ទំនុកតម្កើង 28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ពាក្យអធិស្ឋាននៅពេលមានជំងឺ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះអម្ចាស់អើយ! ទូលបង្គំស្រែកអង្វររកព្រះអង្គ ឱព្រះជាថ្មដានៃទូលបង្គំអើយ សូមព្រះសណ្ដាប់សម្រែករបស់ទូលបង្គំផង! ប្រសិនបើព្រះអង្គនៅស្ងៀម មិនឆ្លើយនឹងទូលបង្គំទេនោះ ទូលបង្គំមុខជាធ្លាក់ទៅក្នុងរណ្ដៅមិនខាន! 2 ពេលទូលបង្គំស្រែករកព្រះអង្គ ពេលទូលបង្គំលើកដៃឆ្ពោះទៅកាន់ទីសក្ការៈ របស់ព្រះអង្គ សូមទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វរ របស់ទូលបង្គំផង។ 3 សូមកុំឲ្យទូលបង្គំត្រូវវិនាសបាត់ទៅ ដូចមនុស្សពាល និងមនុស្សប្រព្រឹត្តអំពើទុច្ចរិត ដែលនិយាយរាក់ទាក់ជាមួយអ្នកដទៃ តែមានកលល្បិចនៅក្នុងខ្លួននោះឡើយ។ 4 សូមដាក់ទោសអ្នកទាំងនោះ ឲ្យសមតាមអំពើដែលគេប្រព្រឹត្ត និងល្បិចកិច្ចកលរបស់គេ សូមដាក់ទោសគេសមនឹងស្នាដៃរបស់ខ្លួន សូមឲ្យគេទទួលផលសមនឹងទោសរបស់ខ្លួន 5 ដ្បិតអ្នកទាំងនោះមិនយល់អំពីកិច្ចការ របស់ព្រះអម្ចាស់ ជាស្នាព្រះហស្ដដែលព្រះអង្គបានធ្វើនោះទេ។ សូមព្រះអង្គរំលំពួកគេ កុំឲ្យងើបឡើងវិញបានឡើយ!។ 6 សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតទ្រង់ព្រះសណ្ដាប់ពាក្យដែលខ្ញុំស្រែកអង្វរ។ 7 ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។ 8 ព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គ ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះស្ដេច ដែលព្រះអង្គបានចាក់ប្រេងអភិសេក។ 9 សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ សូមទ្រង់ធ្វើជាគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។ |
Khmer Standard Version © 2005 United Bible Societies.
United Bible Societies