ទំនុកតម្កើង 31 - អាល់គីតាបអុលឡោះអើយ សូមធ្វើជាថ្មដា និងជាកំពែងការពារខ្ញុំ គីតាបសាបូររបស់ណាពីទត។ 1 ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមជ្រកកោនជាមួយទ្រង់ សូមកុំឲ្យខ្ញុំត្រូវខកចិត្តឡើយ! ឱអុលឡោះដ៏សុចរិតអើយ សូមរំដោះខ្ញុំ!។ 2 សូមស្តាប់ខ្ញុំ សូមមករំដោះខ្ញុំជាប្រញាប់! សូមធ្វើជាថ្មដា និងជាកំពែងការពារខ្ញុំ ហើយសង្គ្រោះខ្ញុំផង!។ 3 ដ្បិតទ្រង់ជាសិលា និង ជាកំពែងការពារខ្ញុំ សូមដឹកដៃនាំផ្លូវខ្ញុំ ដោយយល់ដល់នាមទ្រង់។ 4 សូមប្រោសឲ្យខ្ញុំបានរួចពីអន្ទាក់ ដែលពួកគេដាក់ចាំចាប់ខ្ញុំ ដ្បិតទ្រង់ការពារខ្ញុំ។ 5 ខ្ញុំសូមប្រគល់វិញ្ញាណរបស់ខ្ញុំ ទៅក្នុងដៃទ្រង់ ។ ឱអុលឡោះតាអាឡាជាម្ចាស់ដ៏ស្មោះត្រង់អើយ! ទ្រង់បានជួយដោះលែងខ្ញុំ។ 6 ខ្ញុំសូមផ្ញើជីវិតលើអុលឡោះតាអាឡាហើយ ខ្ញុំមិនពេញចិត្តនឹងអស់អ្នក ដែលគោរពបម្រើព្រះក្លែងក្លាយទេ។ 7 ខ្ញុំត្រេកអរសប្បាយជាខ្លាំង ដោយទ្រង់មានចិត្តសប្បុរស ចំពោះខ្ញុំ ទ្រង់មើលឃើញទុក្ខវេទនារបស់ខ្ញុំ ទ្រង់ជ្រាបថាខ្ញុំមានកង្វល់។ 8 ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។ 9 ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំផង ដ្បិតខ្ញុំកំពុងតែមានអាសន្ន! ខ្ញុំយំខ្សោះទឹកភ្នែក ព្រលឹង និងរូបកាយខ្ញុំកាន់តែសោកសង្រេង។ 10 ជីវិតខ្ញុំកាន់តែអន់ថយទៅ ដោយកើតទុក្ខ ខ្ញុំស្រែកថ្ងូរអស់មួយជីវិត កម្លាំងខ្ញុំកាន់តែទ្រុឌទ្រោម ព្រោះតែកំហុសរបស់ខ្ញុំ ហើយសូម្បីតែឆ្អឹងរបស់ខ្ញុំ ក៏កាន់តែពុកទៅៗដែរ។ 11 ខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ ជាពិសេសអ្នកជិតខាង នាំគ្នាត្មះតិះដៀលខ្ញុំ ហើយសូម្បីតែអស់អ្នកដែលជិតស្និទ្ធនឹងខ្ញុំ ក៏មិនហ៊ានចូលជិតខ្ញុំដែរ បើគេឃើញខ្ញុំនៅតាមផ្លូវ គេនាំគ្នារត់គេច។ 12 គ្មាននរណានឹកនាពីខ្ញុំទៀតទេ ខ្ញុំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ 13 ខ្ញុំបានឮមនុស្សជាច្រើន ពោលពាក្យមួលបង្កាច់ មនុស្សម្នានៅជុំវិញខ្ញុំ បានធ្វើឲ្យខ្ញុំភ័យតក់ស្លុត។ គេលើកគ្នាប្រឆាំងនឹងខ្ញុំ ព្រមទាំងឃុបឃិតគ្នា បម្រុងនឹងដកជីវិត ខ្ញុំផង។ 14 ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមផ្ញើជីវិតលើទ្រង់! ខ្ញុំពោលថាទ្រង់ពិតជាម្ចាស់ របស់ខ្ញុំ។ 15 អាយុជីវិតរបស់ខ្ញុំ ស្ថិតនៅក្នុងដៃរបស់ទ្រង់ សូមរំដោះខ្ញុំចេញពីកណ្ដាប់ដៃរបស់ខ្មាំង សត្រូវ និងអស់អ្នកដែលបៀតបៀនខ្ញុំ! 16 សូមបែរមើលមកអ្នកបម្រើរបស់ទ្រង់ សូមសង្គ្រោះខ្ញុំ ដោយចិត្ត ដ៏ស្មោះត្រង់របស់ទ្រង់! 17 ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វររកទ្រង់! សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ តែឲ្យពួកមនុស្សពាលត្រូវអាម៉ាស់មុខវិញ គឺឲ្យពួកគេបិទមាត់ ធ្លាក់ទៅក្នុងផ្នូរខ្មោច។ 18 សូមឲ្យមនុស្សដែលតែងតែ និយាយកុហក ក្លាយទៅជា គ គឺពួកដែលនិយាយយ៉ាងព្រហើន ប្រឆាំងនឹងមនុស្សសុចរិត ដោយអួតបំប៉ាង និងប្រមាថមាក់ងាយ!។ 19 ឱអុលឡោះតាអាឡាអើយ! ចិត្តសប្បុរសរបស់ទ្រង់ ល្អវិសេសវិសាលណាស់! ទ្រង់បម្រុងទុក សម្រាប់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ មនុស្សគ្រប់ៗគ្នាដឹងថា ទ្រង់ប្រោសប្រណីអស់ អ្នកដែលមកជ្រកកោនជាមួយទ្រង់។ 20 ទ្រង់លាក់គេនៅក្បែរទ្រង់ ឲ្យរួចផុតពីឧបាយកលរបស់មនុស្ស គឺឲ្យគេជ្រកនៅក្នុងជំរំសក្ការៈរបស់ទ្រង់ ឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។ 21 សូមលើកតម្កើងអុលឡោះតាអាឡា! ដ្បិតពេលមានសត្រូវឡោមព័ទ្ធខ្ញុំ ទ្រង់បានសំដែងចិត្តស្មោះត្រង់ យ៉ាងអស្ចារ្យចំពោះខ្ញុំ។ 22 ពេលខ្ញុំខ្វល់ខ្វាយ ខ្ញុំស្មានថា ទ្រង់បានបណ្តេញខ្ញុំ ចេញឆ្ងាយពីទ្រង់ហើយ ប៉ុន្តែ ពេលខ្ញុំស្រែករកទ្រង់ ទ្រង់ស្តាប់ពាក្យអង្វររបស់ខ្ញុំ។ 23 អ្នករាល់គ្នាដែលគោរពបម្រើអុលឡោះតាអាឡាអើយ ចូរស្រឡាញ់ទ្រង់! អុលឡោះតាអាឡាថែរក្សាអ្នកជឿ តែទ្រង់ធ្វើទោសយ៉ាងតឹងរ៉ឹង ដល់មនុស្សព្រហើន។ 24 អស់អ្នកដែលសង្ឃឹមទុកចិត្តលើអុលឡោះតាអាឡាអើយ ចូរមានកម្លាំង និងចិត្តក្លាហានឡើង!។ |
© 2014 United Bible Societies, UK.
United Bible Societies