ចោទិយកថា 14 - អាល់គីតាបការហាមមិនឲ្យធ្វើពិធីឆូតសាច់ 1 «អ្នករាល់គ្នាជាបុត្រធីតារបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ ដូច្នេះ នៅពេលកាន់ទុក្ខ មិនត្រូវធ្វើពិធីឆូតសាច់ ហើយក៏មិនត្រូវកោរសក់ផ្នែកខាងមុខដែរ 2 ដ្បិតអ្នកជាប្រជារាស្ត្របរិសុទ្ធរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក បានជ្រើសរើសអ្នក ពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ឲ្យធ្វើជាប្រជារាស្ត្ររបស់ទ្រង់ផ្ទាល់»។ សត្វហាឡាល់ និងសត្វមិនហាឡាល់ 3 «កុំបរិភោគអ្វីដែលមិនបរិសុទ្ធឡើយ 4 សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន គឺមានគោ ចៀម និងពពែ 5 ឈ្លូស ក្តាន់ រមាំង ពពែភ្នំ ប្រើស ទន្សោង ទ្រាយ។ 6 អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានក្រចកជើងឆែកជាពីរ ហើយជាសត្វទំពាអៀង។ 7 ប៉ុន្តែ ក្នុងចំណោមសត្វដែលទំពាអៀង ឬសត្វដែលមានក្រចកជើងឆែកនោះ មិនត្រូវបរិភោគសត្វអូដ្ឋ ទន្សាយគល់ និងទន្សាយថ្មឡើយ ដ្បិតសត្វទាំងនេះទំពាអៀង តែគ្មានក្រចកជើងឆែកទេ ដូច្នេះ ត្រូវចាត់ទុកជាសត្វមិនហាឡាល់។ 8 រីឯជ្រូកក៏មិនត្រូវបរិភោគដែរ ព្រោះវាមានក្រចកជើងឆែក តែមិនទំពាអៀងទេ។ ដូច្នេះ ត្រូវចាត់ទុកវាជាសត្វមិនហាឡាល់ គឺកុំបរិភោគសាច់វា ហើយក៏កុំប៉ះពាល់ខ្មោចវាដែរ។ 9 ក្នុងចំណោមសត្វដែលរស់នៅក្នុងទឹក អ្នករាល់គ្នាអាចបរិភោគត្រីទាំងអស់ ដែលមានព្រុយ និងមានស្រកា។ 10 ចំណែកឯត្រីដែលគ្មានព្រុយ និងគ្មានស្រកាកុំបរិភោគឡើយ ត្រូវចាត់ទុកជាសត្វមិនហាឡាល់។ 11 អ្នកអាចបរិភោគសត្វស្លាបហាឡាល់ទាំងអស់បាន។ 12 ប៉ុន្តែ ចំពោះសត្វដែលអ្នករាល់គ្នាមិនអាចបរិភោគ គឺត្មាត ខ្លែងស្រាក និងខ្លែង 13 ល្អូត រអាត ស្ទាំង និងពពួកសត្វប្រភេទនេះ 14 ក្អែកគ្រប់ប្រភេទ 15 អូទ្រីច ទីទុយ រំពេរ ប្រមង់ និងពពួកសត្វប្រភេទនេះ 16 គូក មៀម អក 17 ទុង ក្អែកទឹក ស្មោញ 18 កុក ក្រសារ និងពពួកសត្វប្រភេទនេះ ព្រមទាំងត្រសេះ និងប្រចៀវ។ 19 អ្នករាល់គ្នាត្រូវចាត់ទុកសត្វល្អិតដែលមានស្លាបទាំងអស់ ជាសត្វមិនហាឡាល់ គឺមិនត្រូវបរិភោគឡើយ។ 20 អ្នករាល់គ្នាបរិភោគបានតែសត្វស្លាបណាដែលហាឡាល់។ 21 មិនត្រូវបរិភោគសាច់សត្វដែលងាប់ដោយឯកឯងឡើយ ត្រូវឲ្យសត្វនោះទៅជនបរទេស ដែលរស់នៅជាមួយអ្នករាល់គ្នា បរិភោគ ឬលក់ឲ្យសាសន៍ដទៃ ដ្បិតអ្នករាល់គ្នាជាប្រជាជនដ៏វិសុទ្ធរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នា។ មិនត្រូវស្ងោរកូនពពែ ក្នុងទឹកដោះរបស់មេវាឡើយ»។ ជំនូនមួយភាគដប់ 22 «រៀងរាល់ឆ្នាំ ត្រូវញែកភោគផលពីស្រែចម្ការរបស់អ្នក ចំនួនមួយភាគដប់ទុកជាជំនូន។ 23 ត្រូវបរិភោគជំនូនមួយភាគដប់ ដែលអ្នកញែកចេញពីស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នក នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកត្រង់កន្លែងដែលទ្រង់ជ្រើសរើស ទុកជាដំណាក់សម្រាប់សំដែងនាមរបស់ទ្រង់ ដើម្បីឲ្យអ្នករៀនគោរពកោតខ្លាចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករហូតតទៅ។ 24 ប្រសិនបើផ្ទះរបស់អ្នកនៅឆ្ងាយពីកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស ទុកជាដំណាក់ សម្រាប់សំដែងនាមរបស់ទ្រង់ ហើយអ្នកមិនអាចដឹកជញ្ជូនជំនូនមួយភាគដប់នៃភោគផលដែលអ្នកបានទទួល ដោយសារអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ប្រទានពរដល់អ្នកទេនោះ 25 ចូរលក់ជំនូនមួយភាគដប់របស់អ្នក ហើយយកប្រាក់ដែលអ្នកលក់បាន ធ្វើដំណើរទៅកន្លែងដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកជ្រើសរើស។ 26 ពេលទៅដល់ អ្នកអាចទិញអ្វីៗដែលអ្នកពេញចិត្ត ដូចជា គោ ចៀម ស្រាទំពាំងបាយជូរ ឬស្រាផ្សេងទៀត គឺអ្វីៗទាំងអស់ដែលនាំឲ្យអ្នកសប្បាយចិត្ត រួចបរិភោគដោយរីករាយ ជាមួយក្រុមគ្រួសារ នៅចំពោះអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ 27 កុំភ្លេចពួកលេវីដែលរស់នៅក្នុងក្រុងជាមួយអ្នកឡើយ ដ្បិតគេគ្មានដីជាចំណែកមត៌កជាមួយអ្នកទេ។ 28 បីឆ្នាំម្តង ត្រូវយកភោគផលដែលអ្នកទទួលនៅឆ្នាំទីបី ចំនួនមួយភាគដប់ ចេញមកដាក់ក្នុងក្រុងដែលអ្នករស់នៅ។ 29 ពេលនោះ ពួកលេវីដែលគ្មានដីជាចំណែកមត៌កជាមួយអ្នក ព្រមទាំងជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ដែលរស់នៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគយ៉ាងឆ្អែតបរិបូណ៌។ ធ្វើដូច្នេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានពរឲ្យអ្នកបានចំរុងចំរើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ»។ |
© 2014 United Bible Societies, UK.
United Bible Societies