ទំនុកតម្កើង 17 - អាល់គីតាបពាក្យទូរអារបស់ជនស្លូតត្រង់ ពាក្យទូរអារបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាអើយ! សូមទ្រង់ស្តាប់សំណូមពរ ដ៏ត្រឹមត្រូវរបស់ខ្ញុំ សូមយកចិត្តទុកដាក់នឹង សំរែករបស់ខ្ញុំ សូមស្តាប់ពាក្យទូរអាអង្វររបស់ ខ្ញុំដែលហូរចេញពីដួងចិត្តដ៏ស្មោះត្រង់។ 2 សូមរកយុត្តិធម៌ឲ្យខ្ញុំផង ដ្បិតទ្រង់មើលឃើញយ៉ាងច្បាស់នូវអ្វីៗ ដែលត្រឹមត្រូវ។ 3 ទ្រង់ស្គាល់ចិត្តខ្ញុំច្បាស់ហើយ ទ្រង់បានពិនិត្យមើលចិត្តខ្ញុំនៅពេលយប់ ទ្រង់បានល្បងចិត្តខ្ញុំ តែពុំឃើញមានបំណងអាក្រក់អ្វីទេ ខ្ញុំមិនបានពោលពាក្យអ្វីខុសឡើយ ។ 4 ខ្ញុំយកចិត្តទុកដាក់នឹងបន្ទូល របស់ទ្រង់ ហើយប្រយ័ត្នខ្លួនមិនប្រព្រឹត្តអំពើឃោរឃៅ ដូចមនុស្សឯទៀតៗនោះឡើយ។ 5 ខ្ញុំដើរតាមមាគ៌ារបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួន ខ្ញុំបោះជំហានតាមឥតលំអៀងទេ។ 6 ឱអុលឡោះអើយ ខ្ញុំអង្វររកទ្រង់ ដ្បិតទ្រង់តែងតែឆ្លើយតបនឹងខ្ញុំ! សូមស្តាប់ខ្ញុំ សូមទ្រង់ស្តាប់ពាក្យរបស់ខ្ញុំផង!។ 7 អុលឡោះតែងតែសង្គ្រោះអស់អ្នក ដែលមកជ្រកកោនក្រោមម្លប់បារមីរបស់ទ្រង់ ឲ្យរួចពីពួកអ្នកសង្កត់សង្កិនគេ ដូច្នេះ សូមសំដែងចិត្តសប្បុរសដ៏អស្ចារ្យរបស់ទ្រង់ផង។ 8 សូមរក្សាខ្ញុំដូចរក្សាប្រស្រីភ្នែក សូមការពារខ្ញុំដូចសត្វស្លាបក្រុងកូនរបស់វា 9 សូមកុំឲ្យមនុស្សពាលធ្វើទុក្ខបៀតបៀនខ្ញុំ កុំឲ្យខ្មាំងសត្រូវមកឡោមព័ទ្ធប្រល័យ ជីវិតខ្ញុំបានឡើយ។ 10 អ្នកទាំងនោះគ្មានចិត្តត្រាប្រណីទេ មាត់គេពោលចេញមកនូវពាក្យអួតបំប៉ោង 11 ពួកគេដេញតាមខ្ញុំទាន់ ហើយឡោមព័ទ្ធខ្ញុំទៀតផង គេសម្លក់សម្លឹងមកខ្ញុំ បម្រុងនឹងប្រហារជីវិតខ្ញុំ 12 ពួកគេប្រៀបបីដូចជាសត្វសិង្ហ ដែលរង់ចាំតែហែកស៊ី និងដូចជាសត្វសាហាវ ដែលពួនចាំចាប់រំពា។ 13 ឱអុលឡោះតាអាឡាអើយ សូមក្រោកឡើង សូមទៅប្រឈមមុខនឹងពួកគេ ឲ្យពួកគេបរាជ័យ! សូមយកអំណាចរបស់ទ្រង់មករំដោះ ខ្ញុំឲ្យរួចពីកណ្ដាប់ដៃរបស់ជនពាល។ 14 ឱអុលឡោះតាអាឡាអើយ សូមដេញពួកគេចេញពីចំណោម មនុស្សលោក ដោយអំណាចរបស់ទ្រង់ សូមដាក់ទោសពួកគេ ឲ្យជីវិតពួកគេ រងទុក្ខវេទនាយ៉ាងខ្លាំង តាំងពីកូនរហូតដល់ចៅ។ 15 ចំពោះខ្ញុំវិញ ដោយខ្ញុំប្រព្រឹត្តតាមសេចក្ដីសុចរិត ខ្ញុំនឹងបានឃើញទ្រង់ ពេលខ្ញុំក្រោកពីដំណេក ខ្ញុំបានស្កប់ចិត្ត ដោយទ្រង់នៅជាមួយ។ |
© 2014 United Bible Societies, UK.
United Bible Societies