ម៉ាថាយ 1:23 - ព្រះគម្ពីរខ្មែរសាកល “មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ គេនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល”។ (អេម៉ាញូអែល មានអត្ថន័យប្រែថា ព្រះគង់នៅជាមួយយើង)។ Khmer Christian Bible «មើល៍ ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ ប្រសូតបានបុត្រាមួយអង្គ ហើយគេនឹងថ្វាយព្រះនាមព្រះអង្គថា «អេម៉ាញូអែល» ប្រែថា ព្រះជាម្ចាស់គង់ជាមួយយើង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «មើល៍! នាងព្រហ្មចារីនឹងមានគភ៌ ប្រសូតបានបុត្រាមួយ ហើយគេនឹងថ្វាយ ព្រះនាមបុត្រនោះថា "អេម៉ាញូអែល"» មានន័យថា «ព្រះគង់ជាមួយយើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «មើល! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសម្រាលបានបុត្រមួយដែលគេនឹងថ្វាយ ព្រះនាមថា “អេម៉ាញូអែល”» ប្រែថា «ព្រះជាម្ចាស់គង់ជាមួយយើង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ «មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ អាល់គីតាប «មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។ |
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំនឹងប្រទានទីសម្គាល់មួយដល់អ្នករាល់គ្នាដោយអង្គទ្រង់ផ្ទាល់: មើល៍! ស្ត្រីព្រហ្មចារីម្នាក់នឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសម្នាក់ នាងនឹងហៅនាមរបស់កូននោះថា អេម៉ាញូអែល។
យ៉ូសែបក្រោកពីដំណេក ក៏ធ្វើដូចដែលទូតសួគ៌របស់ព្រះអម្ចាស់បានបង្គាប់គាត់ គឺគាត់ទទួលនាងជាប្រពន្ធ
ហើយបង្រៀនពួកគេឲ្យកាន់តាមសេចក្ដីទាំងអស់ដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ មើល៍! ខ្ញុំនៅជាមួយអ្នករាល់គ្នាគ្រប់ពេលរហូតដល់ចុងបញ្ចប់នៃពិភពលោក”៕៚
ដាវីឌបានហៅព្រះគ្រីស្ទថា ‘ព្រះអម្ចាស់’ បើដូច្នេះតើព្រះអង្គជាពូជពង្សរបស់លោកដូចម្ដេចកើត?”។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
យប់មួយ ព្រះអម្ចាស់មានបន្ទូលនឹងប៉ូលក្នុងនិមិត្តថា៖“កុំខ្លាចឡើយ ចូរបន្តនិយាយចុះ! កុំនៅស្ងៀមឡើយ
បើដូច្នេះ តើយើងនឹងនិយាយដូចម្ដេចចំពោះសេចក្ដីទាំងនេះ? ប្រសិនបើព្រះនៅខាងយើង តើនរណាអាចប្រឆាំងនឹងយើងបាន?
ពួកបុព្វបុរសជារបស់ពួកគេ ហើយព្រះគ្រីស្ទក៏កើតពីពួកគេខាងសាច់ឈាមដែរ។ ព្រះអង្គជាព្រះលើរបស់សព្វសារពើ ដែលសមនឹងទទួលការលើកតម្កើងអស់កល្បជានិច្ច។ អាម៉ែន!
នេះមានន័យថា ព្រះកំពុងផ្សះផ្សាមនុស្សលោកនឹងអង្គទ្រង់នៅក្នុងព្រះគ្រីស្ទ ដោយមិនប្រកាន់ទោសពួកគេអំពីការបំពានរបស់ពួកគេ ថែមទាំងផ្ទុកផ្ដាក់ព្រះបន្ទូលនៃការផ្សះផ្សានេះដល់យើងទៀតផង។
ពិតមែនហើយ ដូចដែលទាំងអស់គ្នាទទួលស្គាល់អាថ៌កំបាំងនៃការគោរពព្រះ ជាការធំឧត្ដម គឺ ព្រះបានលេចមកក្នុងសាច់ឈាម ត្រូវបានបញ្ជាក់ថាសុចរិតដោយព្រះវិញ្ញាណ ត្រូវបានឃើញដោយបណ្ដាទូតសួគ៌ ត្រូវបានប្រកាសក្នុងបណ្ដាប្រជាជាតិ ត្រូវបានជឿក្នុងពិភពលោក ហើយត្រូវបានទទួលឡើងក្នុងសិរីរុងរឿង៕
ប៉ុន្តែព្រះអម្ចាស់បានឈរនៅក្បែរខ្ញុំ ហើយបានចម្រើនកម្លាំងដល់ខ្ញុំ ដើម្បីឲ្យការប្រកាសត្រូវបានបំពេញតាមរយៈខ្ញុំ និងដើម្បីឲ្យអស់ទាំងសាសន៍ដទៃបានឮ ហើយខ្ញុំត្រូវបានស្រោចស្រង់ពីមាត់សិង្ហ។
សូមឲ្យព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យព្រះគុណស្ថិតនៅជាមួយអ្នក!៕៚