Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 19 - អាល់គីតាប


ណាពី​អៃយ៉ូប​ឆ្លើយ​តប​ទៅ​លោក​ប៊ីល‌ដាដ: នៅ​ទី​បញ្ចប់ ទ្រង់​មុខ​ជា​ធ្វើ​អន្តរា‌គមន៍​មិន​ខាន!

1 អៃយ៉ូប​ឆ្លើយ​វិញ​ថា៖

2 «តើ​អស់​លោក​ធ្វើ​ឲ្យ ខ្ញុំ​កើត​ទុក្ខ​គ្រាំ‌គ្រា ហើយ​កំទេច​ខ្ញុំ ដោយ​ពាក្យ​សំដី​ដូច្នេះ​ដល់​កាល​ណា​ទៀត?

3 អស់​លោក​ផ្ចាញ់‌ផ្ចាល​ខ្ញុំ​ដប់​ដង​ទៅ​ហើយ តើ​អស់​លោក​មិន​ចេះ​ខ្មាស ដោយ​ធ្វើ​បាប​ខ្ញុំ​បែប​នេះ​ទេ​ឬ?

4 ប្រសិន​បើ​ខ្ញុំ​បាន​ធ្វើ​ខុស​មែន​នោះ កំហុស​នេះ​ទាក់‌ទង​នឹង​ខ្ញុំ​តែ​ប៉ុណ្ណោះ។

5 ប្រសិន​បើ​អស់​លោក​បន្តុះ‌បង្អាប់​ខ្ញុំ ដើម្បី​លើក​តម្កើង​ខ្លួន​ឯង ហើយ​យក​ទុក្ខ​វេទនា​របស់​ខ្ញុំ មក​ធ្វើ​ជា​ភស្ដុតាង​ចោទ​ថា​ខ្ញុំ​មាន​ទោស

6 នោះ​តោង​ដឹង​ថា​អុលឡោះ​ទេ​តើ ដែល​ដាក់​កំហុស​នេះ​មក​លើ​ខ្ញុំ ទ្រង់​បោះ​សំណាញ់​របស់​ទ្រង់​មក​លើ​ខ្ញុំ។

7 ប្រសិន​បើ​ខ្ញុំ​ស្រែក​ហៅ​គេ​ជួយ ក៏​គ្មាន​នរណា​ឆ្លើយ ប្រសិន​បើ​ខ្ញុំ​ស្រែក​រក​យុត្តិធម៌ ក៏​គ្មាន​នរណា​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ដែរ។

8 ទ្រង់​ឃាំង​ផ្លូវ​ខ្ញុំ​មិន​ឲ្យ​ទៅ​មុខ​រួច ទ្រង់​ធ្វើ​ឲ្យ​ផ្លូវ​របស់​ខ្ញុំ​ប្រែ​ជា​ងងឹត។

9 ទ្រង់​ដក​កិត្តិយស​ចេញ​ពី​ខ្ញុំ ទ្រង់​យក​មកុដ​ចេញ​ពី​ក្បាល​របស់​ខ្ញុំ។

10 ទ្រង់​ប្រហារ​ខ្ញុំ​ពី​គ្រប់​ទិស‌ទី ធ្វើ​ឲ្យ​ខ្ញុំ​វិនាស ទ្រង់​រំលើង​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ ដូច​គេ​រំលើង​ដើម​ឈើ។

11 កំហឹង​របស់​ទ្រង់​ឆាប‌ឆេះ​មក​លើ​ខ្ញុំ ទ្រង់​ចាត់​ទុក​ខ្ញុំ​ដូច​ជា​បច្ចា‌មិត្ត។

12 កង‌ទ័ព​របស់​ទ្រង់​លើក​គ្នា​មក​វាយ​លុក​ខ្ញុំ ពួក​គេ​បោះ​ទ័ព​ព័ទ្ធ​ជុំ‌វិញ​លំ‌នៅ​ខ្ញុំ។

13 ទ្រង់​ធ្វើ​ឲ្យ​បង​ប្អូន​ខ្ញុំ​ចេញ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ បាន​ក្លាយ​ជា​អ្នក​ដទៃ​ទៅ​វិញ។

14 សាច់‌ញាតិ​របស់​ខ្ញុំ​នាំ​គ្នា​បោះ​បង់​ចោល​ខ្ញុំ អ្នក​ជិត​ស្និទ្ធ​នឹង​ខ្ញុំ បាន​បំភ្លេច​ខ្ញុំ។

15 ភ្ញៀវ​របស់​ខ្ញុំ ព្រម​ទាំង​ស្រី​បម្រើ​របស់​ខ្ញុំ បាន​ចាត់​ទុក​ខ្ញុំ​ដូច​ជា​អ្នក​ដទៃ គេ​មើល​មក​ខ្ញុំ​ដូច​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់។

16 ខ្ញុំ​ស្រែក​ហៅ​អ្នក​បម្រើ​របស់​ខ្ញុំ តែ​គេ​មិន​ឆ្លើយ​តប​វិញ​ទេ ទោះ​បី​ខ្ញុំ​ទទូច​អង្វរ​ហៅ​យ៉ាង​ណា​ក៏​ដោយ។

17 ដង្ហើម​របស់​ខ្ញុំ​ជះ​ក្លិន​អសោច ធ្វើ​ឲ្យ​ប្រពន្ធ​របស់​ខ្ញុំ​ទ្រាំ​មិន​បាន បង​ប្អូន​បង្កើត​របស់​ខ្ញុំ​ក៏​ខ្ពើម​ខ្ញុំ​ដែរ។

18 សូម្បី​តែ​ក្មេង‌ក្មាង ក៏​មើល‌ងាយ​ខ្ញុំ ពេល​ខ្ញុំ​ងើប​ឈរ​ឡើង នោះ​ពួក​វា​នាំ​គ្នា​និយាយ​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

19 អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ នាំ​គ្នា​ស្អប់​ខ្ពើម​ខ្ញុំ អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​បែរ​ជា​នាំ​គ្នា ប្រឆាំង​នឹង​ខ្ញុំ។

20 ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង ហើយ​វិះ‌តែ​នឹង​ស្លាប់​ទៀត​ផង។

21 មិត្ត‌ភក្ដិ​របស់​ខ្ញុំ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ សូម​អាណិត​មេត្តា​ខ្ញុំ​ផង! ដ្បិត​អុលឡោះ​យក​ដៃ​វាយ​ខ្ញុំ។

22 ហេតុ​អ្វី​បាន​ជា​អស់​លោក​ដេញ​តាម​ខ្ញុំ ដូច​អុលឡោះ​យ៉ាង​នេះ អស់​លោក​ធ្វើ​ទុក្ខ​ខ្ញុំ​ប៉ុណ្ណឹង​ហើយ​មិន​ល្មម​ទេ​ឬ?

23 សូម​ឲ្យ​ពាក្យ‌ពេចន៍​របស់​ខ្ញុំ​បាន​សរសេរ​ទុក គឺ​ចារ​ទុក​នៅ​ក្នុង​ក្រាំង​មួយ!

24 សូម​ឲ្យ​គេ​ចារឹក​ពាក្យ​នេះ ដោយ​ដែក​ឆ្លាក់ និង​សំណ ទុក​នៅ​លើ​ផ្ទាំង​ថ្ម​រហូត​ត​ទៅ។

25 ប៉ុន្តែ ខ្ញុំ​ដឹង​ថា​អ្នក​ដែល​លោះ​ខ្ញុំ ទ្រង់​នៅ​អស់‌កល្ប​ជានិច្ច ទ្រង់​នឹង​ក្រោក​ឈរ​ឡើង​ក្រោយ​គេ​បង្អស់ នៅ​លើ​ផែនដី។

26 ក្រោយ​ពេល​រូប​កាយ​របស់​ខ្ញុំ​រលាយ​បាត់​ទៅ នោះ​ខ្ញុំ​ផ្ទាល់​នឹង​ឃើញ​អុលឡោះ

27 ខ្ញុំ​នឹង​ឃើញ​ទ្រង់​ផ្ទាល់​នឹង​ភ្នែក គឺ​ទ្រង់​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ចិត្ត​ខ្ញុំ​រំជួល​រង់‌ចាំ​ពេល​នោះ។

28 អស់​លោក​ពោល​ថា “យើង​មិន​បាន​តាម​ធ្វើ​បាប​គាត់​ទេ ទុក្ខ​ទោស​របស់​គាត់​បណ្ដាល​មក​ពី ខ្លួន​គាត់​ផ្ទាល់​ទេ​តើ!”

29 ចូរ​ខ្លាច​មុខ​ដាវ​ទៅ ដ្បិត​ការ​ចោទ​ប្រកាន់​របស់​អស់​លោក តែងតែ​ទទួល​ទោស​ដ៏​សាហាវ​បែប​នេះ​ឯង។ ពេល​នោះ អស់​លោក​មុខ​ជា​ដឹង​ថា អុលឡោះ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម