Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 58 - ព្រះគម្ពីរខ្មែរសាកល


សម្រែកទាស់នឹងភាពអយុត្តិធម៌
មីកតាំ ​របស់​ដាវីឌ សម្រាប់​អ្នកដឹកនាំចម្រៀង ត្រូវលេងតាមទំនុកភ្លេង​កុំ​បំផ្លាញ​។

1 មេគ្រប់គ្រង​អើយ តើ​អ្នករាល់គ្នា​ពិតជា​ថ្លែង​សេចក្ដីយុត្តិធម៌​ឬ​? តើ​អ្នករាល់គ្នា​កាត់ក្ដី​មនុស្សលោក​ដោយ​សេចក្ដីទៀងត្រង់​ឬ​?

2 ទេ​! អ្នករាល់គ្នា​ប្រព្រឹត្ត​អំពើទុច្ចរិត​ក្នុងចិត្ត អ្នករាល់គ្នា​អនុវត្ត​អំពើហិង្សា​នៃ​ដៃ​របស់ខ្លួន នៅលើ​ផែនដី​។

3 មនុស្ស​អាក្រក់​បាក់បែក​ចេញពីព្រះ​តាំងពី​ផ្ទៃម្ដាយ អ្នកដែល​និយាយ​ភូតភរ​វង្វេងបាត់​តាំងពី​ផ្ទៃម្ដាយ​។

4 ពិស​របស់ពួកគេ​ដូច​ពិស​របស់​ពស់ ពួកគេ​ខ្ទប់​ត្រចៀក​របស់ខ្លួន​ដូច​ពស់វែក​ថ្លង់

5 ដើម្បីកុំឲ្យ​ឮ​សំឡេង​របស់​គ្រូចាប់ពស់ ឬ​អ្នក​សូត្រ​មន្តអាគម​យ៉ាងពូកែ​។

6 ឱ​ព្រះ​អើយ សូម​បំបាក់​ធ្មេញ​នៅក្នុង​មាត់​របស់ពួកគេ​! ព្រះយេហូវ៉ា​អើយ សូម​កាច់​ចង្កូម​របស់​ពួក​សិង្ហស្ទាវ​ផង​!

7 សូមឲ្យ​ពួកគេ​ផុតទៅ​ដូច​ទឹក​ហូរ សូមឲ្យ​ព្រួញ​ទាំងនោះ​រឹល​វិញ កាលណា​ពួកគេ​យឹត​ព្រួញ​របស់ខ្លួន​។

8 សូមឲ្យពួកគេបាន​ដូច​ខ្យងក្ដក់​ដែល​វារ​បណ្ដើរ រលាយ​បណ្ដើរ និង​ដូច​កូនរលូត​របស់​ស្ត្រី ដែល​មិនដែល​ឃើញ​ពន្លឺថ្ងៃ​។

9 មុន​ភ្លើង​បន្លា​ប៉ះ​ឆ្នាំង​របស់អ្នករាល់គ្នា ព្រះអង្គ​នឹង​ផាត់យកទៅ ទោះបីជា​វា​ស្រស់ ឬ​ឆេះ​ក៏ដោយ​។

10 មនុស្ស​សុចរិត​នឹង​អរសប្បាយ​នៅពេល​បាន​ឃើញ​ការសងសឹក គេ​នឹង​លាង​ជើង​របស់ខ្លួន​ក្នុង​ឈាម​របស់​មនុស្ស​អាក្រក់​។

11 ដូច្នេះ មនុស្ស​នឹង​ពោលថា​៖ “ពិតជា​មាន​ផល​សម្រាប់​មនុស្ស​សុចរិត​មែន​! ពិតជា​មាន​ព្រះ​ដែល​ជំនុំជម្រះ​នៅលើ​ផែនដី​មែន​!”៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម