ហ៊ូកុំរបស់អុលឡោះ1 អ្នកណាមានកិរិយាមារយាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមហ៊ូកុំរបស់អុលឡោះតាអាឡា អ្នកនោះមានសុភមង្គលហើយ!។ 2 អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ទ្រង់ ហើយស្វែងរកទ្រង់អស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! 3 អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ទ្រង់។ 4 ទ្រង់បានប្រទានឱវាទមក ដើម្បីឲ្យ យើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ 5 សូមជួយខ្ញុំឲ្យចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់។ 6 ដូច្នេះ ពេលណាខ្ញុំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ នោះខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ។ 7 ខ្ញុំសូមលើកតម្កើងទ្រង់ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលហ៊ូកុំដ៏សុចរិត ដែលទ្រង់បានបង្គាប់មក។ 8 ខ្ញុំចង់ប្រតិបត្តិតាម ហ៊ូកុំរបស់ទ្រង់ សូមកុំបោះបង់ចោលខ្ញុំសោះឡើយ! 9 តើមនុស្សកំលោះត្រូវធ្វើយ៉ាងណា ដើម្បីឲ្យកិរិយាមារយាទរបស់ខ្លួន បានល្អត្រឹមត្រូវ? គឺដោយប្រតិបត្តិតាមបន្ទូលរបស់ទ្រង់។ 10 ខ្ញុំស្វែងរកទ្រង់យ៉ាងអស់ពីចិត្ត សូមកុំបណ្តោយឲ្យខ្ញុំងាកចេញ ពីបទបញ្ជារបស់ទ្រង់ឡើយ! 11 ខ្ញុំរក្សាបន្ទូលរបស់ទ្រង់ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យប្រព្រឹត្តអំពើបាប ទាស់នឹងបំណងទ្រង់។ 12 អុលឡោះតាអាឡាអើយ ខ្ញុំសូមលើកតម្កើងទ្រង់ សូមបង្រៀនឲ្យខ្ញុំ ស្គាល់ច្បាប់របស់ទ្រង់! 13 ខ្ញុំរៀបរាប់អំពីហ៊ូកុំទាំងប៉ុន្មាន ដែលទ្រង់បានបង្គាប់មក។ 14 ខ្ញុំសប្បាយចិត្តនឹងអនុវត្តតាម ដំបូន្មានរបស់ទ្រង់ ដូចជាខ្ញុំសប្បាយចិត្ត នឹងមានសម្បត្តិដ៏ស្តុកស្តម្ភ។ 15 ខ្ញុំនឹងពិចារណាពីឱវាទរបស់ទ្រង់ ខ្ញុំសញ្ជឹងគិតអំពីមាគ៌ារបស់ទ្រង់ជានិច្ច។ 16 ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ខ្លាំងណាស់ ខ្ញុំមិនភ្លេចបន្ទូលរបស់ទ្រង់ឡើយ។ 17 សូមប្រណីសន្ដោសខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ ដើម្បីឲ្យខ្ញុំមានជីវិត ហើយប្រតិបត្តិតាមបន្ទូលរបស់ទ្រង់។ 18 សូមបើកភ្នែកខ្ញុំ ដើម្បីឲ្យខ្ញុំ មើលឃើញភាពថ្លៃថ្នូរ ដ៏អស្ចារ្យនៃហ៊ូកុំរបស់ទ្រង់។ 19 ខ្ញុំគ្រាន់តែស្នាក់នៅជាបណ្តោះអាសន្ន លើផែនដីនេះប៉ុណ្ណោះ សូមកុំលាក់បទបញ្ជារបស់ទ្រង់ នឹងខ្ញុំឡើយ។ 20 ចិត្តខ្ញុំតែងតែផ្តោតទៅរកវិន័យផ្សេងៗ ដែលទ្រង់បង្គាប់មកជានិច្ច។ 21 ទ្រង់គំរាមកំហែងមនុស្សអួតបំប៉ោង ដែលជាជនត្រូវបណ្ដាសា វង្វេងចេញឆ្ងាយពីបទបញ្ជារបស់ទ្រង់។ 22 សូមដកយកការអាម៉ាស់ចេញពីខ្ញុំ កុំឲ្យមាននរណាមើលងាយខ្ញុំឡើយ ដ្បិតខ្ញុំកាន់តាមដំបូន្មាន របស់ទ្រង់ហើយ។ 23 ទោះបីពួកមេដឹកនាំឃុបឃិតគ្នា ប្រឆាំងនឹងខ្ញុំក៏ដោយ ខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នៅតែសញ្ជឹងគិតពីហ៊កុំរបស់ទ្រង់ជានិច្ច។ 24 ខ្ញុំពេញចិត្តនឹងដំបូន្មានរបស់ទ្រង់ណាស់ ដំបូន្មានទ្រង់ជួយជាគំនិតដល់ខ្ញុំ។ 25 ខ្ញុំបានធ្លាក់ខ្លួនដុនដាបយ៉ាងខ្លាំង សូមប្រោសឲ្យខ្ញុំបានរស់ ស្របតាមបន្ទូលរបស់ទ្រង់ផង។ 26 ខ្ញុំរៀបរាប់អំពីដំណើរជីវិតរបស់ខ្ញុំ ហើយទ្រង់ក៏ឆ្លើយតបមកខ្ញុំ សូមបង្រៀនឲ្យខ្ញុំស្គាល់ហ៊ូកុំ របស់ទ្រង់!។ 27 សូមជួយខ្ញុំឲ្យយល់អំពីអត្ថន័យ នៃឱវាទរបស់ទ្រង់ ដើម្បីឲ្យខ្ញុំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលទ្រង់បានសំដែង!។ 28 ខ្ញុំមានទុក្ខសោកសង្រេង សូមលើកទឹកចិត្តខ្ញុំឡើងវិញ ដូចទ្រង់បានសន្យា។ 29 សូមនាំខ្ញុំចេញឆ្ងាយពីផ្លូវខុសឆ្គង ហើយជួយឲ្យខ្ញុំប្រតិបត្តិតាម ហ៊ូកុំរបស់ទ្រង់! 30 ខ្ញុំប្ដេជ្ញាចិត្តស្មោះត្រង់នឹងទ្រង់ ខ្ញុំសុខចិត្តធ្វើតាមវិន័យ ដែលទ្រង់បង្គាប់មក។ 31 ខ្ញុំជំពាក់ចិត្តនឹងដំបូន្មានរបស់ទ្រង់ អុលឡោះតាអាឡាអើយ សូមកុំឲ្យខ្ញុំត្រូវអាម៉ាស់ឡើយ! 32 ខ្ញុំសប្បាយចិត្តនឹងដើរ តាមបទបញ្ជានៃបញ្ញត្តិរបស់ទ្រង់ ដ្បិតទ្រង់ធ្វើឲ្យចិត្តខ្ញុំបានភ្លឺស្វាង។ 33 អុលឡោះតាអាឡាអើយ សូមបង្រៀនឲ្យខ្ញុំ ស្គាល់ហ៊ូកុំរបស់ទ្រង់ ដើម្បីឲ្យខ្ញុំកាន់តាម រហូតដល់ទីបញ្ចប់!។ 34 សូមប្រទានឲ្យខ្ញុំមានប្រាជ្ញា ដើម្បីរក្សាហ៊ូកុំរបស់ទ្រង់ ហើយប្រតិបត្តិតាមយ៉ាងអស់ពីចិត្ត!។ 35 សូមនាំខ្ញុំដើរតាមមាគ៌ា នៃបទបញ្ជារបស់ទ្រង់ ដ្បិតខ្ញុំពេញចិត្តនឹងបទបញ្ជា ទាំងនេះណាស់។ 36 សូមទាក់ទាញចិត្តខ្ញុំ ឲ្យធ្វើតាមដំបូន្មានរបស់ទ្រង់ គឺមិនមែនឲ្យរកកំរៃឡើយ! 37 សូមទាញអារម្មណ៍ខ្ញុំ ឲ្យបែរចេញពីអ្វីៗដែលឥតខ្លឹមសារ ហើយឲ្យខ្ញុំមានជីវិតរស់នៅ តាមមាគ៌ារបស់ទ្រង់! 38 សូមសម្រេចតាមបន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំជាអ្នកបម្រើរបស់ទ្រង់ គឺបន្ទូលដែលទ្រង់បានសន្យា ចំពោះអស់អ្នកគោរពកោតខ្លាចទ្រង់។ 39 សូមយកសេចក្ដីអាម៉ាស់ដែលខ្ញុំ ខ្លាចរអែងនេះ ចេញឲ្យឆ្ងាយពីខ្ញុំទៅ ដ្បិតហ៊ូកុំរបស់ទ្រង់សុទ្ធតែល្អទាំងអស់។ 40 ខ្ញុំប្រាថ្នាចង់ធ្វើតាមឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយសេចក្ដីសុចរិតរបស់ទ្រង់! 41 អុលឡោះតាអាឡាអើយ សូមសំដែងចិត្ត មេត្តាករុណាចំពោះខ្ញុំ សូមសង្គ្រោះ ខ្ញុំតាមបន្ទូលសន្យារបស់ទ្រង់! 42 សូមជួយឲ្យខ្ញុំអាចឆ្លើយតប នឹងអ្នកដែលជេរប្រមាថខ្ញុំ ដ្បិតខ្ញុំផ្ញើជីវិតលើបន្ទូលរបស់ទ្រង់។ 43 សូមកុំឲ្យខ្ញុំនិយាយអ្វីប្រាសចាក ពីសេចក្ដីពិតឡើយ ដ្បិតខ្ញុំសង្ឃឹមលើវិន័យរបស់ទ្រង់។ 44 ខ្ញុំនឹងគោរពតាមហ៊ូកុំរបស់ទ្រង់ ជានិច្ចនិរន្តរ៍រហូតតរៀងទៅ។ 45 ខ្ញុំចង់រស់នៅដោយមានសេរីភាពពេញទី ដ្បិតខ្ញុំស្វែងរកឱវាទរបស់ទ្រង់។ 46 ខ្ញុំនឹងថ្លែងអំពីដំបូន្មានរបស់ទ្រង់ ជម្រាបស្តេចនានា ខ្ញុំនឹងមិនខ្មាសសោះឡើយ។ 47 ខ្ញុំពេញចិត្តនឹងបទបញ្ជារបស់ទ្រង់ ខ្ញុំស្រឡាញ់បទបញ្ជានេះណាស់។ 48 ខ្ញុំលើកដៃប្រណម្យគោរព បទបញ្ជារបស់ទ្រង់ ព្រោះខ្ញុំស្រឡាញ់បទបញ្ជានេះ ខ្ញុំចង់សញ្ជឹងគិតអំពីហ៊ូកុំរបស់ទ្រង់។ 49 សូមនឹកដល់បន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំ ដ្បិតទ្រង់បានធ្វើឲ្យខ្ញុំមានសង្ឃឹម! 50 នៅពេលខ្ញុំមានទុក្ខវេទនា បន្ទូលនេះធ្វើឲ្យចិត្តខ្ញុំបានធូរស្បើយ បន្ទូលសន្យារបស់ទ្រង់ បានធ្វើឲ្យខ្ញុំមានជីវិតឡើងវិញ។ 51 មនុស្សអួតបំប៉ោងនាំគ្នាចំអកឲ្យខ្ញុំ តែខ្ញុំមិនឃ្លាតចាកចេញពីហ៊ូកុំ របស់ទ្រង់ឡើយ។ 52 អុលឡោះតាអាឡាអើយ ខ្ញុំនឹកដល់ វិន័យរបស់ទ្រង់ កាលពីអតីតកាល ហើយចិត្តខ្ញុំក៏បានធូរស្បើយ។ 53 មនុស្សពាលបានធ្វើឲ្យខ្ញុំ ក្ដៅក្រហាយយ៉ាងខ្លាំង ព្រោះពួកគេបោះបង់ចោលហ៊ូកុំ របស់ទ្រង់។ 54 ពេលដែលខ្ញុំស្នាក់អាស្រ័យ ជាបណ្តោះអាសន្នក្នុងលោកនេះ ខ្ញុំបានយកហ៊ូកុំរបស់ទ្រង់ មកធ្វើជា គីតាបសាបូរ។ គីតាបសាបូរ។ 55 ឱអុលឡោះតាអាឡាអើយ នៅពេលយប់ខ្ញុំនឹកដល់ នាមរបស់ទ្រង់ ហើយខ្ញុំ ប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់។ 56 ខ្ញុំរកឃើញសុភមង្គល ដោយអនុវត្តតាមឱវាទរបស់ទ្រង់។ 57 ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមជម្រាបទ្រង់ថា ការប្រតិបត្តិតាមបន្ទូលទ្រង់ ជាចំណែកមត៌ករបស់ខ្ញុំ។ 58 ខ្ញុំសូមអង្វរករទ្រង់យ៉ាងអស់ពីចិត្តថា សូមប្រណីសន្ដោសខ្ញុំ តាមបន្ទូលសន្យារបស់ទ្រង់ផង! 59 ខ្ញុំរិះគិតអំពីកិរិយាមារយាទរបស់ខ្ញុំ ហើយខ្ញុំក៏បោះជំហានមករកដំបូន្មាន របស់ទ្រង់វិញ។ 60 ខ្ញុំប្រញាប់ប្រញាល់ប្រតិបត្តិ តាមបទបញ្ជារបស់ទ្រង់ ឥតធ្វេសប្រហែសសោះឡើយ។ 61 មនុស្សអាក្រក់បានធ្វើឲ្យខ្ញុំ ជាប់អន្ទាក់របស់គេ តែខ្ញុំឥតភ្លេចហ៊ូកុំរបស់ទ្រង់ទេ។ 62 នៅពាក់កណ្ដាលអធ្រាត្រ ខ្ញុំក្រោកឡើង ដើម្បីលើកតម្កើងទ្រង់ ព្រោះតែវិន័យដ៏ត្រឹមត្រូវរបស់ទ្រង់។ 63 ខ្ញុំជាមិត្តរបស់អស់អ្នក ដែលគោរពកោតខ្លាចទ្រង់ និងអស់អ្នកដែលប្រតិបត្តិតាម ឱវាទរបស់ទ្រង់។ 64 ឱអុលឡោះតាអាឡាអើយ ផែនដីពេញទៅដោយ ចិត្តមេត្តាករុណារបស់ទ្រង់ សូមបង្រៀនឲ្យខ្ញុំស្គាល់ហ៊ូកុំ របស់ទ្រង់! 65 ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំ ជាអ្នកបម្រើរបស់ទ្រង់ តាមបន្ទូលរបស់ទ្រង់ផង។ 66 សូមបង្រៀនខ្ញុំឲ្យដឹងខុសត្រូវ មានប្រាជ្ញា ដ្បិតខ្ញុំទុកចិត្តលើបទបញ្ជារបស់ទ្រង់។ 67 ពីមុនខ្ញុំបានវង្វេង ហើយរងទុក្ខវេទនា ឥឡូវនេះ ខ្ញុំប្រតិបត្តិតាមបន្ទូល របស់ទ្រង់ហើយ។ 68 ទ្រង់មានចិត្តល្អសប្បុរស សូមបង្រៀនឲ្យខ្ញុំស្គាល់ហ៊ូកុំ របស់ទ្រង់! 69 មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ តែខ្ញុំនៅតែយកចិត្តទុកដាក់ធ្វើតាម ឱវាទរបស់ទ្រង់ជានិច្ច។ 70 អ្នកទាំងនោះជាមនុស្សអត់ចិត្ត រីឯខ្ញុំវិញ ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ណាស់។ 71 ខ្ញុំរងទុក្ខវេទនាដូច្នេះ ក៏ប្រពៃម្យ៉ាងដែរ ព្រោះខ្ញុំអាចរៀនហ៊ូកុំរបស់ទ្រង់។ 72 ចំពោះខ្ញុំ ទោះបីមាសប្រាក់ ច្រើនយ៉ាងណាក៏ដោយ ក៏គ្មានតម្លៃស្មើនឹងហ៊ូកុំរបស់ទ្រង់ដែរ។ 73 ទ្រង់បានបង្កើតខ្ញុំមក ហើយប្រទានឲ្យខ្ញុំបានមាំមួនឡើង ដូច្នេះ សូមប្រទានឲ្យខ្ញុំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ទ្រង់។ 74 ពេលអស់អ្នកគោរពកោតខ្លាចទ្រង់ ឃើញខ្ញុំ គេនឹងមានអំណរ ដ្បិតខ្ញុំផ្ញើជីវិតលើបន្ទូលរបស់ទ្រង់។ 75 ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាការអ្វី ដែលទ្រង់សម្រេចសុទ្ធតែត្រឹមត្រូវទាំងអស់ ហើយទ្រង់ដាក់ទោសខ្ញុំក៏ត្រឹមត្រូវដែរ។ 76 សូមសំរាលទុក្ខខ្ញុំ ដោយសារចិត្តស្មោះស្ម័គ្ររបស់ទ្រង់ តាមបន្ទូលដែលទ្រង់បានសន្យា ជាមួយខ្ញុំជាអ្នកបម្រើរបស់ទ្រង់។ 77 សូមសំដែងចិត្តមេត្តាករុណាមកលើ ខ្ញុំ ដើម្បីឲ្យខ្ញុំមានជីវិតឡើងវិញ ដ្បិតខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ណាស់។ 78 សូមឲ្យមនុស្សអួតបំប៉ោងត្រូវអាម៉ាស់ ដ្បិតពួកគេនិយាយកុហកមួលបង្កាច់ខ្ញុំ រីឯខ្ញុំវិញ ខ្ញុំសញ្ជឹងគិតពីឱវាទរបស់ទ្រង់។ 79 សូមឲ្យអស់អ្នកដែលគោរពកោត ខ្លាចទ្រង់ នាំគ្នាមករកខ្ញុំ ដើម្បីឲ្យបានស្គាល់ដំបូន្មានរបស់ទ្រង់។ 80 សូមជួយឲ្យខ្ញុំប្រព្រឹត្តតាមហ៊ូកុំ របស់ទ្រង់ឥតខ្ចោះ កុំឲ្យខ្ញុំត្រូវខ្មាសឡើយ។ 81 ខ្ញុំទន្ទឹងរង់ចាំមើលទ្រង់សង្គ្រោះខ្ញុំ ខ្ញុំរង់ចាំទ្រង់មានបន្ទូល។ 82 ខ្ញុំខំប្រឹងរង់ចាំមើលបន្ទូលសន្យា របស់ទ្រង់ ខ្ញុំពោលថា «តើដល់ពេលណា ទើបទ្រង់សំរាលទុក្ខខ្ញុំ?»។ 83 ខ្ញុំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែខ្ញុំមិនបំភ្លេចហ៊ូកុំ របស់ទ្រង់ឡើយ។ 84 តើខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ ត្រូវរង់ចាំដល់ពេលណាទៀត ទើបទ្រង់វិនិច្ឆ័យទោសអស់អ្នក ដែលបៀតបៀនខ្ញុំ? 85 មនុស្សអួតបំប៉ោងមិនគោរពតាមហ៊ូកុំ របស់ទ្រង់ទេ គេនាំគ្នាជីករណ្ដៅ ដើម្បីឲ្យខ្ញុំធ្លាក់។ 86 បទបញ្ជារបស់ទ្រង់ទាំងប៉ុន្មាន សុទ្ធតែពិតទាំងអស់ សូមជួយខ្ញុំផង ដ្បិតគេបៀតបៀនខ្ញុំដោយឥតហេតុផល។ 87 នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារខ្ញុំឲ្យវិនាសសូន្យ ប៉ុន្តែ ខ្ញុំមិនបោះបង់ចោលឱវាទ របស់ទ្រង់ឡើយ។ 88 សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយចិត្តមេត្តាករុណា ខ្ញុំនឹងប្រតិបត្តិតាមដំបូន្មាន ដែលទ្រង់បង្គាប់មក។ 89 ឱអុលឡោះតាអាឡាអើយ បន្ទូលរបស់ទ្រង់ ស្ថិតស្ថេររហូតតទៅ នៅក្នុងសូរ៉កា។ 90 ចិត្តស្មោះស្ម័គ្ររបស់ទ្រង់ នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ ទ្រង់បានធ្វើឲ្យផែនដីរឹងមាំ ហើយផែនដីក៏នៅស្ថិតស្ថេរដែរ។ 91 អ្វីៗសព្វសារពើនៅស្ថិតស្ថេររហូតមកដល់សព្វថ្ងៃ ដោយសារវិន័យរបស់ទ្រង់ ដ្បិតអ្វីៗទាំងអស់សុទ្ធតែនៅក្រោម អំណាចរបស់ទ្រង់។ 92 ប្រសិនបើខ្ញុំមិនពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ទេ ខ្ញុំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ 93 ខ្ញុំនឹងមិនភ្លេចឱវាទ របស់ទ្រង់សោះឡើយ ដ្បិតទ្រង់ធ្វើឲ្យខ្ញុំមានជីវិតឡើងវិញ ដោយសារឱវាទទាំងនេះ។ 94 ខ្ញុំនៅក្រោមឱវាទរបស់ទ្រង់ហើយ សូមសង្គ្រោះខ្ញុំផង! ដ្បិតខ្ញុំយកចិត្តទុកដាក់ នឹងឱវាទរបស់ទ្រង់។ 95 មនុស្សអាក្រក់រង់ចាំប្រហារជីវិតខ្ញុំ តែខ្ញុំចាប់ចិត្តនឹងដំបូន្មានរបស់ទ្រង់។ 96 ខ្ញុំឃើញថា សូម្បីអ្វីៗដ៏ល្អឥតខ្ចោះក៏នឹងមានទីបញ្ចប់ដែរ ប៉ុន្តែ បទបញ្ជារបស់ទ្រង់ទូលំទូលាយ ឥតមានព្រំដែនសោះឡើយ។ 97 ខ្ញុំស្រឡាញ់ហ៊ូកុំ របស់ទ្រង់ខ្លាំងណាស់ ខ្ញុំសញ្ជឹងគិតអំពីហ៊ូកុំនេះ ជារៀងរាល់ថ្ងៃ។ 98 បទបញ្ជារបស់ទ្រង់ធ្វើឲ្យខ្ញុំ មានប្រាជ្ញាវាងវៃជាងខ្មាំងសត្រូវ ដ្បិតខ្ញុំរិះគិតពីហ៊ូកុំនេះជានិច្ច។ 99 ខ្ញុំចេះដឹងជាងតួនៗទាំងប៉ុន្មាន របស់ខ្ញុំទៅទៀត ដ្បិតខ្ញុំ យកដំបូន្មានទាំងប៉ុន្មាន មកសញ្ជឹងគិត។ 100 ខ្ញុំដឹងខុសត្រូវជាងចាស់ៗទៅទៀត ដ្បិតខ្ញុំប្រព្រឹត្តតាមឱវាទរបស់ទ្រង់។ 101 ខ្ញុំចៀសចេញឆ្ងាយពីផ្លូវអាក្រក់ទាំងប៉ុន្មាន ដើម្បីប្រតិបត្តិតាមបន្ទូលរបស់ទ្រង់។ 102 ខ្ញុំមិនងាកចេញពីវិន័យ ដែលទ្រង់បង្គាប់មកខ្ញុំឡើយ ដ្បិតទ្រង់ប្រៀនប្រដៅខ្ញុំដូច្នេះ។ 103 បន្ទូលរបស់ទ្រង់ប្រៀបបាននឹងអាហារ ដ៏ឆ្ងាញ់ពិសេស សម្រាប់ខ្ញុំ ហើយក៏មានរសជាតិផ្អែមជាងទឹកឃ្មុំទៅទៀត។ 104 ឱវាទរបស់ទ្រង់បានធ្វើឲ្យខ្ញុំ ដឹងខុសត្រូវ ហេតុនេះហើយបានជា ខ្ញុំស្អប់ការវៀចវេរ។ 105 បន្ទូលរបស់ទ្រង់ជាចង្កៀងបំភ្លឺជំហាន ខ្ញុំ និងជាពន្លឺបំភ្លឺផ្លូវរបស់ខ្ញុំ។ 106 ខ្ញុំសូមសន្យាដោយឥតងាករេថា ខ្ញុំនឹងប្រតិបត្តិតាមហ៊ូកុំ ដ៏សុចរិតដែលទ្រង់បង្គាប់មក។ 107 ឱអុលឡោះតាអាឡាអើយ ខ្ញុំរងទុក្ខវេទនាខ្លាំងណាស់ សូមប្រោសប្រទានឲ្យខ្ញុំមានជីវិត ឡើងវិញ ស្របតាមបន្ទូលរបស់ទ្រង់ផង! 108 ឱអុលឡោះតាអាឡាអើយ សូមទទួលយកពាក្យសរសើររបស់ខ្ញុំ ទុកជាជំនូន ហើយសូមបង្រៀនឲ្យខ្ញុំ ស្គាល់ហ៊ូកុំរបស់ទ្រង់! 109 ជីវិតខ្ញុំប្រឈមមុខទល់នឹងអន្តរាយជានិច្ច ប៉ុន្តែ ខ្ញុំមិនភ្លេចហ៊ូកុំរបស់ទ្រង់ទេ។ 110 មនុស្សអាក្រក់នាំគ្នាដាក់អន្ទាក់ចាំចាប់ខ្ញុំ តែខ្ញុំមិនវង្វេងចេញឆ្ងាយ ពីឱវាទរបស់ទ្រង់ឡើយ។ 111 ដំបូន្មានរបស់ទ្រង់ជាកេរមត៌ករបស់ខ្ញុំ ដ្បិតដំបូន្មានទាំងនេះធ្វើឲ្យខ្ញុំ មានអំណរនៅក្នុងចិត្ត។ 112 ខ្ញុំប្ដេជ្ញាចិត្តធ្វើតាមហ៊ូកុំ របស់ទ្រង់រហូតដល់ទីបំផុត។ 113 ខ្ញុំស្អប់មនុស្សដែលមានចិត្តពីរ តែខ្ញុំស្រឡាញ់ហ៊ូកុំរបស់ទ្រង់។ 114 ទ្រង់ជាជំរក និងជាខែលការពារខ្ញុំ ខ្ញុំផ្ញើជីវិតលើបន្ទូល របស់ទ្រង់ជានិច្ច។ 115 មនុស្សអាក្រក់អើយ ចូរនាំគ្នាចេញឲ្យឆ្ងាយពីខ្ញុំទៅ! ទុកឲ្យខ្ញុំប្រតិបត្តិតាមបទបញ្ជានៃអុលឡោះជាម្ចាស់របស់ខ្ញុំ! 116 សូមជួយគាំទ្រខ្ញុំ តាមបន្ទូលសន្យារបស់ទ្រង់ ដើម្បីឲ្យខ្ញុំមានជីវិត សូមកុំឲ្យសេចក្ដីសង្ឃឹម របស់ខ្ញុំប្រែទៅជាខកចិត្តឡើយ។ 117 សូមធ្វើជាបង្អែករបស់ខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចជីវិត ហើយផ្ចង់ចិត្តទៅរកហ៊ូកុំរបស់ទ្រង់ជានិច្ច។ 118 ទ្រង់មិនរាប់រកអស់អ្នកដែលវង្វេង ចេញឆ្ងាយពីហ៊ូកុំរបស់ទ្រង់ឡើយ ដ្បិតអ្វីៗដែលពួកគេធ្វើសុទ្ធតែ ជាការបោកបញ្ឆោត។ 119 ទ្រង់ផាត់មនុស្សអាក្រក់ទាំងប៉ុន្មាន នៅលើផែនដីចោល ដូចកម្ទេចសំរាម ហេតុនេះហើយបានជាខ្ញុំស្រឡាញ់ ដំបូន្មានរបស់ទ្រង់។ 120 រូបកាយខ្ញុំភ័យញាប់ញ័រ ដោយកោតខ្លាចទ្រង់ ខ្ញុំភ័យខ្លាចវិន័យរបស់ទ្រង់។ 121 ខ្ញុំប្រព្រឹត្តអំពើសុចរិត យុត្តិធម៌ សូមកុំឲ្យខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់អស់អ្នកដែលសង្កត់សង្កិនខ្ញុំឡើយ។ 122 សូមធានាឲ្យខ្ញុំ ដែលជាអ្នកបម្រើទ្រង់បានសុខសាន្តផង សូមកុំទុកឲ្យមនុស្សអួតបំប៉ោង សង្កត់សង្កិនខ្ញុំឡើយ។ 123 ខ្ញុំទន្ទឹងរង់ចាំមើលទ្រង់សង្គ្រោះខ្ញុំ ខ្ញុំរង់ចាំបន្ទូលសន្យាដ៏សុចរិត របស់ទ្រង់។ 124 សូមប្រព្រឹត្តចំពោះខ្ញុំដែលជាអ្នកបម្រើ របស់ទ្រង់ ដោយចិត្តមេត្តាករុណា សូមបង្រៀនឲ្យខ្ញុំស្គាល់ច្បាប់ របស់ទ្រង់! 125 ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ សូមប្រទានប្រាជ្ញាមកខ្ញុំផង ដើម្បីឲ្យខ្ញុំស្គាល់ដំបូន្មានរបស់ទ្រង់។ 126 អុលឡោះតាអាឡាអើយ ដល់ពេលធ្វើអន្តរាគមន៍ហើយ ដ្បិតគេបានរំលោភលើហ៊ូកុំរបស់ទ្រង់។ 127 ខ្ញុំស្រឡាញ់បទបញ្ជារបស់ទ្រង់ លើសអ្វីៗទាំងអស់ គឺលើសមាសសុទ្ធទៅទៀត។ 128 ខ្ញុំយល់ឃើញថាឱវាទទាំងប៉ុន្មាន របស់ទ្រង់សុទ្ធតែត្រឹមត្រូវទាំងអស់ ខ្ញុំស្អប់ការអាក្រក់គ្រប់យ៉ាង។ 129 ដំបូន្មានរបស់ទ្រង់ល្អវិសេសណាស់ ហេតុនេះហើយបានជាខ្ញុំខំប្រឹងធ្វើតាម។ 130 ការស្វែងយល់បន្ទូលរបស់ទ្រង់ ធ្វើឲ្យមនុស្សភ្លឺស្វាង ហើយធ្វើឲ្យអ្នកទន់ទាបមានប្រាជ្ញា។ 131 ខ្ញុំត្រងត្រាប់ស្ដាប់បន្ទូល របស់ទ្រង់ដោយយកចិត្តទុកដាក់ ដ្បិតខ្ញុំចង់ស្គាល់បទបញ្ជា របស់ទ្រង់ណាស់។ 132 សូមបែរមើលមកខ្ញុំ សូមប្រណីសន្ដោសខ្ញុំ ដូចទ្រង់ធ្លាប់ប្រណីសន្ដោស អស់អ្នកដែលស្រឡាញ់នាមរបស់ទ្រង់។ 133 សូមពង្រឹងខ្ញុំឲ្យបានមាំមួន តាមបន្ទូលសន្យារបស់ទ្រង់ ហើយកុំបណ្តោយឲ្យខ្ញុំធ្លាក់ទៅក្នុង អំណាចរបស់អំពើទុច្ចរិតណាមួយឡើយ!។ 134 សូមរំដោះខ្ញុំឲ្យរួចផុតពីការ ជិះជាន់របស់មនុស្ស ដើម្បីឲ្យខ្ញុំ ប្រតិបត្តិតាមឱវាទរបស់ទ្រង់។ 135 សូមសំដែងចិត្តអាណិតមេត្តា ដល់ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ហើយសូមបង្រៀនខ្ញុំឲ្យស្គាល់ ហ៊ូកុំរបស់ទ្រង់ផង!។ 136 ខ្ញុំបង្ហូរទឹកភ្នែកឥតស្រាកស្រាន្ត ដោយឃើញគេមិនគោរព តាមហ៊ូកុំរបស់ទ្រង់។ 137 ឱអុលឡោះតាអាឡាអើយ ទ្រង់សុចរិត វិន័យរបស់ទ្រង់សុទ្ធតែត្រឹមត្រូវ! 138 ទ្រង់ប្រទានដំបូន្មានមកដោយសុចរិត និងត្រឹមត្រូវបំផុត។ 139 ខ្ញុំក្ដៅក្រហាយយ៉ាងខ្លាំង ដោយឃើញបច្ចាមិត្តរបស់ខ្ញុំ បំភ្លេចបន្ទូលរបស់ទ្រង់។ 140 បន្ទូលសន្យារបស់ទ្រង់ សម្រេចជាក់ស្តែងហើយ ខ្ញុំជាអ្នកបម្រើរបស់ទ្រង់ ស្រឡាញ់បន្ទូលនេះណាស់។ 141 ខ្ញុំជាមនុស្សតូចតាច ហើយត្រូវគេមើលងាយទៀតផង តែខ្ញុំមិនភ្លេចឱវាទរបស់ទ្រង់ឡើយ។ 142 សេចក្ដីសុចរិតរបស់ទ្រង់នៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយហ៊ូកុំរបស់ទ្រង់ជាសេចក្ដីពិត។ 143 ខ្ញុំកើតទុក្ខអន្ទះអន្ទែងជាខ្លាំង តែបទបញ្ជារបស់ទ្រង់ ធ្វើឲ្យខ្ញុំមានអំណរ។ 144 ដំបូន្មានរបស់ទ្រង់សុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកខ្ញុំ ដើម្បីឲ្យខ្ញុំមានជីវិត! 145 ឱអុលឡោះតាអាឡាអើយ ខ្ញុំអង្វរទ្រង់យ៉ាងអស់ពីចិត្ត សូមឆ្លើយតបមកខ្ញុំផង ដើម្បីឲ្យខ្ញុំ ប្រតិបត្តិតាមហ៊ូកុំរបស់ទ្រង់! 146 ខ្ញុំអង្វរទ្រង់ សូមសង្គ្រោះខ្ញុំផង ដើម្បីឲ្យខ្ញុំប្រព្រឹត្តតាមដំបូន្មាន របស់ទ្រង់! 147 ខ្ញុំស្រែកអង្វរទ្រង់ តាំងពីមុនថ្ងៃរះទៅទៀត ខ្ញុំទន្ទឹងរង់ចាំទ្រង់មានបន្ទូល។ 148 ខ្ញុំសញ្ជឹងគិតអំពីបន្ទូលសន្យា របស់ទ្រង់មួយយប់ទល់ភ្លឺ។ 149 សូមស្ដាប់ពាក្យទូរអាអង្វររបស់ខ្ញុំ ដោយចិត្តមេត្តាករុណា ឱអុលឡោះតាអាឡាអើយ សូមជួយខ្ញុំ ឲ្យរស់នៅតាមវិន័យរបស់ទ្រង់។ 150 អស់អ្នកដែលតាមព្យាបាទខ្ញុំ នាំគ្នាចូលមកជិតខ្ញុំ អ្នកទាំងនោះឃ្លាតចេញឆ្ងាយ ពីហ៊ូកុំរបស់ទ្រង់។ 151 ឱអុលឡោះតាអាឡាអើយ ទ្រង់នៅជិតខ្ញុំ បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ សុទ្ធតែត្រឹមត្រូវទាំងអស់ 152 តាំងពីយូរយារណាស់មកហើយ ខ្ញុំបានដឹងថា ទ្រង់ប្រទានដំបូន្មានរបស់ទ្រង់មក ដើម្បីឲ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ 153 សូមមើលទុក្ខវេទនារបស់ខ្ញុំ សូមរំដោះខ្ញុំផង! ដ្បិតខ្ញុំមិនភ្លេចហ៊ូកុំរបស់ទ្រង់ទេ។ 154 សូមរកយុត្តិធម៌ឲ្យខ្ញុំ ហើយរំដោះខ្ញុំឲ្យមានសេរីភាពផង សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ តាមបន្ទូលសន្យារបស់ទ្រង់! 155 មនុស្សអាក្រក់ពុំអាចទទួលការសង្គ្រោះឡើយ ដ្បិតពួកគេមិនស្វែងរកហ៊ូកុំរបស់ទ្រង់ទេ។ 156 ឱអុលឡោះតាអាឡាអើយ ទ្រង់តែងតែ មានចិត្តអាណិតមេត្តាជានិច្ច សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ តាមហ៊ូកុំដែលទ្រង់បានបង្គាប់មក។ 157 អស់អ្នកដែលបៀតបៀនខ្ញុំ និងបច្ចាមិត្តរបស់ខ្ញុំមានគ្នាច្រើនណាស់ តែខ្ញុំមិនងាកចេញពីដំបូន្មាន របស់ទ្រង់ឡើយ។ 158 ពេលខ្ញុំឃើញមនុស្សក្បត់ ខ្ញុំទាស់ចិត្តខ្លាំងណាស់ ដ្បិតពួកគេមិនប្រព្រឹត្តតាមបន្ទូល របស់ទ្រង់ទេ។ 159 ឱអុលឡោះតាអាឡាអើយ សូមជ្រាបថា ខ្ញុំស្រឡាញ់ឱវាទរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានជីវិតឡើងវិញ ដោយចិត្តមេត្តាករុណារបស់ទ្រង់។ 160 គោលការណ៍នៃបន្ទូលរបស់ទ្រង់ ជាសេចក្ដីពិត ហើយហ៊ូកុំទាំងប៉ុន្មានដែលទ្រង់សម្រេច ដោយសុចរិតនៅស្ថិតស្ថេររហូតតទៅ។ 161 ពួកមេដឹកនាំបៀតបៀនខ្ញុំ ដោយឥតមូលហេតុ ក៏ប៉ុន្តែ មានតែបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ ដែលធ្វើឲ្យខ្ញុំភ័យខ្លាច!។ 162 ខ្ញុំរីករាយនឹងបន្ទូលសន្យារបស់ទ្រង់ ដូចជាគេរកឃើញកំណប់ ដ៏មានតម្លៃលើសលប់ដែរ។ 163 ខ្ញុំស្អប់ខ្ពើមការកុហកណាស់ តែខ្ញុំស្រឡាញ់ហ៊ូកុំរបស់ទ្រង់។ 164 ខ្ញុំសរសើរតម្កើងទ្រង់មួយថ្ងៃប្រាំពីរដង ព្រោះតែហ៊ូកុំដ៏សុចរិតរបស់ទ្រង់។ 165 អស់អ្នកដែលស្រឡាញ់ហ៊ូកុំរបស់ទ្រង់ នឹងបានសុខក្សេមក្សាន្ត គ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយ។ 166 ឱអុលឡោះតាអាឡាអើយ ខ្ញុំសង្ឃឹមរង់ចាំ ទ្រង់សង្គ្រោះខ្ញុំ ខ្ញុំប្រតិបត្តិតាមបទបញ្ជារបស់ទ្រង់។ 167 ខ្ញុំប្រព្រឹត្តតាមដំបូន្មានរបស់ទ្រង់ ហើយខ្ញុំស្រឡាញ់ដំបូន្មាននេះណាស់។ 168 ខ្ញុំប្រព្រឹត្តតាមឱវាទ និងដំបូន្មានរបស់ទ្រង់ ដ្បិតអ្វីៗដែលខ្ញុំធ្វើ ទ្រង់ជ្រាបសព្វគ្រប់ទាំងអស់។ 169 សូមឲ្យសំរែករបស់ខ្ញុំបានឮ ទៅដល់ទ្រង់ សូមប្រទានប្រាជ្ញាមកខ្ញុំ តាមបន្ទូលសន្យារបស់ទ្រង់។ 170 សូមឲ្យពាក្យទទូចអង្វររបស់ខ្ញុំ បានឮទៅដល់ទ្រង់ សូមរំដោះខ្ញុំ តាមបន្ទូលសន្យារបស់ទ្រង់ផង!។ 171 ខ្ញុំនឹងពោលពាក្យសរសើរតម្កើងទ្រង់ ឥតឈប់ឡើយ ដ្បិតទ្រង់បានបង្រៀនខ្ញុំ ឲ្យស្គាល់ហ៊ូកុំរបស់ទ្រង់។ 172 ខ្ញុំនឹងបន្លឺសំឡេងច្រៀងតម្កើង បន្ទូលសន្យារបស់ទ្រង់ ដ្បិតបទបញ្ជាទាំងប៉ុន្មានរបស់ ទ្រង់សុទ្ធតែសុចរិត។ 173 សូមសំដែងអំណាចសង្គ្រោះខ្ញុំ ដ្បិតខ្ញុំបានសម្រេចចិត្តធ្វើតាមឱវាទ របស់ទ្រង់ហើយ។ 174 ឱអុលឡោះតាអាឡាអើយ ខ្ញុំប្រាថ្នាចង់ឃើញទ្រង់ សង្គ្រោះខ្ញុំណាស់ ខ្ញុំពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ជាខ្លាំង។ 175 សូមឲ្យខ្ញុំរស់រានមានជីវិត ដើម្បីសរសើរតម្កើងទ្រង់! សូមឲ្យបន្ទូលរបស់ទ្រង់ ជួយលើកទឹកចិត្តខ្ញុំ។ 176 ខ្ញុំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមមករកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង! ដ្បិតខ្ញុំមិនភ្លេចបទបញ្ជា របស់ទ្រង់ឡើយ! |
© 2014 United Bible Societies, UK.
United Bible Societies