អេសាយ 45:18 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះយេហូវ៉ាជាព្រះអាទិករនៃផ្ទៃមេឃ ——ព្រះអង្គជាព្រះដែលសូន និងធ្វើផែនដី; ព្រះអង្គបានតាំងវាឡើង មិនមែននិម្មិតបង្កើតវាឲ្យនៅទទេឡើយ គឺសូនវាដើម្បីឲ្យគេរស់នៅ—— ព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា គ្មានអ្នកណាទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលព្រះអង្គសូនធ្វើ ហើយប្រតិស្ឋានផែនដីឲ្យមានឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «គឺយើងនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់បានបង្កើតផ្ទៃមេឃ ព្រមទាំងសូនផែនដី ព្រះអង្គបានពង្រឹងផែនដីឲ្យរឹងមាំ ព្រះអង្គមិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺព្រះអង្គបានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ព្រះអង្គមានព្រះបន្ទូលថា: “គឺយើងនេះហើយជាព្រះអម្ចាស់ ក្រៅពីយើង គ្មានព្រះអម្ចាស់ឯណាទៀតទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ាដែលបានបង្កើតផ្ទៃមេឃ ជាព្រះដែលទ្រង់សូនធ្វើ ហើយប្រតិស្ឋានផែនដី ក៏តាំងឡើង មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ ទ្រង់មានបន្ទូលដូច្នេះថា គឺអញនេះជាយេហូវ៉ា ឥតមានព្រះឯណាទៀតឡើយ អាល់គីតាប អុលឡោះតាអាឡាបានបង្កើតផ្ទៃមេឃ ព្រមទាំងបានសូនផែនដី ទ្រង់បានពង្រឹងផែនដីឲ្យរឹងមាំ ទ្រង់មិនបានបង្កើតផែនដីមក ដើម្បីឲ្យនៅទទេឡើយ គឺទ្រង់បានបង្កើតផែនដី ឲ្យសត្វលោកស្នាក់អាស្រ័យនៅ។ ទ្រង់មានបន្ទូលថា: “គឺយើងនេះហើយជាអុលឡោះតាអាឡា ក្រៅពីយើង គ្មានម្ចាស់ឯណាទៀតទេ។ |
ពេលនោះ ផែនដីគ្មានរូបរាង ហើយនៅទទេ ក៏មានភាពងងឹតនៅលើផ្ទៃនៃទីជម្រៅ ហើយព្រះវិញ្ញាណរបស់ព្រះក៏រេរានៅលើផ្ទៃទឹក។
ព្រះមានបន្ទូលថា៖ “ចូរពួកយើងបង្កើតមនុស្សតាមរូបរាងរបស់ពួកយើង ឲ្យមានលក្ខណៈដូចពួកយើង។ ចូរឲ្យគេគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស សត្វស្រុក ព្រមទាំងផែនដីទាំងមូល និងសត្វលូនវារគ្រប់ប្រភេទដែលលូនវារនៅលើផែនដី”។
ព្រះប្រទានពរពួកគេ ហើយព្រះមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី ហើយបង្ក្រាបវា ព្រមទាំងគ្រប់គ្រងលើត្រីនៅក្នុងសមុទ្រ បក្សាបក្សីនៅលើអាកាស និងសត្វមានជីវិតគ្រប់ប្រភេទដែលរវើកនៅលើផែនដី”។
ព្រះបានប្រទានពរណូអេ និងពួកកូនប្រុសរបស់គាត់ ដោយមានបន្ទូលនឹងពួកគេថា៖ “ចូរបង្កើតកូន ចូរកើនចំនួនឡើង ចូរឲ្យមានពាសពេញលើផែនដី។
បណ្ដាមេឃ គឺជាបណ្ដាមេឃរបស់ព្រះយេហូវ៉ា រីឯផែនដីវិញ ព្រះអង្គបានប្រទានដល់មនុស្សលោក។
តើនរណាបានឡើងទៅស្ថានសួគ៌ ហើយចុះមក? តើនរណាបានប្រមូលខ្យល់ទុកក្នុងដៃរបស់ខ្លួន? តើនរណាបានខ្ចប់ទឹកក្នុងអាវ? តើនរណាបានតាំងអស់ទាំងចុងបំផុតនៃផែនដីឡើង? តើអ្នកនោះឈ្មោះអ្វី? តើកូនរបស់អ្នកនោះឈ្មោះអ្វី? អ្នកពិតជាដឹង!
ព្រះយេហូវ៉ាដ៏ជាព្រះដែលនិម្មិតបង្កើតផ្ទៃមេឃ ហើយសន្ធឹងវា ជាព្រះដែលលាតផែនដី និងអ្វីដែលចេញមកពីទីនោះ ជាព្រះដែលប្រទានខ្យល់ដង្ហើមដល់បណ្ដាជននៅលើផែនដី ហើយប្រទានវិញ្ញាណដល់អ្នកដែលដើរនៅទីនោះ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖
ព្រះយេហូវ៉ាជាព្រះប្រោសលោះរបស់អ្នក និងជាអ្នកដែលសូនអ្នកតាំងពីផ្ទៃម្ដាយ គឺព្រះអង្គមានបន្ទូលដូច្នេះថា៖ “យើងជាយេហូវ៉ា ជាអ្នកដែលបង្កើតរបស់សព្វសារពើ; យើងបានសន្ធឹងផ្ទៃមេឃតែម្នាក់ឯង ហើយបានលាតផែនដីដោយខ្លួនយើង;
គឺយើងហើយ ដែលធ្វើផែនដី ហើយនិម្មិតបង្កើតមនុស្សនៅទីនោះ; គឺយើងហើយ ដែលលាតផ្ទៃមេឃដោយដៃរបស់យើង ហើយយើងបានបង្គាប់អស់ទាំងពលបរិវាររបស់វាដែរ។
មែនហើយ ដៃយើងផ្ទាល់បានចាក់គ្រឹះផែនដី ដៃស្ដាំរបស់យើងបានលាតផ្ទៃមេឃ; កាលណាយើងហៅ ពួកវានឹងឈរឡើងជាមួយគ្នា។
ក៏ភ្លេចព្រះយេហូវ៉ា ព្រះសូនបង្កើតរបស់អ្នក ជាអ្នកដែលលាតផ្ទៃមេឃ ព្រមទាំងចាក់គ្រឹះផែនដីផង ហើយចេះតែភ័យខ្លាចជានិច្ចវាល់ព្រឹកវាល់ល្ងាច ដោយព្រោះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខ នៅពេលគេរៀបនឹងបំផ្លាញអ្នកដូច្នេះ? ចុះសេចក្ដីក្ដៅក្រហាយរបស់អ្នកដែលធ្វើទុក្ខនោះ តើនៅឯណា?