វិវរណៈ 15 - ព្រះគម្ពីរខ្មែរសាកលពែងមាសទាំងប្រាំពីរនៃសេចក្ដីក្រេវក្រោធរបស់ព្រះ 1 បន្ទាប់មក ខ្ញុំឃើញទីសម្គាល់ដ៏ធំ និងអស្ចារ្យមួយទៀតនៅលើមេឃ គឺមានទូតសួគ៌ប្រាំពីររូបកាន់គ្រោះកាចប្រាំពីរចុងក្រោយ ដ្បិតសេចក្ដីក្រេវក្រោធរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេចដោយគ្រោះកាចទាំងនោះ។ 2 ពេលនោះ ខ្ញុំឃើញអ្វីដូចជាសមុទ្រកែវលាយជាមួយភ្លើង។ អ្នកដែលមានជ័យជម្នះលើសត្វតិរច្ឆាន និងរូបសំណាករបស់វា ព្រមទាំងលេខនៃឈ្មោះរបស់វា ក៏ឈរលើសមុទ្រកែវនោះ ទាំងកាន់ពិណរបស់ព្រះ 3 ហើយច្រៀងចម្រៀងរបស់ម៉ូសេបាវបម្រើរបស់ព្រះ និងចម្រៀងរបស់កូនចៀមថា៖ “ព្រះអម្ចាស់ដែលជាព្រះដ៏មានព្រះចេស្ដាអើយ កិច្ចការរបស់ព្រះអង្គធំឧត្ដម ហើយអស្ចារ្យណាស់! ព្រះមហាក្សត្រនៃប្រជាជាតិទាំងឡាយអើយ មាគ៌ារបស់ព្រះអង្គសុចរិតយុត្តិធម៌ ហើយត្រឹមត្រូវ! 4 ព្រះអម្ចាស់អើយ! តើមាននរណាមិនកោតខ្លាច ហើយមិនលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គ? ដ្បិតមានតែព្រះអង្គប៉ុណ្ណោះ ដែលវិសុទ្ធ។ ប្រជាជាតិទាំងអស់នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ដ្បិតសេចក្ដីយុត្តិធម៌របស់ព្រះអង្គត្រូវបានសម្ដែងហើយ”។ 5 បន្ទាប់ពីការទាំងនេះ ខ្ញុំសង្កេតមើល នោះមើល៍! ទីវិសុទ្ធរបស់ព្រះពន្លានៃសេចក្ដីបន្ទាល់នៅស្ថានសួគ៌ត្រូវបានបើកចំហ។ 6 ទូតសួគ៌ប្រាំពីររូបនោះដែលកាន់គ្រោះកាចទាំងប្រាំពីរ ក៏ចេញមកពីទីវិសុទ្ធ ទាំងពាក់ក្រណាត់ទេសឯកបរិសុទ្ធដ៏ភ្លឺរលោង ហើយពាក់ខ្សែក្រវាត់មាសនៅនឹងដើមទ្រូង។ 7 ពេលនោះ សត្វមានជីវិតមួយក្នុងសត្វមានជីវិតទាំងបួនបានប្រគល់ពែងមាសប្រាំពីរដល់ទូតសួគ៌ទាំងប្រាំពីររូប។ ពែងទាំងនោះពេញដោយសេចក្ដីក្រេវក្រោធរបស់ព្រះដែលមានព្រះជន្មរស់រហូតអស់កល្បជាអង្វែងតរៀងទៅ។ 8 ទីវិសុទ្ធក៏ពោរពេញទៅដោយផ្សែងពីសិរីរុងរឿងរបស់ព្រះ និងពីព្រះចេស្ដារបស់ព្រះអង្គ ហើយគ្មានអ្នកណាអាចចូលទៅក្នុងទីវិសុទ្ធបានឡើយ រហូតដល់គ្រោះកាចទាំងប្រាំពីររបស់ទូតសួគ៌ប្រាំពីររូបនោះ បានបញ្ចប់៕ |