សុភាសិត 10 - ព្រះគម្ពីរខ្មែរសាកលកម្រងសុភាសិតរបស់សាឡូម៉ូន 1 សុភាសិតរបស់សាឡូម៉ូន: កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯកូនល្ងង់ជាការព្រួយចិត្តដល់ម្ដាយរបស់ខ្លួន។ 2 ទ្រព្យសម្បត្តិនៃសេចក្ដីអាក្រក់គ្មានប្រយោជន៍ឡើយ រីឯសេចក្ដីសុចរិតរំដោះឲ្យរួចពីសេចក្ដីស្លាប់។ 3 ព្រះយេហូវ៉ាមិនឲ្យមនុស្សសុចរិតស្រេកឃ្លានឡើយ ប៉ុន្តែព្រះអង្គច្រានចំណង់លោភលន់របស់មនុស្សអាក្រក់ចោល។ 4 ដៃខ្ជិលច្រអូសធ្វើឲ្យក្រីក្រ រីឯដៃឧស្សាហ៍ធ្វើឲ្យមានស្ដុកស្ដម្ភ។ 5 អ្នកដែលប្រមូលទុកនៅរដូវក្ដៅ ជាកូនដែលមានប្រាជ្ញា រីឯអ្នកដែលដេកនៅរដូវច្រូតកាត់ ជាកូនដែលនាំមកនូវសេចក្ដីអាម៉ាស់។ 6 ព្រះពរស្ថិតនៅលើក្បាលរបស់មនុស្សសុចរិត ប៉ុន្តែមាត់របស់មនុស្សអាក្រក់លាក់បាំងអំពើហិង្សា។ 7 អនុស្សាវរីយ៍អំពីមនុស្សសុចរិតជាព្រះពរ រីឯឈ្មោះរបស់មនុស្សអាក្រក់នឹងស្អុយរលួយ។ 8 ចិត្តរបស់មនុស្សមានប្រាជ្ញា ទទួលយកសេចក្ដីបង្គាប់ រីឯបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។ 9 អ្នកដែលដើរក្នុងសេចក្ដីគ្រប់លក្ខណ៍ គឺដើរដោយសុវត្ថិភាព រីឯអ្នកដែលបង្វៀចផ្លូវរបស់ខ្លួននឹងត្រូវបានលាតត្រដាង។ 10 អ្នកដែលមិចភ្នែកធ្វើឲ្យមានទុក្ខព្រួយ ហើយបបូរមាត់របស់មនុស្សល្ងីល្ងើនាំមកនូវសេចក្ដីហិនវិនាស។ 11 មាត់របស់មនុស្សសុចរិតជាប្រភពទឹកនៃជីវិត រីឯមាត់របស់មនុស្សអាក្រក់លាក់បាំងអំពើហិង្សា។ 12 សម្អប់បង្កឲ្យមានជម្លោះ រីឯសេចក្ដីស្រឡាញ់គ្របបាំងការបំពានគ្រប់យ៉ាង។ 13 ប្រាជ្ញាត្រូវបានរកឃើញនៅលើបបូរមាត់របស់អ្នកដែលមានការយល់ច្បាស់ រីឯរំពាត់ គឺសម្រាប់ខ្នងរបស់អ្នកដែលខ្វះវិចារណញ្ញាណ។ 14 មនុស្សមានប្រាជ្ញាសន្សំចំណេះដឹងទុក រីឯមាត់របស់មនុស្សល្ងីល្ងើនៅជិតសេចក្ដីហិនវិនាស។ 15 ទ្រព្យសម្បត្តិរបស់អ្នកមាន ជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ រីឯភាពក្រីក្ររបស់អ្នកក្រខ្សត់ ជាសេចក្ដីហិនវិនាសរបស់ពួកគេ។ 16 ថ្លៃឈ្នួលរបស់មនុស្សសុចរិតនាំទៅដល់ជីវិត រីឯផលរបស់មនុស្សអាក្រក់នាំទៅដល់បាប។ 17 អ្នកដែលទទួលយកសេចក្ដីប្រៀនប្រដៅ គឺនៅក្នុងផ្លូវទៅកាន់ជីវិត រីឯអ្នកដែលបោះបង់ចោលការស្ដីប្រដៅ នាំគេឲ្យវង្វេង។ 18 អ្នកដែលលាក់បាំងសម្អប់ គឺមានបបូរមាត់ភូតភរ ហើយអ្នកដែលបញ្ចេញពាក្យមួលបង្កាច់ អ្នកនោះជាមនុស្សល្ងង់។ 19 នៅពេលមានពាក្យសម្ដីច្រើន ការបំពានមិនឈប់ឡើយ រីឯអ្នកដែលទប់បបូរមាត់របស់ខ្លួន ជាអ្នកមានប្រាជ្ញា។ 20 អណ្ដាតរបស់មនុស្សសុចរិត ប្រៀបដូចជាប្រាក់ដែលសម្រិតសម្រាំង រីឯចិត្តរបស់មនុស្សអាក្រក់មានតម្លៃតិចណាស់។ 21 បបូរមាត់របស់មនុស្សសុចរិត ចិញ្ចឹមមនុស្សជាច្រើន រីឯមនុស្សល្ងីល្ងើស្លាប់ដោយព្រោះខ្វះវិចារណញ្ញាណ។ 22 ព្រះពររបស់ព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយព្រះអង្គមិនបន្ថែមការនឿយហត់ក្នុងព្រះពរនោះឡើយ។ 23 ការធ្វើអាក្រក់ជាការសប្បាយដល់មនុស្សល្ងង់ រីឯប្រាជ្ញាជាការសប្បាយដល់មនុស្សដែលមានការយល់ដឹង។ 24 អ្វីដែលមនុស្សអាក្រក់ភ័យខ្លាច ការនោះនឹងធ្លាក់មកលើពួកគេ រីឯបំណងប្រាថ្នារបស់មនុស្សសុចរិត នឹងត្រូវបានប្រទានឲ្យ។ 25 កាលណាព្យុះសង្ឃរាផាត់បាត់ទៅ មនុស្សអាក្រក់ក៏គ្មានទៀតដែរ រីឯមនុស្សសុចរិតនៅស្ថិតស្ថេរជារៀងរហូត។ 26 ដូចដែលទឹកខ្មេះដល់ធ្មេញជាយ៉ាងណា ហើយផ្សែងដល់ភ្នែកជាយ៉ាងណា មនុស្សខ្ជិលច្រអូសក៏ជាយ៉ាងនោះដែរ ដល់អ្នកដែលចាត់គាត់ឲ្យទៅ។ 27 ការកោតខ្លាចព្រះយេហូវ៉ាបន្ថែមអាយុ ប៉ុន្តែឆ្នាំរបស់មនុស្សអាក្រក់ នឹងត្រូវបានបន្ថយឲ្យខ្លី។ 28 ក្ដីសង្ឃឹមរបស់មនុស្សសុចរិតនាំមកនូវអំណរ រីឯការរំពឹងទុករបស់មនុស្សអាក្រក់នឹងវិនាស។ 29 មាគ៌ារបស់ព្រះយេហូវ៉ាជាបន្ទាយដល់មនុស្សគ្រប់លក្ខណ៍ ប៉ុន្តែជាសេចក្ដីហិនវិនាសដល់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត។ 30 មនុស្សសុចរិតនឹងមិនរង្គើជារៀងរហូត ប៉ុន្តែមនុស្សអាក្រក់នឹងរស់នៅផែនដីមិនបានឡើយ។ 31 មាត់របស់មនុស្សសុចរិតបញ្ចេញប្រាជ្ញា រីឯអណ្ដាតនៃសេចក្ដីកំហូចនឹងត្រូវបានកាត់ចេញ។ 32 បបូរមាត់របស់មនុស្សសុចរិតចេះនិយាយអ្វីដែលសមគួរ រីឯមាត់របស់មនុស្សអាក្រក់និយាយតែសេចក្ដីកំហូច៕ |