ទំនុកតម្កើង 10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ពាក្យអធិស្ឋានសូមព្រះអម្ចាស់រកយុត្តិធម៌ 1 ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម៉្លេះ? នៅពេលទូលបង្គំមានអាសន្ន ហេតុអ្វីបានជាព្រះអង្គសម្ងំស្ងៀមដូច្នេះ? 2 មនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុគ៌ត ទាំងឥតអៀនខ្មាស ពួកគេប្រើកលល្បិចធ្វើឲ្យ មនុស្សទុគ៌តវិនាស។ 3 មនុស្សពាលតែងតែនិយាយអួត អំពីការលោភលន់របស់ខ្លួន ហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអក និងប្រមាថព្រះអម្ចាស់។ 4 មនុស្សពាលនិយាយទាំងវាយឫកខ្ពស់ ហើយមិនរវីរវល់នឹងអ្វីសោះ ព្រោះគេគិតថា គ្មានព្រះជាម្ចាស់ទេ! 5 អ្វីៗដែលគេធ្វើតែងតែចម្រុងចម្រើនជានិច្ច គេគិតមិនដល់សោះថា ព្រះអង្គនឹងវិនិច្ឆ័យទោសគេដូច្នេះ គេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួន។ 6 គេគិតក្នុងចិត្តថា «អញនឹងមិនត្រូវរង្គោះរង្គើ ហើយអញក៏នឹងមិនជួបប្រទះ ទុក្ខលំបាកសោះឡើយ»។ 7 មាត់របស់គេពោលតែពាក្យបណ្ដាសា ពាក្យបោកបញ្ឆោត និងពាក្យមួលបង្កាច់ ហើយពាក្យអពមង្គល និងទុច្ចរិតស្ថិតនៅលើចុងអណ្ដាតគេជានិច្ច។ 8 គេតែងពួនស្ទាក់នៅក្បែរភូមិ ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់ គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។ 9 គេពួនដូចសត្វសិង្ហសម្ងំនៅតាមគុម្ពោត គេពួនស្ទាក់ចាំចាប់ជនទុគ៌ត គេចាប់ជនទុគ៌ត ដោយទាក់ទាញ ឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួន។ 10 ជនទុគ៌តក៏ដួល ក្រាបនៅដី ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាល ។ 11 មនុស្សពាលគិតក្នុងចិត្តថា «ព្រះជាម្ចាស់មិនចាប់អារម្មណ៍ទេ! ព្រះអង្គបិទព្រះនេត្រ ទ្រង់មិនទតមើលទាល់តែសោះ!»។ 12 ព្រះអម្ចាស់អើយ សូមតើនឡើង! បង្ហាញព្រះបារមីរបស់ព្រះអង្គ សូមកុំភ្លេចមនុស្សទន់ទាបឡើយ! 13 ហេតុអ្វីបានជាមនុស្សពាលចំអក មើលងាយព្រះជាម្ចាស់? ហេតុអ្វីបានជាគេគិតក្នុងចិត្តថា «ព្រះអង្គនឹងមិនរករឿងអញឡើយ» ដូច្នេះ? 14 ព្រះអម្ចាស់អើយ ព្រះអង្គពិតជាទតឃើញទុក្ខលំបាក និងការឈឺចាប់របស់មនុស្សទន់ទាប ព្រះអង្គប្រុងនឹងជួយគេជានិច្ច មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គទាំងស្រុង ហើយមានតែព្រះអង្គទេ ដែលយាងមកជួយសង្គ្រោះជនកំព្រា។ 15 សូមព្រះអង្គកាច់បំបាក់ដៃរបស់មនុស្សពាល សូមដាក់ទោសពួកគេ ដើម្បីកុំឲ្យគេប្រព្រឹត្ត អំពើពាលតទៅទៀត! ។ 16 ព្រះអម្ចាស់ជាព្រះមហាក្សត្រដ៏គង់នៅ អស់កល្បជាអង្វែងតរៀងទៅ សាសន៍ដទៃនឹងត្រូវលុបបំបាត់ចេញ អស់ពីស្រុករបស់ព្រះអង្គ។ 17 បពិត្រព្រះអម្ចាស់ ព្រះអង្គទ្រង់ឈ្វេងយល់ បំណងចិត្តរបស់មនុស្សទន់ទាប ព្រះអង្គលើកទឹកចិត្តគេ 18 ព្រះអង្គតែងតែផ្ទៀងព្រះកាណ៌ស្ដាប់ជនកំព្រា និងមនុស្សដែលត្រូវគេជិះជាន់ ហើយព្រះអង្គរកយុត្តិធម៌ឲ្យគេ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី អាចសង្កត់សង្កិនគេតទៅមុខទៀត ។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies