះ កម្លាំងរបស់ផារ៉ោន នឹងបានជាសេចក្ដីខ្មាសដល់អ្នករាល់គ្នាវិញ ហើយការជ្រកកោនក្រោមម្លប់ស្រុកអេស៊ីព្ទ នឹងបានជាសេចក្ដីវិលវល់ដល់អ្នកដែរ។
អ្នករាល់គ្នានឹងបន្តឈ្មោះរបស់អ្នក ទុកជាទីផ្ដាសាដល់ពួករើសតាំងរបស់យើង ហើយព្រះអម្ចាស់យេហូវ៉ានឹងសម្លាប់អ្នក ព្រះអង្គនឹងដាក់ឈ្មោះផ្សេងទៀត ឲ្យដល់ពួកអ្នកបម្រើរបស់ព្រះអង្គ។
ដោយធ្វើឲ្យស្រុករបស់គេត្រឡប់ជាទីស្រឡាំងកាំង ហើយជាទីដែលធ្វើឲ្យមនុស្សហួសចិត្តជានិច្ច។ អស់អ្នកដែលដើរកាត់តាមនោះ នឹងព្រឺសម្បុរ ហើយគ្រវីក្បាល។
យើងនឹងនាំសេចក្ដីដំណៀលដ៏នៅជាប់អស់កល្បមកលើអ្នករាល់គ្នា ព្រមទាំងសេចក្ដីខ្មាសនៅជាប់ជានិច្ចដែលភ្លេចមិនបានឡើយ។
យើងនឹងប្រគល់គេទៅឲ្យត្រូវសាត់អណ្តែត នៅកណ្ដាលអស់ទាំងនគរនៅផែនដី ឲ្យបានសេចក្ដីអាក្រក់ ដើម្បីឲ្យគេបានជាទីដៀលត្មះ ជាពាក្យទំនៀម ជាទីអុចអាល ហើយជាទីផ្ដាសា នៅគ្រប់ទីកន្លែងណាដែលយើងនឹងបណ្តេញទៅនោះ។
យើងនឹងចាត់ទៅនាំយកអស់ទាំងពួកគ្រួនៅស្រុកខាងជើង និងនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបម្រើរបស់យើងមក។ ព្រះយេហូវ៉ាមានព្រះបន្ទូលទៀតថា៖ យើងនឹងនាំគេមកទាស់នឹងស្រុកនេះ និងពួកអ្នកនៅក្នុងស្រុក ហើយទាស់នឹងសាសន៍ទាំងប៉ុន្មាននៅជុំវិញផង យើងនឹងបំផ្លាញពួកអ្នកស្រុកនេះឲ្យអស់រលីង ព្រមទាំងធ្វើឲ្យទៅជាទីស្រឡាំងកាំង ជាទីដែលគេហួសចិត្ត ហើយជាទីខូចបង់នៅអស់កល្បជានិច្ច។
នោះយើងនឹងធ្វើឲ្យវិហារនេះបានដូចជាស៊ីឡូរ ហើយនឹងធ្វើឲ្យទីក្រុងនេះត្រឡប់ជាទីផ្ដាសា ដល់អស់ទាំងសាសន៍នៅផែនដីផង។
យើងនឹងដេញតាមគេ ដោយដាវ អំណត់ និងអាសន្នរោគ ព្រមទាំងប្រគល់គេទៅឲ្យត្រូវរសាត់អណ្តែត នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី ឲ្យបានជាទីផ្ដាសា ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ និងជាទីត្មះតិះដៀលនៅកណ្ដាលអស់ទាំងសាសន៍ ដែលយើងនឹងបណ្តេញគេនោះ
ឯពួកឈ្លើយ ជាសាសន៍យូដា ដែលនៅក្រុងបាប៊ីឡូន នឹងយករឿងនោះប្រើជាពាក្យផ្ដាសាដល់អ្នកដទៃថា សូមព្រះយេហូវ៉ាធ្វើឲ្យអ្នកបានដូចជាសេដេគា និងអ័ហាប់ ដែលស្តេចបាប៊ីឡូនបានឆ្អើរលើភ្លើងនោះចុះ
គេចូលមកច្បាំងទាស់នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលយើងសម្លាប់ ដោយកំហឹង និងសេចក្ដីឃោរឃៅរបស់យើង ដ្បិតយើងបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ។
យើងនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីង គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ និងអំណត់ គេនឹងស្លាប់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំបំផុត។ ដោយសារដាវ និងអំណត់ គេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ហើយជាទីប្រមាថមើលងាយ។
ដល់ម៉្លេះបានជាព្រះយេហូវ៉ាទ្រាំមិនបានទៀត ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់អ្នករាល់គ្នា ហើយដោយព្រោះការគួរខ្ពើម ដែលអ្នករាល់គ្នាបានប្រព្រឹត្ត គឺហេតុនោះបានជាស្រុករបស់អ្នករាល់គ្នាត្រូវចោលស្ងាត់ ហើយបានត្រឡប់ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ឥតមានអ្នកណាអាស្រ័យនៅ ដូចជាសព្វថ្ងៃនេះ។
ហេតុនោះបានជាកំហឹង និងសេចក្ដីក្រោធរបស់យើងបានចាកចេញ ហើយកាត់ឆេះឡើង នៅក្នុងទីក្រុងស្រុកយូដាទាំងប៉ុន្មាន និងនៅអស់ទាំងផ្លូវរបស់ក្រុងយេរូសាឡិម។ ដូច្នេះ ទីក្រុងទាំងនោះត្រូវខូចបង់ ហើយចោលស្ងាត់ ដូចសព្វថ្ងៃនេះ»។
ហេតុអ្វីដៃអ្នករាល់គ្នាតែងប្រព្រឹត្តការដែលនាំឲ្យយើងខឹង? ដូចជាការដុតកំញានថ្វាយដល់ព្រះដទៃ នៅក្នុងស្រុកអេស៊ីព្ទ ជាកន្លែងដែលអ្នករាល់គ្នាបានទៅស្នាក់នៅនោះ ជាការដែលកាត់អ្នករាល់គ្នាចេញ ហើយឲ្យអ្នករាល់គ្នាត្រឡប់ជាទីផ្ដាសា និងជាទីត្មះតិះដៀល នៅកណ្ដាលអស់ទាំងសាសន៍នៅផែនដី។
ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្ដីក្រោធ របស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំលោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ ទាំងមនុស្សចាស់ជរាផង។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍ កំហឹង និងសេចក្ដីក្រោធរបស់យើង បានចាក់មកលើទីនេះ គឺលើមនុស្ស លើសត្វ ហើយលើដើមឈើនៅចម្ការ និងលើផលដែលកើតពីដីផង កំហឹងនោះនឹងឆេះឡើងឥតរលត់ឡើយ។
ព្រះអង្គយឹតធ្នូដូចជាខ្មាំងសត្រូវ ព្រះអង្គបានលើកព្រះហស្តដូចជាអ្នកតតាំង ក៏បានប្រហារជីវិតទាំងអស់ដែលគាប់ភ្នែក ឯនៅក្នុងត្រសាលនៃកូនស្រីស៊ីយ៉ូន ព្រះអង្គបានចាក់សេចក្ដីក្រោធរបស់ព្រះអង្គ ចេញដូចជាភ្លើង។
ព្រះអង្គបានកន្ត្រាក់យកព្រះពន្លារបស់ព្រះអង្គ ចេញដោយកម្លាំង ទុកដូចជាសួនច្បារ ក៏បានបំផ្លាញកន្លែងប្រជុំរបស់ព្រះអង្គចោល ព្រះយេហូវ៉ាធ្វើឲ្យពួកក្រុងស៊ីយ៉ូនភ្លេចពិធីបុណ្យ និងថ្ងៃសប្ប័ទ ហើយក្នុងសេចក្ដីក្រោធរបស់ព្រះអង្គ ព្រះអង្គបានស្អប់ខ្ពើមដល់ស្តេច និងសង្ឃផង។
ព្រះយេហូវ៉ាក្រោធយ៉ាងខ្លាំង ព្រះអង្គបានចាក់សេចក្ដីក្រោធដ៏សហ័ស របស់ព្រះអង្គចេញហើយ ព្រះអង្គបានបង្កាត់ភ្លើងនៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះទាំងឫសជញ្ជាំងផង។
យើងនឹងនាំអ្នករាល់គ្នាចេញពីអស់ទាំងសាសន៍ ហើយនឹងប្រមូលអ្នករាល់គ្នាមកពីស្រុកទាំងប៉ុន្មានដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ ដោយដៃខ្លាំងពូកែ ហើយលើកសម្រេច ព្រមទាំងចាក់សេចក្ដីក្រោធចេញផង។
ប្រាក់ត្រូវរលាយទៅក្នុងឡយ៉ាងណា នោះអ្នករាល់គ្នានឹងត្រូវរលាយទៅ នៅកណ្ដាលនោះយ៉ាងនោះដែរ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើង គឺព្រះយេហូវ៉ានេះ យើងបានចាក់សេចក្ដីក្រោធរបស់យើងទៅលើអ្នករាល់គ្នា»។
អ៊ីស្រាអែលទាំងមូលបានប្រព្រឹត្តរំលងក្រឹត្យវិន័យរបស់ព្រះអង្គ ហើយបានងាកបែរ មិនព្រមស្តាប់តាមព្រះបន្ទូលរបស់ព្រះអង្គទេ។ ហេតុនេះហើយបានជាបណ្ដាសា និងសម្បថដែលបានចែងទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ បានធ្លាក់មកលើយើងខ្ញុំ ព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ។
ស្ដេចនោះនឹងតាំងសញ្ញាមួយយ៉ាងមុតមាំជាមួយមនុស្សជាច្រើនរយៈពេលមួយអាទិត្យ ហើយរយៈពេលកន្លះអាទិត្យ ស្ដេចនឹងបញ្ឈប់លែងឲ្យមានការថ្វាយយញ្ញបូជា និងតង្វាយទៀត ហើយនៅកន្លែងរបស់គេ នឹងកើតមានអំពើគួរស្អប់ខ្ពើមដែលបំផ្លាញ រហូតទាល់តែចុងបំផុតដូចបានកំណត់ទុកនោះ ធ្លាក់ទៅលើមេបំផ្លាញវិញ»។
គេវិលមកវិញ តែមិនមែនមករកព្រះដ៏ខ្ពស់បំផុតទេ គេប្រៀបដូចជាធ្នូដែលបាញ់មិនត្រង់ ពួកមេរបស់គេនឹងដួលស្លាប់ដោយដាវ ព្រោះតែសម្ដីព្រហើននៃអណ្ដាតរបស់ខ្លួន។ ហេតុការណ៍នេះនឹងក្លាយជាទីមើលងាយ ដល់គេនៅស្រុកអេស៊ីព្ទ។
តើមានអ្នកណាអាចនឹងឈរនៅមុខ សេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបាន? តើអ្នកណានឹងធន់នៅបានក្នុងពេលដែល សេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គឆួលឡើង? ឯសេចក្ដីក្រោធរបស់ព្រះអង្គក៏ចាក់ចេញដូចជាភ្លើង ហើយថ្មទាំងប៉ុន្មានក៏ត្រូវបែកខ្ចាយ ដោយសារព្រះអង្គ។
ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមអ្នកជាទីផ្ដាសានៅកណ្ដាលអស់ទាំងសាសន៍យ៉ាងណា នោះយើងនឹងសង្គ្រោះឯងរាល់គ្នាឲ្យបានព្រះពរវិញយ៉ាងនោះដែរ កុំខ្លាចឡើយ ចូរឲ្យមានកម្លាំងដៃវិញចុះ»។
ក្រោយពីបានឲ្យនាងផឹកទឹកនោះរួចហើយ ប្រសិនបើនាងពិតជាសៅហ្មង ដោយបានក្បត់ចិត្តប្តីរបស់ខ្លួនមែន នោះទឹកដែលនាំឲ្យត្រូវបណ្ដាសាចូលទៅក្នុងនាង នឹងធ្វើឲ្យនាងឈឺចាប់ ពោះនាងនឹងប៉ោងឡើង ហើយភ្លៅនាងនឹងរលួយទៅ ហើយស្ត្រីនោះនឹងទៅជាអ្នករងដំណៀលទៅក្នុងសាសន៍របស់ខ្លួន។
អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។