មីកា 5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ព្រះសង្គ្រោះប្រសូតនៅភូមិបេថ្លេហិម 1 «បេថ្លេហិមអេប្រាតាអើយ! ក្នុងចំណោមអំបូរទាំងប៉ុន្មាន នៅស្រុកយូដា អ្នកតូចជាងគេមែន តែមេដឹកនាំដែលត្រូវគ្រប់គ្រងលើអ៊ីស្រាអែល ក្នុងនាមយើង នឹងកើតចេញមកពីអ្នក។ លោកនោះមានដើមកំណើត តាំងពីបុរាណកាលដ៏យូរលង់»។ 2 ព្រះជាម្ចាស់នឹងបោះបង់ចោល ប្រជាជនអ៊ីស្រាអែលមួយរយៈសិន រហូតដល់ពេលដែលស្ត្រីជាមាតាសម្រាលបុត្រ។ ពេលនោះ បងប្អូនរបស់បុត្រ ដែលនៅសេសសល់ នឹងវិលមកជួបជុំគ្នា ជាមួយកូនចៅអ៊ីស្រាអែលវិញ។ 3 ស្ដេចនោះនឹងក្រោកឡើង ហើយដឹកនាំជនជាតិអ៊ីស្រាអែល ដោយព្រះចេស្ដារបស់ព្រះអម្ចាស់ និងភាពថ្កុំថ្កើងនៃព្រះនាមរបស់ព្រះអម្ចាស់ ជាព្រះរបស់លោក។ អ៊ីស្រាអែលនឹងរស់នៅដោយសុខសាន្ត ដ្បិតចាប់ពីពេលនេះទៅ ស្ដេចនោះមានអំណាចឧត្ដុង្គឧត្ដម រហូតដល់ទីដាច់ស្រយាលនៃផែនដី។ 4 ស្ដេចនោះហើយដែលផ្ដល់សេចក្ដីសុខសាន្ត! ប្រសិនបើជនជាតិអាស្ស៊ីរីលើកទ័ពមក វាយលុកស្រុកយើង ហើយវាយចូលដល់កំពែងក្រុងរបស់យើង ពួកយើងនឹងចាត់មេដឹកនាំប្រាំពីរ ប្រាំបីនាក់ ឲ្យទៅតយុទ្ធនឹងពួកគេ។ 5 មេដឹកនាំទាំងនោះនឹងប្រើអាវុធត្រួតត្រាលើ ស្រុកអាស្ស៊ីរី និងស្រុករបស់នីមរ៉ូដ។ ពេលជនជាតិអាស្ស៊ីរីចូលមកដល់ស្រុកយើង ដើម្បីឈ្លានពានទឹកដីរបស់យើង ស្ដេចនោះនឹងដោះលែងយើងឲ្យរួចពី កណ្ដាប់ដៃរបស់ពួកគេ។ 6 កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងរស់នៅក្នុងចំណោមជាតិសាសន៍ជាច្រើន ដូចជាទឹកសន្សើមមកពីព្រះអម្ចាស់ និងដូចទឹកភ្លៀងស្រោចស្រពលើស្មៅ ដោយឥតត្រូវការមនុស្សជួយឡើយ។ 7 កូនចៅរបស់លោកយ៉ាកុបដែលនៅសេសសល់ នឹងរស់នៅក្នុងចំណោមប្រជាជាតិទាំងឡាយ ហើយស្ថិតនៅក្នុងចំណោមជាតិសាសន៍ជាច្រើន ដូចសិង្ហស្ថិតនៅក្នុងចំណោមសត្វព្រៃ និងដូចសិង្ហស្ទាវស្ថិតនៅក្នុងចំណោមហ្វូងចៀម។ ពេលសិង្ហដើរកាត់ វាជាន់កម្ទេច និងហែកស៊ី ដោយឥតមាននរណាម្នាក់អាចរំដោះ ឲ្យរួចបានឡើយ។ 8 ចូរវាយប្រហារបច្ចាមិត្តរបស់អ្នក ចូរកម្ទេចខ្មាំងសត្រូវទាំងប៉ុន្មានរបស់អ្នកទៅ! 9 នៅថ្ងៃនោះ យើងនឹងដកហូតសេះរបស់អ្នក យើងនឹងកម្ទេចរទេះចម្បាំងរបស់អ្នក - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ 10 «យើងនឹងដកក្រុងទាំងឡាយពីស្រុករបស់អ្នក យើងនឹងផ្ដួលរំលំកំពែងដ៏រឹងមាំ ទាំងប៉ុន្មានរបស់អ្នក។ 11 យើងនឹងដកមន្តអាគមគាថាចេញពីដៃរបស់អ្នក ហើយអ្នកនឹងលែងមានគ្រូធ្មប់ទៀតដែរ។ 12 យើងនឹងដកព្រះក្លែងក្លាយ និងរូបបដិមាចេញពីចំណោមអ្នក ហើយអ្នកនឹងលែងថ្វាយបង្គំរូប ដែលជាស្នាដៃរបស់អ្នកទៀតហើយ។ 13 យើងនឹងរំលំបង្គោលព្រះអាសេរ៉ាចេញពីអ្នក យើងនឹងកម្ទេចក្រុងរបស់អ្នក។ 14 យើងនឹងដាក់ទោសប្រជាជាតិនានា តាមកំហឹងដ៏ខ្លាំងក្លារបស់យើង ព្រោះពួកគេពុំបានស្ដាប់យើងទេ»។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies