អេសាយ 26:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ព្រះអង្គកំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលព្រះអង្គការពារ ប្រជារាស្ដ្ររបស់ព្រះអង្គ។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងហើយ ប៉ុន្តែពួកគេមិនឃើញឡើយ។ សូមឲ្យពួកគេឃើញចិត្តឆេះឆួលរបស់ព្រះអង្គចំពោះប្រជារាស្ត្រ ហើយអាម៉ាស់មុខ! សូមឲ្យភ្លើងសម្រាប់ពួកបច្ចាមិត្តរបស់ព្រះអង្គស៊ីបំផ្លាញពួកគេ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ព្រះហស្តរបស់ព្រះអង្គបានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ គេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ព្រះអង្គ ចំពោះបណ្ដាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវព្រះអង្គអស់រលីង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ព្រះហស្តទ្រង់បានលើកឡើងជាស្រេច តែគេមិនព្រមឃើញទេ ប៉ុន្តែគេនឹងត្រូវឃើញសេចក្ដីឧស្សាហ៍របស់ទ្រង់ចំពោះបណ្តាជនវិញ នោះគេនឹងមានសេចក្ដីខ្មាស ភ្លើងនឹងឆេះបន្សុសពួកខ្មាំងសត្រូវទ្រង់អស់រលីងទៅ អាល់គីតាប ឱអុលឡោះតាអាឡាអើយ! អ្នកទាំងនោះពុំចាប់អារម្មណ៍ថា ទ្រង់កំពុងតែគំរាមពួកគេទេ។ សូមឲ្យបច្ចាមិត្តត្រូវអាម៉ាស់ ដោយឃើញរបៀបដែលទ្រង់ការពារ ប្រជារាស្ដ្ររបស់ទ្រង់។ សូមឲ្យភ្លើងឆេះបំផ្លាញពួកគេ។ |
ព្រះអម្ចាស់អើយ សូមតើនឡើង! បង្ហាញព្រះបារមីរបស់ព្រះអង្គ សូមកុំភ្លេចមនុស្សទន់ទាបឡើយ!
ព្រះករុណានឹងចាប់ខ្មាំងសត្រូវទាំងប៉ុន្មាន របស់ព្រះអង្គ ព្រះអង្គនឹងប្រើអំណាចចាប់អស់អ្នក ដែលស្អប់ព្រះអង្គ។
ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់ព្រះអម្ចាស់ ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។ សូមព្រះអង្គរំលំពួកគេ កុំឲ្យងើបឡើងវិញបានឡើយ!។
ពួកយុវជនបានបាត់បង់ជីវិត ដោយសារភ្លើងសង្គ្រាម ហើយគ្មាននៅសល់កំលោះ ដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។
សូមសម្តែងទីសម្គាល់ដ៏អស្ចារ្យមួយ ចំពោះទូលបង្គំ ដើម្បីឲ្យអស់អ្នកដែលស្អប់ទូលបង្គំ ឃើញ ហើយត្រូវអាម៉ាស់។ ឱព្រះអម្ចាស់អើយ មានតែព្រះអង្គទេដែលជួយសង្គ្រោះ និងសម្រាលទុក្ខទូលបង្គំ។
លើកនេះ យើងប្រើគ្រោះកាចគ្រប់បែបយ៉ាងប្រហារអ្នក ព្រមទាំងនាម៉ឺនមន្ត្រី និងប្រជារាស្ត្ររបស់អ្នក ដើម្បីឲ្យអ្នកទទួលស្គាល់ថា គ្មាននរណាម្នាក់នៅលើផែនដីអាចប្រៀបផ្ទឹមនឹងយើងឡើយ។
មនុស្សខ្លាំងពូកែនឹងក្លាយទៅជាកម្ទេចឈើស្ងួត ហើយអ្វីៗដែលគេធ្វើ ប្រៀបបាននឹងផ្កាភ្លើង ដែលឆេះជាមួយគ្នា គ្មាននរណាពន្លត់បានឡើយ។
ហេតុនេះ ព្រះជាអម្ចាស់នៃពិភពទាំងមូល នឹងធ្វើឲ្យទាហានដ៏មាំមួនរបស់គេ ក្លាយទៅជាស្គមរីងរៃ ហើយឲ្យមានភ្លើងយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញភាពថ្កុំថ្កើងរុងរឿងរបស់ពួកគេ។
ក្នុងរយៈពេលតែមួយថ្ងៃ ព្រះអម្ចាស់ដែលជាពន្លឺ និងជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល ប្រែទៅជាភ្លើង ឆាបឆេះបន្លា និងរពាក់។
ពេលនោះ អេប្រាអ៊ីមឈប់មានចិត្តច្រណែន ហើយខ្មាំងសត្រូវរបស់យូដានឹងវិនាសសូន្យ។ អេប្រាអ៊ីមលែងច្រណែននឹងយូដា យូដាក៏លែងប្រឆាំងនឹងអេប្រាអ៊ីមទៀតដែរ។
អ្នកទាំងអស់គ្នាដែលរស់នៅក្នុងពិភពលោក អ្នករាល់គ្នាជាប្រជាជននៅលើផែនដីអើយ ពេលណាគេដោតទង់ជាសញ្ញានៅលើភ្នំនានា ចូរនាំគ្នាសម្លឹងមើលទៅ ហើយពេលណាគេផ្លុំស្នែង ចូរនាំគ្នាស្ដាប់កុំបីខាន។
ដោយព្រះហឫទ័យស្រឡាញ់ដ៏លើសលុបរបស់ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះអង្គនឹងទុកឲ្យប្រជាជនមួយចំនួននៅសេសសល់ក្នុងក្រុងយេរូសាឡឹម ហើយឲ្យប្រជាជនមួយចំនួនរួចជីវិតនៅលើភ្នំស៊ីយ៉ូន។
ព្រះអម្ចាស់ស្រឡាញ់ប្រជាជន របស់ព្រះអង្គយ៉ាងខ្លាំង ព្រះអង្គយាងចេញទៅដូចវីរជន ដូចអ្នកចម្បាំងដ៏ចំណាន ព្រះអង្គបន្លឺព្រះសូរសៀង ស្រែកកម្លា ហើយយកជ័យជម្នះលើខ្មាំងសត្រូវ។
អ្នកទាំងនោះមិនយល់ និងមិនរិះគិតពិចារណា ព្រោះភ្នែកគេងងឹតមើលអ្វីពុំឃើញ ហើយចិត្តគំនិតរបស់គេក៏ពុំយល់អ្វីដែរ។
អស់អ្នកដែលឆ្លាក់រូបបដិមា សុទ្ធតែជាមនុស្សឥតបានការ រីឯស្នាដៃដែលគេចាត់ទុកថាមានតម្លៃ ក៏គ្មានសារប្រយោជន៍អ្វីដែរ។ រូបព្រះទាំងនោះជាសាក្សីរបស់ពួកគេ តែជាសាក្សីដែលមិនចេះមើល ហើយក៏មិនដឹងអ្វីដែរ គឺគ្រាន់តែធ្វើឲ្យពួកគេខកចិត្តប៉ុណ្ណោះ។
ហេតុនេះ ពួកគេនឹងរលួយទាំងឫស ផ្ការបស់ពួកគេនឹងក្លាយទៅជាធូលីដី ដូចអណ្ដាតភ្លើងឆាបឆេះស្បូវ ឬដូចចំបើងត្រូវភ្លើងឆេះដែរ ដ្បិតពួកគេបោះបង់ចោលការប្រៀនប្រដៅ របស់ព្រះអម្ចាស់នៃពិភពទាំងមូល ហើយមាក់ងាយព្រះបន្ទូលរបស់ ព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល។
ព្រះអង្គយកសេចក្ដីសុចរិតរបស់ព្រះអង្គ ធ្វើជាអាវក្រោះ ព្រះអង្គយកការសង្គ្រោះធ្វើជាមួកដែក ព្រះអង្គយកការសងសឹកធ្វើជាព្រះពស្ដ្រ និងយកព្រះហឫទ័យប្រច័ណ្ឌធ្វើជាព្រះភូសា។
កូនចៅរបស់ពួកដែលបានសង្កត់សង្កិនអ្នក នឹងនាំគ្នាមកឱនកាយនៅចំពោះមុខអ្នក ពួកដែលបានជេរប្រមាថអ្នក នឹងនាំគ្នាមកក្រាបនៅទៀបជើងអ្នក គេនឹងហៅអ្នកថា “ក្រុងរបស់ព្រះអម្ចាស់” “ក្រុងស៊ីយ៉ូនរបស់ព្រះដ៏វិសុទ្ធ នៃជនជាតិអ៊ីស្រាអែល”។
សូមទ្រង់ទតមើលពីលើមេឃ គឺពីព្រះដំណាក់ដ៏វិសុទ្ធ និងថ្កុំថ្កើងរុងរឿងរបស់ព្រះអង្គ។ ឯណាទៅ ព្រះហឫទ័យស្រឡាញ់ដ៏ខ្លាំងបំផុត និងភាពអង់អាចរបស់ព្រះអង្គ! ហេតុដូចម្ដេចបានជាព្រះអង្គ លែងអាណិតមេត្តា លែងអាណិតអាសូរទូលបង្គំដូច្នេះ!
មើល ព្រះអម្ចាស់កំពុងតែយាងមក ព្រះអង្គយាងមកក្នុងភ្លើង រាជរថរបស់ព្រះអង្គប្រៀបបាននឹងខ្យល់កួច។ ព្រះអង្គធ្វើតាមព្រះពិរោធដ៏ខ្លាំងរបស់ព្រះអង្គ ព្រះអង្គប្រើអណ្ដាតភ្លើង ដើម្បីដាក់ទោស ស្របតាមព្រះបន្ទូលដែលព្រះអង្គ ព្រមានទុកជាមុន។
ពេលគេចេញពីព្រះវិហារ គេនឹងឃើញសាកសពរបស់មនុស្ស ដែលបានបះបោរប្រឆាំងនឹងយើង។ ដង្កូវនឹងមិនងាប់ ហើយភ្លើងក៏មិនរលត់ សាកសពទាំងនោះធ្វើឲ្យសត្វលោក ទាំងអស់ខ្ពើមរអើម។
អ្នករាល់គ្នាដែលស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់ ដោយញាប់ញ័រ ចូរនាំគ្នាស្ដាប់ព្រះអង្គ។ បងប្អូនរបស់អ្នករាល់គ្នា ស្អប់ និងកាត់កាល់អ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាគោរពព្រះអង្គ។ ពួកគេពោលថា “សូមព្រះអម្ចាស់សម្តែង សិរីរុងរឿង ដើម្បីឲ្យយើងឃើញអំណរ របស់អ្នករាល់គ្នាផង!”។ អ្នកទាំងនោះមុខជាត្រូវអាម៉ាស់។
អំពើអាក្រក់របស់គេប្រៀបបាននឹង ភ្លើងដែលឆេះគុម្ពបន្លា និងគុម្ពរពាក់ រួចហើយរាលដាលឆេះព្រៃរបោះ ធ្វើឲ្យមានផ្សែងខ្មួលខ្មាញ់ហុយឡើងទៅលើមេឃ។
ដោយសារព្រះអម្ចាស់នៃពិភពទាំងមូល ទ្រង់ព្រះពិរោធយ៉ាងខ្លាំង ទឹកដីរបស់គេនឹងត្រូវឆាបឆេះ ហើយប្រជាជននឹងក្លាយទៅជាចំណីភ្លើង។ គ្មាននរណាម្នាក់ត្រាប្រណីបងប្អូនរបស់ខ្លួនទេ។
ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
មនុស្សមួយចំនួនតូច ដែលគេចផុតពីមុខដាវនឹងចាកចេញពីស្រុកអេស៊ីប វិលត្រឡប់ទៅស្រុកយូដាវិញ។ ដូច្នេះ ជនជាតិយូដាដែលនៅសេសសល់ទាំងប៉ុន្មាន ពីចំណោមអស់អ្នកដែលមករស់នៅស្រុកអេស៊ីបនេះ មុខជាដឹងថា ពាក្យរបស់នរណាបានសម្រេចជារូបរាង តើពាក្យរបស់យើង ឬពាក្យរបស់ពួកគេ»។
បពិត្រព្រះអម្ចាស់ ព្រះអង្គរំពៃមើល ស្វែងរកនរណាម្នាក់ដែលមានចិត្តស្មោះត្រង់។ ព្រះអង្គបានវាយប្រហារពួកគេ តែពួកគេធ្វើព្រងើយ ព្រះអង្គបានធ្វើឲ្យពួកគេវិនាស តែពួកគេមិនរាងចាលទេ ពួកគេកាន់ចិត្តរឹងដូចថ្ម ពួកគេមិនព្រមវិលមករកព្រះអង្គវិញទេ។
នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក យើងនឹងកម្ទេចរទេះចម្បាំងរបស់អ្នក - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។
ប្រជាជាតិនានានឹងឃើញ ហើយត្រូវអាម៉ាស់ ទោះបីគេមានឫទ្ធិខ្លាំងពូកែយ៉ាងណាក្ដី។ ពួកគេងឿងឆ្ងល់ពេក រកនិយាយមិនរួច ហើយស្ដាប់អ្វីក៏លែងឮដែរ។
ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោសន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ ឥតទុកឲ្យនៅសេសសល់អ្វីឡើយ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ នៃពិភពទាំងមូល។
បន្ទាប់មក ព្រះអង្គនឹងមានព្រះបន្ទូលទៅពួកអ្នកនៅខាងឆ្វេងថា: “ពួកត្រូវបណ្ដាសាអើយ! ចូរថយចេញឲ្យឆ្ងាយពីយើង ហើយធ្លាក់ទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ជាភ្លើងបម្រុងទុកសម្រាប់ផ្ដន្ទាទោសមារ*សាតាំង និងបរិវាររបស់វានោះទៅ!
នៅស្ថានមនុស្សស្លាប់ អ្នកមាននោះរងទុក្ខទារុណកម្មយ៉ាងខ្លាំង គាត់ងើបមុខទៅលើ ឃើញលោកអប្រាហាំពីចម្ងាយ ហើយឃើញបុរសឡាសារនៅក្បែរលោកដែរ។
ដ្បិតចិត្តរបស់ប្រជារាស្ត្រនេះរឹងណាស់ គេបាននាំគ្នាខ្ទប់ត្រចៀក ហើយបិទភ្នែក ដើម្បីកុំឲ្យមើលឃើញ កុំឲ្យស្ដាប់ឮ និងដើម្បីកុំឲ្យយល់ ហើយក៏មិនចង់កែប្រែចិត្តគំនិតដែរ ក្រែងលោយើងប្រោសគេឲ្យបានជា» ។
ព្រះអង្គយាងមកក្នុងភ្លើងសន្ធោសន្ធៅ ដើម្បីធ្វើទោសអស់អ្នកដែលមិនស្គាល់ព្រះជាម្ចាស់ និងអស់អ្នកដែលមិនស្ដាប់តាមដំណឹងល្អ*របស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
គឺមានតែភិតភ័យ រង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅ ដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!។
ប៉ុន្តែ ត្រូវឆ្លើយទៅគេ ដោយទន់ភ្លន់ ដោយគោរព និងដោយមានមនសិការល្អ ដើម្បីឲ្យអស់អ្នកដែលចង់មួលបង្កាច់កិរិយាល្អរបស់បងប្អូន ជាអ្នកជឿព្រះគ្រិស្ត* ត្រង់ចំណុចណាមួយ បែរជាត្រូវខ្មាសទៅវិញ។
សត្វតិរច្ឆានបានជាប់ជាឈ្លើយសឹក ហើយព្យាការីក្លែងក្លាយដែលបានសម្តែងទីសម្គាល់អស្ចារ្យនៅមុខសត្វនោះ ក៏បានជាប់ជាឈ្លើយដែរ គឺព្យាការីក្លែងក្លាយហ្នឹងហើយ ដែលបាននាំអស់អ្នកមានសញ្ញាសម្គាល់របស់សត្វតិរច្ឆាន និងអ្នកក្រាបថ្វាយបង្គំរូបចម្លាក់របស់សត្វនោះឲ្យវង្វេង។ គេបានបោះពួកសត្វតិរច្ឆាន និងព្យាការីក្លែងក្លាយទាំងរស់ ទៅក្នុងបឹងភ្លើងដែលមានស្ពាន់ធ័រកំពុងឆេះ។
យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់មារ*សាតាំងមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិត គេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះមកក្រាបនៅទៀបជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
ចូរតាមមើល ប្រសិនបើមេគោនាំហិបនោះឆ្ពោះទៅស្រុកអ៊ីស្រាអែលត្រង់បេតសេមែស នោះសឲ្យឃើញថា ពិតជាព្រះអម្ចាស់ ដែលបានធ្វើឲ្យពួកយើងរងទុក្ខវេទនាយ៉ាងខ្លាំងនេះ។ ប៉ុន្តែ បើវាមិនដើរឆ្ពោះទៅទិសនោះទេ យើងនឹងដឹងថា មិនមែនព្រះអង្គទេដែលដាក់ទោសពួកយើង គឺហេតុការណ៍កើតឡើង ដោយចៃដន្យ»។