1 ចម្លើយទន់ភ្លន់រម្ងាប់សេចក្ដីក្ដៅក្រហាយ ប៉ុន្តែសម្ដីគំរោះគំរើយបង្កកំហឹងវិញ។ 2 អណ្ដាតរបស់មនុស្សមានប្រាជ្ញាធ្វើឲ្យចំណេះដឹងមានការចាប់អារម្មណ៍ រីឯមាត់របស់មនុស្សល្ងង់វិញ បង្ហូរចេញនូវសេចក្ដីល្ងង់។ 3 ព្រះនេត្ររបស់ព្រះយេហូវ៉ានៅគ្រប់កន្លែង ព្រះអង្គទតមើលទាំងមនុស្សអាក្រក់ ទាំងមនុស្សល្អ។ 4 អណ្ដាតនៃការប្រោសឲ្យជា ជាដើមឈើនៃជីវិត រីឯភាពវៀចវេរនៅក្នុងអណ្ដាត ជាការបាក់បែកដល់ចិត្ត។ 5 មនុស្សល្ងីល្ងើមើលងាយសេចក្ដីប្រៀនប្រដៅរបស់ឪពុកខ្លួន រីឯអ្នកដែលទទួលយកពាក្យស្ដីប្រដៅ តែងតែប្រុងប្រយ័ត្ន។ 6 ផ្ទះរបស់មនុស្សសុចរិត មានទ្រព្យសម្បត្តិច្រើន ប៉ុន្តែនៅក្នុងផលរបស់មនុស្សអាក្រក់ មានអំពល់។ 7 បបូរមាត់របស់មនុស្សមានប្រាជ្ញា ផ្សាយចំណេះដឹង ប៉ុន្តែចិត្តរបស់មនុស្សល្ងង់មិនមែនដូច្នោះទេ។ 8 យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។ 9 ផ្លូវរបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា ប៉ុន្តែព្រះអង្គទ្រង់ស្រឡាញ់អ្នកដែលដេញតាមសេចក្ដីសុចរិតយុត្តិធម៌។ 10 ការប្រៀនប្រដៅយ៉ាងធ្ងន់ធ្ងរ គឺសម្រាប់អ្នកដែលបោះបង់ចោលមាគ៌ា; អ្នកដែលស្អប់ការស្ដីប្រដៅនឹងត្រូវស្លាប់។ 11 សូម្បីតែស្ថានមនុស្សស្លាប់ និងស្ថាននរកក៏ចំហនៅចំពោះព្រះយេហូវ៉ា ចុះទម្រាំចិត្តរបស់មនុស្សលោកវិញ តើចំហអម្បាលម៉ានទៅទៀត! 12 មនុស្សចំអកឡកឡឺយមិនចូលចិត្តអ្នកដែលស្ដីបន្ទោសខ្លួនឡើយ ក៏មិនទៅរកមនុស្សមានប្រាជ្ញាដែរ។ 13 ចិត្តអរសប្បាយធ្វើឲ្យទឹកមុខរីករាយ ប៉ុន្តែទុក្ខព្រួយក្នុងចិត្តធ្វើឲ្យវិញ្ញាណខ្ទេចខ្ទាំ។ 14 ចិត្តដែលមានការយល់ច្បាស់ ស្វែងរកចំណេះដឹង រីឯមាត់របស់មនុស្សល្ងង់ស៊ីសេចក្ដីល្ងង់ជាអាហារ។ 15 អស់ទាំងថ្ងៃរបស់មនុស្សរងទុក្ខ សុទ្ធតែវេទនា ប៉ុន្តែចិត្តរីករាយមានពិធីជប់លៀងជានិច្ច។ 16 មានរបស់តែបន្តិចដោយមានការកោតខ្លាចព្រះយេហូវ៉ា ប្រសើរជាងមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែមានទុក្ខកង្វល់។ 17 ស៊ូឲ្យមានម្ហូបជាបន្លែ នៅកន្លែងដែលមានការស្រឡាញ់គ្នា ប្រសើរជាងមានសាច់គោបំប៉ន ប៉ុន្តែមានការស្អប់គ្នា។ 18 មនុស្សឆាប់ខឹងបង្កទំនាស់ រីឯមនុស្សយឺតនឹងខឹងរម្ងាប់ជម្លោះ។ 19 ផ្លូវរបស់មនុស្សខ្ជិលច្រអូសប្រៀបដូចជារបងបន្លា រីឯគន្លងរបស់មនុស្សទៀងត្រង់ប្រៀបដូចជាមហាវិថី។ 20 កូនដែលមានប្រាជ្ញាធ្វើឲ្យឪពុកមានអំណរ រីឯមនុស្សល្ងង់មើលងាយម្ដាយរបស់ខ្លួន។ 21 ភាពល្ងង់ជាអំណរដល់មនុស្សខ្វះវិចារណញ្ញាណ ប៉ុន្តែមនុស្សមានការយល់ដឹងដើរទៅត្រង់។ 22 ដោយគ្មានការពិគ្រោះ គម្រោងក៏បរាជ័យ ដោយមានទីប្រឹក្សាច្រើន គម្រោងនឹងបានសម្រេច។ 23 អំណរមានដល់មនុស្សដោយការផ្ដល់ចម្លើយត្រឹមត្រូវ ហើយពាក្យត្រូវពេល ល្អយ៉ាងណាហ្ន៎! 24 ផ្លូវនៃជីវិតធ្វើឲ្យមនុស្សមានប្រាជ្ញាបានទៅខាងលើ ដើម្បីឲ្យបានបែរចេញពីស្ថានមនុស្សស្លាប់ខាងក្រោម។ 25 ព្រះយេហូវ៉ានឹងដកផ្ទះរបស់មនុស្សក្រអឺតក្រទមចេញ ប៉ុន្តែព្រះអង្គនឹងធ្វើឲ្យព្រំដីរបស់ស្ត្រីមេម៉ាយស្ថិតនៅជាប់។ 26 គំនិតអាក្រក់ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯពាក្យសម្ដីសប្បុរសគឺបរិសុទ្ធ។ 27 អ្នកដែលលោភចង់បានកម្រៃទុច្ចរិត នាំទុក្ខមកលើផ្ទះរបស់ខ្លួន រីឯអ្នកដែលស្អប់សំណូកនឹងមានជីវិតរស់។ 28 ចិត្តរបស់មនុស្សសុចរិតជញ្ជឹងគិតថាគួរឆ្លើយយ៉ាងណា រីឯមាត់របស់មនុស្សអាក្រក់បង្ហូរចេញនូវសេចក្ដីអាក្រក់។ 29 ព្រះយេហូវ៉ានៅឆ្ងាយពីមនុស្សអាក្រក់ ប៉ុន្តែព្រះអង្គទ្រង់សណ្ដាប់ពាក្យអធិស្ឋានរបស់មនុស្សសុចរិត។ 30 ពន្លឺនៃភ្នែកធ្វើឲ្យចិត្តអរសប្បាយ ហើយដំណឹងល្អធ្វើឲ្យឆ្អឹងរឹងមាំ។ 31 ត្រចៀកដែលស្ដាប់តាមពាក្យស្ដីប្រដៅអំពីជីវិត នឹងស្នាក់នៅក្នុងចំណោមមនុស្សមានប្រាជ្ញា។ 32 អ្នកដែលធ្វើព្រងើយនឹងការប្រៀនប្រដៅ គឺបោះបង់ចោលព្រលឹងរបស់ខ្លួន រីឯអ្នកដែលស្ដាប់តាមពាក្យស្ដីប្រដៅ ទទួលបានការយល់ដឹង។ 33 ការកោតខ្លាចព្រះយេហូវ៉ាជាសេចក្ដីប្រៀនប្រដៅនៃប្រាជ្ញា ហើយមុនសិរីរុងរឿង មានការបន្ទាបខ្លួន៕ |