វិវរណៈ 3:2 - ព្រះគម្ពីរខ្មែរសាកល ចូរភ្ញាក់ស្មារតី ហើយពង្រឹងពួកអ្នកដែលនៅសល់ ដែលបម្រុងនឹងស្លាប់នោះចុះ។ ជាការពិត យើងមិនបានឃើញថា កិច្ចការរបស់អ្នកត្រូវបានបំពេញនៅចំពោះព្រះនៃយើងឡើយ។ Khmer Christian Bible ចូរប្រុងស្មារតី ហើយពង្រឹងអ្វីៗនៅសល់ដែលបម្រុងនឹងស្លាប់នោះ ដ្បិតយើងបានឃើញថា ការប្រព្រឹត្ដិរបស់អ្នកមិនបានគ្រប់លក្ខណ៍នៅចំពោះមុខព្រះជាម្ចាស់របស់យើងឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរភ្ញាក់ខ្លួនឡើង ហើយចម្រើនកម្លាំងចំពោះអ្វីៗដែលនៅសល់រៀបនឹងស្លាប់នោះឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតយើងបានឃើញការដែលអ្នកប្រព្រឹត្តនោះ មិនទាន់ពេញខ្នាតនៅចំពោះព្រះនៃយើងនៅឡើយទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗ ដែលនៅសល់ ហើយហៀបនឹងស្លាប់នោះឲ្យមាំមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្តមិនគ្រប់លក្ខណៈនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់របស់យើងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរប្រុងប្រយ័ត ហើយចំរើនកំឡាំងដល់អ្វីៗដែលនៅសល់ ដែលរៀបនឹងស្លាប់នោះដែរ ដ្បិតអញមិនបានឃើញការដែលឯងប្រព្រឹត្តនោះ ជាពេញខ្នាតនៅចំពោះព្រះនៃអញទេ អាល់គីតាប ចូរភ្ញាក់ស្មារតី! ចូរពង្រឹងអ្វីៗដែលនៅសល់ ហើយហៀបនឹងស្លាប់នោះឲ្យមាំមួនឡើង ដ្បិតយើងឃើញថា អំពើដែលអ្នកបានប្រព្រឹត្ដ មិនគ្រប់លក្ខណៈនៅចំពោះអុលឡោះជាម្ចាស់របស់យើងទេ។ |
ពួកអ្នកយាមរបស់អ៊ីស្រាអែលខ្វាក់ភ្នែក ពួកគេសុទ្ធតែគ្មានចំណេះដឹង ពួកគេសុទ្ធតែជាឆ្កែគដែលព្រុសមិនបាន ពួកគេតែងតែស្រមើស្រមៃ ពួកគេចេះតែដេក ហើយចូលចិត្តដេករលីវ។
យើងនឹងលាតត្រដាងអ្វីដែលអ្នកហៅថា ‘ភាពសុចរិត’ និងទង្វើរបស់អ្នក ប៉ុន្តែវាមិនមែនជាប្រយោជន៍ដល់អ្នកទេ!
ដ្បិតមើល៍! យើងនឹងឲ្យអ្នកគង្វាលម្នាក់ក្រោកឡើងក្នុងទឹកដីនេះ អ្នកនោះនឹងមិនយកចិត្តទុកដាក់នឹងចៀមដែលកំពុងវិនាស មិនស្វែងរកចៀមដែលខ្ចាត់ខ្ចាយ មិនព្យាបាលចៀមដែលបាក់ជើង ហើយមិនចិញ្ចឹមចៀមដែលអស់កម្លាំងឡើយ ផ្ទុយទៅវិញ អ្នកនោះនឹងត្របាក់ស៊ីសាច់ចៀមណាដែលធាត់ ហើយហែកក្រចកជើងវាទៀតផង។
ពួកគេធ្វើកិច្ចការទាំងអស់ដើម្បីឲ្យគេឃើញ។ ពួកគេពង្រីកប្រអប់ព្រះបន្ទូលរបស់ពួកគេ ហើយធ្វើរំយោលអាវឲ្យវែង។
ក្រោយពីស្នាក់នៅមួយរយៈ គាត់ក៏ចេញដំណើរទៅ ហើយឆ្លងកាត់ស្រុកកាឡាទី និងព្រីគាជាបន្តបន្ទាប់ ទាំងពង្រឹងសិស្សទាំងអស់ផង។
ទីបញ្ចប់នៃរបស់សព្វសារពើមកជិតដល់ហើយ ដូច្នេះចូរដឹងស្មារតី ហើយមានគំនិតមធ្យ័តក្នុងការអធិស្ឋាន។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។
“មើល៍! យើងនឹងមកដូចជាចោរ! មានពរហើយ អ្នកដែលប្រុងស្មារតី ហើយរក្សាសម្លៀកបំពាក់របស់ខ្លួន ដើម្បីកុំឲ្យដើរអាក្រាត ហើយត្រូវគេឃើញកេរ្តិ៍ខ្មាសរបស់ខ្លួន”។
យ៉ាងណាមិញ យើងមានការនេះប្រកាន់នឹងអ្នក គឺថាអ្នកបានបោះបង់ចោលសេចក្ដីស្រឡាញ់ដំបូងរបស់អ្នកហើយ។
“ចូរសរសេរទៅទូត របស់ក្រុមជំនុំនៅសើដេសថា: ‘ព្រះអង្គដែលមានព្រះវិញ្ញាណប្រាំពីររបស់ព្រះ និងផ្កាយប្រាំពីរ មានបន្ទូលដូច្នេះ: យើងស្គាល់កិច្ចការរបស់អ្នក គឺអ្នកមានឈ្មោះថារស់ ប៉ុន្តែតាមពិតអ្នកជាមនុស្សស្លាប់។
ដូច្នេះ ចូរនឹកចាំថា អ្នកបានទទួល និងបានឮយ៉ាងដូចម្ដេច រួចកាន់តាម និងកែប្រែចិត្តចុះ។ ប្រសិនបើអ្នកមិនភ្ញាក់ស្មារតីទេ យើងនឹងមកដូចជាចោរ ហើយអ្នកនឹងមិនដឹងសោះឡើយថាយើងនឹងមករកអ្នកនៅពេលណា។