សុភាសិត 29:16 - ព្រះគម្ពីរខ្មែរសាកល នៅពេលមនុស្សអាក្រក់កើនឡើង ការបំពានក៏កើនឡើងដែរ ប៉ុន្តែមនុស្សសុចរិតនឹងឃើញការដួលរលំរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាមនុស្សអាក្រក់ចម្រើនជាច្រើនឡើង នោះអំពើរំលងច្បាប់ក៏ចម្រើនឡើងដែរ ប៉ុន្តែ ពួកសុចរិតនឹងឃើញគ្រា ដែលគេដួលចុះទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើងកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាមនុស្សអាក្រក់ចំរើនជាច្រើនឡើង នោះសេចក្ដីរំលងច្បាប់ក៏ចំរើនឡើងដែរ ប៉ុន្តែពួកសុចរិតនឹងឃើញគ្រាដែលគេដួលចុះទៅវិញ។ អាល់គីតាប កាលណាមនុស្សអាក្រក់មានអំណាចកាន់តែច្រើនយ៉ាងណា អំពើអាក្រក់ក៏កើនឡើងកាន់តែច្រើនយ៉ាងនោះដែរ ប៉ុន្តែ មនុស្សសុចរិតនឹងឃើញពួកគេអន្តរាយ។ |
ចូរទន្ទឹងរង់ចាំព្រះយេហូវ៉ា ហើយកាន់តាមមាគ៌ារបស់ព្រះអង្គ នោះព្រះអង្គនឹងលើកអ្នកឡើងដើម្បីឲ្យទទួលផែនដីជាមរតក។ នៅពេលពួកមនុស្សអាក្រក់ត្រូវបានកាត់ចេញ អ្នកនឹងឃើញការនោះ។
ប៉ុន្តែគេកន្លងបាត់ទៅ ហើយមើល៍! មិនមានគេទៀតទេ! ទោះបីជាខ្ញុំស្វែងរកគេក៏ដោយ ក៏រកមិនឃើញដែរ។
មនុស្សសុចរិតនឹងអរសប្បាយនៅពេលបានឃើញការសងសឹក គេនឹងលាងជើងរបស់ខ្លួនក្នុងឈាមរបស់មនុស្សអាក្រក់។
អ្នកនឹងគ្រាន់តែមើលដោយភ្នែករបស់អ្នកប៉ុណ្ណោះ នោះនឹងឃើញការតបសងដល់មនុស្សអាក្រក់។
ភ្នែករបស់ទូលបង្គំនឹងមើលចុះមកពួកសត្រូវរបស់ទូលបង្គំ ត្រចៀករបស់ទូលបង្គំនឹងឮអំពីមនុស្សធ្វើអាក្រក់ដែលក្រោកឡើងប្រឆាំងនឹងទូលបង្គំ ត្រូវបានកម្ចាត់កម្ចាយ។
ព្រះយេហូវ៉ាអើយ មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គ! មើល៍! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនឹងវិនាស អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតនឹងត្រូវបានកម្ចាត់កម្ចាយ!
ព្រះអង្គដ៏សុចរិតយុត្តិធម៌ ឃ្លាំមើលផ្ទះរបស់មនុស្សអាក្រក់; ព្រះអង្គផ្ដួលរំលំមនុស្សអាក្រក់ឲ្យវិនាស។
នៅពេលមនុស្សសុចរិតកើនឡើង ប្រជាជននឹងអរសប្បាយ ប៉ុន្តែនៅពេលមនុស្សអាក្រក់គ្រប់គ្រង ប្រជាជននឹងស្រែកថ្ងូរ។
ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។
មេឃអើយ បណ្ដាវិសុទ្ធជន សាវ័ក និងព្យាការីអើយ ចូរអរសប្បាយដោយសារតែនាងចុះ! ដ្បិតព្រះបានជំនុំជម្រះ ហើយដាក់ទោសនាងឲ្យអ្នករាល់គ្នាហើយ!”។