Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

សុភា‌សិត 19 - ព្រះគម្ពីរខ្មែរសាកល

1 អ្នកក្រីក្រ​ដែល​ដើរ​ក្នុង​សេចក្ដីគ្រប់លក្ខណ៍​របស់ខ្លួន ប្រសើរ​ជាង​អ្នកដែល​មាន​បបូរមាត់​វៀចវេរ ហើយ​ជា​មនុស្សល្ងង់​។

2 ចិត្តឆេះឆួល​ដែល​គ្មាន​ចំណេះដឹង គឺ​មិន​ល្អ​ទេ ហើយ​អ្នកដែល​ប្រញាប់​ឈាន​ជើង អ្នកនោះ​ភ្លាត់ដំណើរ​។

3 ភាពល្ងីល្ងើ​របស់​មនុស្ស​បំផ្លាញ​ផ្លូវ​របស់ខ្លួន ប៉ុន្តែ​ចិត្ត​អ្នកនោះ​ច្រឡោតខឹង​នឹង​ព្រះយេហូវ៉ា​វិញ​។

4 ទ្រព្យសម្បត្តិ​បង្កើនចំនួន​មិត្តភក្ដិ​ឲ្យ​ច្រើន​ឡើង រីឯ​អ្នកក្រខ្សត់​ត្រូវបាន​បំបែកបំបាក់​ពី​មិត្តសម្លាញ់​របស់ខ្លួន​។

5 សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​ក៏​គេច​មិន​រួច​ដែរ​។

6 មនុស្ស​ជាច្រើន​ខំយកចិត្ត​អភិជន ហើយ​មនុស្ស​ទាំងអស់​ជា​មិត្តភក្ដិ​នឹង​អ្នក​ដែលជូន​ជំនូន​។

7 អស់ទាំង​បងប្អូន​របស់​អ្នកក្រីក្រ​ស្អប់​គាត់​ទៅហើយ ចុះទម្រាំ​មិត្តភក្ដិ​របស់គាត់​វិញ តើ​គេ​ចេញឆ្ងាយ​ពី​គាត់​អម្បាលម៉ាន​ទៅទៀត​! គាត់​អង្វរ​ដោយ​ពាក្យសម្ដី ក៏​ពួកគេ​មិន​ខ្វល់​ដែរ​។

8 អ្នកដែល​ទទួលបាន​វិចារណញ្ញាណ ស្រឡាញ់​ព្រលឹង​របស់ខ្លួន អ្នកដែល​រក្សា​ការយល់ដឹង រកឃើញ​សេចក្ដី​ល្អ​។

9 សាក្សី​ភូតភរ​នឹង​មិន​រួចទោស​ទេ ហើយ​អ្នកដែល​បញ្ចេញ​ពាក្យភូតភរ​នឹង​វិនាស​។

10 ភាពប្រណិត​មិន​សម​នឹង​មនុស្សល្ងង់​ទៅហើយ ចុះទម្រាំ​ការដែល​បាវបម្រើ​គ្រប់គ្រង​លើ​អ្នកដឹកនាំ តើ​មិន​សម​អម្បាលម៉ាន​ទៅទៀត​!

11 សុភនិច្ឆ័យ​របស់​មនុស្ស​ធ្វើឲ្យ​ខ្លួន​យឺត​នឹង​ខឹង ហើយ​ភាពរុងរឿង​របស់អ្នកនោះ គឺ​ការ​មើលរំលង​ការបំពាន​។

12 សេចក្ដីក្រេវក្រោធ​របស់​ស្ដេច​ប្រៀបដូចជា​សំឡេងគ្រហឹម​របស់​សិង្ហស្ទាវ រីឯ​ការគាប់ព្រះទ័យ​របស់ទ្រង់​ប្រៀបដូចជា​ទឹកសន្សើម​នៅលើ​ស្មៅ​។

13 កូន​ល្ងង់​ជា​សេចក្ដីអន្តរាយ​ដល់​ឪពុក​របស់ខ្លួន រីឯ​ការឌុកដាន់​ពី​ប្រពន្ធ​ប្រៀបដូចជា​តំណក់ទឹក​ដែល​ស្រក់​ជានិច្ច​។

14 ផ្ទះ និង​ទ្រព្យសម្បត្តិ ជា​មរតក​មកពី​ដូនតា រីឯ​ប្រពន្ធ​មានប្រាជ្ញា​វិញ គឺ​មកពី​ព្រះយេហូវ៉ា​។

15 ភាពខ្ជិលច្រអូស​ធ្វើឲ្យ​ធ្លាក់​ទៅក្នុង​ការលង់លក់ ហើយ​មនុស្ស​ខ្ជិលច្រអូស​នឹង​អត់ឃ្លាន​។

16 អ្នកដែល​រក្សា​សេចក្ដីបង្គាប់ គឺ​រក្សា​ព្រលឹង​របស់ខ្លួន អ្នកដែល​មើលងាយ​ផ្លូវ​របស់ខ្លួន មុខជាស្លាប់មិនខាន​។

17 អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​អ្នកក្រខ្សត់ គឺ​ឲ្យ​ព្រះយេហូវ៉ា​ខ្ចី ហើយ​ព្រះអង្គ​នឹង​តបសង​ដល់​គាត់​វិញ​តាម​ទង្វើ​របស់គាត់​។

18 ចូរ​ប្រៀនប្រដៅ​កូន​របស់អ្នក ក្នុងកាលដែល​មាន​សង្ឃឹម​នៅឡើយ គឺ​កុំ​ទុកឲ្យ​ការរំជួលចិត្ត​របស់អ្នក​ធ្វើឲ្យ​វា​ស្លាប់​ឡើយ​។

19 មនុស្សនៃ​សេចក្ដីក្ដៅក្រហាយ​នឹង​ទទួល​ទោស​; ប្រសិនបើ​អ្នក​ជួយ​គេ​ឲ្យរួច​ម្ដង ក៏​អ្នក​ត្រូវតែ​ជួយ​ម្ដងទៀត​។

20 ចូរ​ស្ដាប់​ដំបូន្មាន ហើយ​ទទួលយក​ការប្រៀនប្រដៅ​ចុះ ដើម្បីឲ្យ​អ្នក​មានប្រាជ្ញា​នៅពេល​អនាគត​របស់អ្នក​។

21 នៅក្នុង​ចិត្ត​របស់​មនុស្ស​មាន​គម្រោង​ជាច្រើន ប៉ុន្តែ​មានតែ​ផែនការ​របស់​ព្រះយេហូវ៉ា​ប៉ុណ្ណោះ ដែល​នៅស្ថិតស្ថេរ​។

22 អ្វីដែលគួរឲ្យប្រាថ្នាចង់បាន​ក្នុង​មនុស្ស គឺ​ភាពស្មោះត្រង់​របស់អ្នកនោះ ហើយ​អ្នកក្រីក្រ​ប្រសើរ​ជាង​មនុស្ស​ភូតភរ​។

23 ការកោតខ្លាច​ព្រះយេហូវ៉ា​នាំទៅរក​ជីវិត ហើយ​អ្នកដែលធ្វើដូច្នេះ​នឹង​ដេក​ស្កប់ស្កល់ គ្មាន​មហន្តរាយ​ប៉ះពាល់​គាត់​ឡើយ​។

24 មនុស្ស​ខ្ជិលច្រអូស​លូក​ដៃ​របស់​ខ្លួន​ទៅក្នុង​ចាន ក៏​មិន​យក​ដៃ​មកដាក់វិញ សូម្បីតែ​ក្នុង​មាត់​របស់ខ្លួន​។

25 ចូ​រ​វាយ​មនុស្សចំអកឡកឡឺយ នោះ​មនុស្សខ្វះចំណេះដឹង​នឹង​ចេះប្រុងប្រយ័ត្ន ចូរ​ស្ដីបន្ទោស​អ្នកដែល​មានការយល់ច្បាស់ នោះ​គេ​នឹង​យល់ច្បាស់​នូវ​ចំណេះដឹង​។

26 អ្នកដែល​ធ្វើបាប​ឪពុក ហើយ​បណ្ដេញ​ម្ដាយ​របស់ខ្លួន ជា​កូន​ដែល​នាំមកនូវសេចក្ដីអាម៉ាស់ និង​ធ្វើឲ្យ​អាប់យស​។

27 កូន​របស់ខ្ញុំ​អើយ ចូរ​ឈប់​ស្ដាប់​សេចក្ដីប្រៀនប្រដៅ​មើល៍ នោះ​អ្នក​នឹង​វង្វេង​ចេញពី​ពាក្យ​នៃ​ចំណេះដឹង​!

28 សាក្សី​អប្រិយ​ចំអកឡកឡឺយ​ដាក់​សេចក្ដីយុត្តិធម៌ ហើយ​មាត់​របស់​មនុស្ស​អាក្រក់​លេប​សេចក្ដីទុច្ចរិត​។

29 ការកាត់ទោស​ត្រូវបាន​រៀបចំ​សម្រាប់​មនុស្សចំអកឡកឡឺយ ហើយ​ការវាយនឹងរំពាត់​ត្រូវបាន​រៀបចំ​សម្រាប់​ខ្នង​របស់​មនុស្សល្ងង់​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម