អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ នឹងបានសុខក្សេមក្សាន្ត គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
អេសាយ 54:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងជាព្រះអម្ចាស់នឹងប្រៀនប្រដៅកូនចៅអ្នក ដោយខ្លួនយើងផ្ទាល់ ហើយកូនចៅរបស់អ្នក នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។ ព្រះគម្ពីរខ្មែរសាកល រីឯកូនទាំងអស់របស់អ្នកនឹងទទួលការបង្រៀនពីព្រះយេហូវ៉ា ហើយកូនៗរបស់អ្នកនឹងមានសេចក្ដីសុខសាន្តដ៏បរិបូរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯកូនចៅទាំងប៉ុន្មានរបស់អ្នក នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនចៅទាំងប៉ុន្មានរបស់ឯង នឹងធ្វើជាសិស្សរបស់ព្រះយេហូវ៉ា ហើយវារាល់គ្នានឹងមានសន្តិសុខជាបរិបូរ អាល់គីតាប យើងជាអុលឡោះតាអាឡានឹងប្រៀនប្រដៅកូនចៅអ្នក ដោយខ្លួនយើងផ្ទាល់ ហើយកូនចៅរបស់អ្នក នឹងមានសេចក្ដីសុខសាន្តយ៉ាងបរិបូណ៌។ |
អស់អ្នកដែលស្រឡាញ់ក្រឹត្យវិន័យរបស់ព្រះអង្គ នឹងបានសុខក្សេមក្សាន្ត គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។
ព្រះអម្ចាស់អើយ សូមបង្រៀនឲ្យទូលបង្គំស្គាល់ច្បាប់របស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំកាន់តាម រហូតដល់ទីបញ្ចប់!។
ព្រះអង្គប្រទានឲ្យទឹកដីអ្នកមានសន្តិភាព ព្រះអង្គប្រទានឲ្យអ្នកមានស្រូវដ៏ល្អៗ យ៉ាងបរិបូណ៌
ព្រះជាម្ចាស់អើយ ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ តាំងពីទូលបង្គំនៅក្មេង រហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាស អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
ប្រជាជននឹងលែងប្រព្រឹត្តអំពើអាក្រក់ ឬបំផ្លាញគ្នានៅភ្នំដ៏វិសុទ្ធរបស់យើងទៀតហើយ សមុទ្រពោរពេញដោយទឹកយ៉ាងណា នៅក្នុងស្រុកក៏មានសុទ្ធតែមនុស្សដែលស្គាល់ ព្រះអម្ចាស់យ៉ាងនោះដែរ។
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះ របស់លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពី មាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
ព្រះអង្គប្រទានសេចក្ដីសុខសាន្តជានិច្ចនិរន្តរ៍ ដល់ប្រជាជាតិនេះ ព្រោះគេមានជំហររឹងប៉ឹង ហើយផ្ញើជីវិតលើព្រះអង្គ។
គេពោលថា: «អេសាយនេះចង់បង្រៀនអ្វី? តើគាត់ចង់ពន្យល់និមិត្តហេតុរបស់គាត់ ប្រាប់នរណា? តើគាត់ចង់បង្ហាត់បង្រៀន កូនង៉ាដែលគេទើបនឹងផ្ដាច់ដោះ កូនង៉ាដែលគេលែងឲ្យបៅនោះឬ?
ពេលនោះ ពួកដែលវង្វេងស្មារតី បែរជាចាប់ផ្ដើមមានប្រាជ្ញា ហើយអស់អ្នកដែលតែងតែរឹងចចេស បែរជាសុខចិត្តទទួលពាក្យប្រៀនប្រដៅ។
ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម បទបញ្ជាដែលយើងបង្គាប់ នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក ដូចទឹកទន្លេ។ ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក ដូចរលកសមុទ្រ។
ព្រះជាអម្ចាស់បង្រៀនខ្ញុំឲ្យនិយាយ ពាក្យសម្ដីជាសិស្ស ដើម្បីឲ្យខ្ញុំលើកទឹកចិត្ត មនុស្សដែលអស់សង្ឃឹម។ រៀងរាល់ព្រឹក ព្រះអង្គរំឭកដាស់តឿនខ្ញុំ ហើយអប់រំខ្ញុំឲ្យចេះស្ដាប់ ដូចសិស្សស្ដាប់ពាក្យគ្រូ។
យើងយកត្បូងទទឹមធ្វើជាប៉ម យកពេជ្រចរណៃធ្វើជាទ្វារ ព្រមទាំងយកត្បូងមកធ្វើជាកំពែង។
ពិតមែនហើយ អ្នករាល់គ្នានឹងចេញមក ប្រកបដោយអំណរសប្បាយ យើងនឹងដឹកនាំអ្នកយ៉ាងសុខសាន្ត។ ពេលនោះ ភ្នំតូចធំនឹងស្រែកហ៊ោយ៉ាងសប្បាយ ហើយរុក្ខជាតិនៅតាមវាល ក៏នាំគ្នាអបអរសាទរដែរ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: យើងនឹងឲ្យសេចក្ដីសុខសាន្ត ហូរមកក្រុងនេះ ដូចទឹកទន្លេ យើងនឹងបង្ហូរធនធានដ៏រុងរឿងរបស់ ប្រជាជាតិនានាចូលមកក្នុងក្រុងនេះ ដូចទឹកហូរប្រៀបមាត់ច្រាំង។ យើងនឹងថ្នាក់ថ្នមអ្នករាល់គ្នាដូចម្ដាយបំបៅកូន បីវា និងថ្នាក់ថ្នមវានៅលើភ្លៅ។
គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់ឱនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ប៉ុន្តែ យើងនឹងព្យាបាលមុខរបួសរបស់គេឲ្យបានជាទាំងស្រុង យើងនឹងប្រោសពួកគេឲ្យបានជា យើងនឹងផ្ដល់សេចក្ដីសុខសាន្ត និងសន្តិសុខមកលើពួកគេយ៉ាងបរិបូណ៌។
យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តដល់ពួកគេ យើងនឹងកម្ចាត់សត្វសាហាវចេញឲ្យអស់ពីទឹកដីនេះ។ ហ្វូងចៀមរបស់យើងនឹងស្នាក់នៅយ៉ាងសុខសាន្តក្នុងវាលរហោស្ថាន ហើយដេកយ៉ាងសុខស្រួលនៅក្នុងព្រៃ។
ប្រជាជាតិនានានឹងលែងបំផ្លិចបំផ្លាញពួកគេទៀតហើយ សត្វព្រៃក៏នឹងលែងហែកពួកគេស៊ីទៀតដែរ ពួកគេនឹងរស់នៅយ៉ាងសុខសាន្តនៅក្នុងស្រុក ឥតមាននរណាបំភ័យពួកគេឡើយ។
យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឲ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឲ្យពួកគេកើនចំនួនច្រើនឡើង ហើយយើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។
នៅថ្ងៃនោះ យើងនឹងចងសម្ពន្ធមេត្រី ជាមួយសត្វព្រៃ បក្សាបក្សី និងសត្វលូនវារ ដើម្បីជាប្រយោជន៍ដល់ប្រជារាស្ត្ររបស់យើង យើងនឹងកាច់បំបាក់ធ្នូ និងដាវ មិនឲ្យមានសង្គ្រាមក្នុងស្រុកទៀតទេ គឺយើងនឹងឲ្យពួកគេដេកយ៉ាងសុខស្រួល។
ប្រជាជាតិជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់ព្រះអម្ចាស់ យើងឡើងទៅព្រះដំណាក់នៃព្រះរបស់ លោកយ៉ាកុប។ ព្រះអង្គនឹងបង្រៀនយើងអំពីមាគ៌ារបស់ព្រះអង្គ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយព្រះបន្ទូលរបស់ព្រះអម្ចាស់ ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែព្រះអម្ចាស់។
ព្រះយេស៊ូមានព្រះបន្ទូលតបទៅគាត់វិញថា៖ «ស៊ីម៉ូនកូនលោកយ៉ូណាសអើយ អ្នកពិតជាមានសុភមង្គលមែន អ្នកដឹងសេចក្ដីនេះមិនមែនដោយគំនិតប្រាជ្ញាខាងលោកីយ៍ ទេ គឺព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានបរមសុខ*បានសម្តែងឲ្យអ្នកដឹង។
ខ្ញុំនិយាយប្រាប់ដូច្នេះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខសាន្តរួមជាមួយខ្ញុំ។ អ្នករាល់គ្នាជួបនឹងទុក្ខវេទនានៅក្នុងលោក ប៉ុន្តែ ចូរមានសង្ឃឹមឡើង! ខ្ញុំបានឈ្នះលោកនេះហើយ»។
ក្នុងគម្ពីរព្យាការីមានចែងទុកមកថា “ព្រះជាម្ចាស់នឹងប្រៀនប្រដៅមនុស្សទាំងអស់” ។ អស់អ្នកដែលបានស្ដាប់ព្រះបិតា ហើយទទួលយកការប្រៀនប្រដៅរបស់ព្រះអង្គ មុខជាមករកខ្ញុំពុំខាន។
ដ្បិតព្រះអង្គមានព្រះបន្ទូលសន្យានេះចំពោះបងប្អូនទាំងអស់គ្នា ចំពោះកូនចៅរបស់បងប្អូន និងចំពោះអស់អ្នកដែលនៅឆ្ងាយៗទាំងប៉ុន្មានដែរ តាមតែព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។
ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។
សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរ ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
ដូច្នេះ ដោយព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្តិភាពជាមួយនឹងព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើងដែរ។
ព្រះជាម្ចាស់បានសម្តែងឲ្យយើងដឹងអំពីគម្រោងការដ៏លាក់កំបាំងនោះ តាមរយៈព្រះវិញ្ញាណ ដ្បិតព្រះវិញ្ញាណឈ្វេងយល់អ្វីៗទាំងអស់ សូម្បីតែជម្រៅព្រះហឫទ័យរបស់ព្រះជាម្ចាស់ក៏ព្រះអង្គឈ្វេងយល់ដែរ។
រីឯផលដែលកើតមកពីព្រះវិញ្ញាណវិញ គឺសេចក្ដីស្រឡាញ់ អំណរ សេចក្ដីសុខសាន្ត ចិត្តអត់ធ្មត់ ចិត្តសប្បុរស ចិត្តសន្ដោសមេត្តា ជំនឿ
ប្រសិនបើបងប្អូនបានឮគេនិយាយអំពីព្រះយេស៊ូ ហើយប្រសិនបើបងប្អូនបានទទួលការអប់រំអំពីព្រះអង្គ ស្របតាមសេចក្ដីពិតដែលមកពីព្រះអង្គមែន
ធ្វើដូច្នេះ សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់ដែលហួសពីការស្មានរបស់មនុស្ស នឹងស្ថិតជាប់ក្នុងចិត្តគំនិតបងប្អូន ដែលរួមក្នុងអង្គព្រះគ្រិស្តយេស៊ូមិនខាន។
រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីព្រះជាម្ចាស់ឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក
ព្រះអម្ចាស់មានព្រះបន្ទូលថា «លុះគ្រានេះកន្លងផុតទៅ យើងនឹងចងសម្ពន្ធមេត្រីជាមួយពូជពង្ស អ៊ីស្រាអែលដូចតទៅ: យើងនឹងដាក់ក្រឹត្យវិន័យរបស់យើងទាំងប៉ុន្មាន ក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យទាំងនោះទុក នៅក្នុងចិត្តរបស់ពួកគេ យើងនឹងបានទៅជាព្រះរបស់ពួកគេ ហើយគេជាប្រជារាស្ត្ររបស់យើង។
ពេលនោះនឹងលែងមាននរណា បង្រៀនជនរួមជាតិរបស់ខ្លួន ហើយក៏លែងមាននរណានិយាយប្រាប់ បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំ គេនឹងស្គាល់យើងគ្រប់ៗគ្នា
រីឯអ្នករាល់គ្នាវិញ ព្រះដ៏វិសុទ្ធ*បានចាក់ប្រេង មកលើអ្នករាល់គ្នា ហើយអ្នកក៏បានចេះដឹងទាំងអស់គ្នា។
ព្រះវិញ្ញាណដែលព្រះអម្ចាស់ប្រទានមកអ្នករាល់គ្នា ព្រះអង្គគង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើព្រះវិញ្ញាណបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ព្រះអង្គមិនកុហកទេ ព្រះអង្គជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាស្ថិតនៅជាប់នឹងព្រះគ្រិស្ត*ដូចព្រះវិញ្ញាណបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។