លោកុប្បត្តិ 16 - ព្រះគម្ពីរខ្មែរសាកលសារ៉ាយ និងហាការ 1 រីឯសារ៉ាយប្រពន្ធរបស់អាប់រ៉ាម មិនបានបង្កើតកូនឲ្យគាត់ទេ។ នាងមានបាវបម្រើស្រីជនជាតិអេហ្ស៊ីបម្នាក់ ឈ្មោះហាការ។ 2 ដូច្នេះ សារ៉ាយនិយាយនឹងអាប់រ៉ាមថា៖ “មើល៍! ព្រះយេហូវ៉ាបានរារាំងខ្ញុំមិនឲ្យបង្កើតកូន។ សូមចូលទៅឯបាវបម្រើស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំអាចបានកូនតាមរយៈនាង”។ អាប់រ៉ាមក៏ស្ដាប់តាមសំឡេងរបស់សារ៉ាយ។ 3 ដូច្នេះ ក្រោយពីអាប់រ៉ាមបានរស់នៅក្នុងដែនដីកាណានដប់ឆ្នាំហើយ សារ៉ាយប្រពន្ធរបស់អាប់រ៉ាមបានយកហាការជនជាតិអេហ្ស៊ីបដែលជាបាវបម្រើស្រីរបស់ខ្លួនមក ហើយប្រគល់នាងទៅអាប់រ៉ាមជាប្ដីរបស់ខ្លួនឲ្យធ្វើជាប្រពន្ធរបស់គាត់។ 4 អាប់រ៉ាមបានចូលទៅឯហាការ ហើយនាងក៏មានផ្ទៃពោះ។ នៅពេលឃើញថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មើលងាយចៅហ្វាយស្រីរបស់ខ្លួន។ 5 សារ៉ាយក៏និយាយនឹងអាប់រ៉ាមថា៖ “សូមឲ្យកំហុសដែលខ្ញុំរង ធ្លាក់ទៅលើលោកចុះ! ខ្ញុំបានប្រគល់បាវបម្រើស្រីរបស់ខ្ញុំទៅក្នុងដើមទ្រូងលោក ហើយតាំងពីនាងឃើញថាខ្លួនមានផ្ទៃពោះ នាងក៏មើលងាយខ្ញុំ។ សូមព្រះយេហូវ៉ាជំនុំជម្រះរវាងខ្ញុំ និងលោកចុះ!”។ 6 អាប់រ៉ាមនិយាយនឹងសារ៉ាយថា៖ “មើល៍! បាវបម្រើស្រីរបស់អូននៅក្នុងកណ្ដាប់ដៃរបស់អូនហើយ ចូរប្រព្រឹត្តដល់នាងតាមដែលល្អក្នុងភ្នែករបស់អូនចុះ”។ ដូច្នេះ សារ៉ាយបានធ្វើបាបហាការ ហើយនាងក៏រត់គេចពីមុខសារ៉ាយ។ 7 ទូតសួគ៌របស់ព្រះយេហូវ៉ាបានជួបនាងនៅក្បែរប្រភពទឹកក្នុងទីរហោស្ថាន គឺក្បែរប្រភពទឹកតាមផ្លូវទៅស៊ើរ 8 ក៏សួរថា៖ “ហាការបាវបម្រើស្រីរបស់សារ៉ាយអើយ តើនាងមកពីណា ហើយទៅឯណា?”។ នាងក៏ឆ្លើយថា៖ “ខ្ញុំកំពុងរត់គេចពីមុខសារ៉ាយចៅហ្វាយស្រីរបស់ខ្ញុំ”។ 9 ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងថា៖ “ចូរត្រឡប់ទៅឯចៅហ្វាយស្រីរបស់នាងវិញ ហើយចុះចូលនៅក្រោមអំណាចរបស់គាត់ចុះ”។ 10 ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “យើងនឹងបង្កើនពូជពង្សរបស់នាងឲ្យច្រើនឡើង រហូតដល់រាប់មិនអស់ដោយព្រោះមានច្រើនពេក”។ 11 ទូតសួគ៌របស់ព្រះយេហូវ៉ានិយាយនឹងនាងទៀតថា៖ “មើល៍! នាងមានផ្ទៃពោះ ហើយនាងនឹងសម្រាលបានកូនប្រុសម្នាក់។ នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីសម៉ាអែល ដ្បិតព្រះយេហូវ៉ាបានឮអំពីទុក្ខវេទនារបស់នាងហើយ។ 12 កូននោះនឹងបានដូចជាលាព្រៃនៅកណ្ដាលមនុស្ស ដៃរបស់វាទាស់នឹងមនុស្សទាំងអស់ ហើយដៃរបស់មនុស្សទាំងអស់ក៏ទាស់នឹងវាដែរ វានឹងរស់នៅដោយប្រឆាំងនឹងអស់ទាំងបងប្អូនរបស់ខ្លួន”។ 13 នោះហាការក៏ហៅព្រះនាមរបស់ព្រះយេហូវ៉ាដែលមានបន្ទូលនឹងនាង ថា៖ “ព្រះអង្គជាព្រះដែលទតឃើញ” ដ្បិតនាងបាននិយាយថា៖ “សូម្បីតែនៅទីនេះ ខ្ញុំបានឃើញព្រះអង្គដែលទតឃើញខ្ញុំ!”។ 14 ដោយហេតុនេះ គេដាក់ឈ្មោះអណ្ដូងនោះថា បៀរ-ឡាហាយ-រយ មើល៍! អណ្ដូងនោះនៅចន្លោះកាដេស និងបេរេឌ។ 15 ហាការក៏បង្កើតបានកូនប្រុសម្នាក់ឲ្យអាប់រ៉ាម ហើយអាប់រ៉ាមដាក់ឈ្មោះកូនប្រុសរបស់គាត់ដែលហាការបានបង្កើតនោះថា អ៊ីសម៉ាអែល។ 16 នៅពេលហាការបង្កើតអ៊ីសម៉ាអែលឲ្យអាប់រ៉ាម អាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំ៕ |