ពួកមិត្តសម្លាញ់របស់ទូលបង្គំ និងពួកមិត្តភក្ដិរបស់ទូលបង្គំ ឈរឆ្ងាយពីគ្រោះកាចរបស់ទូលបង្គំ ហើយសាច់ញាតិរបស់ទូលបង្គំក៏ឈរពីចម្ងាយដែរ។
សុភាសិត 19:7 - ព្រះគម្ពីរខ្មែរសាកល អស់ទាំងបងប្អូនរបស់អ្នកក្រីក្រស្អប់គាត់ទៅហើយ ចុះទម្រាំមិត្តភក្ដិរបស់គាត់វិញ តើគេចេញឆ្ងាយពីគាត់អម្បាលម៉ានទៅទៀត! គាត់អង្វរដោយពាក្យសម្ដី ក៏ពួកគេមិនខ្វល់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សក្រីក្រ សុទ្ធតែត្រូវបងប្អូនទាំងអស់ស្អប់ទៅហើយ នោះចំណង់បើមិត្តភក្តិ តើនឹងឃ្លាតឆ្ងាយពីអ្នកនោះ ជាជាងអម្បាលម៉ានទៅទៀត អ្នកនោះតាមទៅអង្វរគេ តែគេគេចបាត់អស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្តភក្ដិក៏បោះបង់ចោលដែរ កាលណាត្រូវការរកគេ គេគេចបាត់អស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងបងប្អូនរបស់អ្នកទាល់ក្រ ក៏ស្អប់អ្នកនោះ ចំណង់បើមិត្រភក្តិ តើនឹងឃ្លាតចេញឆ្ងាយ ពីអ្នកនោះជាជាងអំបាលម៉ានទៅទៀត អ្នកនោះនឹងតាមទៅអង្វរ តែគេគេចបាត់ទៅ។ អាល់គីតាប មនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្តភក្ដិក៏បោះបង់ចោលដែរ កាលណាត្រូវការរកគេ គេគេចបាត់អស់។ |
ពួកមិត្តសម្លាញ់របស់ទូលបង្គំ និងពួកមិត្តភក្ដិរបស់ទូលបង្គំ ឈរឆ្ងាយពីគ្រោះកាចរបស់ទូលបង្គំ ហើយសាច់ញាតិរបស់ទូលបង្គំក៏ឈរពីចម្ងាយដែរ។
រីឯពួកដែលស្វែងរកព្រលឹងរបស់ទូលបង្គំក៏ដាក់អន្ទាក់ ហើយពួកដែលប្រឹងរកដើម្បីធ្វើទុក្ខទូលបង្គំក៏និយាយសេចក្ដីអន្តរាយ; ពួកគេប៉ុនប៉ងល្បិចកលវាល់ព្រឹកវាល់ល្ងាច។
ព្រះអង្គបានយកអ្នកដ៏ជាទីស្រឡាញ់ និងមិត្តភក្ដិចេញឆ្ងាយពីទូលបង្គំ; មានតែភាពងងឹតប៉ុណ្ណោះ ជាមិត្តស្និទ្ធស្នាលរបស់ទូលបង្គំ៕
ព្រះអង្គបានយកអ្នកដែលទូលបង្គំស្គាល់ចេញឆ្ងាយពីទូលបង្គំ ក៏បានធ្វើឲ្យទូលបង្គំទៅជាទីស្អប់ខ្ពើមដល់ពួកគេ; ទូលបង្គំត្រូវបានបង្ខាំង ហើយចេញមកមិនបានឡើយ។
ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ រីឯភាពក្រីក្ររបស់អ្នកក្រខ្សត់ ជាសេចក្ដីហិនវិនាសរបស់ពួកគេ។
អ្នកក្រីក្រត្រូវគេស្អប់ សូម្បីតែអ្នកជិតខាងរបស់ខ្លួន រីឯអ្នកមានវិញ មានមិត្តភក្ដិច្រើន។
ទ្រព្យសម្បត្តិបង្កើនចំនួនមិត្តភក្ដិឲ្យច្រើនឡើង រីឯអ្នកក្រខ្សត់ត្រូវបានបំបែកបំបាក់ពីមិត្តសម្លាញ់របស់ខ្លួន។
អ្នកដែលខ្ទប់ត្រចៀករបស់ខ្លួនចំពោះសម្រែកអ្នកក្រខ្សត់ អ្នកនោះក៏នឹងស្រែកហៅដែរ ប៉ុន្តែគ្មានអ្នកណាឆ្លើយឡើយ។
កុំបោះបង់ចោលមិត្តភក្ដិរបស់ខ្លួន ឬមិត្តភក្ដិរបស់ឪពុកខ្លួនឡើយ; កុំទៅផ្ទះរបស់បងប្អូនអ្នកនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់អ្នក; អ្នកជិតខាងដែលនៅជិត ប្រសើរជាងបងប្អូនដែលនៅឆ្ងាយ។
ប៉ុន្តែអ្នករាល់គ្នាបានបង្អាប់បង្អោនអ្នកក្រនោះ! មិនមែនជាអ្នកមានទេឬ ដែលសង្កត់សង្កិនអ្នករាល់គ្នា ហើយអូសអ្នករាល់គ្នាទៅតុលាការ?