Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 147 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


ព្រះ‌អម្ចាស់​សម្តែង​ឫទ្ធា‌នុភាព​តាម​រយៈ​ធម្ម‌ជាតិ

1 ហាលេ‌លូយ៉ា! ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​នៃ​យើង ជា​ការ​ល្អ​ប្រពៃ​ណាស់ សរសើរ​តម្កើង​ព្រះអង្គ ជា​ការ​មួយ​ដ៏​សប្បាយ ហើយ​ប្រសើរ​បំផុត។

2 ព្រះ‌អម្ចាស់​សង់​ក្រុង​យេរូ‌សាឡឹម​ឡើង​វិញ ព្រះអង្គ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ខ្ចាត់‌ខ្ចាយ​ឲ្យ​ត្រឡប់​មក​វិញ។

3 ព្រះអង្គ​ប្រោស​អ្នក​ដែល​មាន​ចិត្ត​គ្រាំ‌គ្រា ឲ្យ​បាន​ធូរ​ស្បើយ ព្រះអង្គ​រុំ​របួស​ឲ្យ​គេ។

4 ព្រះអង្គ​រាប់​ចំនួន​ផ្កាយ​ទាំង​ប៉ុន្មាន ហើយ​ព្រះអង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។

5 ព្រះ​របស់​យើង​ធំ​ឧត្ដុង្គ‌ឧត្ដម ព្រះអង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្លាំង​បំផុត ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ឥត​មាន​ព្រំ‌ដែន​ឡើយ។

6 ព្រះ‌អម្ចាស់​ជួយ​គាំទ្រ​ជន​ក្រីក្រ តែ​ព្រះអង្គ​បន្ទាប​មនុស្ស​អាក្រក់​ដល់​ដី។

7 ចូរ​នាំ​គ្នា​ច្រៀង​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​នៃ​យើង ទាំង​ដេញ​ពិណ​កំដរ​ផង!

8 ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ពពក​បាំង​បិទ​ផ្ទៃ​មេឃ ព្រះអង្គ​រៀបចំ​ឲ្យ​មាន ភ្លៀង​ធ្លាក់​មក​លើ​ផែនដី ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ស្មៅ​ដុះ​នៅ​តាម​ភ្នំ

9 ព្រះអង្គ​ប្រទាន​ចំណី​ដល់​សត្វ​ពាហនៈ ហើយ​ពេល​កូន​ក្អែក​យំ ព្រះអង្គ​ក៏​ប្រទាន​ចំណី​ដល់​វា​ដែរ។

10 ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​កម្លាំង​របស់​សេះ​ទេ ហើយ​ព្រះអង្គ​ក៏​មិន​រវី‌រវល់​នឹង​កម្លាំង​កាយ របស់​មនុស្ស​ដែរ

11 តែ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ គឺ​អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ‌ហឫទ័យ មេត្តា‌ករុណា​របស់​ព្រះអង្គ។

12 ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់! ក្រុង​ស៊ីយ៉ូន​អើយ ចូរ​សរសើរ​តម្កើង​ព្រះ​របស់​អ្នក!

13 ដ្បិត​ព្រះអង្គ​ការពារ និង​ពង្រឹង​អ្នក​ឲ្យ​មាន​សន្តិ‌សុខ ព្រះអង្គ​នឹង​ប្រទាន​ពរ​ដល់​ប្រជា‌ជន ដែល​រស់​នៅ​ក្នុង​ទីក្រុង។

14 ព្រះអង្គ​ប្រទាន​ឲ្យ​ទឹក​ដី​អ្នក​មាន​សន្តិ‌ភាព ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​មាន​ស្រូវ​ដ៏​ល្អៗ យ៉ាង​បរិបូណ៌

15 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​បញ្ជា​ទៅ​ផែនដី ហើយ​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផ្សព្វ‌ផ្សាយ ទៅ​យ៉ាង​រហ័ស

16 ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​កក​ធ្លាក់​ចុះ​មក​ដូច​សំឡី ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សន្សើម ត្រជាក់​ធ្លាក់​ចុះ​មក​យ៉ាង​សក្បុស

17 ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​ចុះ​មក​ទាំង​ដុំៗ តើ​នរណា​អាច​ទ្រាំ​នឹង​ធាតុ​អាកាស​ត្រជាក់ ដែល​ព្រះអង្គ​បាន​បង្កើត​មក​នេះ?

18 ពេល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល នោះ​ទឹក​កក និង​ព្រឹល​ក៏​រលាយ​ទៅ​ជា​ទឹក ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ខ្យល់​បក់​មក ហើយ​ទឹក​នោះ​ក៏​ហូរ​ទៅ។

19 ព្រះអង្គ​សម្តែង​ឲ្យ​ពូជ‌ពង្ស របស់​លោក​យ៉ាកុប​ស្គាល់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ ព្រះអង្គ​ប្រទាន​ច្បាប់ និង​វិន័យ​របស់​ព្រះអង្គ ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល។

20 ព្រះអង្គ​ពុំ​បាន​ប្រោស​ប្រទាន​ដូច្នេះ ចំពោះ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ទេ ពួក​គេ​ពុំ​ស្គាល់​វិន័យ​របស់​ព្រះអង្គ​ឡើយ។ ហាលេ‌លូយ៉ា!។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម