អេសេគាល 48 - អាល់គីតាប1 តទៅនេះជាឈ្មោះកុលសម្ព័ន្ធ និងចំណែកមត៌ករបស់គេ។ ទឹកដីរបស់កុលសម្ព័ន្ធដាន់ស្ថិតនៅចុងខាងជើងបំផុត គឺនៅតាមបណ្ដោយផ្លូវពីហេតឡូនទៅហាម៉ាត់ ហាសា-អេណាន ព្រំប្រទល់ដាម៉ាស គឺទៅដល់ខាងជើងហាម៉ាត់ លាតសន្ធឹងចាប់ពីទិសខាងកើតទៅទិសខាងលិច។ 2 ទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរស្ថិតនៅជាប់នឹងទឹកដីដាន់ ចាប់ពីខាងកើតទៅខាងលិច។ 3 ទឹកដីរបស់កុលសម្ព័ន្ធណែបថាលីនៅជាប់នឹងទឹកដីអេស៊ើរ ចាប់ពីខាងកើតទៅខាងលិច។ 4 ទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេនៅជាប់នឹងទឹកដីណែបថាលី ចាប់ពីខាងកើតទៅខាងលិច។ 5 ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីមនៅជាប់នឹងទឹកដីម៉ាណាសេ ចាប់ពីខាងកើតទៅខាងលិច។ 6 ទឹកដីរបស់កុលសម្ព័ន្ធរូបេននៅជាប់នឹងទឹកដីអេប្រាអ៊ីម ចាប់ពីខាងកើតទៅខាងលិច។ 7 ទឹកដីរបស់កុលសម្ព័ន្ធយូដានៅជាប់នឹងទឹកដីរូបេន ចាប់ពីខាងកើតទៅខាងលិច។ 8 នៅជាប់នឹងទឹកដីរបស់កុលសម្ព័ន្ធយូដា ចាប់ពីខាងកើតទៅខាងលិច ត្រូវញែកដីមួយចំណែកដែលមានទទឹងពីរម៉ឺនប្រាំពាន់ហត្ថ ហើយមានបណ្ដោយស្មើនឹងចំណែកទឹកដីរបស់កុលសម្ព័ន្ធនីមួយៗ ដែលរាប់ពីខាងកើតទៅខាងលិច។ ទីសក្ការៈត្រូវនៅចំកណ្ដាលដីនោះ។ 9 ដីដែលអ្នករាល់គ្នាញែកជូនអុលឡោះតាអាឡា ត្រូវមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថ។ 10 ដីដ៏សក្ការៈនេះត្រូវចែកឲ្យពួកអ៊ីមុាំទុកជាកម្មសិទ្ធិ គឺខាងជើងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ ខាងលិចមានប្រវែងមួយម៉ឺនហត្ថ ខាងកើតមានប្រវែងមួយម៉ឺនហត្ថ ខាងត្បូងមានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថ។ ទីសក្ការៈរបស់អុលឡោះតាអាឡាត្រូវនៅចំកណ្ដាល។ 11 ដីនេះត្រូវបានជាកម្មសិទ្ធិកូនចៅរបស់លោកសាដុក ដែលបានទទួលមុខងារជាអ៊ីមុាំ។ អ្នកទាំងនោះប្ដូរផ្ដាច់បម្រើយើង គឺនៅគ្រាដែល ជនជាតិអ៊ីស្រអែលវង្វេងឆ្ងាយពីយើងអ៊ីមុាំទាំងនោះពុំបានវង្វេងដូចពួកលេវីទេ។ 12 ដូច្នេះ ពួកគេត្រូវទទួលដីដ៏សក្ការៈបំផុតនេះជាដីញែកជូនអុលឡោះ នៅជាប់នឹងដីរបស់ពួកលេវី។ 13 ពួកលេវីនឹងទទួលដី ដែលនៅតាមបណ្ដោយព្រំប្រទល់ដីរបស់ពួកអ៊ីមុាំ គឺបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ទទឹងមួយម៉ឺនហត្ថដូចទំហំដីរបស់អ៊ីមុាំដែរ។ 14 ពួកគេមិនអាចលក់ដូរ ឬបង្វិលដីទាំងនេះទេ ព្រោះជាចំណែកល្អជាងគេដែលបានញែកជូនអុលឡោះតាអាឡា។ 15 ចំណែកឯដីដែលនៅសល់ មានទទឹងប្រាំពាន់ហត្ថ និងបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ត្រូវចាត់ទុកជាដីសាមញ្ញធម្មតា សម្រាប់សង់ក្រុង ផ្ទះ និងវាលស្មៅ ទីក្រុងស្ថិតនៅចំកណ្ដាល។ 16 ទីក្រុងនេះមានទំហំដូចតទៅ: ខាងជើងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងត្បូងប្រវែងបួនពាន់ប្រាំរយហត្ថ ខាងកើតប្រវែងបួនពាន់ប្រាំរយហត្ថ ខាងលិចប្រវែងបួនពាន់ប្រាំរយហត្ថ។ 17 ទីក្រុងនេះត្រូវមានវាលស្មៅពីររយហាសិបហត្ថខាងជើង ពីររយហាសិបហត្ថខាងត្បូង ពីររយហាសិបហត្ថខាងកើត ពីររយហាសិបហត្ថខាងលិច។ 18 ដីដែលនៅសល់តាមបណ្ដោយដីសក្ការៈមានប្រវែងមួយម៉ឺនហត្ថខាងកើត មួយម៉ឺនហត្ថខាងលិច។ ដីនោះទុកសម្រាប់ដាំដំណាំជាអាហាររបស់អស់អ្នកដែលធ្វើការនៅក្នុងទីក្រុង។ 19 អ្នកធ្វើការក្នុងទីក្រុង ទោះបីគេមកពីកុលសម្ព័ន្ធណាក្ដី ក៏គេអាចដាំដំណាំលើដីនោះបានដែរ។ 20 សរុបមកដីដែលត្រូវញែកទុកជូនអុលឡោះតាអាឡា មានប្រវែងពីរម៉ឺនប្រាំពាន់ហត្ថបួនជ្រុង។ ត្រូវទុកដីសក្ការៈនោះមួយភាគបួន ជាកម្មសិទ្ធិរបស់ទីក្រុង។ 21 ដីដែលនៅសល់ ត្រូវបានជាកម្មសិទ្ធិរបស់មេដឹកនាំ គឺដីដែលនៅសងខាងដីសក្ការៈ និងដីរបស់ទីក្រុងមានបណ្ដោយពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងគិតចាប់ពីព្រំប្រទល់ខាងកើត និងព្រំប្រទល់ខាងលិច។ ដីសក្ការៈ និងទីសក្ការៈក្នុងម៉ាស្ជិទស្ថិតនៅចំកណ្ដាល។ 22 ដីរបស់មេដឹកនាំមានដីរបស់ពួកលេវី និងដីរបស់ទីក្រុងនៅចំពាក់កណ្ដាល ដីនោះស្ថិតនៅចន្លោះដីរបស់កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីន។ 23 កុលសម្ព័ន្ធឯទៀតៗដែលត្រូវទទួលដីជាចំណែកមត៌កនោះ គឺកុលសម្ព័ន្ធពុនយ៉ាមីនចាប់ពីខាងកើតទៅខាងលិច។ 24 ទឹកដីរបស់កុលសម្ព័ន្ធស៊ីម្មាននៅជាប់នឹងទឹកដីពុនយ៉ាមីន ចាប់ពីខាងកើតទៅខាងលិច។ 25 ទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារនៅជាប់នឹងទឹកដីស៊ីម្មាន ចាប់ពីខាងកើតទៅខាងលិច។ 26 ទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូននៅជាប់នឹងទឹកដីអ៊ីសាខារ ចាប់ពីខាងកើតទៅខាងលិច។ 27 ទឹកដីរបស់កុលសម្ព័ន្ធកាដនៅជាប់នឹងទឹកដីសាប់យូឡូន ចាប់ពីខាងកើតទៅខាងលិច។ 28 ទឹកដីរបស់កុលសម្ព័ន្ធកាដ ជាព្រំដែនខាងត្បូងរបស់ស្រុកលាតសន្ធឹងចាប់ពីតាម៉ាររហូតដល់មេរីបានៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូរ ដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ 29 នេះហើយជាទឹកដីដែលអ្នករាល់គ្នាត្រូវបែងចែក ដល់កុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ដោយចាប់ឆ្នោតយកជាចំណែកមត៌ករបស់ពួកគេ -នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ 30 រីឯច្រកចូលទីក្រុងមានដូចតទៅ: កំពែងខាងជើងមានបណ្ដោយបួនពាន់ប្រាំរយហត្ថ។ 31 នៅកំពែងនេះមានទ្វារក្រុងបី ដាក់ឈ្មោះតាមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រអែល គឺទ្វាររូបេន ទ្វារយូដា និងទ្វារលេវី។ 32 កំពែងខាងកើតមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារយូសុះ ទ្វារពុនយ៉ាមីន និងទ្វារដាន់។ 33 កំពែងខាងត្បូង មានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារស៊ីម្មាន ទ្វារអ៊ីសាខារ និងទ្វារសាប់យូឡូន។ 34 កំពែងខាងលិចមានបណ្ដោយបួនពាន់ប្រាំរយហត្ថ មានទ្វារក្រុងបី គឺទ្វារកាដ ទ្វារអេស៊ើរ និងទ្វារណែបថាលី។ 35 ប្រវែងជុំវិញមានទាំងអស់មួយម៉ឺនប្រាំបីពាន់ហត្ថ។ ចាប់ពីថ្ងៃនេះតទៅ ទីក្រុងនឹងមានឈ្មោះថា «អុលឡោះតាអាឡានៅទីនេះ»។ |
© 2014 United Bible Societies, UK.
United Bible Societies