អុលឡោះតាអាឡាគ្រងរាជ្យ! ចូរឲ្យផែនដីបានរីករាយឡើង! ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ!
អេសាយ 24:23 - អាល់គីតាប ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ទ្រង់ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់អ្នកដែលជាអះលីជំអះ។ ព្រះគម្ពីរខ្មែរសាកល ពេលនោះ ព្រះចន្ទនឹងទទួលការអាប់យស ហើយព្រះអាទិត្យនឹងអាម៉ាស់មុខ ដ្បិតព្រះយេហូវ៉ានៃពលបរិវារសោយរាជ្យនៅលើភ្នំស៊ីយ៉ូន និងនៅយេរូសាឡិម ហើយសិរីរុងរឿងរបស់ព្រះអង្គនឹងនៅចំពោះពួកចាស់ទុំរបស់ព្រះអង្គ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារសោយរាជ្យ លើភ្នំស៊ីយ៉ូននៅក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខ ពួកចាស់ទុំរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ព្រះច័ន្ទត្រូវបាក់មុខ ព្រះអាទិត្យត្រូវអាម៉ាស់។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងគ្រងរាជ្យ នៅលើភ្នំស៊ីយ៉ូន និងនៅក្រុងយេរូសាឡឹម ហើយសិរីរុងរឿងរបស់ព្រះអង្គ ភ្លឺចិញ្ចែងចិញ្ចាចនៅមុខអស់លោកព្រឹទ្ធាចារ្យ របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់សោយរាជ្យនៅលើភ្នំស៊ីយ៉ូននាក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខពួកចាស់ទុំរបស់ទ្រង់។ |
អុលឡោះតាអាឡាគ្រងរាជ្យ! ចូរឲ្យផែនដីបានរីករាយឡើង! ចូរឲ្យកោះទាំងឡាយមានអំណរសប្បាយ!
សាទីម៉ារៀមបន្លឺសំឡេងច្រៀងថា៖ «ចូរច្រៀងជូនអុលឡោះតាអាឡា ទ្រង់មានជ័យជំនះដ៏ត្រចះត្រចង់ ទ្រង់បានធ្វើឲ្យសេះ និងទាហានដែលជិះលើវា លិចលង់ទៅក្នុងសមុទ្រ!»។
អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ! ដ្បិតអុលឡោះជាម្ចាស់ដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រអែល ដែលនៅកណ្ដាលចំណោមអ្នករាល់គ្នា ទ្រង់ឧត្ដុង្គឧត្ដម!
ផ្កាយទាំងប៉ុន្មាន និងហ្វូងតារានៅលើមេឃ នឹងលែងបញ្ចេញពន្លឺ ព្រះអាទិត្យនឹងបាត់រស្មីតាំងពីពេលរះឡើង ហើយព្រះច័ន្ទក៏លែងចាំងពន្លឺទៀតដែរ។
នៅថ្ងៃដែលអុលឡោះតាអាឡារុំរបួសឲ្យ ប្រជារាស្ត្ររបស់ទ្រង់ នៅពេលដែលទ្រង់ព្យាបាលគេ ឲ្យបានជាពីមុខរបួសទាំងអស់ ព្រះច័ន្ទនឹងបញ្ចេញពន្លឺភ្លឺដូចព្រះអាទិត្យ ហើយព្រះអាទិត្យនឹងភ្លឺជាងធម្មតាប្រាំពីរដង គឺប្រៀបដូចជាមានពន្លឺថ្ងៃចំនួនប្រាំពីររួមគ្នា។
ពេលនោះ អ្នកនឹងឃើញស្តេច ប្រកបដោយភាពថ្កុំថ្កើង អ្នកនឹងឃើញស្រុកទេសរបស់អ្នក មានទឹកដីធំល្វឹងល្វើយ។
អុលឡោះតាអាឡាគ្រប់គ្រងលើយើង ទ្រង់ប្រទានច្បាប់ទម្លាប់មកយើង ទ្រង់ជាស្តេចរបស់យើង មានតែទ្រង់ទេដែលសង្គ្រោះយើង។
អ្នកធ្វើដំណើរនៅលើភ្នំ នាំដំណឹងល្អៗមក ប្រសើររុងរឿងណាស់ហ្ន៎ គេប្រកាសដំណឹងអំពីសេចក្ដីសុខសាន្ត! គេប្រកាសដំណឹងដ៏ល្អៗអំពីការសង្គ្រោះ គេពោលមកកាន់ក្រុងស៊ីយ៉ូនថា “ម្ចាស់របស់អ្នកសោយរាជ្យហើយ!”។
យេរូសាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរីរុងរឿងរបស់អុលឡោះតាអាឡាភ្លឺមកលើអ្នកដូចថ្ងៃរះ។
នៅពេលថ្ងៃ អ្នកមិនត្រូវការពន្លឺព្រះអាទិត្យទៀតទេ ហើយនៅពេលយប់ អ្នកក៏មិនត្រូវការពន្លឺព្រះច័ន្ទដែរ ដ្បិតអុលឡោះតាអាឡានឹងធ្វើជាពន្លឺបំភ្លឺអ្នក រហូតតរៀងទៅ ម្ចាស់របស់អ្នកជាពន្លឺដ៏ត្រចះត្រចង់ដល់អ្នក។
ពន្លឺថ្ងៃរបស់អ្នកនឹងមិនអស្ដង្គតទៀតឡើយ ពន្លឺព្រះច័ន្ទរបស់អ្នកក៏មិនលិចបាត់ទៅវិញដែរ ដ្បិតអុលឡោះតាអាឡានឹងធ្វើជាពន្លឺបំភ្លឺអ្នក រហូតតរៀងទៅ រីឯពេលវេលាដែលអ្នកកាន់ទុក្ខ ក៏ចប់សព្វគ្រប់ហើយ។
ប្រវែងជុំវិញមានទាំងអស់មួយម៉ឺនប្រាំបីពាន់ហត្ថ។ ចាប់ពីថ្ងៃនេះតទៅ ទីក្រុងនឹងមានឈ្មោះថា «អុលឡោះតាអាឡានៅទីនេះ»។
បន្ទាប់មក ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជសម្បត្តិនោះ ហើយពួកគេគ្រងរាជ្យដ៏ស្ថិតនៅអស់កល្បជានិច្ច ជាអង្វែងតរៀងទៅ។
ប្រជាជនដ៏វិសុទ្ធនៃអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុតនឹងទទួលរាជ្យ អំណាចគ្រប់គ្រង និងទ្រព្យសម្បត្តិនៃរាជាណាចក្រទាំងប៉ុន្មាននៅលើផែនដីទាំងមូល។ រាជ្យរបស់គេជារាជ្យដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច មេគ្រប់គ្រងទាំងប៉ុន្មាននឹងនាំគ្នាបម្រើ ហើយស្ដាប់បង្គាប់ប្រជាជនដ៏វិសុទ្ធនោះ។
ពេលថ្ងៃរបស់អុលឡោះតាអាឡាមកដល់ គឺជាថ្ងៃដ៏ឧត្ដុង្គឧត្ដម គួរឲ្យស្ញែងខ្លាច ព្រះអាទិត្យនឹងប្រែទៅជាងងឹតបាត់រស្មី ព្រះច័ន្ទនឹងប្រែទៅជាឈាម។
«យើងនឹងឲ្យអ្នករបួសដើរពុំរួច ក្លាយទៅជាប្រជាជនដែលនៅសេសសល់ ហើយធ្វើឲ្យអ្នកដែលខ្ចាត់ព្រាត់ ក្លាយទៅជាប្រជាជាតិដ៏ខ្លាំងពូកែ។ យើងជាអុលឡោះតាអាឡា នឹងគ្រងរាជ្យលើពួកគេ នៅភ្នំស៊ីយ៉ូន តាំងពីពេលនេះរហូតតទៅ។
ថ្ងៃនោះ ជាថ្ងៃមួយខុសប្លែកពីធម្មតា មានតែអុលឡោះតាអាឡាទេដែលជ្រាប។ ពេលនោះ គ្មានថ្ងៃគ្មានយប់ទេ សូម្បីតែពេលល្ងាច ក៏នៅតែភ្លឺដែរ
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
«លុះគ្រាដែលមានទុក្ខវេទនានេះ កន្លងផុតទៅភ្លាមនោះ ព្រះអាទិត្យនឹងបាត់រស្មី ព្រះច័ន្ទលែងមានពន្លឺទៀតហើយ។ រីឯផ្កាយទាំងឡាយនឹងធ្លាក់ចុះពីលើមេឃ។
សូមសំដែងនាមដ៏វិសុទ្ធរបស់ទ្រង់ ឲ្យមនុស្សលោកស្គាល សូមឲ្យនគរទ្រង់បានមកដល់ សូមឲ្យផែនការរបស់ទ្រង់ បានសម្រេចនៅលើផែនដី ដូចនៅសូរ៉កាដែរ។
សូមកុំនាំយើងខ្ញុំឲ្យជួបការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីអ៊ីព្លេសកំណាច [ដ្បិតទ្រង់គ្រងរាជ្យ ទ្រង់មានអំណាច និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ីន។]
ផ្ទុយទៅវិញ បងប្អូនចូលមកជិតភ្នំស៊ីយ៉ូន មកជិតក្រុងរបស់អុលឡោះដ៏នៅអស់កល្ប គឺក្រុងយេរូសាឡឹមនៅសូរ៉កាដែលមានម៉ាឡាអ៊ីកាត់រាប់លានរាប់កោដិ
ម៉ាឡាអ៊ីកាត់ទីប្រាំពីរផ្លុំត្រែឡើង ស្រាប់តែមានសំឡេងលាន់ឮរំពងនៅលើមេឃថា៖ «នគរក្នុងលោកនេះ ត្រូវផ្ទេរជូនទៅអុលឡោះជាអម្ចាស់នៃយើង និងជូនអាល់ម៉ាហ្សៀសរបស់ទ្រង់ ហើយទ្រង់នឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ!»។
ខ្ញុំមើលទៅឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន ហើយមានមនុស្សមួយសែនបួនម៉ឺនបួនពាន់នាក់នៅជាមួយគាត់ អ្នកទាំងនេះមានឈ្មោះកូនចៀម និងនាមអុលឡោះជាបិតារបស់គាត់ចារនៅលើថ្ងាស។
ពួកអះលីជំអះទាំងម្ភៃបួននាក់ និងសត្វមានជីវិតទាំងបួនក៏នាំគ្នាក្រាបចុះ ហើយថ្វាយបង្គំអុលឡោះដែលនៅលើបល្ល័ង្កទាំងពោលថា៖ «អាម៉ីន! ចូរសរសើរតម្កើងអុលឡោះ!»។
ពេលនោះខ្ញុំឮហាក់ដូចជាមានសំឡេងបណ្ដាជនដ៏ច្រើនកុះករ ដូចជាមានស្នូរសន្ធឹកមហាសាគរ និងដូចជាមានស្នូរផ្គរលាន់យ៉ាងខ្លាំងថា៖ «ចូរសរសើរតម្កើងអុលឡោះ! ដ្បិតអុលឡោះតាអាឡាជាម្ចាស់ដ៏មានអំណាចលើអ្វីៗទាំងអស់ ទ្រង់បានតាំងរាជ្យរបស់ទ្រង់ហើយ
ក្រុងនោះមិនត្រូវការពន្លឺព្រះអាទិត្យ ឬព្រះច័ន្ទឡើយ ដ្បិតសិរីរុងរឿងរបស់អុលឡោះបំភ្លឺក្រុង ហើយកូនចៀមក៏ជាចង្កៀងរបស់ក្រុងដែរ។
នៅក្រុងនោះ គ្មានយប់ទៀតទេ គេក៏លែងត្រូវការពន្លឺចង្កៀង ឬពន្លឺព្រះអាទិត្យទៀតដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ជាពន្លឺបំភ្លឺគេ ហើយគេនឹងគ្រងរាជ្យអស់កល្បជាអង្វែងតរៀងទៅ។