អេសាយ 33:14 - អាល់គីតាប នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា: “ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន? តើនរណាអាចរស់នៅក្បែរគុកភ្លើង ដែលឆេះអស់កល្បជានិច្ចនេះបាន?”។ ព្រះគម្ពីរខ្មែរសាកល ពួកមនុស្សបាបនៅស៊ីយ៉ូនភ័យខ្លាច ការញ័ររន្ធត់បានចាប់ពួកមនុស្សមិនគោរពព្រះ។ ពួកគេពោលថា៖ “តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយភ្លើងដែលស៊ីបំផ្លាញបាន? តើនរណាក្នុងចំណោមពួកយើងអាចរស់នៅជាមួយចំហេះដ៏អស់កល្បបាន?”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះ ភ្លើងឆេះបន្សុសនេះបាន? តើមានអ្នកណាអាចនឹងនៅចំពោះភ្លើងឆេះ នៅអស់កល្បជានិច្ចបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា: “ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន? តើនរណាអាចរស់នៅក្បែរគុកភ្លើង ដែលឆេះអស់កល្បជានិច្ចនេះបាន?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សមានបាបនៅក្រុងស៊ីយ៉ូន គេភ័យខ្លាច សេចក្ដីញាប់ញ័របានចាប់ពួកមនុស្សគគ្រក់ហើយ តើមានអ្នកណាក្នុងពួកយើងអាចនឹងនៅចំពោះភ្លើងដ៏ឆេះបន្សុសនេះបាន ក្នុងពួកយើងតើមានអ្នកណាអាចនឹងនៅចំពោះការ ដ៏ឆេះនៅអស់កល្បជានិច្ចបាន |
សូមអុលឡោះដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
នៅថ្ងៃស្តេចមកដល់ ស្តេចនឹងកំទេចពួកគេដូចភ្លើងឆេះសុស សូមអុលឡោះតាអាឡារំលាយពួកគេចោល ដោយសារកំហឹងរបស់ទ្រង់ ហើយភ្លើងនឹងឆេះបំផ្លាញពួកគេ។
អុលឡោះជាម្ចាស់នៃយើងទ្រង់មកហើយ ទ្រង់មិនសំងំនៅស្ងៀមឡើយ មានភ្លើងសន្ធោសន្ធៅនៅពីមុខទ្រង់ ហើយជុំវិញទ្រង់ មានខ្យល់បក់បោកយ៉ាងខ្លាំង។
ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ ដ្បិតអុលឡោះធ្វើឲ្យខ្មាំងសត្រូវ របស់ប្រជារាស្ដ្រទ្រង់ស្លាប់ចោលឆ្អឹង ពួកគេនឹងត្រូវអាម៉ាស់មុខ ព្រោះអុលឡោះបានកំចាត់កំចាយពួកគេ។
អ្នកអាក្រក់តែងតែរត់គេចខ្លួន ទោះបីគ្មាននរណាតាមក៏ដោយ រីឯមនុស្សសុចរិតវិញ ប្រៀបបីដូចជាកូនសិង្ហ គឺគេមិនខ្លាចអ្វីឡើយ។
រីឯពួកបះបោរ មនុស្សបាប និងអស់អ្នកដែលបោះបង់ចោលអុលឡោះតាអាឡាវិញ គេនឹងវិនាសអន្តរាយជាមួយគ្នាអស់ទៅ។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
យើងចាត់ជនជាតិអាស្ស៊ីរីឲ្យទៅធ្វើទោស ប្រជាជាតិទមិឡ យើងនឹងនាំពួកគេទៅវាយប្រហារប្រជាជន ដែលបានបង្កឲ្យយើងមានកំហឹង ពួកគេនឹងប្លន់ រឹបអូសយកទ្រព្យសម្បត្តិ ហើយជាន់ឈ្លីប្រជាជាតិនេះ ដូចគេដើរជាន់ភក់នៅតាមផ្លូវ។
អុលឡោះតាអាឡាមានបន្ទូលថា: ប្រជារាស្ត្រនេះចូលមកជិតយើង ហើយលើកតម្កើងយើងត្រឹមតែពាក្យសំដី និងបបូរមាត់ប៉ុណ្ណោះ តែចិត្តរបស់គេនៅឆ្ងាយពីយើងណាស់ រីឯការដែលពួកគេគោរពកោតខ្លាចយើង គ្រាន់តែជាទំនៀមទម្លាប់ ដែលគេរៀនពីមនុស្សប៉ុណ្ណោះ។
រំពេចនោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មកជួយអ្នក ដោយប្រើផ្គរលាន់ ទ្រង់ធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់ មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
ពួកស្ត្រីដែលរស់នៅយ៉ាងស្រណុក អ្នករាល់គ្នានឹងត្រូវញ័ររន្ធត់ ពួកស្ត្រីដែលឥតកង្វល់អើយ អ្នករាល់គ្នានឹងត្រូវភ័យញ័រ! ចូរយកសម្លៀកបំពាក់ចេញ រួចពាក់អាវកាន់ទុក្ខវិញ!
ទឹកជ្រោះនៅស្រុកអេដុមនឹងក្លាយជាធ្យូងថ្ម ដីរបស់គេនឹងក្លាយជាស្ពាន់ធ័រ ហើយស្រុករបស់គេ ប្រៀបដូចជាធ្យូងដែលកំពុងតែឆេះគគុក។
ប៉ុន្តែ អ្នកទាំងនោះប្រៀបបាននឹងចំបើង ដែលត្រូវភ្លើងឆាបឆេះ គេមិនអាចដកខ្លួន ឲ្យរួចផុតពីអណ្ដាតភ្លើងបានឡើយ ដ្បិតភ្លើងនោះមិនមែនជាភ្លើង សម្រាប់ចំអិនអាហារ ឬសម្រាប់អាំងកំដៅខ្លួននោះឡើយ។
ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយបន្ទូលរបស់ ម្ចាស់ដ៏វិសុទ្ធនៃជនជាតិអ៊ីស្រអែល។
ពេលគេចេញពីម៉ាស្ជិទ គេនឹងឃើញសាកសពរបស់មនុស្ស ដែលបានបះបោរប្រឆាំងនឹងយើង។ ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់ សាកសពទាំងនោះធ្វើឲ្យសត្វលោក ទាំងអស់ខ្ពើមរអើម។
មានគេនាំដំណឹងមកជម្រាបរាជវង្សរបស់ស្តេចទតថា ជនជាតិស៊ីរីបោះទ័ពនៅស្រុកអេប្រាអ៊ីម។ ដំណឹងនេះធ្វើឲ្យស្តេចអេហាស និងប្រជារាស្ត្រញ័ររន្ធត់ ដូចព្រៃឈើត្រូវខ្យល់បក់បោក។
ហេតុនេះហើយបានជាអុលឡោះតាអាឡា មិនអាណិតយុវជនរបស់ពួកគេឡើយ ទ្រង់ក៏មិនមេត្តាក្មេងកំព្រា និងស្ត្រីមេម៉ាយរបស់ពួកគេដែរ ដ្បិតអ្នកទាំងនោះសុទ្ធតែជាទមិឡ និងជាមនុស្សពាល។ មាត់របស់ពួកគេពោលសុទ្ធតែពាក្យអាស្រូវ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្ដី ក៏កំហឹងរបស់ទ្រង់នៅតែពុំទាន់ស្ងប់ដដែល គឺអុលឡោះតាអាឡានៅតែលាតដៃ ចាំវាយប្រដៅគេជានិច្ច។
អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យ មានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។
ដោយសារអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់ខឹងយ៉ាងខ្លាំង ទឹកដីរបស់គេនឹងត្រូវឆាបឆេះ ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។ គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
មនុស្សបាបក្នុងចំណោមប្រជារាស្ត្ររបស់យើង នឹងត្រូវស្លាប់ដោយមុខដាវទាំងអស់គ្នា អ្នកទាំងនោះពោលថា: “ទ្រង់មិនធ្វើឲ្យទុក្ខវេទនាចូលមកជិត ឬកើតមានដល់ពួកយើងឡើយ”។
ពេលទ្រង់ខឹង តើនរណាអាចទ្រាំទ្របាន? តើនរណាអាចតទល់នឹង កំហឹងរបស់ទ្រង់បាន? កំហឹងដ៏ខ្លាំងក្លារបស់ទ្រង់ ប្រៀបដូចជាភ្លើងឆេះកំទេចផ្ទាំងថ្ម។
ប៉ុន្តែ នៅថ្ងៃដែលទ្រង់មកដល់ តើនរណាអាចទ្រាំបាន? នៅពេលទ្រង់លេចមក តើនរណាអាចឈរបាន? ដ្បិតទ្រង់ប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀកបំពាក់។
ប្រសិនបើដៃ ឬជើងរបស់អ្នក នាំអ្នកឲ្យប្រព្រឹត្ដអំពើបាប ចូរកាត់វាបោះចោល ឲ្យឆ្ងាយទៅ បើអ្នកចូលទៅក្នុងជីវិតមានតែដៃម្ខាង ឬជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬមានជើងពីរ ហើយត្រូវធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច។
ស្តេចក៏និយាយទៅអ្នកនោះថា “សម្លាញ់អើយ! ហេតុអ្វីបានជាអ្នកចូលមកទីនេះ ដោយមិនស្លៀកសម្លៀកបំពាក់សម្រាប់មង្គលការដូច្នេះ” បុរសនោះរកនិយាយអ្វីមិនចេញឡើយ។
លោកនឹងធ្វើទោសគាត់ជាទម្ងន់ ហើយឲ្យគាត់ទទួលទោសរួមជាមួយពួកមានពុតត្បុតដែរ គឺឲ្យទៅនៅកន្លែងយំសោកខឹងសង្កៀតធ្មេញ»។
បន្ទាប់មក ស្តេចនឹងនិយាយទៅពួកអ្នកនៅខាងឆ្វេងថាៈ “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសអ៊ីព្លេសហ្សៃតន និងបរិវាររបស់វានោះទៅ!
អ្នកទាំងនេះនឹងត្រូវទទួលទោសអស់កល្បជានិច្ច រីឯអ្នកសុចរិតវិញ នឹងទទួលជីវិតអស់កល្បជានិច្ច»។
ដ្បិតអុលឡោះតាអាឡា របស់អ្នកជាភ្លើងដែលឆេះសន្ធោសន្ធៅ ទ្រង់មិនចង់ឲ្យអ្នកជំពាក់ចិត្តនឹងព្រះណាផ្សេងជាដាច់ខាត។
គាត់មកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់អុលឡោះ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ របស់អ៊ីសាជាអម្ចាស់នៃយើង។
អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មពីអុលឡោះ ទ្រង់នឹងវិនិច្ឆ័យទោសគេឥតត្រាប្រណីឡើយ ហើយគេនឹងត្រូវរងទុក្ខទោសនៅក្នុងភ្លើង និងក្នុងស្ពាន់ធ័រ នៅចំពោះមុខពួកម៉ាឡាអ៊ីកាត់ដ៏វិសុទ្ធ និងនៅចំពោះមុខរបស់កូនចៀម។
រីឯអ៊ីព្លេសដែលបាននាំជាតិសាសន៍ទាំងនោះឲ្យវង្វេង ក៏ត្រូវគេបោះទៅក្នុងបឹងភ្លើង និងស្ពាន់ធ័រដែលមានសត្វតិរច្ឆាន និងណាពីក្លែងក្លាយនៅក្នុងនោះស្រាប់។ គេនឹងរងទុក្ខវេទនាទាំងថ្ងៃ ទាំងយប់ អស់កល្បជាអង្វែងតរៀងទៅ។