Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 78 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


អតីតកាល​ជា​មេ​រៀន​ដែល​យើង​ត្រូវ​ចង​ចាំ​ទុក
កំណាព្យ​របស់​លោក​អេសាភ។

1 ប្រជា‌ជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។

2 ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។

3 អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង អ្វីៗ​ដែល​ដូនតា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់

4 យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើង ឥត​លាក់‌លៀម​ឡើយ យើង​នឹង​ពណ៌នា​ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ និង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ ដើម្បី​លើក​តម្កើង​ព្រះអង្គ។

5 ព្រះអង្គ​ផ្ដល់​ដំបូន្មាន​ឲ្យ​កូន​ចៅ របស់​លោក​យ៉ាកុប ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ​មក​ឲ្យ​ពូជ‌ពង្ស របស់​លោក​អ៊ីស្រា‌អែល ព្រះអង្គ​បង្គាប់​បុព្វបុរស​របស់​យើង ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ

6 ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។

7 ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់ មិន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ

8 ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរស នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់ នឹង​ព្រះអង្គ​នោះ​ឡើយ។

9 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង

10 មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធ‌មេត្រី របស់​ព្រះ‌ជាម្ចាស់ គឺ​មិន​ព្រម​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ

11 ពួក​គេ​បាន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។

12 នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ ឲ្យ​បុព្វបុរស​របស់​គេ​ឃើញ

13 គឺ​ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ ឲ្យ​ពួក​គេ​ដើរ​ឆ្លង ព្រះអង្គ​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់ មួយ​កន្លែង​ដូច​កំពែង។

14 នៅ​ពេល​ថ្ងៃ ព្រះអង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ព្រះអង្គ​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។

15 ព្រះអង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថាន ឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។

16 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក ដូច​ជា​ទឹក​ទន្លេ។

17 ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជានិច្ច ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។

18 ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់ ដោយ​សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ម្ហូប​អាហារ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។

19 គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ថា: តើ​ព្រះ‌ជាម្ចាស់​អាច​ជប់‌លៀង​យើង ក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ?

20 ព្រះអង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន ក៏​ប៉ុន្តែ តើ​ព្រះអង្គ​អាច​ប្រទាន​នំបុ័ង និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាន​ដែរ​ឬ?

21 ពេល​ព្រះ‌អម្ចាស់​ឮ​ពាក្យ​របស់​ពួក​គេ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែង ព្រះអង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស របស់​លោក​យ៉ាកុប ព្រះអង្គ​ខ្ញាល់​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល

22 ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។

23 ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះអង្គ​បាន​បង្គាប់​ពពក ព្រះអង្គ​បាន​បើក​ផ្ទៃ​មេឃ

24 ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀង ឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារ គឺ​ព្រះអង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​ពួក​គេ ។

25 ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវតា ព្រះអង្គ​ប្រទាន​ឲ្យ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។

26 នៅ​លើ​មេឃ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​កើត ហើយ​ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។

27 ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សាច់​យ៉ាង​ច្រើន ដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មក គឺ​ព្រះអង្គ​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ

28 ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេ ជុំ‌វិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។

29 ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ ដោយ​ព្រះ‌ជាម្ចាស់​ធ្វើ​តាម​ចិត្ត ប៉ង‌ប្រាថ្នា​របស់​ពួក​គេ។

30 ក៏​ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្ដី ក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល

31 ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង​ដែរ។

32 ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល ពួក​គេ​ពុំ​បាន​ជឿ​លើ​ព្រះអង្គ ដែល​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ទេ។

33 ដូច្នេះ ព្រះអង្គ​ក៏​ប្រហារ​ជីវិត​របស់​គេ តែ​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី ព្រះអង្គ​ផ្ដាច់​អាយុ​ជីវិត​របស់​គេ យ៉ាង​សែន​វេទនា​បំផុត។

34 ពេល​ឃើញ​ព្រះ‌ជាម្ចាស់​ប្រហារ​ជីវិត អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ព្រះអង្គ ហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះអង្គ​វិញ។

35 ពួក​គេ​នឹក​ឃើញ​ថា ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​របស់​ពួក​គេ ហើយ​ថា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ការពារ​ពួក​គេ។

36 ក៏​ប៉ុន្តែ​តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ព្រះអង្គ គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។

37 ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ព្រះអង្គ​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ​ដែរ។

38 រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជានិច្ច ព្រះអង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ព្រះអង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ព្រះអង្គ​តែងតែ​ទប់ ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធ ព្រះអង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។

39 ព្រះអង្គ​នឹក​ចាំ​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។

40 ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​វាល​រហោ‌ស្ថាន​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ក្នុង​វាល​ហួត‌ហែង​នោះ ពួក​គេ​តែងតែ ធ្វើ​ឲ្យ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ!។

41 ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ជានិច្ច ពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ​ដ៏វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាស់​ព្រះ‌ហឫទ័យ។

42 ពួក​គេ​ពុំ​បាន​នឹក​ឃើញ អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ទេ ហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃ ដែល​ព្រះអង្គ​បាន​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត​ដែរ។

43 ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សម្គាល់​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេ ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។

44 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីល ប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​រក​ទឹក​ផឹក​មិន​បាន។

45 ព្រះអង្គ​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន‌ជាតិ​អេស៊ីប និង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញ អ្វីៗ​ទាំង​អស់។

46 ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ចង្រិត ទៅ​ស៊ី​បង្ហិន​ភោគ‌ផល​របស់​ពួក​គេ ហើយ​ឲ្យ​កណ្ដូប​ទៅ​ស៊ី​បង្ហិន​ដំណាំ​របស់​គេ។

47 ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក កម្ទេច​ចម្ការ​ទំពាំង‌បាយជូរ​របស់​គេ ហើយ​មាន​ធាតុ​អាកាស​ត្រជាក់ មក​បំផ្លាញ​ដើម​ឈើ​របស់​គេ​ខូច​អស់។

48 ហ្វូង​គោ​របស់​គេ​ត្រូវ​វិនាស​ដោយ‌សារ​ព្រឹល ហ្វូង​ចៀម​របស់​គេ​ត្រូវ​វិនាស ដោយ‌សារ​រន្ទះ​បាញ់។

49 ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ទាស់​នឹង​ជន‌ជាតិ​អេស៊ីប​យ៉ាង​ខ្លាំង ព្រះអង្គ​ដាក់​ទោស​ពួក​គេ ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនា ដោយ​ចាត់​ពួក​ទេវតា​ឲ្យ​មក​ប្រហារ​ពួក​គេ។

50 ព្រះអង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ដោយ​ឥត​សំចៃ​ជីវិត​ជន‌ជាតិ​នោះ​ឡើយ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​ពួក​គេ

51 គឺ​ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន របស់​ជន‌ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ ក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។

52 ព្រះអង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោល ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន ដូច​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។

53 ព្រះអង្គ​ដឹក​នាំ​ពួក​គេ​យ៉ាង​សុខ‌សាន្ត ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ តែ​ខ្មាំង​សត្រូវ​របស់​ពួក​គេ ត្រូវ​លិច​លង់​ក្នុង​ទឹក​សមុទ្រ។

54 ព្រះអង្គ​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដី​ដ៏វិសុទ្ធ គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះអង្គ​វាយ​យក​បាន ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។

55 ព្រះអង្គ​បណ្ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេ ហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌ក គឺ​ព្រះអង្គ​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល រស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។

56 ក៏​ប៉ុន្តែ ពួក​គេ​បាន​ល្បង‌ល​ព្រះ‌ជាម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ ព្រះអង្គ​ឡើយ។

57 ពួក​គេ​បាន​ងាក​ចេញ​ពី​ព្រះអង្គ និង​ក្បត់​ព្រះអង្គ​ដូច​ដូនតា​របស់​ពួក​គេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។

58 ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ ដោយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ នៅ​តាម​ទីសក្ការៈ​របស់​សាសន៍​ដទៃ​នៅ​លើ​ភ្នំ ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជា​ខ្លាំង។

59 ព្រះ‌ជាម្ចាស់​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ហើយ​លែង​រវី‌រវល់​នឹង​ជន‌ជាតិ អ៊ីស្រា‌អែល​ទៀត។

60 ព្រះអង្គ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​នៅ​ស៊ីឡូ ព្រះអង្គ​បោះ​បង់​ចោល​ព្រះ‌ពន្លា ដែល​ព្រះអង្គ​ធ្លាប់​គង់​នៅ​ជា​មួយ​មនុស្ស​លោក។

61 ព្រះអង្គ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ រឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រី ដែល​ជា​និមិត្ត‌រូប​នៃ​ឫទ្ធិ‌បារមី និង​សិរី‌រុងរឿង​របស់​ព្រះអង្គ ។

62 ព្រះអង្គ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​ជីវិត ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដោយ​មុខ​ដាវ ព្រោះ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នឹង​ពួក​គេ ជា​ខ្លាំង។

63 ពួក​យុវជន​បាន​បាត់​បង់​ជីវិត ដោយ‌សារ​ភ្លើង​សង្គ្រាម ហើយ​គ្មាន​នៅ​សល់​កំលោះ ដើម្បី​រៀបការ​ជា​មួយ​ពួក​ស្ត្រី​ក្រមុំ​ទៀត​ឡើយ។

64 ពួក​បូជា‌ចារ្យ​បាន​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ស្ត្រី​មេម៉ាយ មិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។

65 ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ក្រោក​ពី​ដំណេក ឬ​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ

66 ព្រះអង្គ​វាយ​ខ្មាំង​សត្រូវ​ពី​ក្រោយ ឲ្យ​បាក់​មុខ​អស់‌កល្ប​ជានិច្ច។

67 ព្រះអង្គ​មិន​រវី‌រវល់​នឹង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប ព្រះអង្គ​ពុំ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទេ

68 តែ​ព្រះអង្គ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា​វិញ ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ភ្នំ​ស៊ីយ៉ូន។

69 នៅ​ទី​នោះ​ព្រះអង្គ​បាន​សង់​ទីសក្ការៈ របស់​ព្រះអង្គ​យ៉ាង​ល្អ​រឹង‌ប៉ឹង ដូច​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ព្រះអង្គ​ធ្វើ​ឲ្យ​ទីសក្ការៈ​នោះ បាន​រឹង‌មាំ​ដូច​ផែនដី​រហូត​ត​ទៅ។

70 ព្រះអង្គ​បាន​ជ្រើស​រើស​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រះអង្គ​បាន​យក​ស្ដេច​ចេញ​ពី​កន្លែង​ឃ្វាល​ចៀម

71 ព្រះអង្គ​បាន​យក​ស្ដេច​ចេញ​ពី​ហ្វូង​ចៀម​មក ដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ។

72 ព្រះ‌បាទ​ដាវីឌ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រះ‌រាជា​ដឹក​នាំ​ពួក​គេ​យ៉ាង​ប៉ិន‌ប្រសប់។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម