ទំនុកតម្កើង 53 - អាល់គីតាបអ្នកជឿអុលឡោះ និងពិភពលោកដ៏អាក្រក់ ទំនុកពីសៀវភៅរបស់គ្រូចំរៀង។ កំដរដោយខ្លុយ។ កំណាព្យរបស់ណាពីទត។ 1 មនុស្សឥតគំនិតតែងតែរិះគិតថា «គ្មានអុលឡោះទេ»។ ពួកគេជាមនុស្សពាល ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃ គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។ 2 ពីសូរ៉កា អុលឡោះមើលមកមនុស្សលោក ក្រែងលោមាននរណាម្នាក់ដឹងខុសត្រូវ ហើយស្វែងរកទ្រង់។ 3 ក៏ប៉ុន្តែ មនុស្សគ្រប់ៗគ្នាបានវង្វេងចេញឆ្ងាយ ពីអុលឡោះ ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូច គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។ 4 អុលឡោះមានបន្ទូលថា «តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ពិតជាមិនយល់អ្វីទាំងអស់ឬ?។ ពួកគេចិញ្ចឹមជីវិត ដោយកេងប្រវ័ញ្ចប្រជារាស្ដ្ររបស់យើង ហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។ 5 ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ ដ្បិតអុលឡោះធ្វើឲ្យខ្មាំងសត្រូវ របស់ប្រជារាស្ដ្រទ្រង់ស្លាប់ចោលឆ្អឹង ពួកគេនឹងត្រូវអាម៉ាស់មុខ ព្រោះអុលឡោះបានកំចាត់កំចាយពួកគេ។ 6 សូមឲ្យទ្រង់ដែលនៅក្រុងស៊ីយ៉ូន សង្គ្រោះជនជាតិអ៊ីស្រអែល! ពេលអុលឡោះនាំប្រជារាស្ដ្ររបស់ទ្រង់ ដែលជាឈ្លើយមកស្រុកវិញ កូនចៅរបស់យ៉ាកកូបនឹង បានត្រេកអរយ៉ាងខ្លាំង ប្រជារាស្ដ្រអ៊ីស្រអែលនឹងមានអំណរ សប្បាយដ៏លើសលប់។ |
© 2014 United Bible Societies, UK.
United Bible Societies