Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

អេសាយ 3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ដ្បិត​មើល៍! ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​ដក​យក​ទី​ពឹង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា ព្រម​ទាំង​ទី​ពឹង​ជា​ស្បៀង​អាហារ និង​ទឹក​ផឹក​អស់​រលីង​ទៅ

2 ទាំង​មនុស្ស​ខ្លាំង​ពូកែ និង​មនុស្ស​ថ្នឹក​ចម្បាំង ទាំង​ចៅ‌ក្រម និង​ហោរា ទាំង​គ្រូ​ទាយ និង​អ្នក​ចាស់​ទុំ

3 ទាំង​មេ​ត្រួត​លើ​ហាសិប​នាក់ និង​មនុស្ស​ដែល​មាន​សក្តិ‌យស ទាំង​អ្នក​ប្រឹក្សា និង​ជាង​ប៉ិន‌ប្រសប់ ហើយ​អ្នក​មាន​វោហារ​យ៉ាង​ចំណាន​ដែរ។

4 យើង​នឹង​តាំង​ពួក​ក្មេងៗ​ឲ្យ​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ ហើយ​នឹង​មាន​កូន​តូចៗ​ត្រួត‌ត្រា​លើ​គេ​វិញ។

5 បណ្ដា‌ជន​ទាំង‌ឡាយ​នឹង​ត្រូវ​សង្កត់‌សង្កិន គឺ​អ្នក​មួយ​នឹង​សង្កត់‌សង្កិន​មួយ​ទៀត ព្រម​ទាំង​អ្នក​ជិត​ខាង​ខ្លួន​ផង ពួក​ក្មេងៗ​នឹង​ប្រព្រឹត្ត​ព្រហើន ចំពោះ​ចាស់​ព្រឹទ្ធា‌ចារ្យ ហើយ​មនុស្ស​ថ្នាក់​ទាប នៅ​ចំពោះ​មនុស្ស​ថ្នាក់​ខ្ពស់​ដែរ។

6 កាល​ណា​មនុស្ស​ម្នាក់​នឹង​យក​បង‌ប្អូន ពី​ក្នុង​គ្រួ​របស់​ឪពុក​ខ្លួន​មក​និយាយ​ថា៖ អ្នក​ឯង​មាន​សម្លៀក​បំពាក់ សូម​អ្នក​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​ទៅ សូម​ឲ្យ​ស្រុក​ខ្ទេច‌ខ្ទី​នេះ នៅ​ក្រោម​អំណាច​អ្នក​ចុះ។

7 នៅ​គ្រា​នោះ គេ​នឹង​ប្រកែក​ថា៖ ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​មើល​ឲ្យ​ជា​ទេ ពី​ព្រោះ​នៅ​ផ្ទះ​ខ្ញុំ​គ្មាន​អាហារ ឬ​សម្លៀក‌បំពាក់​អ្វី​ឡើយ អ្នក​រាល់​គ្នា​មិន​ត្រូវ​តាំង​ខ្ញុំ​ឡើង ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​បណ្ដា‌ជន​ទេ។

8 ដ្បិត​ក្រុង​យេរូ‌សាឡិម​ខ្ទេច‌ខ្ទី​ហើយ ស្រុក​យូដា​ក៏​បាន​ដួល​ដែរ ដោយ​ព្រោះ​អណ្ដាត និង​អំពើ​របស់​គេ​ដែលប្រឆាំងនឹង​ព្រះ​យេហូវ៉ា គឺ​បន្ថោក​ដល់​សិរី​រុងរឿង​របស់​ព្រះ‌អង្គ។

9 ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ ដូច​ជា​ក្រុង​សូដុម គេ​មិន​ខំ​បិទ​បាំង​ទេ។ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ។

10 ចូរ​ថ្លែង​ប្រាប់​ថា មនុស្ស​សុចរិត នឹង​បាន​សេចក្ដី​សុខ ដ្បិត​គេ​នឹង​ទទួល​ផល​នៃ​ការ​ដែល​គេ​ប្រព្រឹត្ត។

11 វេទនា​ដល់​មនុស្ស​អាក្រក់​គេ នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ នឹង​បាន​សង​ដល់​គេ​វិញ។

12 ឯ​ប្រជា‌រាស្ត្រ​របស់​យើង គឺ​ជា​កូន​ក្មេង​ដែល​សង្កត់‌សង្កិន​គេ ហើយ​ជា​ស្រីៗ​ដែល​មាន​អំណាច​លើ​គេ​ដែរ ឱ​ប្រជា‌រាស្ត្រ​របស់​យើង​អើយ ពួក​អ្នក​ដែល​នាំ​មុខ​អ្នក គេ​នាំ​ឲ្យ​វង្វេង ក៏​បំផ្លាញ​ផ្លូវ​ដែល​អ្នក​ដើរ​ដែរ។

13 ព្រះ‌យេហូវ៉ា​កំពុង​ឈរ ដើម្បី​តវ៉ា ព្រះ‌អង្គ​ឈរ​ដើម្បី​ជំនុំ‌ជម្រះ​ជន​ជាតិ​ទាំង‌ឡាយ។

14 ព្រះ‌យេហូវ៉ា​នឹង​ចោទ​ប្រកាន់ ពួក​ចាស់​ទុំ​របស់​រាស្ត្រ និង​ពួក​ចៅ‌ហ្វាយ​ថា៖ គឺ​អ្នក​រាល់​គ្នា​ហើយ ដែល​បាន​ស៊ី​បង្ហិន​ចម្ការ​ទំពាំង‌បាយ‌ជូរ ឯទ្រព្យ​សម្បត្តិ​ដែល​រឹប‌យក​ពី​ពួក​អ្នក​ទាល់​ក្រ នោះ​សុទ្ធ​តែ​នៅ​ក្នុង​ផ្ទះ​អ្នក​ទាំង​អស់។

15 ព្រះ‌អម្ចាស់ គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ថា ហេតុ​អ្វី​អ្នក​រាល់​គ្នាធ្វើ​ទុក្ខ​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​បង្អាប់​ពួក​មនុស្ស​ទាល់​ក្រ​ដូច្នេះ?

16 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​មាន​ឫក​ខ្ពស់ មាន​ដំណើរ​ងើប‌ងើយ ផាត់​រង្វង់​ភ្នែក ដើរ​កាច់​រាង ហើយ​ដើរ​ឲ្យ​គេឮ​សូរ​កណ្ដឹង​កង​ជើង។

17 ហេតុ​នេះ ព្រះ‌អម្ចាស់​នឹង​វាយ​ក្រយៅ​ក្បាល ពួក​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ឲ្យ​កើត​កម ហើយ​ព្រះ‌យេហូវ៉ា​នឹង​សម្រាត​កេរ‌ខ្មាស​គេ។

18 នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​ដក​សេចក្ដី​លម្អ​នៃ​កង​ជើង សំណាញ់​សក់ កង​ក

19 ទំហូ កង​ដៃ ស្បៃ

20 ក្បាំង​សក់ ខ្សែ​ចង្ក្រង់ ខ្សែ​ក្រវាត់ ក្លងហិត គាថា

21 ចិញ្ចៀន និង​ចិញ្ចៀន​តែង​ច្រមុះ

22 សម្លៀក‌បំពាក់​សម្រាប់​បុណ្យ កន្សែង​ទទូរ ផាហ៊ុម កាបូប​យួរ

23 កញ្ចក់ អាវ​សារូ មួក និង​ក្រមា​របស់​គេ។

24 នឹង​មាន​ក្លិន​ស្អុយ​ជំនួស​ក្រអូប ខ្សែ​ចងជំនួស​ខ្សែ​ក្រវាត់ ក្បាល​តម្ពែកជំនួស​សក់​សំអាង សំពត់​ធ្មៃ​ជំនួស​សំពត់​ល្បើក ស្នាម​អាម៉ាស់ជំនួស​រូប​សម្ផស្ស។

25 ពួក​ប្រុសៗ​របស់​អ្នក​នឹង​ដួល​ដោយ​មុខ​ដាវ ហើយ​មនុស្ស​ខ្លាំង​ពូកែ​របស់​អ្នក នឹង​ស្លាប់​ក្នុង​ចម្បាំង។

26 អស់​ទាំង​ទ្វារ​ក្រុង​នឹង​មាន​ការ​ខ្សឹក‌ខ្សួល ហើយ​សោយ‌សោក នាង​នឹង​ត្រូវ​ចោល​នៅ​តែ​ឯង ហើយ​អង្គុយ​នៅ​ដី។

© 2016 United Bible Societies

Bible Society in Cambodia
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម