Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ យ៉ូហាន 5 - អាល់គីតាប


ជំនឿ​លើ​អ៊ីសា​ជា​ប្រភព​នៃ​សេចក្ដី​ស្រឡាញ់

1 អ្នក​ណា​ជឿ​ថា​អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​ណា​ស្រឡាញ់​អុលឡោះ‌ជាបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ទ្រង់​ដែរ។

2 ដោយ​យើង​ស្រឡាញ់​អុលឡោះ និង​ប្រតិបត្ដិ​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន យើង​នឹង​ដឹង​ថា យើង​ពិត​ជា​ស្រឡាញ់​បុត្រ​របស់​អុលឡោះ។

3 យើង​មាន​សេចក្ដី​ស្រឡាញ់​របស់​អុលឡោះ​ក្នុង​ខ្លួន​មែន លុះ​ត្រា​តែ​យើង​កាន់​តាម​ហ៊ូកុំ​ទាំង​ប៉ុន្មាន។ ហ៊ូកុំ​របស់​ទ្រង់​មិន​តឹង‌តែង​ទេ

4 ព្រោះ​អស់​អ្នក​ដែល​កើត​មក​ពី​អុលឡោះ សុទ្ធ​តែ​ឈ្នះ​លោកីយ៍​នេះ គឺ​ជំនឿ​របស់​យើង​ហ្នឹង​ហើយ ដែល​បាន​ឈ្នះ​លោកីយ៍។

5 តើ​អ្នក​ណា​អាច​ឈ្នះ​លោកីយ៍​បាន? គឺ​អ្នក​ដែល​ជឿ​ថា អ៊ីសា​ពិត​ជា​បុត្រា​របស់​អុលឡោះ។


សក្ខី‌ភាព​អំពី​អ៊ីសា‌អាល់ម៉ា‌ហ្សៀស និង​អំពី​ជីវិត​អស់‌កល្ប​ជា‌និច្ច

6 អ៊ីសា​អាល់ម៉ា‌ហ្សៀស​នេះ​ហើយ ដែល​បាន​មក​ក្នុង​លោក​នេះ ដោយ​ទឹក និង​ឈាម មិន​ត្រឹម​តែ​ដោយ​ទឹក​ប៉ុណ្ណោះ​ទេ គឺ​ដោយ​ទឹក និង​ឈាម​ផង។ រស‌អុលឡោះ​បាន​ផ្ដល់​សក្ខី‌ភាព​ថា សេចក្ដី​នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ដ្បិត​រស‌អុលឡោះ​ជា​សេចក្ដី​ពិត។

7 មាន​បន្ទាល់​បី​គឺ

8 រស‌អុលឡោះ ទឹក និង​ឈាម ហើយ​បន្ទាល់​ទាំង​បី​នេះ រួម​គ្នា​ផ្ដល់​សក្ខី‌ភាព​តែ​មួយ។

9 អុលឡោះ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​បុត្រា​របស់​ទ្រង់។ យើង​តែងតែ​ទទួល​ស្គាល់​សក្ខី‌ភាព​របស់​មនុស្ស រីឯ​សក្ខី‌ភាព​របស់​អុលឡោះ​រឹង‌រឹត​តែ​ធំ​ជាង​នោះ​ទៅ​ទៀត។

10 អ្នក​ណា​ជឿ​លើ​បុត្រា​របស់​អុលឡោះ អ្នក​នោះ​មាន​សក្ខី‌ភាព​របស់​ទ្រង់​នៅ​ក្នុង​ខ្លួន អ្នក​ណា​មិន​ជឿ​អុលឡោះ​ទេ អ្នក​នោះ​ចាត់​ទុក​ថា ទ្រង់​កុហក​ទៅ​វិញ ព្រោះ​គេ​មិន​ជឿ​លើ​សក្ខី‌ភាព​ដែល​អុលឡោះ​បាន​ប្រទាន​មក ស្ដី​អំពី​បុត្រា​របស់​ទ្រង់។

11 រីឯ​សក្ខី‌ភាព​នោះ​មាន​ដូច​ត​ទៅ​នេះ គឺ​អុលឡោះ​បាន​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​យើង ហើយ​ជីវិត​នេះ​ស្ថិត​នៅ​ក្នុង​បុត្រា​របស់​ទ្រង់។

12 អ្នក​ណា​មាន​បុត្រា អ្នក​នោះ​ក៏​មាន​ជីវិត​ដែរ ហើយ​អ្នក​ណា​គ្មាន​បុត្រា​របស់​អុលឡោះ​ទេ អ្នក​នោះ​គ្មាន​ជីវិត​នេះ​ឡើយ។

13 ខ្ញុំ​សរសេរ​សេចក្ដី​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ដែល​ជឿ​លើ​នាម​បុត្រា​របស់​អុលឡោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច​ហើយ។

14 ហេតុ​នេះ​ហើយ​បាន​ជា​យើង​មាន​ចិត្ដ​រឹង‌ប៉ឹង​នៅ​ចំពោះ​ទ្រង់ គឺ​ថា ប្រសិន​បើ​យើង​សូម​អ្វី ស្រប​តាម​បំណង​របស់​ទ្រង់ នោះ​ទ្រង់​នឹង​ស្តាប់​យើង​ជា​មិន​ខាន។

15 បើ​យើង​ដឹង​ថា​ទ្រង់​ស្តាប់​យើង ទោះ​បី​យើង​សូម​អ្វី​ពី​ទ្រង់​ក៏​ដោយ យើង​ដឹង​ថា យើង​បាន​ទទួល​អ្វីៗ​ដែល​យើង​សូម​នោះ​រួច​ហើយ។

16 ប្រសិន​បើ​អ្នក​ណា​ម្នាក់ ឃើញ​បង​ប្អូន​ប្រព្រឹត្ដ​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់ ត្រូវ​តែ​ទូរអា‌អង្វរ​អុលឡោះ ហើយ​ទ្រង់​នឹង​ប្រទាន​ជីវិត​ឲ្យ​បង​ប្អូន​នោះ។ ខ្ញុំ​និយាយ​តែ​ពី​អំពើ​បាប ដែល​មិន​បណ្ដាល​ឲ្យ​ស្លាប់​ប៉ុណ្ណោះ។ មាន​អំពើ​បាប​ម្យ៉ាង​ដែល​បណ្ដាល​ឲ្យ​ស្លាប់ ចំពោះ​អំពើ​បាប​នោះ ខ្ញុំ​មិន​សុំ​ឲ្យ​សូម‌អង្វរ​ទេ។

17 អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ជា​អំពើ​បាប​ទាំង​អស់ ប៉ុន្ដែ មាន​អំពើ​បាប​ខ្លះ​មិន​បណ្ដាល​ឲ្យ​ស្លាប់​ឡើយ។

18 យើង​ដឹង​ហើយ​ថា អ្នក​កើត​មក​ពី​អុលឡោះ មិន​ប្រព្រឹត្ដ​អំពើ​បាប​ឡើយ ដ្បិត​បុត្រា​ដែល​កើត​ពី​អុលឡោះ​មក ការ‌ពារ​អ្នក​នោះ ហើយ​អ៊ីព្លេស​កំណាច​ពុំ​អាច​យាយី​គេ​បាន​ឡើយ។

19 យើង​ដឹង​ថា យើង​កើត​មក​ពី​អុលឡោះ រីឯ​មនុស្ស​លោក​ទាំង​មូល​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ៊ីព្លេស​កំណាច។

20 យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។

21 កូន​ចៅ​អើយ ចូរ​ចៀស​ឲ្យ​ផុត​ពី​ការ​គោរព​ព្រះ​ក្លែង‌ក្លាយ។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម