Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ចោទិយ‌កថា 7 - អាល់គីតាប


អ៊ីស្រ‌អែល​មិន​ត្រូវ​ឡូក​ឡំ​ជា​មួយ​ប្រជា‌ជាតិ​នា​នា តែ​ត្រូវ​ញែក​ខ្លួន​ជូន​អុលឡោះ‌តាអាឡា​ជា​ម្ចាស់

1 «ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អ្នក​ត្រូវ​កាន់​កាប់ ដោយ​បណ្តេញ​ប្រជា‌ជាតិ​ជា​ច្រើន​ចេញ​ពី​មុខ​អ្នក ដូច​ជា​ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​អាម៉ូ‌រី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរិ‌ស៊ិត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស គឺ​ប្រជា‌ជាតិ​ទាំង​ប្រាំ​ពីរ ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ជាង​អ្នក

2 ពេល​ណាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ពេល​ណា​អ្នក​យក​ជ័យ​ជំនះ​លើ​ពួក​គេ​ហើយ ចូរ​បំផ្លាញ​ពួក​គេ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា។ កុំ​ចង​សម្ពន្ធ​មេត្រី​ជា​មួយ​ពួក​គេ ឬ​ប្រណី​សន្តោស​ពួក​គេ​ឡើយ។

3 កុំ​ចង​ស្ពាន​មេត្រី​ជា​មួយ​ជាតិ​សាសន៍​ទាំង​នេះ ដោយ​ចំណង​អាពាហ៍‌ពិពាហ៍ គឺ​មិន​ត្រូវ​លើក​កូន​ស្រី​របស់​អ្នក ឲ្យ​កូន​ប្រុស​របស់​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​ដណ្តឹង​កូន​ស្រី​របស់​ពួក​គេ ឲ្យ​កូន​ប្រុស​របស់​អ្នក​ដែរ។

4 បើ​មិន​ដូច្នោះ​ទេ កូន​ប្រុស​របស់​អ្នក មុខ​ជា​បែរ​ចិត្ត​ចេញ​ឆ្ងាយ​ពីអុលឡោះ‌តាអាឡា​ទៅ​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ ជា​ហេតុ​បណ្តាល​ឲ្យអុលឡោះ‌តាអាឡា​ខឹង​នឹង​អ្នក​រាល់​គ្នា ហើយ​កំទេច​អ្នក​មួយ​រំពេច។

5 អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជាតិ​សាសន៍​ទាំង​នោះ ដូច​តទៅ គឺ​ត្រូវ​ផ្តួល​រំលំ​អាសនៈ​របស់​ពួក​គេ បំបាក់​ស្តូប​របស់​ពួក​គេ ត្រូវ​កាប់​រំលំ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ហើយ​ដុត​កំទេច​រូប​ព្រះ​របស់​ពួក​គេ។

6 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ចាត់​ទុក​អ្នក​ជា​ប្រជា‌ជន​ដ៏​វិសុទ្ធ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​បាន​ជ្រើស​រើស​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ផ្ទាល់»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ស្មោះ​ត្រង់​នឹង​សម្ពន្ធ​មេត្រី​របស់​ទ្រង់

7 «អុលឡោះ‌តាអាឡា​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ជ្រើស​រើស​អ្នក​រាល់​គ្នា​ដូច្នេះ មិន​មែន​មក​ពី​អ្នក​រាល់​គ្នា​មាន​ចំនួន​ច្រើន​ជាង​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​ជា​ជាតិ​សាសន៍​មួយ​តូច​ជាង​គេ​បំផុត។

8 អុលឡោះ​ជ្រើស​រើស​អ្នក​រាល់​គ្នា មក​ពី​ទ្រង់​ស្រឡាញ់​អ្នក​រាល់​គ្នា ហើយ​ពេញ​ចិត្ត​គោរព​តាម​ពាក្យ ដែល​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ប្រើ​អំណាច​ដ៏​ខ្លាំង​ពូកែ​របស់​ទ្រង់ ដើម្បី​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​ទាស‌ករ ទ្រង់​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប។

9 ដូច្នេះ អ្នក​ត្រូវ​ទទួល​ស្គាល់​ថា មាន​តែអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ប៉ុណ្ណោះ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ។ អុលឡោះ​គោរព​តាម​សម្ពន្ធ​មេត្រី​របស់​ទ្រង់ ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយ​សំដែង​ចិត្ត​មេត្តា‌ករុណា រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ និង​កាន់​តាម​បទ​បញ្ជា​របស់​ទ្រង់។

10 ផ្ទុយ​ទៅ​វិញ អុលឡោះ​ដាក់​ទោស​អស់​អ្នក​ដែល​ស្អប់​ទ្រង់ និង​ធ្វើ​ឲ្យ​ពួក​គេ​វិនាស ដោយ​ឥត​បង្អង់​ឡើយ។

11 ដូច្នេះ អ្នក​ត្រូវ​កាន់​តាម​បទ​បញ្ជា ហ៊ូកុំ និង​វិន័យ​ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ដើម្បី​ឲ្យ​អ្នក​យក​ទៅ​ប្រតិបត្តិ​តាម។

12 ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្តាប់​ហ៊ូកុំ​ទាំង​នេះ ហើយ​កាន់ និង​ប្រតិបត្តិ​តាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ក៏​ធ្វើ​តាម​សម្ពន្ធ​មេត្រី​របស់​ទ្រង់ ព្រម​ទាំង​សំដែង​ចិត្ត​មេត្តា‌ករុណា​ដ៏​ស្មោះ​ស្ម័គ្រ​ចំពោះ​អ្នក ដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក​ដែរ។

13 ទ្រង់​នឹង​ស្រឡាញ់​អ្នក ប្រទាន​ពរ​ដល់​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង។ អុលឡោះ​នឹង​ប្រទាន​ពរ ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន ឲ្យ​ដី​របស់​អ្នក​បង្ក​បង្កើត​ផល មាន​ស្រូវ ស្រា​ទំពាំង​បាយ​ជូរ និង​ប្រេង​ដ៏​បរិបូណ៌។ ទ្រង់​ក៏​ប្រទាន​ឲ្យ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​បង្កើត​កូន​ចៅ​កើន​ចំនួន​ឡើង​នៅ​ក្នុង​ស្រុក ដែល​ទ្រង់​សន្យា​ជា​មួយ​បុព្វ‌បុរស​របស់​អ្នក ថា​នឹង​ប្រគល់​ឲ្យ​អ្នក។

14 អ្នក​នឹង​ទទួល​ពរ​លើស​ជាតិ​សាសន៍​ទាំង​អស់ គឺ​ក្នុង​ស្រុក​របស់​អ្នក គ្មាន​បុរស ឬ​ស្ត្រី ដែល​ពុំ​អាច​បង្កើត​កូន ហើយ​ក្នុង​ហ្វូង​សត្វ​របស់​អ្នក ក៏​គ្មាន​សត្វ​ដែល​ពុំ​អាច​បង្កើត​កូន​ដែរ

15 អុលឡោះ‌តាអាឡា​នឹង​កំចាត់​ជំងឺ​ទាំង​អស់​ចេញ​ឆ្ងាយ​ពី​អ្នក ទ្រង់​មិន​ឲ្យ​អ្នក​ជួប​ប្រទះ​ជំងឺ​រាត​ត្បាត​ផ្សេងៗ ដូច​អ្នក​ធ្លាប់​ឃើញ​នៅ​ស្រុក​អេស៊ីប​ឡើយ តែ​ទ្រង់​ឲ្យ​ជំងឺ​ទាំង​នោះ កើត​មាន​ដល់​ខ្មាំង​សត្រូវ​របស់​អ្នក​វិញ។

16 អ្នក​នឹង​បំផ្លាញ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​អ្នក។ មិន​ត្រូវ​អាណិត​អាសូរ​ពួក​គេ ហើយ​ក៏​មិន​ត្រូវ​គោរព​បម្រើ​ព្រះ​របស់​គេ​ដែរ ព្រោះ​ជា​អន្ទាក់ សម្រាប់​អ្នក​រាល់​គ្នា»។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ការ‌ពារ​ប្រជា‌រាស្ត្រ​របស់​ទ្រង់

17 «មិន​ត្រូវ​រិះ​គិត​ក្នុង​ចិត្ត​ថា “ប្រជា‌ជាតិ​ទាំង​នោះ​មាន​ចំនួន​ច្រើន​ជាង​ខ្ញុំ តើ​ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​អាច​បណ្តេញ​ពួក​គេ​ចេញ​ពី​ទឹក​ដី​នេះ​បាន?”

18 កុំ​ខ្លាច​ពួក​គេ​ឡើយ តែ​ត្រូវ​នឹក​គិត​អំពី​ហេតុ‌ការណ៍​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ប្រព្រឹត្ត​ចំពោះ​ស្តេច​ហ្វៀរ៉អ៊ូន និង​អ្នក​ស្រុក​អេស៊ីប​ទាំង​មូល។

19 អ្នក​ឃើញ​ស្រាប់​ហើយ​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក បាន​ធ្វើ​ឲ្យ​មាន​គ្រោះ​កាច​ដ៏​ធំៗ ទ្រង់​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ ព្រម​ទាំង​អំណាច និង​តេជា‌នុភាព ដើម្បី​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។ ដូច្នេះ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ក៏​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​អ្នក​នឹក​ខ្លាច​ដែរ។

20 អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ចាត់​សត្វ​ឪម៉ាល់ ទៅ​ប្រហារ​អស់​អ្នក​ដែល​នៅ​សេស​សល់ ហើយ​លាក់​ខ្លួន ឲ្យ​វិនាស​សូន្យ​នៅ​មុខ​អ្នក។

21 កុំ​ភ័យ​ខ្លាច​ពួក​គេ​ឡើយ ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នៅ​ជា​មួយ​អ្នក អុលឡោះ​ជា​ម្ចាស់​ដ៏​ឧត្តម គួរ​ឲ្យ​ស្ញែង​ខ្លាច។

22 អុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក ដេញ​កំចាត់​ពួក​គេ​ចេញ​ឆ្ងាយ​ពី​អ្នក​បន្តិច​ម្តងៗ។ អ្នក​ពុំ​អាច​បំផ្លាញ​ពួក​គេ​អស់​ភ្លាមៗ​ឡើយ បើ​មិន​ដូច្នោះ​ទេ សត្វ​ព្រៃ​កើន​ចំនួន​ច្រើន​ឡើង ហើយ​ធ្វើ​ទុក្ខ​អ្នក​ជា​មិន​ខាន។

23 ប៉ុន្តែ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​អំណាច​អ្នក ទ្រង់​ធ្វើ​ឲ្យ​ពួក​គេ​ភ័យ​តក់​ស្លុត ហើយ​វិនាស​សូន្យ​ទាំង​ស្រុង។

24 អុលឡោះ​នឹង​ប្រគល់​ស្តេច​របស់​ពួក​គេ មក​ក្នុង​កណ្តាប់​ដៃ​អ្នក អ្នក​នឹង​លុប​បំបាត់​ឈ្មោះ​របស់​ស្តេច​ទាំង​នោះ​អស់​ពី​ផែនដី។ អ្នក​នឹង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ។

25 ត្រូវ​ដុត​កំទេច​រូប​ព្រះ​របស់​ពួក​គេ ដោយ​ឥត​នឹក​ស្តាយ​មាស​ប្រាក់ ដែល​ស្ថិត​នៅ​លើ​រូប​ទាំង​នោះ​ឡើយ។ កុំ​ទុក​វត្ថុ​ទាំង​នោះ​ឲ្យ​សោះ ក្រែង​លោ​វា​ក្លាយ​ទៅ​ជា​អន្ទាក់​ដល់​អ្នក ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ស្អប់​វត្ថុ​ទាំង​នោះ​ណាស់។

26 មិន​ត្រូវ​យក​រូប​ព្រះ​ក្លែង​ក្លាយ​ចូល​ក្នុង​ផ្ទះ​របស់​អ្នក​ឡើយ ក្រែង​លោ​អ្នក​ត្រូវ​វិនាស​ទាំង​ស្រុង​ដូច​រូប​ទាំង​នោះ​ដែរ។ ត្រូវ​ចាត់​ទុក​របស់​ទាំង​នោះ​ជា​វត្ថុ​ដ៏​ចង្រៃ​គួរ​ស្អប់​ខ្ពើម ដ្បិត​ជា​វត្ថុ​ដែល​ត្រូវ​បំផ្លាញ​ជូន​ផ្តាច់​ដល់អុលឡោះ‌តាអាឡា»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម