១ កូរិនថូស 2 - អាល់គីតាបអំពីអ៊ីសាជាប់ឆ្កាង 1 បងប្អូនអើយ រីឯខ្ញុំវិញ កាលខ្ញុំមកជូនដំណឹង អំពីគម្រោងការដ៏លាក់កំបាំងរបស់អុលឡោះដល់បងប្អូន ខ្ញុំមិនបានប្រើសំនួនវោហារ ឬប្រាជ្ញាខ្ពស់ៗទេ។ 2 ពេលខ្ញុំនៅជាមួយបងប្អូន ខ្ញុំយល់ឃើញថា មិនគួរគប្បីឲ្យខ្ញុំដឹងអ្វី ក្រៅពីអ៊ីសាអាល់ម៉ាហ្សៀសនោះឡើយ ជាពិសេស អំពីអ៊ីសាអាល់ម៉ាហ្សៀសដែលបានស្លាប់នៅលើឈើឆ្កាង។ 3 ខ្ញុំបានមករកបងប្អូនទាំងទន់ខ្សោយ ទាំងភ័យខ្លាច ទាំងញាប់ញ័រយ៉ាងខ្លាំង។ 4 ពាក្យសំដីដែលខ្ញុំនិយាយ និងប្រកាស មិនមែនជាពាក្យបញ្ចុះបញ្ចូលដ៏ប៉ិនប្រសប់នោះទេ គឺរសអុលឡោះបានសំដែងអំណាចវិញ 5 ដើម្បីកុំឲ្យជំនឿរបស់បងប្អូនពឹងផ្អែកលើប្រាជ្ញារបស់មនុស្សលោក តែពឹងផ្អែកលើអំណាចរបស់អុលឡោះ។ ប្រាជ្ញាញាណរបស់អុលឡោះ 6 ក៏ប៉ុន្ដែ សេចក្ដីដែលយើងប្រៀនប្រដៅក្នុងចំណោមអ្នកដែលមានជំនឿគ្រប់លក្ខណៈហើយនោះ ក៏ជាប្រាជ្ញាម្យ៉ាងដែរ តែមិនមែនជាប្រាជ្ញារបស់មនុស្សលោក ឬជាប្រាជ្ញារបស់អ្នកគ្រប់គ្រងមនុស្សលោកនេះ ដែលនឹងត្រូវវិនាសសាបសូន្យទៅនោះទេ។ 7 យើងប្រៀនប្រដៅអំពីប្រាជ្ញារបស់អុលឡោះ ដែលទ្រង់បង្កប់ន័យទុកតាមគម្រោងការដ៏លាក់កំបាំងរបស់ទ្រង់ តាំងពីមុនកំណើតពិភពលោកមកម៉្លេះ គឺអុលឡោះបានគ្រោងទុកថានឹងប្រទានសិរីរុងរឿងមកយើង។ 8 គ្មាននរណាម្នាក់ក្នុងចំណោមអ្នកគ្រប់គ្រងមនុស្សលោកនេះបានស្គាល់ប្រាជ្ញារបស់អុលឡោះទេ។ ប្រសិនបើគេពិតជាបានស្គាល់មែន គេមិនឆ្កាងអ៊ីសាជាអម្ចាស់ប្រកបដោយសិរីរុងរឿងនោះឡើយ។ 9 ប៉ុន្ដែដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្ដមនុស្សនឹកមិនដល់នោះ អុលឡោះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់»។ 10 អុលឡោះបានសំដែងឲ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈរសអុលឡោះ ដ្បិតរសអុលឡោះឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅបំណងរបស់អុលឡោះក៏ទ្រង់ឈ្វេងយល់ដែរ។ 11 ចំពោះមនុស្សលោក គ្មាននរណាយល់អំពីមនុស្សបាន ក្រៅពីវិញ្ញាណដែលនៅក្នុងខ្លួនគេនោះទេ។ រីឯអុលឡោះក៏ដូច្នោះដែរ គ្មាននរណាម្នាក់យល់អំពីទ្រង់បាន ក្រៅពីរសរបស់អុលឡោះនោះឡើយ។ 12 ចំពោះយើង យើងពុំបានទទួលវិញ្ញាណលោកីយ៍ទេ គឺយើងបានទទួលរសអុលឡោះដែលមកពីអុលឡោះ ដើម្បីឲ្យស្គាល់អ្វីៗដែលទ្រង់ប្រោសប្រទានមកយើង។ 13 យើងនិយាយសេចក្ដីទាំងនេះ ដោយមិនប្រើពាក្យពេចន៍ដែលប្រាជ្ញារបស់មនុស្សបង្រៀននោះឡើយ គឺយើងប្រើតែពាក្យណាដែលរសអុលឡោះបង្រៀន ដើម្បីពន្យល់សេចក្ដីពិតខាងវិញ្ញាណដល់មនុស្សដែលបានទទួលរសអុលឡោះ។ 14 រីឯមនុស្សដែលពុំបានទទួលរសអុលឡោះ ក៏ពុំអាចទទួលសេចក្ដីណាដែលមកពីរសអុលឡោះបានដែរ ព្រោះគេយល់ថាសេចក្ដីទាំងនោះជារឿងលេលា ហើយគេពុំអាចយល់បានទេ មានតែរសអុលឡោះប៉ុណ្ណោះ ដែលប្រទានឲ្យមនុស្សយើងអាចវិនិច្ឆ័យសេចក្ដីទាំងនោះបាន។ 15 រីឯអ្នកដែលបានទទួលរសអុលឡោះវិនិច្ឆ័យបានទាំងអស់ ហើយគ្មានអ្នកណាវិនិច្ឆ័យអ្នកនោះបានឡើយ 16 ដ្បិតក្នុងគីតាបមានចែងថា៖ «តើអ្នកណាស្គាល់គំនិតរបស់អុលឡោះតាអាឡា? តើអ្នកណាអាចជូនយោបល់ ទ្រង់បាន?»។ រីឯយើងវិញ យើងមានគំនិតរបស់អាល់ម៉ាហ្សៀសហើយ។ |
© 2014 United Bible Societies, UK.
United Bible Societies