វេទនាដល់យេរូសាឡិម1 “វេទនាហើយ អើរាលអើយ! អើរាលអើយ! ជាទីក្រុងដែលដាវីឌបានបោះទ័ព! ចូរបន្ថែមមួយឆ្នាំហើយមួយឆ្នាំទៀត ហើយឲ្យមានពិធីបុណ្យវិលចុះវិលឡើង! 2 ក៏ប៉ុន្តែយើងនឹងធ្វើទុក្ខអើរាល នោះនាងនឹងមានការថ្ងូរ និងការទួញសោក ហើយនាងនឹងបានដូចជាចង្ក្រានអាសនាដល់យើង។ 3 យើងនឹងបោះទ័ពដូចជារង្វង់ទាស់នឹងអ្នក ហើយយើងនឹងឡោមព័ទ្ធអ្នកដោយប៉ម ព្រមទាំងដំឡើងគ្រឿងឡោមព័ទ្ធទាស់នឹងអ្នកផង។ 4 អ្នកនឹងត្រូវបានបន្ទាបចុះ ក៏និយាយចេញពីដីមក ពាក្យសម្ដីរបស់អ្នកនឹងឮតិចៗចេញពីធូលីដីមក សំឡេងរបស់អ្នកនឹងបានដូចជាសំឡេងរបស់គ្រូអន្ទងខ្មោច គឺចេញពីដីមក ពាក្យសម្ដីរបស់អ្នកនឹងខ្សឹបចេញពីធូលីដីមក។ 5 យ៉ាងណាមិញ សាសន៍ដទៃជាខ្មាំងសត្រូវដ៏ច្រើនសន្ធឹករបស់អ្នក នឹងបានដូចជាធូលីដ៏ម៉ដ្ដ មនុស្សកាចសាហាវដ៏ច្រើនសន្ធឹកនឹងបានដូចជាអង្កាមដែលបក់កាត់មក គឺការនោះនឹងកើតឡើងភ្លាមៗក្នុងមួយរំពេច។ 6 នាងនឹងត្រូវព្រះយេហូវ៉ានៃពលបរិវារដាក់ទោស ដោយផ្គរលាន់ រញ្ជួយផែនដី សំឡេងយ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ។ 7 នោះអស់ទាំងប្រជាជាតិដ៏ច្រើនសន្ធឹកដែលច្បាំងនឹងអើរាល គឺអស់អ្នកដែលច្បាំងនឹងនាង និងបន្ទាយរបស់នាង ជាអ្នកដែលធ្វើទុក្ខនាង គេនឹងបានដូចជាយល់សប្តិ និងនិមិត្តនៅពេលយប់។ 8 ដូចដែលកាលមនុស្សឃ្លានយល់សប្តិថាខ្លួនកំពុងតែហូប តែភ្ញាក់ឡើង ក៏ចិត្តគេនៅតែទទេយ៉ាងណា ឬដូចដែលកាលមនុស្សស្រេកយល់សប្តិថាខ្លួនកំពុងតែផឹក តែភ្ញាក់ឡើង នោះមើល៍! គេអស់កម្លាំង ហើយចិត្តគេនៅតែស្រេកយ៉ាងណា អស់ទាំងប្រជាជាតិដ៏ច្រើនសន្ធឹកដែលច្បាំងនឹងភ្នំស៊ីយ៉ូនក៏នឹងបានជាយ៉ាងនោះដែរ”។ 9 ចូរធ្វើឲ្យខ្លួនអ្នកស្រឡាំងកាំង ហើយភ្ញាក់ផ្អើលចុះ! ចូរធ្វើឲ្យខ្លួនអ្នកខ្វាក់ ហើយខ្វាក់ទៅ! ពួកគេបានស្រវឹង តែមិនមែនដោយស្រា ពួកគេដើរទ្រេតទ្រោត តែមិនមែនដោយគ្រឿងស្រវឹង 10 គឺព្រះយេហូវ៉ាបានចាក់វិញ្ញាណនៃការលង់លក់មកលើអ្នករាល់គ្នា ព្រះអង្គបានបិទភ្នែករបស់អ្នករាល់គ្នាដែលជាព្យាការី ព្រះអង្គបានគ្របក្បាលរបស់អ្នករាល់គ្នាដែលជាអ្នកមើលឆុត។ 11 ចំពោះអ្នករាល់គ្នា និមិត្តទាំងអស់បានត្រឡប់ដូចជាពាក្យក្នុងក្រាំងដែលបិទត្រាហើយ។ នៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “មិនបានទេ ពីព្រោះវាត្រូវបានបិទត្រា” 12 ហើយនៅពេលគេឲ្យក្រាំងនោះដល់អ្នកដែលមិនចេះអក្សរ ដោយនិយាយថា៖ “សូមអានក្រាំងនេះមើល៍” អ្នកនោះនឹងតបថា៖ “ខ្ញុំមិនចេះអក្សរទេ”។ 13 ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន 14 ដោយហេតុនេះ មើល៍! យើងនឹងធ្វើឲ្យប្រជាជននេះស្ញែងម្ដងទៀត ដោយការអស្ចារ្យដ៏ចម្លែក នោះប្រាជ្ញារបស់មនុស្សមានប្រាជ្ញាក្នុងចំណោមពួកគេ នឹងត្រូវបានបំផ្លាញ ហើយការយល់ដឹងរបស់មនុស្សមានការយល់ច្បាស់ នឹងត្រូវបានបំបាំង”។ 15 វេទនាហើយ! ពួកអ្នកដែលរកទីជម្រៅដើម្បីលាក់ផែនការរបស់ខ្លួនពីព្រះយេហូវ៉ា! កិច្ចការរបស់ពួកគេនៅក្នុងទីងងឹត ហើយពួកគេនិយាយថា៖ “តើមានអ្នកណាមើលឃើញពួកយើង? តើមានអ្នកណាស្គាល់ពួកយើង?”។ 16 នេះជាការត្រឡប់ត្រឡិនរបស់អ្នករាល់គ្នាហើយ! តើជាងស្មូនត្រូវបានចាត់ទុកដូចជាដីឥដ្ឋឬ បានជារបស់ដែលត្រូវបានបង្កើតនិយាយនឹងអ្នកដែលបង្កើតខ្លួនថា៖ “គាត់មិនបានបង្កើតខ្ញុំទេ” នោះ? តើរបស់ដែលត្រូវបានសូននិយាយនឹងអ្នកដែលសូនខ្លួនថា៖ “គាត់មិនយល់អ្វីសោះ” ឬ? 17 តើមិនមែននៅតែបន្តិចទៀតទេឬ ដែលលីបង់នឹងត្រឡប់ទៅជាចម្ការសម្បូរផល រីឯចម្ការសម្បូរផលនឹងត្រូវបានចាត់ទុកជាព្រៃឈើវិញ? 18 នៅថ្ងៃនោះ មនុស្សថ្លង់នឹងឮពាក្យដែលនៅក្នុងក្រាំង ហើយភ្នែករបស់មនុស្សខ្វាក់នឹងមើលឃើញ ពីក្នុងភាពងងឹត និងពីក្នុងសេចក្ដីងងឹត។ 19 មនុស្សតូចទាបនឹងកើនអំណរក្នុងព្រះយេហូវ៉ា ហើយពួកខ្វះខាតក្នុងចំណោមមនុស្សលោកនឹងត្រេកអរ ក្នុងអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល។ 20 ដ្បិតមនុស្សកាចសាហាវនឹងបាត់ទៅ មនុស្សចំអកឡកឡឺយនឹងអស់ទៅ ហើយអស់អ្នកដែលរង់ចាំឱកាសប្រព្រឹត្តអំពើទុច្ចរិតក៏នឹងត្រូវបានកាត់ចេញដែរ។ 21 ពួកគេចាប់កំហុសមនុស្សដោយពាក្យសម្ដី ហើយដាក់អន្ទាក់ចាប់បណ្ដាអ្នកកាត់ក្ដីនៅខ្លោងទ្វារ ព្រមទាំងបង្វែរមនុស្សសុចរិតចេញដោយហេតុផលឥតបានការ។ 22 ហេតុនេះហើយបានជាព្រះយេហូវ៉ាដែលប្រោសលោះអ័ប្រាហាំ មានបន្ទូលអំពីវង្សត្រកូលយ៉ាកុបដូច្នេះថា៖ “ឥឡូវនេះ យ៉ាកុបមិនអាម៉ាស់មុខទៀតឡើយ ឥឡូវនេះ មុខរបស់គាត់ក៏មិនស្លេកទៀតដែរ។ 23 ដ្បិតកាលណាគាត់ឃើញកូនចៅរបស់ខ្លួនដែលជាស្នាដៃរបស់យើងនៅកណ្ដាលគាត់ ពួកគេនឹងតម្កើងនាមរបស់យើងជាវិសុទ្ធ ហើយតម្កើងអង្គដ៏វិសុទ្ធនៃយ៉ាកុបជាវិសុទ្ធដែរ ព្រមទាំងកោតខ្លាចព្រះនៃអ៊ីស្រាអែលផង។ 24 រីឯពួកអ្នកដែលវង្វេងខាងវិញ្ញាណនឹងមកដល់ការយល់ដឹង ហើយពួកអ្នកដែលរអ៊ូរទាំនឹងរៀនចេះសេចក្ដីអប់រំ”៕ |