សុភាសិត 18 - ព្រះគម្ពីរខ្មែរសាកល1 អ្នកដែលផ្ដាច់ខ្លួនចេញពីគេ គឺស្វែងរកតែចំណង់របស់ខ្លួន ហើយប្រឆាំងនឹងប្រាជ្ញាត្រឹមត្រូវគ្រប់យ៉ាង។ 2 មនុស្សល្ងង់មិនពេញចិត្តនឹងការយល់ដឹងទេ គឺគ្រាន់តែចង់បញ្ចេញយោបល់របស់ខ្លួនប៉ុណ្ណោះ។ 3 កាលណាមនុស្សអាក្រក់មកដល់ សេចក្ដីមើលងាយក៏មកជាមួយ ហើយកាលណាការត្មះតិះដៀលមកដល់ សេចក្ដីអាម៉ាស់ក៏មកជាមួយដែរ។ 4 ពាក្យសម្ដីពីមាត់មនុស្សជាទឹកដ៏ជ្រៅ; ប្រភពទឹកនៃប្រាជ្ញាជាទឹកជ្រោះដែលហូរចេញ។ 5 ការដែលយល់មុខមនុស្សអាក្រក់ ឬដកយកយុត្តិធម៌ចេញពីមនុស្សសុចរិត មិនល្អទេ។ 6 បបូរមាត់របស់មនុស្សល្ងង់ចូលទៅក្នុងជម្លោះ ហើយមាត់របស់គាត់អញ្ជើញការវាយនឹងរំពាត់ឲ្យមក។ 7 មាត់របស់មនុស្សល្ងង់ជាសេចក្ដីហិនវិនាសដល់ខ្លួនគេ ហើយបបូរមាត់របស់គាត់ជាអន្ទាក់ដល់ព្រលឹងរបស់ខ្លួន។ 8 ពាក្យសម្ដីរបស់អ្នកនិយាយអេចអូច ប្រៀបដូចជាអាហារដ៏ឆ្ងាញ់ ដែលចុះទៅដល់ផ្នែកខាងក្នុងនៃរូបកាយ។ 9 អ្នកដែលខ្ជិលក្នុងការងាររបស់ខ្លួន អ្នកនោះជាបងប្អូននឹងអ្នកបំផ្លាញ។ 10 ព្រះនាមរបស់ព្រះយេហូវ៉ាជាប៉មដ៏រឹងមាំ មនុស្សសុចរិតនឹងរត់ទៅរកប៉មនោះ ក៏ត្រូវបានលើកឡើងឲ្យរួចផុត។ 11 ទ្រព្យសម្បត្តិរបស់អ្នកមានជាទីក្រុងដ៏រឹងមាំដល់ខ្លួនគេ ហើយដូចជាកំពែងដ៏ខ្ពស់ក្នុងការស្រមើស្រមៃរបស់ខ្លួនគេ។ 12 មុនសេចក្ដីអន្តរាយ ចិត្តរបស់មនុស្សលើកខ្លួនឡើង មុនសិរីរុងរឿង មានការបន្ទាបខ្លួន។ 13 អ្នកដែលឲ្យចម្លើយមុននឹងស្ដាប់ នោះជាភាពល្ងង់ និងជាភាពអាប់យសដល់អ្នកនោះ។ 14 វិញ្ញាណរបស់មនុស្សទ្រាំទ្រនឹងជំងឺរបស់ខ្លួន ប៉ុន្តែវិញ្ញាណខ្ទេចខ្ទាំវិញ តើនរណាអាចទ្រវាឡើងបាន? 15 ចិត្តដែលមានការយល់ច្បាស់ ទទួលបានចំណេះដឹង ហើយត្រចៀករបស់មនុស្សមានប្រាជ្ញាក៏ស្វែងរកចំណេះដឹងដែរ។ 16 ជំនូនរបស់មនុស្សបើកផ្លូវឲ្យអ្នកនោះ ហើយនាំអ្នកនោះទៅនៅចំពោះអ្នកធំ។ 17 អ្នកដែលប្ដឹងរឿងក្ដីមុនគេ មើលទៅដូចជាត្រឹមត្រូវមែន ប៉ុន្តែកាលណាគូវិវាទមកដល់ ហើយសាកសួរអ្នកនោះ ទើបដឹងច្បាស់។ 18 ការចាប់ឆ្នោតអាចបញ្ចប់ជម្លោះ ហើយបំបែកពួកអ្នកខ្លាំងពូកែចេញពីគ្នា។ 19 បងប្អូនដែលអាក់អន់ចិត្ត ពិបាកចូលទៅជិតជាងទីក្រុងដ៏រឹងមាំទៅទៀត ហើយជម្លោះក៏ប្រៀបដូចជារនុកបន្ទាយ។ 20 ក្រពះមនុស្សនឹងឆ្អែតដោយផលផ្លែនៃមាត់របស់ខ្លួន ក៏នឹងឆ្អែតដោយភោគផលនៃបបូរមាត់របស់ខ្លួនដែរ។ 21 សេចក្ដីស្លាប់ និងជីវិត នៅក្រោមអំណាចនៃអណ្ដាត អ្នកដែលស្រឡាញ់អណ្ដាត ក៏នឹងហូបផលរបស់វា។ 22 អ្នកដែលរកបានប្រពន្ធ គឺរកបានរបស់ល្អ ហើយទទួលបានការគាប់ព្រះហឫទ័យពីព្រះយេហូវ៉ា។ 23 អ្នកក្រីក្រនិយាយពាក្យអង្វរករ ប៉ុន្តែអ្នកមានឆ្លើយយ៉ាងគំរោះគំរើយ។ 24 មនុស្សដែលមានមិត្តភក្ដិច្រើនក៏អាចវិនាសដែរ ប៉ុន្តែមានមិត្តសម្លាញ់ម្នាក់ដែលស្និទ្ធស្នាលជាងបងប្អូនទៅទៀត៕ |