មីកា 3 - អាល់គីតាបពាក្យព្រមានមេដឹកនាំ 1 ពួកមេដឹកនាំកូនចៅយ៉ាកកូប និងពួកអ្នកគ្រប់គ្រងលើ ពូជពង្សអ៊ីស្រអែលអើយ សូមស្ដាប់ពាក្យខ្ញុំ! អ្នករាល់គ្នាត្រូវតែស្គាល់ហ៊ូកុំ។ 2 ប៉ុន្តែ អ្នករាល់គ្នាបែរជាស្អប់អំពើល្អ ហើយចូលចិត្តអំពើអាក្រក់ទៅវិញ។ អ្នករាល់គ្នាកេងប្រវ័ញ្ចប្រជាជន រហូតដល់បកស្បែកគេ ហើយពន្លះសាច់គេរហូតដល់ឆ្អឹង។ 3 អ្នករាល់គ្នាស៊ីសាច់ប្រជាជនរបស់ខ្ញុំ អ្នករាល់គ្នាបកស្បែកគេ បំបាក់ឆ្អឹងគេ ហើយកាប់គេជាដុំៗ ដូចសាច់នៅក្នុងថ្លាង។ 4 អ្នករាល់គ្នាស្រែកអង្វរអុលឡោះតាអាឡា តែទ្រង់មិនឆ្លើយតបមកវិញឡើយ ពេលនោះ ទ្រង់គេចពីអ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាបានប្រព្រឹត្តអំពើអាក្រក់។ បន្ទូលរបស់អុលឡោះប្រឆាំងនឹងណាពីក្លែងក្លាយ 5 អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីពួកណាពី ដែលនាំប្រជាជនរបស់ទ្រង់ឲ្យវង្វេង។ បើប្រជាជនឲ្យពួកគេបរិភោគឆ្អែត ពួកគេទាយថា មានសេចក្ដីសុខសាន្ត តែបើប្រជាជនមិនឲ្យអ្វីបរិភោគទេ ពួកគេទាយថា មានកើតសង្គ្រាម។ 6 ហេតុនេះ អ្នករាល់គ្នានឹងលែងឃើញ និមិត្តហេតុអស្ចារ្យទៀតហើយ ផ្ទុយទៅវិញ មានតែយប់ងងឹត អ្នករាល់គ្នានឹងលែងទស្សន៍ទាយទៀតហើយ ផ្ទុយទៅវិញ មានតែភាពអន្ធការ ភាពងងឹតសូន្យសុងនឹងគ្របពីលើ ណាពីទាំងនោះ ដូចព្រះអាទិត្យលិចបាត់។ 7 ពួកគ្រូទាយនឹងត្រូវបាក់មុខ ពួកហោរានឹងត្រូវអាម៉ាស់ ពួកគេនឹងយកដៃបាំងមុខ ដ្បិតអុលឡោះមិនអើពើនឹងពួកគេឡើយ។ 8 ចំណែកឯខ្ញុំវិញ ខ្ញុំពោរពេញដោយកម្លាំង មកពីរសរបស់អុលឡោះតាអាឡា។ ទ្រង់ប្រទានឲ្យខ្ញុំស្គាល់យុត្តិធម៌ និងមានចិត្តក្លាហាន ដើម្បីប្រាប់ពូជពង្សយ៉ាកកូប ឲ្យស្គាល់អំពើទុច្ចរិតរបស់ខ្លួន ហើយប្រាប់ប្រជាជនអ៊ីស្រអែល ឲ្យស្គាល់អំពើបាបរបស់ខ្លួន។ 9 នាម៉ឺនមន្ត្រីនៃកូនចៅយ៉ាកកូប មេដឹកនាំនៃកូនចៅអ៊ីស្រអែលអើយ សូមនាំគ្នាស្ដាប់! អស់លោកស្អប់យុត្តិធម៌ ហើយបង្ខូចហ៊ូកុំ។ 10 អស់លោកសង់ក្រុងស៊ីយ៉ូន ដោយបង្ហូរឈាមគេ ហើយសង់ក្រុងយេរូសាឡឹម ដោយជិះជាន់សង្កត់សង្កិនគេ។ 11 ចៅក្រមកាត់ក្ដី ដោយចង់បានសំណូក អ៊ីមុាំបង្រៀនហ៊ូកុំ ដោយចង់បានកំរៃ ណាពីទស្សន៍ទាយ ដោយចង់បានប្រាក់។ ពួកគេយកនាមអុលឡោះតាអាឡាមកប្រើ ទាំងពោលថា: “អុលឡោះតាអាឡានៅជាមួយយើង មហន្តរាយមិនកើតមានដល់ពួកយើងទេ”។ 12 ហេតុនេះ ព្រោះតែអ្នករាល់គ្នា ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក រីឯភ្នំរបស់ម៉ាស្ជិទនឹងក្លាយទៅជាព្រៃ។ |
© 2014 United Bible Societies, UK.
United Bible Societies