Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លូកា 13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦


ប្រសិន‌បើ​មិន​ប្រែ​ចិត្ដ នោះ​នឹង​ត្រូវ​វិនាស

1 នៅ​វេលា​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូវ ពី​រឿង​ពួក​ស្រុក​កាលីឡេ ដែល​លោក​ពីឡាត់​បាន​យក​ឈាម​របស់​គេ លាយ​នឹង​យញ្ញ‌បូជា នៅ​ពេល​គេ​កំពុង​ថ្វាយ។

2 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ទៅ​អ្នក​ទាំង​នោះ​ថា៖ «តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​កាលីឡេ​ទាំង​នោះ​មាន​បាប​លើស​ជាង​ពួក​កាលីឡេ​ផ្សេង​ទៀត ដោយ​ព្រោះ​គេ​បាន​រង​ទុក្ខ​លំបាក​យ៉ាង​នោះ​ឬ?

3 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ។

4 ឬ​អ្នក​រាល់​គ្នា​ស្មាន​ថា ពួក​ដប់​ប្រាំ​បី​នាក់​ដែល​ប៉ម​ស៊ីឡោម​បាន​រលំ​មក​លើកិន​ស្លាប់​នោះ គេ​មាន​ទោស​លើស​ជាង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ឬ?

5 ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា មិន​មែន​ទេ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ប្រែ​ចិត្ត​ទេ នោះ​នឹង​ត្រូវ​វិនាស​ទាំង​អស់​គ្នា​ដូច្នោះ​ដែរ»។


រឿង​ប្រៀប​ធៀប​អំពី​ដើម​ល្វា​គ្មាន​ផ្លែ

6 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​រឿង​ប្រៀប​ធៀប​នេះ​ថា៖ «មាន​បុរស​ម្នាក់ មាន​ដើម​ល្វា​ដុះ​ក្នុង​ចម្ការ​ខ្លួន គាត់​បាន​មក​រក​ផល​ផ្លែ​ពី​ដើម​នោះ តែ​គ្មាន​សោះ

7 ក៏​និយាយ​ទៅ​អ្នក​រក្សា​ចម្ការ​ថា "មើល៍! បី​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ តែ​រក​មិន។ ចូរ​កាប់​វាចោ​ល​ទៅ! តើ​ទុក​វា​បង្ខាត​ដី​ធ្វើ​អ្វី?"

8 តែ​អ្នក​នោះ​ឆ្លើយ​ថា "សូម​លោក​ទុក​នៅ​មួយ​ឆ្នាំ​ទៀត​សិន ចាំ​ខ្ញុំ​ជ្រួយ​ដី ហើយ​ដាក់​ជី សាក​មើល

9 ក្រែង​កើត​មាន​ផល​ផ្លែ បើ​គ្មាន​ទេ នោះ​សឹម​កាប់​ចោល​ទៅ​ចុះ"»។


ព្រះ‌យេស៊ូវ​ប្រោស​ស្ដ្រី​ពិការ​ម្នាក់​ឲ្យ​ជា

10 កាល​ព្រះ‌យេស៊ូវ​កំពុង​បង្រៀន​ក្នុង​សាលា​ប្រជុំ​មួយ នៅ​ថ្ងៃ​សប្ប័ទ។

11 ពេលនោះ មាន​ស្ត្រី​ម្នាក់​ដែល​អារក្ស​ធ្វើ​ឲ្យ​ពិការ អស់​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ មាន​ខ្នង​កោង ងើប​ត្រង់​ពុំ​បាន​សោះ។

12 ពេល​ព្រះ‌យេស៊ូវ​បាន​ឃើញ​ស្ត្រី​នោះ ព្រះ‌អង្គ​ហៅ​នាង​មក ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «នាង​អើយ នាង​បាន​រួច​ពី​ពិការ​ហើយ»។

13 ពេល​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ​នាង នោះ​នាង​ក៏​ឈរ​ត្រង់​មួយ​រំពេច ហើយ​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ។

14 ប៉ុន្តែ មេ​សាលា​ប្រជុំ​នឹក​ទាស់​ក្នុង​ចិត្ត​ណាស់ ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​បាន​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃ​សប្ប័ទ ក៏​និយាយ​ទៅ​មនុស្ស​ទាំង​នោះ​ថា៖ «មាន​តែ​ប្រាំ​មួយ​ថ្ងៃ​ទេ ដែល​គួរ​ធ្វើ​ការ​បាន ដូច្នេះ ចូរ​មក​ក្នុង​រវាង​ថ្ងៃ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ជា កុំ​ឲ្យ​មក​ក្នុង​ថ្ងៃ​សប្ប័ទ​ឡើយ»។

15 ពេលនោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖ «មនុស្ស​មាន​ពុត​អើយ តើ​អ្នក​រាល់​គ្នា​មិន​ស្រាយ​គោ ស្រាយ​លា​ពី​ចំណង ដឹក​ទៅ​ឲ្យ​ផឹក​ទឹក នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬ?

16 ឯ​ស្ត្រី​នេះ ជា​ពូជ​លោក​អ័ប្រា‌ហាំ ដែល​អារក្ស​សាតាំង​បាន​ចង​គាត់​ដប់​ប្រាំ​បី​ឆ្នាំ​មក​ហើយ ដូច្នេះ តើ​មិន​គួរ​នឹង​ស្រាយ​ឲ្យ​រួច​ពី​ចំណង​នេះ នៅ​ថ្ងៃ​សប្ប័ទ​ទេ​ឬអី?»

17 កាល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលដូច្នេះហើយ អ្នក​ប្រឆាំង​នឹង​ព្រះ‌អង្គ​ក៏​អៀន​ខ្មាស​គ្រប់​គ្នា តែ​បណ្តា​ជន​ទាំង​មូល គេ​មាន​ចិត្ត​អរ​សប្បាយ​នឹង​គ្រប់​ទាំង​ការ​អស្ចារ្យដែល​ព្រះ‌អង្គ​បាន​ធ្វើ។


រឿង​ប្រៀប​ធៀប​អំពី​គ្រាប់​ពូជ​ល្អិត
(ម៉ាថាយ ១៣.៣១-៣២ ម៉ាកុស ៤.៣០-៣២)

18 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​ព្រះរាជ្យ​របស់​ព្រះ​ធៀប​ដូច​ជា​អ្វី តើ​ត្រូវ​យក​អ្វី​មក​ផ្ទឹម​នឹង​ព្រះរាជ្យ?

19 ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​សួន​ច្បារ គ្រាប់​ពូជ​នោះដុះ​ឡើង ទៅ​ជា​ដើម​ឈើ​មួយ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ធ្វើ​សម្បុក​នៅតាម​មែក​របស់​វា»។


រឿង​ប្រៀប​ធៀប​អំពី​ដំបែ
(ម៉ាថាយ ១៣.៣៣ )

20 ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «តើ​គួរ​ឲ្យ​ខ្ញុំ​ធៀប​ព្រះរាជ្យ​របស់​ព្រះ​ដូច​ជា​អ្វី?

21 ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់​យក​ទៅ​លាយ​នឹង​ម្សៅ​បី​រង្វាល់ ទាល់​តែ​ដោរ​ឡើង​សព្វ​ទាំង​អស់»។


ទ្វារ​ចង្អៀត
(ម៉ាថាយ ៧.១៣-១៤ , ២១-២៣)

22 ព្រះ‌យេស៊ូវ​ក៏​យាង​កាត់​អស់​ទាំង​ក្រុង អស់​ទាំង​ភូមិ ទាំង​បង្រៀន​បណ្តើរ ហើយ​តម្រង់​ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡិម។

23 មាន​មនុស្ស​ម្នាក់​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់​អើយ តើ​មនុស្ស​ដែល​បាន​សង្គ្រោះ មាន​គ្នា​តិច​តួច​ប៉ុណ្ណោះ​ឬ?» តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖

24 «ចូរ​ខំ​ប្រឹង​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​បាន​ចូល​ទៅ​តាម​ទ្វារ​ចង្អៀត ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នឹង​មាន​មនុស្ស​ជា​ច្រើន​ខំ​ប្រឹង​ចូល​ដែរ តែ​នឹង​ចូល​មិន​បាន​ទេ។

25 កាល​ណា​ម្ចាស់​ផ្ទះ​ក្រោក​ឡើង​បិទ​ទ្វារ ហើយ​អ្នក​រាល់​គ្នា​នឹង​ចាប់​ផ្តើម​ឈរ​នៅ​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា "ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង"។ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា "យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ"។

26 ពេល​អ្នក​រាល់​គ្នា​នឹង​ចាប់​ផ្តើម​ទូល​ថា "យើង​ខ្ញុំ​ធ្លាប់​ទទួល​ទាន​ជា​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ក៏​បាន​បង្រៀន​យើង​ខ្ញុំ​នៅ​តាម​ផ្លូវ​ដែរ"។

27 ប៉ុន្តែ ព្រះ‌អង្គ​នឹង​មាន​ព្រះ‌បន្ទូល​ថា "យើង​មិន​ដឹង​ថា​អ្នក​រាល់​គ្នា​មក​ពី​ណា​ទេ ចូរ​ថយ​ចេញ​ពី​យើង​ទៅ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ"។

28 នៅ​ទី​នោះ នឹង​យំ ហើយ​សង្កៀត​ធ្មេញ នៅ​ពេល​អ្នក​រាល់​គ្នា​បាន​ឃើញ​លោក​អ័ប្រា‌ហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប ហើយ​អស់​ទាំង​ហោរា​នៅ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ ប៉ុន្តែ អ្នករាល់​គ្នានឹង​ត្រូវ​បោះចោល​ទៅ​ក្រៅ។

29 ដ្បិត​នឹង​មាន​មនុស្ស​ពី​ទិស​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង មក​អង្គុយ​ក្នុង​ព្រះរាជ្យ​របស់​ព្រះ​ដែរ។

30 ហើយ​មើល៍! នឹង​មាន​អ្នក​ក្រោយ​ទៅ​ជា​មុន និង​អ្នក​មុន​ទៅ​ជា​ក្រោយ​វិញ»។


ព្រះ‌យេស៊ូវ​សោយ​សោក​នឹង​ក្រុង​យេរូ‌សាឡិម
(ម៉ាថាយ ២៣.៣៧-៣៩ )

31 នៅ​ថ្ងៃ​នោះ​ឯង មាន​ពួក​ផារិស៊ី​ខ្លះ​មក​ទូល​ទ្រង់​ថា៖ «ចូរ​ថយ​ចេញ​ពី​នេះ​ទៅ ដ្បិតព្រះ​បាទ​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។

32 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ទៅ​ប្រាប់​សត្វ​កញ្ជ្រោង​នោះ​ថា "មើល៍! ខ្ញុំ​ដេញ​អារក្ស ហើយ​ប្រោស​មនុស្ស​ឲ្យ​ជា នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ដល់​ថ្ងៃ​ទី​បី ខ្ញុំ​នឹង​បាន​សម្រេច​កិច្ច‌ការ​របស់​ខ្ញុំ​ហើយ។

33 ប៉ុន្តែ នៅ​ក្នុង​ថ្ងៃ​នេះ ថ្ងៃ​ស្អែក និង​ខាន​ស្អែក​ទៀត ខ្ញុំ​ត្រូវ​ដើរ​តាម​ផ្លូវ​របស់​ខ្ញុំ ដ្បិត​គ្មាន​ទំនង​ឲ្យ​ហោរា​ណា​វិនាស នៅ​ខាង​ក្រៅ​ក្រុង​យេរូ‌សាឡិម​ឡើយ"។

34 ឱ​យេរូ‌សាឡិម ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​គប់​ដុំថ្ម​លើ​អស់​អ្នក​ដែល​បាន​ចាត់​មក​ឯង​អើយ តើ​ប៉ុន្មាន​ដង​ហើយ ដែល​យើង​ចង់​ប្រមូល​កូនរបស់ឯង ដូច​ជា​មេ​មាន់​ប្រមូល​កូន​ក្រុង​ក្រោម​ស្លាប តែ​ឯង​មិន​ព្រម​សោះ។

35 មើល៍! ផ្ទះ​របស់​ឯង​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់​ឈឹង ហើយ​យើង​ប្រាប់​ឯង​រាល់​គ្នា​ថា ឯងរាល់គ្នា​នឹង​មិន​ឃើញ​យើង​ទៀតឡើយ រហូត​ដល់​ពេល​ឯង​រាល់​គ្នា​ពោល​ថា "ព្រះ‌អង្គ​ដែល​យាង​មក ក្នុង​នាម​ព្រះ‌អម្ចាស់ ទ្រង់​ប្រកប​ដោយ​ព្រះ‌ពរ"» ។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម