ទំនុកតម្កើង 11 - អាល់គីតាបខ្ញុំទុកចិត្តលើអុលឡោះ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ ទំនុករបស់ណាពីទត។ 1 ខ្ញុំមកជ្រកកោនជាមួយអុលឡោះតាអាឡាហើយ ហេតុអ្វីបានជាអ្នករាល់គ្នាប្រាប់ខ្ញុំ ឲ្យរត់ទៅជ្រកនៅតាមភ្នំ ដូចសត្វស្លាបទៅវិញដូច្នេះ? 2 -ពួកជនពាលបានយឹតធ្នូ ភ្ជាប់ព្រួញទៅនឹងខ្សែ បម្រុងនឹងបាញ់ចេញពីទីងងឹត សំដៅទៅលើអស់អ្នកដែលមានចិត្តទៀងត្រង់។ 3 ប្រសិនបើអ្វីៗដែលជាមូលដ្ឋាននៃសង្គមត្រូវរលំអស់ តើមនុស្សសុចរិតនឹងធ្វើអ្វីកើត?។ 4 -អុលឡោះតាអាឡានៅក្នុងម៉ាស្ជិទដ៏វិសុទ្ធ របស់ទ្រង់ បល្ល័ង្ករបស់ទ្រង់ស្ថិតនៅក្នុងសូរ៉កា ទ្រង់មើល ហើយឈ្វេងយល់អ្វីៗទាំងអស់ ដែលមនុស្សលោកធ្វើ។ 5 អុលឡោះតាអាឡាឈ្វេងយល់ចិត្តមនុស្សសុចរិត តែទ្រង់មិនពេញចិត្តនឹងមនុស្សពាល ព្រមទាំងអ្នកដែលប្រព្រឹត្តអំពើឃោរឃៅទេ។ 6 សូមអុលឡោះដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។ 7 ដ្បិតអុលឡោះតាអាឡាសុចរិត ទ្រង់ពេញចិត្តនឹងកិច្ចការណា ដែលសុចរិត។ មនុស្សមានចិត្តទៀងត្រង់ មុខជាបានឃើញទ្រង់។ |
© 2014 United Bible Societies, UK.
United Bible Societies