និក្ខមនំ 19:6 - អាល់គីតាប យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្រអ៊ីមុាំ ហើយអ្នករាល់គ្នាជាប្រជាជាតិបរិសុទ្ធ។ នេះជាសេចក្តីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រអែល»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នានឹងបានជានគរនៃពួកសង្ឃ និងជាសាសន៍បរិសុទ្ធដល់យើង"។ នេះជាពាក្យដែលអ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែល »។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងចាត់ទុកអ្នករាល់គ្នាជាអាណាចក្របូជាចារ្យ ហើយអ្នករាល់គ្នាជាប្រជាជាតិដ៏វិសុទ្ធ។ នេះជាសេចក្ដីដែលអ្នកត្រូវប្រាប់ជនជាតិអ៊ីស្រាអែល» ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងរាល់គ្នានឹងបានធ្វើជានគរដល់អញ ដែលសុទ្ធតែជាសង្ឃ ហើយជាសាសន៍បរិសុទ្ធឲ្យអញដែរ គឺពាក្យទាំងនេះហើយ ដែលឯងត្រូវប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល។ |
ទ្រង់បានញែកយើងខ្ញុំ ពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ដើម្បីឲ្យយើងខ្ញុំធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់ ដូចទ្រង់បានថ្លែងតាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់ នៅពេលដែលទ្រង់នាំដូនតារបស់យើងខ្ញុំចាកចេញពីស្រុកអេស៊ីប»។
អុលឡោះតាអាឡាជាម្ចាស់អើយ! ទ្រង់បានជ្រើសរើសជនជាតិអ៊ីស្រអែល ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់រហូតតទៅ ហើយទ្រង់ក៏បានទៅជាម្ចាស់របស់ពួកគេ។
ជនជាតិយូដាបានទៅជាប្រជាជន ដ៏វិសុទ្ធរបស់អុលឡោះ ហើយជនជាតិអ៊ីស្រអែល ជាប្រជាជនផ្ទាល់របស់ទ្រង់។
អុលឡោះមានបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្តាប់បង្គាប់យើង ជាម្ចាស់របស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្តាប់បទបញ្ជា និងកាន់តាមហ៊ូកុំទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាអុលឡោះតាអាឡាដែលប្រោសឲ្យអ្នករាល់គ្នាបានជា»។
យើងចាត់ទុកអ្នករាល់គ្នាជាមនុស្សបរិសុទ្ធ ដូច្នេះ មិនត្រូវបរិភោគសាច់សត្វដែលសត្វព្រៃហែកស៊ីនោះឡើយ តែត្រូវបោះសាច់នោះទៅឲ្យឆ្កែស៊ីវិញ។
ចូរធ្វើគ្រឿងអលង្ការមួយពីមាសសុទ្ធមានរាងដូចផ្កា។ ត្រូវឆ្លាក់អក្សរ «ជូនអុលឡោះតាអាឡា» នៅលើគ្រឿងអលង្ការនេះ តាមរបៀបដែលគេឆ្លាក់ត្រា។
យើងប្រគល់មនុស្សជាច្រើនឲ្យគេជំនួសអ្នក គឺយើងក៏ប្រគល់ប្រជាជនផ្សេងៗឲ្យគេ ជាថ្នូរលោះអ្នក ដ្បិតយើងចាត់ទុកថាអ្នកមានតម្លៃដ៏លើសលប់ ហើយយើងស្រឡាញ់អ្នកថែមទៀតផង។
ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នានឹងមានឈ្មោះថា អ៊ីមុាំដែលបម្រើអុលឡោះតាអាឡា គេនឹងហៅអ្នករាល់គ្នាថា អ្នកបម្រើរបស់ម្ចាស់នៃយើង។ អ្នករាល់គ្នានឹងចិញ្ចឹមជីវិតដោយភោគទ្រព្យ របស់ប្រជាជាតិទាំងឡាយ ហើយតែងខ្លួនដោយគ្រឿងអលង្ការដ៏មាន តម្លៃរបស់ពួកគេ។
គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធ ប្រជារាស្ត្រដែលអុលឡោះតាអាឡាបានលោះ។ រីឯអ្នកវិញមនុស្សម្នានឹងហៅអ្នកថា ទីក្រុងបណ្ដូលចិត្ត ក្រុងដែលគេមិនបោះបង់ចោល។
អុលឡោះតាអាឡាមានបន្ទូលថា សូម្បីតែនៅក្នុងចំណោមប្រជាជាតិទាំងនោះ យើងជ្រើសរើសអ្នកខ្លះឲ្យធ្វើជាអ៊ីមុាំ និងអ្នកខ្លះឲ្យធ្វើជាពួកលេវីដែរ។
មនុស្សធ្លាប់យកក្រណាត់មកក្រវាត់ចង្កេះរបស់ខ្លួនយ៉ាងណា យើងក៏ជាប់ចិត្តនឹងជនជាតិអ៊ីស្រអែល និងជនជាតិយូដាទាំងមូលយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជាប្រជាជនរបស់យើង ជាកិត្តិនាម ជាគ្រឿងអលង្ការ និងជាសិរីរុងរឿងរបស់យើង តែពួកគេមិនព្រមស្ដាប់យើងសោះ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
នៅគ្រានោះ អុលឡោះតាអាឡាបានញែកជនជាតិ អ៊ីស្រអែលទុកសម្រាប់ទ្រង់ ជាផលផ្លែដំបូងរបស់ទ្រង់ អស់អ្នកដែលលួចស៊ីផ្លែនេះ នឹងត្រូវមានទោស ហើយរងទុក្ខវេទនាទៀតផង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
យើងគ្រាន់តែបង្គាប់ពួកគេថា “ចូរស្ដាប់យើង ដើម្បីឲ្យយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជារាស្ដ្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន”។
«ចូរប្រាប់សហគមន៍អ៊ីស្រអែលទាំងមូលដូចតទៅ: អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះយើងជាអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា យើងជាម្ចាស់ដ៍វិសុទ្ធ។
យើងបានប្រាប់ អ្នករាល់គ្នាថា អ្នករាល់គ្នានឹងកាន់កាប់ស្រុករបស់ពួកគេ យើងប្រគល់ស្រុកនោះឲ្យអ្នករាល់គ្នាធ្វើជាកម្មសិទ្ធិ គឺជាស្រុកដ៏សម្បូរសប្បាយ។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា យើងបានញែកអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ។
អ្នករាល់គ្នាត្រូវតែបរិសុទ្ធសម្រាប់យើង ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់ដ៍វិសុទ្ធ។ យើងបានញែកអ្នករាល់គ្នាចេញពីជាតិសាសន៍នានា ដើម្បីឲ្យអ្នករាល់គ្នាធ្វើជាប្រជាជនរបស់យើង។
តែគេពុំអាចចូលទៅជិតវាំងនន ឬចូលទៅជិតអាសនៈបានជាដាច់ខាត ក្រែងលោគេបង្អាប់ទីសក្ការៈរបស់យើង ព្រោះគេមានរូបរាងកាយមិនធម្មតា ដ្បិតយើងជាអុលឡោះតាអាឡាដែលបានធ្វើឲ្យទីនោះទៅជាបរិសុទ្ធ»។
ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។
រសរបស់យើងស្ថិតនៅជាមួយ អ្នករាល់គ្នា ដូចយើងបានសន្យានៅគ្រាដែល អ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ដូច្នេះ កុំខ្លាចអ្វីឡើយ!»។
ពួកគេលើកគ្នាមកប្រឆាំងនឹងម៉ូសា ព្រមទាំងហារូនដោយពោលថា៖ «ពួកគាត់ធ្វើជ្រុលពេកហើយ! សហគមន៍ទាំងមូលសុទ្ធតែជាប្រជាជនដ៏វិសុទ្ធ អុលឡោះតាអាឡានៅជាមួយពួកគេទាំងអស់គ្នា ហេតុអ្វីបានជាពួកគាត់តាំងខ្លួនជាអធិបតីលើប្រជាជនរបស់អុលឡោះតាអាឡាដូច្នេះ?»។
ហេតុនេះ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូនថា ដោយអុលឡោះអាណិតអាសូរបងប្អូន ចូរប្រគល់ខ្លួនទៅអុលឡោះ ទុកជាគូរបានដ៏មានជីវិត ដ៏វិសុទ្ធ ហើយជាទីគាប់បំណងរបស់អុលឡោះ។ បើបងប្អូនធ្វើដូច្នេះ ទើបហៅថាគោរពបម្រើអុលឡោះតាមរបៀបត្រឹមត្រូវមែន។
ប្រសិនបើនរណាម្នាក់កំទេចម៉ាស្ជិទរបស់អុលឡោះ ទ្រង់នឹងកំទេចអ្នកនោះវិញ ដ្បិតម៉ាស្ជិទរបស់អុលឡោះ ជាម៉ាស្ជិទបរិសុទ្ធ គឺបងប្អូនហ្នឹងហើយជាម៉ាស្ជិទនោះ។
មិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា បរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែ ក្នុងទឹកដោះរបស់មេវាឡើយ»។
អុលឡោះនឹងធ្វើឲ្យអ្នកក្លាយទៅជាប្រជាជាតិមួយ មានកិត្តិយសរុងរឿង មានកេរ្តិ៍ឈ្មោះល្បី ហើយថ្កុំថ្កើងជាងគេ ក្នុងចំណោមប្រជាជាតិទាំងអស់ដែលទ្រង់បានបង្កើតមក។ អ្នកនឹងទៅជាប្រជារាស្ត្រដ៏វិសុទ្ធសម្រាប់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដូចទ្រង់មានបន្ទូលទុក»។
ពេលណាអ្នកប្រតិបត្តិតាមបទបញ្ជារបស់អុលឡោះតាអាឡា ជាម្ចាស់នៃអ្នក ហើយដើរតាមមាគ៌ារបស់ទ្រង់ នោះអុលឡោះតាអាឡានឹងធ្វើឲ្យអ្នកទៅជាប្រជារាស្ត្រដ៏វិសុទ្ធ ដូចអុលឡោះបានសន្យាជាមួយអ្នក។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ចាត់ទុកអ្នកជាប្រជាជនដ៏វិសុទ្ធ។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបានជ្រើសរើសអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មាននៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់»។
ខ្ញុំសូមអង្វរបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមអានសំបុត្រនេះ ឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ផង។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។
អ៊ីសាបានធ្វើឲ្យយើងទៅជារាជាណាចក្រ និងជាក្រុមអ៊ីមុាំបម្រើអុលឡោះ ជាបិតារបស់គាត់។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់គាត់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!។
អស់អ្នកដែលបានរស់ឡើងវិញនៅលើកទីមួយ ពិតជាមានសុភមង្គល ហើយនឹងបានបរិសុទ្ធទៀតផង!។ សេចក្ដីស្លាប់ទីពីរ គ្មានអំណាចលើអ្នកទាំងនោះឡើយ ផ្ទុយទៅវិញគេនឹងទៅជាអ៊ីមុាំបម្រើអុលឡោះ និងបម្រើអាល់ម៉ាហ្សៀស ហើយគ្រងរាជ្យជាមួយគាត់ ក្នុងរយៈពេលមួយពាន់ឆ្នាំ។
អ្នកបានធ្វើឲ្យគេទៅជារាជាណាចក្រ និងជាក្រុមអ៊ីមុាំ បម្រើអុលឡោះជាម្ចាស់របស់យើង ហើយអ្នកទាំងនោះនឹងគ្រងរាជ្យលើផែនដី”។