លោកុប្បត្តិ 31:42 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់អ័ប្រាហាំ ជាព្រះដែលអ៊ីសាកកោតខ្លាច មិនបានគង់នៅជាមួយខ្ញុំទេ នោះលោកអ៊ំប្រាកដជាបញ្ជូនខ្ញុំទៅដោយដៃទទេហើយ។ ព្រះបានទតឃើញទុក្ខវេទនារបស់ខ្ញុំ និងការនឿយហត់នៃដៃរបស់ខ្ញុំ បានជាព្រះអង្គស្ដីបន្ទោសលោកអ៊ំយប់មិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើព្រះរបស់ឪពុកខ្ញុំ គឺព្រះរបស់លោកអ័ប្រាហាំ និងព្រះដែលលោកអ៊ីសាកបានកោតខ្លាច ព្រះអង្គមិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកឲ្យខ្ញុំត្រឡប់មកដោយដៃទទេមិនខាន។ ព្រះទ្រង់បានឃើញទុក្ខលំបាករបស់ខ្ញុំ និងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយបានជាព្រះអង្គបន្ទោសលោកឪពុកពីយប់មិញនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើព្រះនៃលោកអប្រាហាំ ជាជីតារបស់ខ្ញុំ ជាព្រះដែលលោកអ៊ីសាកគោរពកោតខ្លាច មិនបានគង់ជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ព្រះជាម្ចាស់បានទតឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ព្រះអង្គកាន់ខាងខ្ញុំ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើព្រះនៃឪពុកខ្ញុំ គឺព្រះនៃអ័ប្រាហាំ ដែលអ៊ីសាកបានកោតខ្លាច ទ្រង់មិនបានគង់នៅខាងខ្ញុំទេ នោះប្រាកដជាលោកឪពុកបានឲ្យខ្ញុំត្រឡប់មកដោយដៃទទេហើយ ព្រះទ្រង់បានឃើញសេចក្ដីទុក្ខលំបាករបស់ខ្ញុំ នឹងការនឿយហត់ដែលដៃខ្ញុំធ្វើ ដូច្នេះហើយ បានជាទ្រង់បន្ទោសដល់លោកឪពុកពីយប់មិញនេះ។ អាល់គីតាប ប្រសិនបើអុលឡោះជាម្ចាស់នៃអ៊ីព្រហ៊ីម ជាជីតារបស់ខ្ញុំ ជាម្ចាស់ដែលអ៊ីសាហាក់គោរពកោតខ្លាច មិនបាននៅជាមួយខ្ញុំទេនោះ ម៉្លេះសមលោកឪពុកឲ្យខ្ញុំចេញមកដោយដៃទទេជាមិនខាន។ ទ្រង់បានឃើញទុក្ខលំបាក និងការនឿយហត់របស់ខ្ញុំ ហេតុនេះហើយបានជាពីយប់មិញ ទ្រង់កាន់ខាងខ្ញុំ»។ |
ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “មើល៍! នាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសម្នាក់។ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮអំពីទុក្ខវេទនារបស់នាងហើយ។
នោះហាការក៏ហៅព្រះនាមរបស់ព្រះយេហូវ៉ាដែលមានបន្ទូលនឹងនាង ថា៖ “ព្រះអង្គជាព្រះដែលទតឃើញ” ដ្បិតនាងបាននិយាយថា៖ “សូម្បីតែនៅទីនេះ ខ្ញុំបានឃើញព្រះអង្គដែលទតឃើញខ្ញុំ!”។
អ៊ីសាកក៏ញ័ររន្ធត់យ៉ាងខ្លាំងក្រៃលែង ហើយសួរថា៖ “ចុះម្នាក់ដែលបរបាញ់សត្វយកមកឲ្យឪពុកជានរណា? ឪពុកបានហូបទាំងអស់មុនពេលឯងមកដល់ ហើយឪពុកបានឲ្យពរវា ដូច្នេះវានឹងមានពរមែន”។
លេអាក៏មានផ្ទៃពោះ ហើយបង្កើតបានកូនប្រុសម្នាក់ នាងដាក់ឈ្មោះកូននោះថា រូបេន ដ្បិតនាងនិយាយថា៖ “ព្រះយេហូវ៉ាបានទតឃើញទុក្ខវេទនារបស់ខ្ញុំហើយ។ ឥឡូវនេះ ប្ដីរបស់ខ្ញុំនឹងស្រឡាញ់ខ្ញុំមិនខាន”។
ទូតសួគ៌ក៏និយាយថា: ‘ចូរងើបភ្នែកឡើង មើលទៅអស់ទាំងពពែឈ្មោលដែលកំពុងពាក់គ្នាជាមួយសត្វញីសម្បុរឆ្នូត សម្បុរពព្លាក់ និងសម្បុរអុជៗចុះ។ ដ្បិតយើងបានឃើញការទាំងអស់ដែលឡាបាន់បានធ្វើដល់អ្នកហើយ។
ប៉ុន្តែនៅយប់នោះ ព្រះយាងមកជួបឡាបាន់ជាជនជាតិអើរ៉ាមក្នុងយល់សប្តិ ហើយមានបន្ទូលនឹងគាត់ថា៖ “ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី”។
យើងមានសមត្ថភាពក្នុងកណ្ដាប់ដៃរបស់យើងដើម្បីធ្វើទុក្ខឯង ប៉ុន្តែយប់មិញ ព្រះរបស់ឪពុកឯងមានបន្ទូលនឹងយើងថា: ‘ចូរប្រយ័ត្នខ្លួន កុំនិយាយអ្វីនឹងយ៉ាកុបឡើយ ទោះល្អក្ដី អាក្រក់ក្ដី’។
ហើយនិយាយនឹងពួកនាងថា៖ “បងបានសង្កេតទឹកមុខឪពុកពួកអូនឃើញថា គាត់មិនដូចពីមុនចំពោះបងទេ ប៉ុន្តែព្រះរបស់ឪពុកបងបានគង់នៅជាមួយបង។
សូមឲ្យព្រះរបស់អ័ប្រាហាំ ជាព្រះរបស់ណាឃរ គឺព្រះរបស់ឪពុកពួកគាត់ ជំនុំជម្រះរវាងពួកយើងចុះ”។ ដូច្នេះ យ៉ាកុបក៏ស្បថដោយអាងព្រះដែលអ៊ីសាកឪពុករបស់គាត់កោតខ្លាច។
បន្ទាប់មក យ៉ាកុបទូលថា៖ “ឱព្រះយេហូវ៉ាដែលមានបន្ទូលនឹងទូលបង្គំថា: ‘ចូរត្រឡប់ទៅស្រុករបស់អ្នក និងសាច់ញាតិរបស់អ្នកវិញ នោះយើងនឹងប្រព្រឹត្តល្អដល់អ្នក’ គឺព្រះនៃអ័ប្រាហាំដូនតារបស់ទូលបង្គំ ជាព្រះនៃអ៊ីសាកឪពុករបស់ទូលបង្គំអើយ
យើងនាំគ្នាក្រោកឡើងទៅបេត-អែល ហើយនៅទីនោះ។ ខ្ញុំនឹងសង់អាសនាមួយដល់ព្រះដែលតបនឹងខ្ញុំនៅថ្ងៃនៃទុក្ខវេទនារបស់ខ្ញុំ ហើយបានគង់នៅជាមួយខ្ញុំតាមផ្លូវដែលខ្ញុំបានធ្វើដំណើរ”។
អ៊ីស្រាអែលក៏ចេញដំណើរជាមួយអ្វីៗទាំងអស់ដែលគាត់មាន ហើយទៅដល់បៀរ-សេបា រួចគាត់ថ្វាយយញ្ញបូជាដល់ព្រះនៃអ៊ីសាកឪពុករបស់គាត់។
ទូលបង្គំនឹងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ដ្បិតព្រះអង្គបានទតឃើញទុក្ខវេទនារបស់ទូលបង្គំ ហើយជ្រាបអំពីទុក្ខលំបាកទាំងឡាយនៃព្រលឹងរបស់ទូលបង្គំ។
គឺព្រះយេហូវ៉ានៃពលបរិវារហើយ ដែលអ្នករាល់គ្នាចាត់ទុកជាវិសុទ្ធ។ គឺព្រះអង្គជាទីភ័យខ្លាចរបស់អ្នករាល់គ្នា ហើយគឺព្រះអង្គជាទីតក់ស្លុតរបស់អ្នករាល់គ្នាដែរ។
ព្រះនៃដូនតារបស់ទូលបង្គំអើយ ទូលបង្គំសូមអរព្រះគុណ ហើយសរសើរតម្កើងព្រះអង្គ ដ្បិតព្រះអង្គបានប្រទានប្រាជ្ញា និងអំណាចដល់ទូលបង្គំ ហើយឥឡូវនេះ ព្រះអង្គបានឲ្យទូលបង្គំដឹងអ្វីដែលយើងខ្ញុំបានសុំពីព្រះអង្គ ពីព្រោះព្រះអង្គបានឲ្យយើងខ្ញុំដឹងដំណើររឿងរបស់ស្ដេច”។
សូម្បីតែមីកែលមហាទូតសួគ៌ក៏មិនហ៊ានផ្ដន្ទាទោសដោយពាក្យប្រមាថឡើយ កាលបានប្រកែកជាមួយមារ ពេលជជែកវែកញែកអំពីសពរបស់ម៉ូសេ គឺគ្រាន់តែនិយាយថា៖ “សូមឲ្យព្រះអម្ចាស់ស្ដីបន្ទោសឯង!”