Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លោកុ‌ប្បត្តិ 11 - ព្រះគម្ពីរខ្មែរសាកល


ប៉មបាបិល

1 នៅគ្រានោះ ផែនដី​ទាំងមូល​មាន​ភាសា​តែមួយ និង​ពាក្យ​តែមួយ​។

2 ក្រោយមក​មានកើតឡើងដូច្នេះ​: នៅពេល​ដែល​មនុស្ស​បាន​ធ្វើដំណើរ​ទៅ​ទិសខាងកើត ពួកគេ​ឃើញ​វាលទំនាប​មួយ​ក្នុង​ដែនដី​ស៊ីណើរ នោះ​ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។

3 ពួកគេ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “មក៍! យើង​នាំគ្នា​ធ្វើ​ឥដ្ឋ ហើយ​ដុត​នឹង​ភ្លើង”។ ដូច្នេះ ពួកគេ​ក៏​មាន​ឥដ្ឋ​ជំនួស​ថ្ម ហើយ​មាន​កៅស៊ូខ្មៅ​ជំនួស​បាយអ​។

4 បន្ទាប់មក ពួកគេ​និយាយថា​៖ “មក៍! យើង​នាំគ្នា​សង់​ទីក្រុង​មួយ និង​ប៉ម​មួយ​ដែល​មាន​កំពូល​ដល់​មេឃ​សម្រាប់​យើង ដើម្បី​សាង​កេរ្តិ៍ឈ្មោះ​សម្រាប់​យើង ក្រែងលោ​យើង​បាន​បែកខ្ញែក​គ្នា​លើ​ផ្ទៃ​ផែនដី​ទាំងមូល”។

5 ព្រះយេហូវ៉ា​យាង​ចុះមក​ដើម្បី​ទត​មើល​ទីក្រុង និង​ប៉ម​ដែល​ពួក​មនុស្សលោក​បាន​សង់

6 រួច​ព្រះយេហូវ៉ា​ក៏​មានបន្ទូលថា​៖ “មើល៍! ពួកគេ​ទាំងអស់គ្នា​ជា​ជនជាតិ​តែមួយ និង​មាន​ភាសា​តែមួយ ហើយ​នេះ​គ្រាន់តែជា​ការ​ចាប់ផ្ដើម​នៃ​ទង្វើ​របស់ពួកគេ​ប៉ុណ្ណោះ​។ ឥឡូវនេះ គ្មានអ្វី​រារាំង​ពួកគេ​ពី​អ្វីក៏ដោយ​ដែល​ពួកគេ​គ្រោង​នឹង​ធ្វើ​នោះ​ឡើយ​។

7 មក៍! ចូរឲ្យ​ពួកយើង​ចុះទៅ​បំភាន់​ភាសា​របស់ពួកគេ​នៅ​ទីនោះ ដើម្បីកុំឲ្យ​ពួកគេ​ស្ដាប់​ភាសា​គ្នាទៅវិញទៅមក​បាន​ឡើយ”។

8 ដូច្នេះ ព្រះយេហូវ៉ា​ទ្រង់​ធ្វើឲ្យ​ពួកគេ​បែកខ្ញែក​គ្នា​ចេញពី​ទីនោះ​ទៅលើ​ផ្ទៃ​ផែនដី​ទាំងមូល នោះ​ពួកគេ​ក៏​ឈប់​សង់​ទីក្រុង​នោះ​។

9 ដោយហេតុនេះ គេ​ដាក់ឈ្មោះ​ទីក្រុងនោះ​ថា​បាបិល ដ្បិត​នៅ​ទីនោះ ព្រះយេហូវ៉ា​បាន​បំភាន់​ភាសា​លើ​ផែនដី​ទាំងមូល ហើយ​ព្រះយេហូវ៉ា​បាន​ធ្វើឲ្យ​ពួកគេ​បែកខ្ញែក​គ្នា​ចេញពី​ទីនោះ​ទៅលើ​ផ្ទៃ​ផែនដី​ទាំងមូល​។


ពីសិមរហូតដល់អាប់រ៉ាម

10 នេះ​ជា​វង្សត្រកូល​របស់​សិម​: ពេល​សិម​មាន​អាយុ ១០០ ឆ្នាំ គឺ​ពីរ​ឆ្នាំ​ក្រោយពី​ទឹកជំនន់ គាត់​បង្កើត​អើប៉ាក់សាឌ​។

11 ក្រោយពី​បង្កើត​អើប៉ាក់សាឌ សិម​រស់នៅ​បាន ៥០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

12 អើប៉ាក់សាឌ​រស់នៅ​បាន ៣៥ ឆ្នាំ គាត់​ក៏​បង្កើត​សេឡា​។

13 ក្រោយពី​បង្កើត​សេឡា អើប៉ាក់សាឌ​រស់នៅ​បាន ៤០៣ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

14 សេឡា​រស់នៅ​បាន ៣០ ឆ្នាំ គាត់​ក៏​បង្កើត​ហេប៊ើរ​។

15 ក្រោយពី​បង្កើត​ហេប៊ើរ សេឡា​រស់នៅ​បាន ៤០៣ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

16 ហេប៊ើរ​រស់នៅ​បាន ៣៤ ឆ្នាំ គាត់​ក៏​បង្កើត​ផាលេក​។

17 ក្រោយពី​បង្កើត​ផាលេក ហេប៊ើរ​រស់នៅ​បាន ៤៣០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

18 ផាលេក​រស់នៅ​បាន ៣០ ឆ្នាំ គាត់​ក៏​បង្កើត​រេហ៊ូវ​។

19 ក្រោយពី​បង្កើត​រេហ៊ូវ ផាលេក​រស់នៅ​បាន ២០៩ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

20 រេហ៊ូវ​រស់នៅ​បាន ៣២ ឆ្នាំ គាត់​ក៏​បង្កើត​សេរូក​។

21 ក្រោយពី​បង្កើត​សេរូក រេហ៊ូវ​រស់នៅ​បាន ២០៧ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

22 សេរូក​រស់នៅ​បាន ៣០ ឆ្នាំ គាត់​ក៏​បង្កើត​ណាឃរ​។

23 ក្រោយពី​បង្កើត​ណាឃរ សេរូក​រស់នៅ​បាន ២០០ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

24 ណាឃរ​រស់នៅ​បាន ២៩ ឆ្នាំ គាត់​ក៏​បង្កើត​ថេរ៉ា​។

25 ក្រោយពី​បង្កើត​ថេរ៉ា ណាឃរ​រស់នៅ​បាន ១១៩ ឆ្នាំ​ទៀត ទាំង​បាន​បង្កើត​កូនប្រុស​កូនស្រី​ជាច្រើន​ផង​។

26 ថេរ៉ា​រស់នៅ​បាន ៧០ ឆ្នាំ គាត់​ក៏​បង្កើត​អាប់រ៉ាម ណាឃរ និង​ហារ៉ាន​។

27 នេះ​ជា​វង្សត្រកូល​របស់​ថេរ៉ា​: ថេរ៉ា​បាន​បង្កើត​អាប់រ៉ាម ណាឃរ និង​ហារ៉ាន ហើយ​ហារ៉ាន​បាន​បង្កើត​ឡុត​។

28 ហារ៉ាន​បាន​ស្លាប់​មុន​ថេរ៉ា​ឪពុក​របស់គាត់ ក្នុង​ស្រុក​នៃ​សាច់ញាតិ​របស់គាត់​នៅ​អ៊ើរ​នៃ​ជនជាតិខាល់ដេ​។

29 រីឯ​អាប់រ៉ាម និង​ណាឃរ​បាន​យក​ប្រពន្ធ ប្រពន្ធ​របស់​អាប់រ៉ាម​ឈ្មោះ​សារ៉ាយ ហើយ​ប្រពន្ធ​របស់​ណាឃរ​ឈ្មោះ​មីលកា ជា​កូនស្រី​របស់​ហារ៉ាន​ដែលជា​ឪពុក​របស់​មីលកា និង​យីសកា​។

30 សារ៉ាយ​ជា​ស្ត្រី​អារ នាង​គ្មាន​កូន​ទេ​។

31 ថេរ៉ា​បាន​យក​អាប់រ៉ាម​កូនប្រុស​របស់គាត់ និង​ឡុត​កូនប្រុស​របស់​ហារ៉ាន​ជា​ចៅ​របស់គាត់ ព្រមទាំង​សារ៉ាយ​កូនប្រសាស្រី​របស់គាត់ ដែលជា​ប្រពន្ធ​របស់​អាប់រ៉ាម​កូនប្រុស​គាត់ ហើយ​ចេញដំណើរ​ជាមួយគ្នា​ពី​អ៊ើរ​នៃ​ជនជាតិខាល់ដេ ដើម្បី​ទៅ​ដែនដី​កាណាន ប៉ុន្តែ​នៅពេល​មកដល់​ហារ៉ាន ពួកគេ​ក៏​តាំងលំនៅ​នៅ​ទីនោះ​។

32 អាយុ​របស់​ថេរ៉ា​គឺ ២០៥ ឆ្នាំ រួច​ថេរ៉ា​ក៏​ស្លាប់​នៅ​ហារ៉ាន​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម