Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

១ របា‌ក្សត្រ 17 - អាល់គីតាប


ណាពី​ទត​មាន​បំណង​សង់​ម៉ាស្ជិទ

1 នៅ​ពេល​ដែល​ស្តេច​ទត​មាន​រាជ​វាំង​នៅ​ស្រួល​បួល​ហើយ ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ណាពី​ណាថាន​ថា៖ «មើល៍ ខ្ញុំ​រស់​នៅ​ក្នុង​ដំណាក់​ពី​ឈើ​តាត្រៅ រីឯ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ស្ថិត​នៅ​ក្នុង​ជំរំ​ធ្វើ​អំពី​ក្រណាត់​សំពត់!»។

2 ណាថាន​ជម្រាប​ស្តេច​ទត​ថា៖ «ការ​អ្វី​ដែល​ស្តេច​ពេញ​ចិត្ត​ធ្វើ សូម​ស្តេច​ធ្វើ​ចុះ ដ្បិត​អុលឡោះ​នៅ​ជា​មួយ​ស្តេច​ហើយ»។

3 ប៉ុន្តែ នៅ​យប់​នោះ​អុលឡោះ​មាន​បន្ទូល​មក​កាន់​ណាថាន​ដូច​ត​ទៅ៖

4 «ចូរ​ទៅ​ប្រាប់​ទត ជា​អ្នក​បម្រើ​របស់​យើង​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ មិន​មែន​អ្នក​ទេ​ដែល​នឹង​សង់​ដំណាក់​ឲ្យ​យើង​នៅ។

5 តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប រហូត​មក​ដល់​ថ្ងៃ​នេះ យើង​មិន​ដែល​នៅ​ក្នុង​ដំណាក់​ទេ គឺ​យើង​នៅ​តែ​ក្នុង​ជំរំ​សក្ការៈ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

6 គ្រប់​ទី​កន្លែង​ដែល​យើង​ធ្វើ​ដំណើរ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល យើង​បាន​តែង‌តាំង​ឲ្យ​មាន​ពួក​ចៅហ្វាយ គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​របស់​យើង តែ​យើង​មិន​បាន​បង្គាប់​ពួក​ចៅហ្វាយ​ណា​ម្នាក់ ឲ្យ​សង់​ដំណាក់​ពី​ឈើ​តាត្រៅ​សម្រាប់​យើង​ទេ!

7 ឥឡូវ​នេះ ចូរ​ប្រាប់​ទត ជា​អ្នក​បម្រើ​របស់​យើង​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ដូច​ត​ទៅ: កាល​អ្នក​នៅ​ជា​អ្នក​គង្វាល​ចៀម​នៅ​ឡើយ យើង​បាន​យក​អ្នក​ពី​វាល​ស្មៅ​មក ដើម្បី​ឲ្យ​អ្នក​ធ្វើ​ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។

8 យើង​ស្ថិត​នៅ​ជា​មួយ​អ្នក​គ្រប់​ទី​កន្លែង ដែល​អ្នក​ទៅ យើង​បាន​កំចាត់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​អ្នក​ចេញ​ពី​មុខ​អ្នក ហើយ​យើង​ក៏​នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​អ្នក​ល្បី​ល្បាញ ដូច​វរជន​ទាំង‌ឡាយ​នៅ​លើ​ផែនដី​ដែរ។

9 យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង យើង​ឲ្យ​គេ​តាំង​ទី​លំ‌នៅ​ជាប់​លាប់​រហូត ឥត​មាន​នរណា​មក​យាយី​ពួក​គេ​ទៀត​ឡើយ។ គ្មាន​ជាតិ​សាសន៍​ដ៏​ទុច្ចរិត​ណា​មក​ឈ្លាន​ពាន​លើ​ពួក​គេ

10 ដូច​កាល​ពី​មុន នៅ​គ្រា​ដែល​យើង​តែង‌តាំង​ពួក​ចៅហ្វាយ​ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង។ យើង​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន ឲ្យ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​អ្នក។ យើង​ប្រកាស​ឲ្យ​អ្នក​ដឹង​ថា យើង​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​សន្តតិ‌វង្ស​មួយ​ផង។

11 ពេល​ណា​អ្នក​លា​ចាក​លោក​នេះ ទៅ​ជួប‌ជុំ​នឹង​បុព្វ‌បុរស​របស់​អ្នក យើង​នឹង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​មួយ​នាក់​ឡើង​ស្នង​រាជ្យ ហើយ​យើង​នឹង​ពង្រឹង​រាជ្យ​របស់​គេ​ឲ្យ​រឹង‌មាំ។

12 គឺ​កូន​នោះ​ហើយ​ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​យើង។ យើង​នឹង​ពង្រឹង​រាជ​សម្បត្តិ​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។

13 យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​គេ ហើយ​គេ​ធ្វើ​ជា​កូន​របស់​យើង។ យើង​មិន​ដក​សេចក្តី​មេត្តា‌ករុណា​ចេញ​ពី​គេ ដូច​យើង​បាន​ដក​ចេញ​ពី​ស្តេច​ដែល​គ្រង​រាជ​មុន​អ្នក​ឡើយ។

14 យើង​នឹង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង និង​នគរ​របស់​យើង​រហូត​ត​ទៅ ហើយ​រាជ​សម្បត្តិ​របស់​គេ​ក៏​នឹង​បាន​រឹង‌មាំ​រហូត​ត​ទៅ​ដែរ»។

15 ណាថាន​ជម្រាប​ជូន​ស្តេច​ទត នូវ​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​អុលឡោះ​មាន​បន្ទូល​ប្រាប់​គាត់​ក្នុង​សុបិន​និមិត្ត​នោះ។


ការ​ទូរអា​របស់​ណាពី​ទត

16 ស្តេច​ទត​ក៏​ទៅ​ជួបអុលឡោះ‌តាអាឡា ហើយ​ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! តើ​ខ្ញុំ និង​គ្រួសារ​របស់​ខ្ញុំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​ទទួល​ឋានៈ​ខ្ពង់‌ខ្ពស់​បែប​នេះ?

17 ឱ​អុលឡោះ​អើយ​ចំពោះ​ទ្រង់ នេះ​គឺ​ជា​ការ​តិច​តួច​ទេ បាន​ជា​ទ្រង់​សន្យា​ដល់​កូន​ចៅ​ខ្ញុំ ដែល​នៅ​ជំនាន់​ក្រោយៗ​ដែរ។ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ ហាក់​បី​ដូច​ខ្ញុំ ជា​មនុស្ស​ម្នាក់​ដ៏​សំខាន់។

18 តើ​ខ្ញុំ​មាន​អ្វី​ជម្រាប​ជូន​ទ្រង់​ចំពោះ​កិត្តិ‌យស ដែល​ទ្រង់​ប្រទាន​មក​ខ្ញុំ បើ​ទ្រង់​ជ្រាប​អំពី​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ទ្រង់​យ៉ាង​ច្បាស់​ហើយ​នោះ?

19 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ​ទ្រង់​សំដែង​ស្នា​ដៃ​ដ៏​ឧត្តុង្គ‌ឧត្តម​ទាំង​នេះ ឲ្យ​ខ្ញុំ​ឃើញ ស្រប​តាម​ចិត្ត​សប្បុរស ដោយ​យល់​ដល់​អ្នក​បម្រើ​របស់​ទ្រង់។

20 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ គ្មាន​នរណា​ប្រៀប​ផ្ទឹម​ស្មើ​នឹង​ទ្រង់​បាន​ទេ។ តាម​ដែល​យើង​ខ្ញុំ​ធ្លាប់​ឮ​គេ​តំណាល​ប្រាប់ ក្រៅ​ពី​ទ្រង់ ក៏​គ្មាន​ម្ចាស​ឯ​ណា​ទៀត​ដែរ។

21 នៅ​លើ​ផែនដី​នេះ គ្មាន​ប្រជា‌រាស្ត្រ​ណា​មួយ​ដូច​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ដែល​ម្ចាស់​របស់​ពួក​គេ​បាន​ទៅ​រំដោះ​ពួក​គេ យក​មក​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ខ្លួន​ឡើយ។ ទ្រង់​ធ្វើ​ឲ្យ​កិត្តិ‌នាម​របស់​ទ្រង់​ល្បី​ល្បាញ ដោយ​សំដែង​ការ​អស្ចារ្យ​ដ៏​ឧត្តម​គួរ​ស្ញែង​ខ្លាច ទ្រង់​បណ្តេញ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ចេញ​ពី​មុខ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ គឺ​ប្រជា‌រាស្ត្រ​ដែល​ទ្រង់​បាន​លោះ​មក​ពី​ស្រុក​អេស៊ីប។

22 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​បាន​ជ្រើស​រើស​ជន‌ជាតិ​អ៊ីស្រ‌អែល ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់​រហូត​ត​ទៅ ហើយ​ទ្រង់​ក៏​បាន​ទៅ​ជា​ម្ចាស់​របស់​ពួក​គេ។

23 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ​ឥឡូវ​នេះ សូម​សម្រេច​តាម​បន្ទូល ដែល​ទ្រង់​បាន​សន្យា​ចំពោះ​ខ្ញុំ និង​កូន​ចៅ​ខ្ញុំ​រហូត​ត​ទៅ សូម​ឲ្យ​បន្ទូល​នេះ សម្រេច​ជា​រូប​រាង​ឡើង!

24 សូម​សម្រេច​តាម​បន្ទូល​របស់​ទ្រង់ ដើម្បី​ឲ្យ​នាម​របស់​ទ្រង់​បាន​ឧត្តុង្គ​ឧត្តម​ជា‌និច្ច ហើយ​សូម​ឲ្យ​គេ​នៅ​តែ​ពោល​ថា “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​ពិត​ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មែន!”។ សូម​ប្រោស​ប្រទាន​ឲ្យ​ពូជ‌ពង្ស​របស់​ទត ជា​អ្នក​បម្រើ​របស់​ទ្រង់​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ផង។

25 ឱ​ម្ចាស់​នៃ​ខ្ញុំ​អើយ ទ្រង់​ប្រោស​ឲ្យ​ខ្ញុំ​ដឹង​ថា ទ្រង់​ពេញ​ចិត្ត​តែង‌តាំង​ពូជ‌ពង្ស​របស់​ខ្ញុំ​ឲ្យ​ឡើង​ស្នង​រាជ្យ​ខ្ញុំ។ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​មាន​ចិត្ត​ក្លា‌ហាន ជម្រាប​ពាក្យ​ទូរអា​នេះ​ជូន​ទ្រង់។

26 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! មាន​តែ​ទ្រង់​ទេ​ដែល​ជា​ម្ចាស់។ ឥឡូវ​នេះ ទ្រង់​មាន​បន្ទូល​សន្យា​ប្រទាន​សុភ‌មង្គល​នេះ​មក​ខ្ញុំ។

27 ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ឥឡូវ​នេះ ទ្រង់​ពេញ​ចិត្ត​ប្រទាន​ពរ ដល់​ពូជ‌ពង្ស​របស់​ខ្ញុំ ដើម្បី​ឲ្យ​គេ​បាន​ស្ថិត‌ស្ថេរ​នៅ​ចំពោះ​ទ្រង់​ត​រៀង​ទៅ ដ្បិត​ទ្រង់​ប្រទាន​ពរ​ដល់​នរណា អ្នក​នោះ​នឹង​ទទួល​ពរ​អស់‌កល្ប​ជា‌និច្ច»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម