សុភាសិត 27 - ព្រះគម្ពីរខ្មែរសាកល1 កុំអួតអំពីថ្ងៃស្អែកឡើយ ដ្បិតអ្នកមិនដឹងថាក្នុងមួយថ្ងៃមានអ្វីកើតឡើងនោះទេ។ 2 ទុកឲ្យអ្នកឯទៀតសរសើរអ្នកចុះ គឺមិនមែនមាត់ខ្លួនឯងទេ ក៏ទុកឲ្យអ្នកដទៃសរសើរវិញ គឺមិនមែនបបូរមាត់ខ្លួនឯងដែរ។ 3 ថ្មធ្ងន់ ហើយខ្សាច់ក៏មានទម្ងន់ដែរ ប៉ុន្តែកំហឹងរបស់មនុស្សល្ងីល្ងើ ធ្ងន់ជាងវាទាំងពីរទៅទៀត។ 4 សេចក្ដីក្ដៅក្រហាយគឺឃោរឃៅ ហើយកំហឹងដូចជាទឹកជំនន់ ប៉ុន្តែតើនរណាអាចឈរនៅមុខសេចក្ដីប្រច័ណ្ឌបាន? 5 ការស្ដីប្រដៅដោយបើកចំហ ប្រសើរជាងសេចក្ដីស្រឡាញ់ដែលលាក់បាំង។ 6 របួសពីមិត្តសម្លាញ់ គឺស្មោះត្រង់ រីឯការថើបពីអ្នកដែលស្អប់ខ្លួន គឺជ្រុលពេក។ 7 មនុស្សដែលឆ្អែត ខ្ពើមទឹកឃ្មុំ ប៉ុន្តែចំពោះមនុស្សដែលឃ្លាន អ្វីៗដែលល្វីងក៏សុទ្ធតែផ្អែមដែរ។ 8 ដូចដែលសត្វស្លាបសាត់អណ្ដែតចេញពីសម្បុករបស់វាយ៉ាងណា មនុស្សដែលសាត់អណ្ដែតចេញពីស្រុករបស់ខ្លួនក៏ជាយ៉ាងនោះដែរ។ 9 ប្រេង និងគ្រឿងក្រអូបធ្វើឲ្យចិត្តអរសប្បាយ ហើយភាពផ្អែមល្ហែមរបស់មិត្តភក្ដិខ្លួន មកពីការប្រឹក្សាដ៏អស់ពីចិត្ត។ 10 កុំបោះបង់ចោលមិត្តភក្ដិរបស់ខ្លួន ឬមិត្តភក្ដិរបស់ឪពុកខ្លួនឡើយ; កុំទៅផ្ទះរបស់បងប្អូនអ្នកនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់អ្នក; អ្នកជិតខាងដែលនៅជិត ប្រសើរជាងបងប្អូនដែលនៅឆ្ងាយ។ 11 កូនរបស់ខ្ញុំអើយ ចូរមានប្រាជ្ញា ហើយធ្វើឲ្យចិត្តរបស់ខ្ញុំមានអំណរចុះ ដើម្បីឲ្យខ្ញុំមានចម្លើយបកទៅអ្នកដែលត្មះតិះដៀលខ្ញុំវិញ។ 12 មនុស្សឆ្លាតវៃឃើញមហន្តរាយ ក៏លាក់ខ្លួន រីឯមនុស្សខ្វះចំណេះដឹងដើរចូលទៅ ហើយទទួលទោស។ 13 ចំពោះអ្នកដែលធានាឲ្យជនមិនស្គាល់ ចូរយកសម្លៀកបំពាក់របស់គាត់; ចំពោះអ្នកដែលធានាឲ្យស្រីក្រៅ ចូរយករបស់បញ្ចាំចុះ។ 14 អ្នកដែលឲ្យពរអ្នកជិតខាងដោយសំឡេងយ៉ាងខ្លាំងតាំងពីព្រឹកព្រលឹម នោះនឹងត្រូវបានរាប់ជាបណ្ដាសាដល់គេវិញ។ 15 ប្រពន្ធឌុកដាន់ និងតំណក់ទឹកដែលស្រក់ជានិច្ចនៅថ្ងៃមានភ្លៀង គឺដូចគ្នា។ 16 អ្នកដែលឃាត់នាងបាន គឺឃាត់ខ្យល់បាន ឬចាប់ប្រេងនឹងដៃស្ដាំខ្លួនបានដែរ។ 17 ដែកសំលៀងដែក ហើយមនុស្សក៏សំលៀងគ្នាទៅវិញទៅមកដែរ។ 18 អ្នកដែលថែរក្សាដើមល្វានឹងហូបផ្លែវា ហើយអ្នកដែលរក្សាចៅហ្វាយរបស់ខ្លួននឹងត្រូវបានលើកតម្កើង។ 19 ដូចដែលមុខឆ្លុះឲ្យឃើញមុខក្នុងទឹកយ៉ាងណា ចិត្តរបស់មនុស្សក៏ឆ្លុះឲ្យឃើញខ្លួនគេយ៉ាងនោះដែរ។ 20 ស្ថានមនុស្សស្លាប់ និងស្ថាននរកមិនចេះឆ្អែតឡើយ ហើយភ្នែករបស់មនុស្សក៏មិនចេះឆ្អែតដែរ។ 21 ឡរំលាយមានសម្រាប់ប្រាក់ ហើយឡដុតមានសម្រាប់មាស រីឯមនុស្សវិញ ត្រូវបានសាកល្បងដោយពាក្យសរសើរអំពីខ្លួន។ 22 ទោះបីជាបុកមនុស្សល្ងីល្ងើដោយអង្រែក្នុងត្បាល់ជាមួយស្រូវក៏ដោយ ក៏ភាពល្ងីល្ងើរបស់គេនៅតែមិនចាកចេញពីគេឡើយ។ 23 ចូរស្គាល់ច្បាស់នូវស្ថានភាពហ្វូងចៀមរបស់ខ្លួន ហើយផ្ចង់ចិត្តអ្នកនឹងហ្វូងសត្វចុះ 24 ដ្បិតទ្រព្យសម្បត្តិមិននៅជារៀងរហូតឡើយ ហើយមកុដក៏មិននៅពីជំនាន់មួយទៅជំនាន់មួយដែរ។ 25 កាលណាស្មៅក្រៀមត្រូវបានកាត់ចេញ ស្មៅខ្ចីក៏លេចឡើង ហើយស្មៅពីភ្នំក៏ត្រូវបានប្រមូលទុក 26 នោះកូនចៀមនឹងផ្ដល់សម្លៀកបំពាក់ដល់អ្នក ហើយពពែឈ្មោលនឹងទៅជាថ្លៃចម្ការ; 27 ទឹកដោះពពែញីនឹងមានល្មមសម្រាប់ជាអាហារអ្នក និងសម្រាប់ជាអាហារអ្នកផ្ទះរបស់អ្នក ព្រមទាំងជាអាហារចិញ្ចឹមសម្រាប់ពួកអ្នកបម្រើស្រីរបស់អ្នកផង៕ |