Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 21 - ព្រះគម្ពីរខ្មែរសាកល

1 ចិត្ត​របស់​ស្ដេច​ជា​ផ្លូវទឹក​នៅក្នុង​ព្រះហស្ត​របស់​ព្រះយេហូវ៉ា ព្រះយេហូវ៉ា​បំបែរ​វា​ទៅ​ទីណាក៏ដោយ​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។

2 អស់ទាំង​ផ្លូវ​របស់​មនុស្ស ត្រឹមត្រូវ​ក្នុង​ភ្នែក​ខ្លួនឯង ប៉ុន្តែ​ព្រះយេហូវ៉ា​ស្ទង់​ចិត្ត​វិញ​។

3 ការដែល​អនុវត្ត​សេចក្ដីសុចរិត និង​សេចក្ដីយុត្តិធម៌ គាប់ព្រះហឫទ័យ​ព្រះយេហូវ៉ា​ជាង​យញ្ញបូជា​ទៅទៀត​។

4 ភ្នែក​ឆ្មើងឆ្មៃ និង​ចិត្ត​អំនួត ជា​ចង្កៀង​របស់​មនុស្ស​អាក្រក់ ទាំងនេះសុទ្ធតែជា​បាប​។

5 គម្រោង​របស់​មនុស្ស​ឧស្សាហ៍ ប្រាកដជា​នាំឲ្យ​មាន​ភាពបរិបូរ ប៉ុន្តែ​អស់អ្នក​ដែល​ប្រញាប់ ប្រាកដជា​មាន​ភាពខ្វះខាត​។

6 ការរក​ទ្រព្យសម្បត្តិ​ដោយ​អណ្ដាត​ភូតភរ ជា​ចំហាយ​ដែល​រសាត់បាត់ទៅ និងជាការ​ស្វែងរក​សេចក្ដីស្លាប់​។

7 អំពើហិង្សា​របស់​មនុស្ស​អាក្រក់​នឹង​បំផ្លាញ​ខ្លួនគេ ដ្បិត​គេ​បដិសេធមិន​អនុវត្ត​សេចក្ដីយុត្តិធម៌​។

8 ផ្លូវ​របស់​មនុស្ស​មានទោស​គឺ​វៀចវេរ ចំណែកឯ​មនុស្ស​បរិសុទ្ធ​វិញ ការប្រព្រឹត្ត​របស់គេ​គឺ​ទៀងត្រង់​។

9 រស់នៅ​តាម​ជ្រុង​នៃ​ដំបូលផ្ទះ ប្រសើរ​ជាង​រស់នៅ​ក្នុង​ផ្ទះ​ជាមួយ​ប្រពន្ធ​ឌុកដាន់​។

10 ព្រលឹង​របស់​មនុស្ស​អាក្រក់​ចេះតែចង់បាន​ការ​អាក្រក់​; អ្នកជិតខាង​របស់គេ​រកសេចក្ដីមេត្តា ក្នុង​ភ្នែក​របស់គេ​មិនបានឡើយ​។

11 នៅពេល​ដាក់ទោស​មនុស្សចំអកឡកឡឺយ មនុស្សខ្វះចំណេះដឹង​នឹង​មានប្រាជ្ញា នៅពេល​បង្រៀន​មនុស្ស​មានប្រាជ្ញា អ្នកនោះ​នឹង​ទទួលបាន​ចំណេះដឹង​។

12 ព្រះអង្គ​ដ៏សុចរិតយុត្តិធម៌ ឃ្លាំមើល​ផ្ទះ​របស់​មនុស្ស​អាក្រក់​; ព្រះអង្គ​ផ្ដួលរំលំ​មនុស្ស​អាក្រក់​ឲ្យ​វិនាស​។

13 អ្នកដែល​ខ្ទប់​ត្រចៀក​របស់ខ្លួន​ចំពោះ​សម្រែក​អ្នកក្រខ្សត់ អ្នកនោះ​ក៏​នឹង​ស្រែកហៅ​ដែរ ប៉ុន្តែ​គ្មាន​អ្នកណា​ឆ្លើយ​ឡើយ​។

14 អំណោយ​ឲ្យ​ដោយ​សម្ងាត់ រម្ងាប់​កំហឹង ហើយ​សំណូក​លាក់កំបាំង រម្ងាប់​សេចក្ដីក្ដៅក្រហាយ​។

15 ការដែល​អនុវត្ត​សេចក្ដីយុត្តិធម៌ ជា​អំណរ​ដល់​មនុស្ស​សុចរិត ប៉ុន្តែ​ជា​សេចក្ដីហិនវិនាស​ដល់​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។

16 មនុស្ស​ដែល​វង្វេង​ចេញពី​ផ្លូវ​នៃ​ប្រាជ្ញា នឹង​សម្រាក​នៅក្នុង​អង្គប្រជុំ​របស់​ព្រលឹងមនុស្សស្លាប់​។

17 អ្នកដែល​ស្រឡាញ់​ការសប្បាយ​នឹងក្លាយជា​មនុស្ស​ខ្វះខាត ហើយ​អ្នកដែល​ស្រឡាញ់​ស្រា និង​ប្រេង នឹង​មិន​ក្លាយជាអ្នកមាន​ឡើយ​។

18 មនុស្ស​អាក្រក់​ជា​ថ្លៃលោះ​សម្រាប់​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ទៀងត្រង់​។

19 រស់នៅ​ក្នុង​ទឹកដី​រហោស្ថាន ប្រសើរ​ជាង​រស់នៅ​ជាមួយ​ប្រពន្ធ​ឌុកដាន់ ហើយ​ឆាប់ខឹង​។

20 ទ្រព្យសម្បត្តិ​ដ៏មានតម្លៃ និង​ប្រេង នៅក្នុង​ផ្ទះ​របស់​មនុស្ស​មានប្រាជ្ញា ប៉ុន្តែ​មនុស្សល្ងង់​ស៊ីបង្ហិន​វា​វិញ​។

21 អ្នកដែល​ដេញតាម​សេចក្ដីសុចរិត និង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹង​រកឃើញ​ជីវិត សេចក្ដីសុចរិត និង​សិរីរុងរឿង​។

22 មនុស្ស​មានប្រាជ្ញា​ឡើងទៅ​ទីក្រុង​របស់​មនុស្ស​ខ្លាំងពូកែ ហើយ​រំលំ​ទីទុកចិត្ត​ដ៏រឹងមាំ​របស់ទីក្រុងនោះ​។

23 អ្នកដែល​រក្សា​មាត់ និង​អណ្ដាត​របស់ខ្លួន គឺ​រក្សា​ព្រលឹង​របស់ខ្លួន​ពី​ទុក្ខវេទនា​។

24 មនុស្ស​ក្អេងក្អាង និង​ឆ្មើងឆ្មៃ មាន​ឈ្មោះ​ថា “មនុស្សចំអកឡកឡឺយ” ជា​អ្នកដែល​ប្រព្រឹត្ត​ដោយ​ភាពក្រអឺតក្រទម​ហួសប្រមាណ​។

25 ចំណង់​របស់​មនុស្ស​ខ្ជិលច្រអូស​នឹង​សម្លាប់​ខ្លួនគេ ពីព្រោះ​ដៃ​គេ​បដិសេធមិន​ធ្វើការ​។

26 មាន​គេ​ចេះតែលោភចង់បាន វាល់ព្រឹកវាល់ល្ងាច រីឯ​មនុស្ស​សុចរិត​វិញ ចេះតែ​ឲ្យ​ដោយ​ឥត​សំចៃ​ឡើយ​។

27 យញ្ញបូជា​របស់​មនុស្ស​អាក្រក់​ជា​ទីស្អប់ខ្ពើម​ទៅហើយ ចុះទម្រាំ​ពេល​គេ​ថ្វាយ​ដោយ​បំណងអាក្រក់​វិញ តើនឹងលើសជាង​អម្បាលម៉ាន​ទៅទៀត​។

28 សាក្សី​ភូតភរ​នឹង​វិនាស រីឯ​មនុស្ស​ដែល​ពិតជា​បាន​ឮ នឹង​បាន​និយាយ​ជារៀងរហូត​។

29 មនុស្ស​អាក្រក់​ធ្វើមុខក្រាស់ រីឯ​មនុស្ស​ទៀងត្រង់​មធ្យ័ត​ក្នុង​ផ្លូវ​របស់ខ្លួន​។

30 គ្មាន​ប្រាជ្ញា​ណា គ្មាន​ការយល់ដឹង​ណា ហើយ​គ្មាន​ការប្រឹក្សា​ណា ដែលអាច​ទាស់នឹង​ព្រះយេហូវ៉ា​ឡើយ​។

31 សេះ​មាន​ត្រៀម​ទុក​សម្រាប់​ថ្ងៃ​នៃ​សង្គ្រាម ប៉ុន្តែ​ជ័យជម្នះ​ស្រេចលើ​ព្រះយេហូវ៉ា​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម