១ យ៉ូហាន 3:2 - អាល់គីតាប កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់អុលឡោះ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះទ្រង់ពុំទាន់សំដែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្ដែ នៅពេលអាល់ម៉ាហ្សៀសមកដល់ យើងនឹងបានដូចគាត់ដែរ ដ្បិតគាត់មានភាពយ៉ាងណា យើងនឹងឃើញគាត់យ៉ាងនោះ។ ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ ឥឡូវនេះយើងជាកូនរបស់ព្រះ ហើយយើងនឹងទៅជាយ៉ាងណានោះ មិនទាន់បានសម្ដែងមកនៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា កាលណាព្រះអង្គបានសម្ដែងអង្គទ្រង់ នោះយើងនឹងបានដូចព្រះអង្គ ដ្បិតព្រះអង្គជាយ៉ាងណា យើងនឹងឃើញព្រះអង្គជាយ៉ាងនោះឯង។ Khmer Christian Bible បងប្អូនជាទីស្រឡាញ់អើយ! ឥឡូវនេះយើងជាកូនរបស់ព្រះជាម្ចាស់ ហើយយើងនឹងត្រលប់ជាយ៉ាងណានោះ មិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេ។ យើងដឹងថា នៅពេលព្រះអង្គលេចមក យើងនឹងបានដូចជាព្រះអង្គ ដ្បិតព្រះអង្គមានលក្ខណៈយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងជាកូនព្រះ ហើយដែលយើងនឹងបានទៅជាយ៉ាងណា នោះមិនទាន់បានសម្តែងមកនៅឡើយទេ ប៉ុន្តែ យើងដឹងថា នៅពេលព្រះអង្គលេចមក នោះយើងនឹងបានដូចព្រះអង្គ ដ្បិតដែលព្រះអង្គយ៉ាងណា នោះយើងនឹងឃើញព្រះអង្គយ៉ាងនោះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅជាទីស្រឡាញ់អើយ! ពេលនេះ យើងទាំងអស់គ្នាជាបុត្ររបស់ព្រះជាម្ចាស់ ហើយដែលយើងនឹងទៅជាយ៉ាងណាៗនោះ ព្រះអង្គពុំទាន់សម្តែងឲ្យយើងដឹងនៅឡើយទេ។ ប៉ុន្តែ នៅពេលព្រះគ្រិស្តយាងមកដល់ យើងនឹងបានដូចព្រះអង្គដែរ ដ្បិតព្រះអង្គមានភាពយ៉ាងណា យើងនឹងឃើញព្រះអង្គយ៉ាងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកស្ងួនភ្ងាអើយ ឥឡូវនេះ យើងរាល់គ្នាជាកូនព្រះហើយ តែដែលយើងរាល់គ្នានឹងបានទៅជាយ៉ាងណាទៀត នោះមិនទាន់សំដែងមកនៅឡើយ ប៉ុន្តែ យើងដឹងថា កាលណាទ្រង់លេចមក នោះយើងនឹងបានដូចជាទ្រង់ ដ្បិតដែលទ្រង់យ៉ាងណា នោះយើងនឹងឃើញទ្រង់យ៉ាងនោះឯង |
ទ្រង់បង្ហាញខ្ញុំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយទ្រង់នៅជាមួយ ខ្ញុំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្តាំទ្រង់ ខ្ញុំក៏រីករាយអស់កល្បជានិច្ចដែរ។
ចំពោះខ្ញុំវិញ ដោយខ្ញុំប្រព្រឹត្តតាមសេចក្ដីសុចរិត ខ្ញុំនឹងបានឃើញទ្រង់ ពេលខ្ញុំក្រោកពីដំណេក ខ្ញុំបានស្កប់ចិត្ត ដោយទ្រង់នៅជាមួយ។
ឱអុលឡោះតាអាឡាអើយ! ចិត្តសប្បុរសរបស់ទ្រង់ ល្អវិសេសវិសាលណាស់! ទ្រង់បម្រុងទុក សម្រាប់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ មនុស្សគ្រប់ៗគ្នាដឹងថា ទ្រង់ប្រោសប្រណីអស់ អ្នកដែលមកជ្រកកោនជាមួយទ្រង់។
នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់វង្សរហូតតទៅ គ្មាននរណាលុបបំបាត់បានឡើយ»។
ប៉ុន្តែ នៅថ្ងៃដែលទ្រង់មកដល់ តើនរណាអាចទ្រាំបាន? នៅពេលទ្រង់លេចមក តើនរណាអាចឈរបាន? ដ្បិតទ្រង់ប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
អ្នកទាំងនោះលែងស្លាប់ទៀតហើយ គឺគេបានដូចម៉ាឡាអ៊ីកាត់។ គេជាបុត្ររបស់អុលឡោះ ដ្បិតគេមានជីវិតរស់ឡើងវិញ។
រីឯអស់អ្នកដែលបានទទួលគាត់ គឺអស់អ្នកដែលជឿលើនាមគាត់ គាត់ប្រទានឲ្យគេអាចទៅជាបុត្ររបស់អុលឡោះ។
មិនគ្រាន់តែជាប្រយោជន៍ដល់សាសន៍នេះប៉ុណ្ណោះទេ គឺដើម្បីឲ្យកូនចៅរបស់អុលឡោះ ដែលបែកខ្ញែកគ្នា មករួបរួមជាប្រជាជនតែមួយ។
ឱអុលឡោះជាបិតាអើយ! ខ្ញុំចង់ឲ្យអស់អ្នកដែលទ្រង់ប្រទានមកខ្ញុំ បាននៅជាមួយខ្ញុំ ឯកន្លែងដែលខ្ញុំនៅនោះដែរ ដើម្បីឲ្យគេឃើញសិរីរុងរឿងដែលទ្រង់ប្រទានមកខ្ញុំ ព្រោះទ្រង់បានស្រឡាញ់ខ្ញុំ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ។
គឺរសអុលឡោះផ្ទាល់ដែលផ្ដល់សក្ខីភាពឲ្យវិញ្ញាណរបស់យើងដឹងថា យើងពិតជាបុត្ររបស់អុលឡោះមែន។
ខ្ញុំយល់ឃើញថា ទុក្ខលំបាកនាបច្ចុប្បន្នកាល ពុំអាចប្រៀបផ្ទឹមនឹងសិរីរុងរឿង ដែលអុលឡោះសំដែងឲ្យយើងឃើញ នៅអនាគតកាលនោះបានឡើយ។
អ្វីៗសព្វសារពើដែលអុលឡោះបង្កើតមក កំពុងតែអន្ទះអន្ទែង ទន្ទឹងរង់ចាំពេលដែលអុលឡោះនឹងបង្ហាញបុត្ររបស់ទ្រង់
ដ្បិតអស់អ្នកដែលទ្រង់បានជ្រើសរើស ទ្រង់ក៏បានតំរូវគេទុកជាមុនឲ្យមានលក្ខណៈដូចបុត្រារបស់ទ្រង់ដែរ ដើម្បីឲ្យបុត្រាបានទៅជារៀមច្បង ក្នុងបណ្ដាបងប្អូនជាច្រើន។
សព្វថ្ងៃនេះយើងស្គាល់អុលឡោះមិនច្បាស់ទេ គឺស្គាល់ព្រាលៗដូចជាមើលក្នុងកញ្ចក់ នៅពេលខាងមុខ ទើបយើងឃើញទ្រង់ទល់មុខគ្នា។ សព្វថ្ងៃ ខ្ញុំស្គាល់ទ្រង់បានត្រឹមតែមួយផ្នែកប៉ុណ្ណោះ ពេលខាងមុខទើបខ្ញុំស្គាល់ទ្រង់ច្បាស់ ដូចទ្រង់ស្គាល់ខ្ញុំយ៉ាងច្បាស់ដែរ។
យើងមានទ្រង់ទ្រាយដូចមនុស្សដែលមានលក្ខណៈជាដីយ៉ាងណា យើងក៏នឹងមានទ្រង់ទ្រាយ ដូចអ៊ីសាដែលនៅសូរ៉កាយ៉ាងនោះដែរ។
ប៉ុន្ដែដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្ដមនុស្សនឹកមិនដល់នោះ អុលឡោះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់»។
យើងទាំងអស់គ្នា ដែលគ្មានស្បៃនៅបាំងមុខ យើងបញ្ចេញសិរីរុងរឿងរបស់អ៊ីសាជាអម្ចាស់ដែលចាំងមកលើយើង ហើយយើងនឹងផ្លាស់ប្រែឲ្យបានដូចអ៊ីសា គឺមានសិរីរុងរឿងកាន់តែភ្លឺឡើងៗ។ នេះហើយជាស្នាដៃរបស់រសនៃអ៊ីសាជាអម្ចាស់។
ដ្បិតទុក្ខលំបាកបន្ដិចបន្ដួចដែលយើងជួបប្រទះម្ដងម្កាលនោះ ធ្វើឲ្យយើងមានសិរីរុងរឿងដ៏ប្រសើរលើសលប់ ជាសិរីរុងរឿងនៅស្ថិតស្ថេរអស់កល្បជានិច្ច ដែលរកអ្វីមកប្រៀបផ្ទឹមពុំបាន។
បងប្អូនពិតជាបុត្ររបស់អុលឡោះមែន ព្រោះទ្រង់បានចាត់រសនៃបុត្រារបស់ទ្រង់ ឲ្យមកសណ្ឋិតក្នុងចិត្ដយើង គឺរសអុលឡោះនេះហើយ ដែលបន្លឺសំឡេងឡើងថា «អ័ប្បា! ឱអុលឡោះជាបិតា!»។
គាត់នឹងបំផ្លាស់បំប្រែរូបកាយដ៏ថោកទាបរបស់យើងនេះ ឲ្យបានដូចរូបកាយ ប្រកបដោយសិរីរុងរឿងរបស់គាត់ដោយអំណាច ដែលធ្វើឲ្យគាត់បង្ក្រាបអ្វីៗទាំងអស់នៅក្រោមអំណាចរបស់គាត់។
ពេលអាល់ម៉ាហ្សៀសដែលជាជីវិតរបស់បងប្អូនលេចមក បងប្អូនក៏នឹងលេចមកជាមួយគាត់ ប្រកបដោយសិរីរុងរឿងដែរ។
អាល់ម៉ាហ្សៀសក៏បានប្រគល់ជីវិតរបស់គាត់តែមួយដង ធ្វើជាគូរបាន ដើម្បីដកបាបចេញពីមនុស្សទាំងអស់យ៉ាងនោះដែរ។ គាត់នឹងមកម្ដងទៀត តែលើកនោះគ្មានទាក់ទាមអ្វីនឹងបាបទេ គឺគាត់មកសង្គ្រោះអស់អ្នកដែលទន្ទឹងរង់ចាំគាត់។
ដោយសារសិរីរុងរឿង និងបារមីនេះ ទ្រង់បានប្រទានអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមបន្ទូលសន្យានៃអុលឡោះ ដើម្បីឲ្យបងប្អូនបានរួមចំណែកជានិស្ស័យនឹងអុលឡោះ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។
ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងអ៊ីសាចុះ ដើម្បីឲ្យយើងមានចិត្ដរឹងប៉ឹង នៅថ្ងៃដែលគាត់មកយ៉ាងរុងរឿង ហើយពេលគាត់មកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះមុខគាត់ឡើយ។
កូនចៅជាទីស្រឡាញ់អើយ ខ្ញុំមិនសរសេរបទបញ្ជាថ្មីណាមួយមកជូនអ្នករាល់គ្នាឡើយ គឺខ្ញុំសរសេរបទបញ្ជាចាស់ ជាបទបញ្ជាដែលអ្នករាល់គ្នាបានទទួល តាំងពីដើមរៀងមក។ បទបញ្ជាចាស់នេះជាបន្ទូលនៃអុលឡោះ ដែលអ្នករាល់គ្នាធ្លាប់បានឮរួចមកហើយ។
សូមគិតមើល៍ អុលឡោះជាបិតាស្រឡាញ់យើងខ្លាំងដល់កំរិតណា គឺទ្រង់ស្រឡាញ់យើង រហូតដល់ទៅហៅយើងថា ជាបុត្ររបស់ទ្រង់ ហើយយើងពិតជាបុត្ររបស់ទ្រង់មែន! ហេតុនេះហើយបានជាមនុស្សលោកមិនស្គាល់យើង មកពីគេមិនបានស្គាល់ទ្រង់។
ត្រង់ហ្នឹងហើយ ដែលបង្ហាញឲ្យឃើញច្បាស់ថា អ្នកណាជាបុត្ររបស់អុលឡោះ អ្នកណាជាកូនចៅរបស់អ៊ីព្លេស។ អ្នកណាមិនប្រព្រឹត្ដអំពើសុចរិត អ្នកនោះមិនមែនកើតមកពីអុលឡោះទេ ហើយអ្នកណាមិនស្រឡាញ់បងប្អូន អ្នកនោះក៏មិនមែនកើតមកពីទ្រង់ដែរ។
កូនចៅជាទីស្រឡាញ់អើយ ប្រសិនបើចិត្ដគំនិតរបស់យើងមិនដាក់ទោសយើងទេ នោះយើងនឹងមានចិត្ដរឹងប៉ឹងនៅចំពោះទ្រង់។
អ្នកណាជឿថាអ៊ីសាពិតជាអាល់ម៉ាហ្សៀស អ្នកនោះកើតមកពីអុលឡោះ ហើយអ្នកណាស្រឡាញ់អុលឡោះជាបិតា អ្នកនោះក៏ស្រឡាញ់អ្នកដែលកើតមកពីទ្រង់ដែរ។
អ្នកនោះមានអំណាចដូចអំណាចដែលយើងបានទទួលពីអុលឡោះជាបិតារបស់យើង ហើយយើងនឹងប្រគល់ផ្កាយព្រឹកឲ្យអ្នកនោះ។