មីកា 3:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ គេនឹងអំពាវនាវរកព្រះយេហូវ៉ា តែព្រះអង្គមិនព្រមតបឡើយ ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេ ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាស្រែកអង្វរព្រះអម្ចាស់ តែព្រះអង្គមិនឆ្លើយតបមកវិញឡើយ ពេលនោះ ព្រះអង្គគេចព្រះភ័ក្ត្រពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ គេនឹងអំពាវនាវដល់ព្រះយេហូវ៉ា តែទ្រង់មិនព្រមតបឡើយ អើ ទ្រង់នឹងគេចព្រះភក្ត្រចេញពីគេ ឲ្យសមតាមអំពើអាក្រក់ទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្ត។ អាល់គីតាប អ្នករាល់គ្នាស្រែកអង្វរអុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបមកវិញឡើយ ពេលនោះ ទ្រង់គេចពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។ |
ពិតប្រាកដជាព្រះមិនព្រមស្តាប់សម្រែក ដែលស្រែកជាទទេៗដែរ ព្រះដ៏មានគ្រប់ព្រះចេស្តា ព្រះអង្គមិនព្រមទាំងក្រឡេកមើលផង។
គេបានស្រែករកជំនួយ តែគ្មានអ្នកណាជួយគេសោះ គេស្រែករកព្រះយេហូវ៉ា តែព្រះអង្គមិនឆ្លើយតបនឹងពួកគេឡើយ។
ខណៈនោះ គេនឹងអំពាវនាវដល់យើង តែយើងមិនព្រមឆ្លើយសោះ គេនឹងស្វែងរកយើងអស់ពីចិត្ត តែគេនឹងរកមិនឃើញឡើយ ។
អ្នកណាដែលបែរត្រចៀកចេញ មិនព្រមស្តាប់បញ្ញត្តិច្បាប់ នោះទោះទាំងពាក្យអធិស្ឋានរបស់អ្នកនោះ ក៏ជាទីស្អប់ខ្ពើមដែរ។
កាលណាអ្នករាល់គ្នាប្រទូលដៃឡើង នោះយើងនឹងបែរភ្នែកចេញពីអ្នក បើកាលណាអ្នកអធិស្ឋានជាច្រើន នោះយើងនឹងមិនស្តាប់ឡើយ ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ពេញដោយឈាម។
វេទនាដល់មនុស្សអាក្រក់គេ នឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះ នឹងបានសងដល់គេវិញ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «យើងនឹងនាំសេចក្ដីអាក្រក់មកលើគេ ជាសេចក្ដីដែលគេមិនអាចគេចរួចបានឡើយ គេនឹងអំពាវនាវរកយើង តែយើងមិនស្ដាប់ទេ។
កាលណាគេតមអត់ នោះយើងមិនព្រមស្ដាប់សម្រែករបស់គេទេ កាលណាគេថ្វាយតង្វាយដុត និងតង្វាយម្សៅ នោះយើងមិនព្រមទទួលឡើយ គឺនឹងធ្វើឲ្យគេសូន្យទៅដោយដាវ អំណត់ និងអាសន្នរោគ។
គេចូលមកច្បាំងទាស់នឹងពួកខាល់ដេ ហើយក៏បំពេញផ្ទះទាំងនោះ ដោយសាកសពនៃមនុស្ស ដែលយើងសម្លាប់ ដោយកំហឹង និងសេចក្ដីឃោរឃៅរបស់យើង ដ្បិតយើងបានគេចមុខចេញពីទីក្រុងនេះ ដោយព្រោះអំពើអាក្រក់ទាំងប៉ុន្មានរបស់គេ។
គឺពួកហោរាបានថ្លែងទំនាយកុហក ពួកសង្ឃក៏គ្រប់គ្រងដោយកម្លាំងដៃខ្លួន ឯប្រជារាស្ត្រយើងក៏ឃើញយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើអ្នករាល់គ្នាធ្វើដូចម្តេច?
ដូច្នេះ យើងនឹងប្រព្រឹត្តដោយសេចក្ដីក្រោធដែរ ភ្នែកយើងនឹងមិនប្រណីឡើយ យើងនឹងមិនអាណិតមេត្តាទេ ទោះបើគេអំពាវនាវ ដោយសំឡេងយ៉ាងខ្លាំងដាក់ត្រចៀកយើងក៏ដោយ គង់តែយើងមិនព្រមស្តាប់ឡើយ»។
ពួកអ្នកមើលឆុតនឹងត្រូវខ្មាស ហើយពួកគ្រូថ្លែងទំនាយនឹងទាល់គំនិត គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ។
ទោះបើយ៉ាងនោះក៏ដោយ គង់តែស្រុកនេះនឹងត្រូវនៅស្ងាត់ច្រៀប ដោយព្រោះផលនៃកិរិយា របស់ពួកអ្នកដែលអាស្រ័យនៅ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ដូចជាយើង បានស្រែកហៅ តែគេមិនព្រមស្តាប់យ៉ាងណា នោះគេក៏ស្រែកដែរ តែយើងមិនព្រមស្តាប់ដូចគ្នា
នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា "ព្រះអម្ចាស់ ព្រះអម្ចាស់អើយ! តើយើងខ្ញុំមិនបានថ្លែងទំនាយក្នុងព្រះនាមព្រះអង្គ ដេញអារក្សក្នុងព្រះនាមព្រះអង្គ ហើយធ្វើការអស្ចារ្យជាច្រើន ក្នុងព្រះនាមព្រះអង្គទេឬ?"
កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារ ហើយអ្នករាល់គ្នានឹងចាប់ផ្តើមឈរនៅខាងក្រៅ គោះទ្វារទូលថា "ឱព្រះអម្ចាស់អើយ សូមបើកឲ្យយើងខ្ញុំផង"។ ព្រះអង្គនឹងមានព្រះបន្ទូលឆ្លើយថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ"។
យើងដឹងថា ព្រះមិនស្តាប់មនុស្សបាបទេ ប៉ុន្តែ ព្រះអង្គនឹងស្តាប់អ្នកណាដែលកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។
ព្រោះអ្នកណាដែលគ្មានចិត្តមេត្តា អ្នកនោះនឹងត្រូវទទួលទោសដោយឥតមេត្តាដែរ ដ្បិតសេចក្តីមេត្តា នោះរមែងឈ្នះការជំនុំជម្រះ។
នៅថ្ងៃនោះ អ្នករាល់គ្នានឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះស្តេចដែលអ្នករាល់គ្នានឹងរើសនោះ តែព្រះអង្គមិនព្រមស្តាប់តាមអ្នករាល់គ្នានៅថ្ងៃនោះទេ»។