ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 10 - ព្រះគម្ពីរខ្មែរសាកល ព្រះគម្ពីរខ្មែរសាកល
អេសាយ 10

1 វេទនា​ហើយ​! ពួកអ្នកដែល​តែង​បទបញ្ញត្តិ​ទុច្ចរិត និង​ពួកអ្នកដែល​សរសេរ​សេចក្ដីសម្រេច​អយុត្ដិធម៌

2 ដើម្បី​បែរចេញ​ពី​ពាក្យបណ្ដឹង​របស់​អ្នកក្រខ្សត់ ហើយ​ដកយក​សេចក្ដីយុត្តិធម៌​ចេញពី​មនុស្ស​រងទុក្ខ​ក្នុង​ប្រជារាស្ត្រ​របស់យើង ដើម្បីឲ្យ​ស្ត្រីមេម៉ាយ​បានជា​ជ័យភណ្ឌ​របស់គេ និង​ដើម្បី​ប្លន់​កូនកំព្រា​។

3 ក្នុង​ថ្ងៃ​នៃ​ការដាក់ទោស នៅពេល​ការហិនវិនាស​មក​ពី​ឆ្ងាយ តើ​អ្នករាល់គ្នា​នឹង​ធ្វើ​ដូចម្ដេច​? តើ​អ្នករាល់គ្នា​នឹង​រត់គេច​ទៅ​រក​អ្នកណា​ឲ្យ​ជួយ​? តើ​អ្នករាល់គ្នា​នឹង​ផ្ញើ​ភាពស្ដុកស្ដម្ភ​របស់អ្នករាល់គ្នា​ទុក​នៅ​ឯណា​?

4 គ្មានអ្វី​នៅសល់​ឡើយ លើកលែងតែ​ការ​លុតចុះ​នៅកណ្ដាល​ពួក​ឈ្លើយសឹក ឬ​ការ​ដួល​នៅកណ្ដាល​ពួកអ្នកដែល​ត្រូវបាន​កាប់សម្លាប់​។ ទោះបីជា​មាន​ការទាំងអស់​នោះ​ក៏ដោយ ក៏​ព្រះពិរោធ​របស់ព្រះអង្គ​មិន​បាន​បែរចេញ​ឡើយ ហើយ​ព្រះហស្ត​របស់ព្រះអង្គ​នៅតែ​លាតចេញ​មក​ទៀត​។

អាស្ស៊ីរីជារំពាត់នៃព្រះពិរោធ

5 “វេទនា​ហើយ​! អាស្ស៊ីរី ដែលជា​រំពាត់​នៃ​កំហឹង​របស់យើង​! ឈើច្រត់​ក្នុង​ដៃ​ពួកគេ គឺជា​សេចក្ដីក្រេវក្រោធ​របស់យើង​។

6 យើង​នឹង​ចាត់​ពួកគេ​ឲ្យទៅ​ទាស់នឹង​ប្រជាជាតិ​មួយ​ដែល​មិនគោរពព្រះ យើង​នឹង​បញ្ជា​ពួកគេ​ឲ្យ​ទាស់នឹង​ប្រជាជន​នៃ​សេចក្ដីក្រេវក្រោធ​របស់យើង គឺ​ឲ្យ​ដណ្ដើមយក​ជ័យភណ្ឌ ប្លន់យក​របឹប ព្រមទាំង​ធ្វើឲ្យ​ប្រជាជននោះ​ត្រូវបាន​ជាន់ឈ្លី​ដូច​ភក់​នៅតាម​ផ្លូវ​ផង​។

7 ប៉ុន្តែ​ពួកគេ​មិន​មានបំណង​ដូច្នោះ​ទេ ហើយ​ចិត្ត​ពួកគេ​ក៏​មិន​គិតគូរ​ដូច្នោះ​ដែរ គឺ​ក្នុង​ចិត្ត​ពួកគេ​មានតែ​ការបំផ្លាញ និង​ការកាត់ចេញ​នូវ​ប្រជាជាតិ​មិន​តិច​ឡើយ​។

8 ដ្បិត​ពួកគេ​ពោលថា​: ‘តើ​មេដឹកនាំ​របស់យើង មិនមែន​សុទ្ធតែ​ជា​ស្ដេច​ទេ​ឬ​?

9 តើ​កាលនេ មិន​ដូច​កើកេមីស​ទេ​ឬ​? តើ​ហាម៉ាថ មិន​ដូច​អើផាឌ​ទេ​ឬ​? តើ​សាម៉ារី មិន​ដូច​ដាម៉ាស់​ទេ​ឬ​?

10 ដូចដែល​ដៃ​របស់យើង​បាន​ចាប់​អាណាចក្រ​ទាំងឡាយ​នៃ​រូបបដិមាករឥតប្រយោជន៍ ដែល​រូបឆ្លាក់​របស់គេ​វិសេសជាង​យេរូសាឡិម ក៏​វិសេសជាង​សាម៉ារី​យ៉ាងណា

11 ដូចដែល​យើង​បាន​ធ្វើ​ដល់​សាម៉ារី និង​រូបបដិមាករឥតប្រយោជន៍​របស់នាង​យ៉ាងណា តើ​យើង​មិន​ធ្វើ​ដល់​យេរូសាឡិម និង​រូបបដិមាករ​របស់នាង​យ៉ាងនោះដែរ​ទេ​ឬ​?’”។

ការជំនុំជម្រះចំពោះអាស្ស៊ីរី

12 កាលណា​ព្រះអម្ចាស់​បាន​បង្ហើយ​គ្រប់ទាំង​កិច្ចការ​របស់ព្រះអង្គ​នៅលើ​ភ្នំ​ស៊ីយ៉ូន និង​នៅលើ​យេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា​៖ “យើង​នឹង​ដាក់ទោស​ដល់​ផលផ្លែ​ពី​ការអួតបំប៉ោង​នៃ​ចិត្ត​របស់​ស្ដេច​អាស្ស៊ីរី និង​ភាពអួតអាង​នៃ​ភ្នែក​ឆ្មើងឆ្មៃ​របស់គេ”។

13 ដ្បិត​ស្ដេចអាស្ស៊ីរី​ពោលថា​៖ “ដោយ​កម្លាំង​នៃ​ដៃ​របស់យើង និង​ដោយ​ប្រាជ្ញា​របស់យើង​នោះឯង ដែល​យើង​បាន​ធ្វើ​ការនេះ ពីព្រោះ​យើង​មានបញ្ញា​។ យើង​បាន​ដក​ព្រំដែន​នៃ​ប្រជាជាតិ​នានា​ចេញ ហើយ​រឹបជាន់យក​ទ្រព្យសម្បត្តិ​របស់ពួកគេ ព្រមទាំង​បង្ក្រាប​ពួក​អ្នកស្រុក ដូចជា​មនុស្ស​ខ្លាំងពូកែ​។

14 ដៃ​របស់យើង​បាន​ចាប់យក​ទ្រព្យសម្បត្តិ​របស់​ប្រជាជាតិ​ទាំងនោះ ដូចជា​សម្បុកចាប​; យើង​បាន​ប្រមូល​ផែនដី​ទាំងមូល ដូច​ប្រមូល​ពងចាប​ដែល​ត្រូវបាន​បោះបង់ចោល ហើយ​មិន​មាន​ណាមួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែកចេចចាច​ឡើយ”។

15 តើ​ពូថៅ​អាច​អួត​ខ្លួន​ចំពោះ​អ្នកដែល​កាប់​ដោយ​វា​ឬ​? តើ​រណារ​អាច​លើក​ខ្លួន​ឡើង​ចំពោះ​អ្នកដែល​អារ​ដោយ​វា​ឬ​? នោះ​ប្រៀបដូចជា​រំពាត់​យារ​ខ្លួនវា​ទាស់នឹង​អ្នកដែល​លើក​វា​ឡើង ឬ​ប្រៀបដូចជា​ដំបង​លើក​មនុស្សដែល​មិនមែន​ជា​ឈើ​នោះ​វិញ​!

16 ដោយហេតុនេះ ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​ចាត់​សេចក្ដីស្គមស្គាំង​ឲ្យទៅ​ក្នុងចំណោម​អ្នកមាំមួន​របស់ស្ដេចអាស្ស៊ីរី ហើយ​នៅក្រោម​សិរីរុងរឿង​របស់ស្ដេចអាស្ស៊ីរី ព្រះអង្គ​នឹង​បង្កាត់​ភ្លើង​ដូចជា​ចំហេះ​នៃ​អណ្ដាតភ្លើង​។

17 រីឯ​ពន្លឺ​នៃ​អ៊ីស្រាអែល​នឹង​បាន​ជា​ភ្លើង ហើយ​អង្គ​ដ៏វិសុទ្ធ​របស់ពួកគេ​នឹង​បានជា​អណ្ដាតភ្លើង ភ្លើងនោះ​នឹង​ឆេះឡើង ហើយ​ស៊ីបំផ្លាញ​បន្លា និង​អញ្ចាញ​របស់ស្ដេចអាស្ស៊ីរី​ក្នុង​មួយ​ថ្ងៃ​។

18 ព្រះអង្គ​នឹង​បំផ្លាញ​ភាពរុងរឿង​នៃ​ព្រៃឈើ និង​ចម្ការសម្បូរផល​របស់ទ្រង់ ព្រមទាំង​ព្រលឹង និង​រូបកាយ​របស់ទ្រង់​ផង ហើយ​ទ្រង់​នឹង​បាន​ដូចជា​អ្នកជំងឺ​ដែល​រីងរៃ​បាត់ទៅ​។

19 រីឯ​សំណល់​នៃ​ដើមឈើ​ពី​ព្រៃ​របស់ទ្រង់​នឹង​មាន​ចំនួនតិច សូម្បីតែ​កូនក្មេង​ក៏​អាច​កត់​វា​ទុក​បាន​ដែរ​។

អ្នកដែលរួចជីវិតនឹងត្រឡប់មកវិញ

20 នៅ​ថ្ងៃ​នោះ សំណល់​នៃ​អ៊ីស្រាអែល និង​អ្នកដែលរួចជីវិត​នៃ​វង្សត្រកូល​យ៉ាកុប នឹង​លែង​ពឹងផ្អែក​លើ​អ្នកដែល​វាយ​ពួកគេ​ទៀត គឺ​ពួកគេ​នឹង​ពឹងផ្អែក​លើ​ព្រះយេហូវ៉ា​ជា​អង្គ​ដ៏វិសុទ្ធ​នៃ​អ៊ីស្រាអែល​វិញ ដោយ​សេចក្ដីពិតត្រង់​។

21 សំណល់ គឺ​សំណល់​នៃ​យ៉ាកុប នឹង​ត្រឡប់មក​រក​ព្រះ​ដ៏មានព្រះចេស្ដា​វិញ​។

22 អ៊ីស្រាអែល​អើយ ទោះបីជា​ប្រជាជន​របស់អ្នក​មាន​ច្រើន​ដូច​គ្រាប់ខ្សាច់​នៅ​ឆ្នេរសមុទ្រ​ក៏ដោយ ក៏​មាន​សំណល់​នៃ​ពួកគេ​តែបន្តិចប៉ុណ្ណោះ​ដែល​នឹង​ត្រឡប់មកវិញ​។ ការបំផ្លាញ​ត្រូវបាន​កំណត់​ហើយ ទាំង​ជន់លិច​ដោយ​សេចក្ដីយុត្តិធម៌​ផង

23 ដ្បិត​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​បង្ហើយ​ការបំផ្លាញ​នៅកណ្ដាល​ផែនដី​ទាំងមូល ដូចដែល​ត្រូវបាន​កំណត់​ហើយ​។

24 ដោយហេតុនេះ ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ មានបន្ទូល​ដូច្នេះ​ថា​៖ “ប្រជារាស្ត្រ​របស់យើង​ដែល​រស់នៅ​ស៊ីយ៉ូន​អើយ កុំ​ខ្លាច​អាស្ស៊ីរី​ឡើយ ទោះបីជា​ពួកគេ​វាយ​អ្នក​ដោយ​រំពាត់ ហើយ​លើក​ដំបង​របស់ពួកគេ​ឡើង​ទាស់នឹង​អ្នក ដូច​របៀប​ជនជាតិអេហ្ស៊ីប​ក៏ដោយ​។

25 ដ្បិត​នៅតែបន្តិចទៀត សេចក្ដីក្រេវក្រោធ​នឹង​បញ្ចប់ ហើយ​កំហឹង​របស់យើង​នឹង​ឆ្ពោះទៅ​ការបំផ្លាញ​ពួកគេ​វិញ”។

26 ព្រះយេហូវ៉ា​នៃ​ពលបរិវារ​នឹង​គ្រវី​ខ្សែតី​ទាស់នឹង​ពួកគេ ដូច​ការប្រហារ​ជនជាតិម៉ាឌាន​នៅត្រង់​ថ្ម​អូរិប ហើយ​ព្រះអង្គ​នឹង​លើក​ដំបង​របស់ព្រះអង្គ​ទៅលើ​សមុទ្រ ដូច​របៀប​នៅ​អេហ្ស៊ីប​ដែរ​។

ព្រះនឹងជំនុំជម្រះអាស្ស៊ីរី

27 នៅ​ថ្ងៃ​នោះ បន្ទុក​នៃអាស្ស៊ីរី​នឹង​ត្រូវបាន​ដកចេញ​ពីលើ ស្មា​របស់អ្នក នឹម​នៃអាស្ស៊ីរី​ក៏​នឹង​ត្រូវបាន​ដកចេញ​ពីលើ ក​របស់អ្នក ហើយ​នឹម​នោះ​នឹង​ត្រូវបាន​កម្ទេច ដោយព្រោះ​ភាពធាត់​។

28 អាស្ស៊ីរី​បាន​មក​ដល់​អៃយ៉ាត គេ​បាន​ឆ្លងកាត់​មីករ៉ូន គេ​បាន​ទុក​សម្ភារៈ​របស់ខ្លួន​នៅ​មីកម៉ាស​។

29 គេ​បាន​ឆ្លង​ផ្លូវកាត់ជ្រលងភ្នំ ដោយពោលថា​៖ “កេបា​ជា​កន្លែងសំណាក់​របស់​យើង​!” នោះ​រ៉ាម៉ា​ក៏​ញ័ររន្ធត់ គីបៀរ​នៃ​សូល​ក៏​រត់គេច​។

30 កូនស្រី​កាលីម​អើយ ចូរ​បន្លឺ​សំឡេង​របស់នាង​ឡើង​! ឡាអ៊ីស និង​អាណាថោត​ដ៏កម្សត់​អើយ ចូរ​ប្រុងស្ដាប់​ចុះ​!

31 ម៉ាតមេណា​បាន​រត់គេច​ហើយ អ្នកដែល​រស់នៅ​កេប៊ីម​ក៏​ភៀសខ្លួន​ដែរ​។

32 ប៉ុន្តែ​នៅ​ថ្ងៃ​នោះ អាស្ស៊ីរី​នឹង​នៅឈរ​នៅ​ណូប គេ​នឹង​គ្រវី​កណ្ដាប់ដៃ​ដាក់​ភ្នំ​នៃ​កូនស្រី​ស៊ីយ៉ូន គឺ​ទីទួល​នៃ​យេរូសាឡិម​។

33 មើល៍! ព្រះអម្ចាស់​យេហូវ៉ា​នៃ​ពលបរិវារ​នឹង​កាប់​មែកឈើ​ដោយ​ព្រះចេស្ដាដ៏អស្ចារ្យ នោះ​ដើមឈើ​មាន​កម្ពស់​ដ៏ខ្ពស់​នឹង​ត្រូវបាន​កាប់រំលំ ហើយ​ដើមឈើ​ខ្ពស់សន្លឹម​នឹង​ត្រូវបាន​បន្ទាបចុះ​។

34 ព្រះអង្គ​នឹង​កាប់​គុម្ពោត​ព្រៃ​ចោល​ដោយ​គ្រឿងដែក នោះ​លីបង់​នឹង​ដួល ដោយព្រោះ​ព្រះអង្គ​ដ៏ធំឧត្ដម​៕

GLOBAL KHMER BIBLE©

Copyright © 2023 by Global Bible Initiative

Global Bible Initiative