យ៉ូសែបបង្ហាញឲ្យពួកបងប្អូនស្គាល់ខ្លួន1 ពេលនោះ យ៉ូសែបទប់ចិត្តនៅចំពោះអស់អ្នកដែលឈរនៅជិតគាត់លែងបាន ក៏ស្រែកឡើងថា៖ “ចូរឲ្យមនុស្សទាំងអស់ចេញពីខ្ញុំទៅ!”។ ដូច្នេះ គ្មានអ្នកណានៅជាមួយគាត់ទេ ពេលយ៉ូសែបបង្ហាញឲ្យពួកបងប្អូនស្គាល់ខ្លួន។ 2 រួចគាត់បន្លឺសំឡេងទ្រហោយំ នោះពួកជនជាតិអេហ្ស៊ីបក៏ឮ ហើយអ្នកដំណាក់របស់ផារ៉ោនក៏ឮដែរ។ 3 យ៉ូសែបប្រាប់បងប្អូនរបស់គាត់ថា៖ “ខ្ញុំហ្នឹងហើយ ជាយ៉ូសែប! តើឪពុករបស់ខ្ញុំនៅតែនៅរស់ឬទេ?”។ ប៉ុន្តែបងប្អូនរបស់គាត់មិនអាចឆ្លើយនឹងគាត់បានឡើយ ពីព្រោះពួកគេតក់ស្លុតនៅចំពោះគាត់។ 4 យ៉ូសែបនិយាយនឹងបងប្អូនរបស់គាត់ថា៖ “សូមចូលមកជិតខ្ញុំ”។ ពួកគេក៏ចូលមកជិត នោះគាត់ក៏និយាយថា៖ “ខ្ញុំជាយ៉ូសែបប្អូនប្រុសរបស់ពួកបង ដែលពួកបងបានលក់ខ្ញុំមកអេហ្ស៊ីប។ 5 ឥឡូវនេះ សូមកុំព្រួយចិត្ត ក៏កុំខឹងនឹងខ្លួនឯងដោយសារបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះព្រះបានចាត់ខ្ញុំឲ្យមកមុនពួកបងដើម្បីរក្សាជីវិត។ 6 ដ្បិតមានទុរ្ភិក្សនៅលើផែនដីពីរឆ្នាំហើយ ក៏នឹងមានប្រាំឆ្នាំទៀតដែលគ្មានការភ្ជួររាស់ ឬការច្រូតកាត់ឡើយ។ 7 ដូច្នេះ ព្រះបានចាត់ខ្ញុំឲ្យមកមុនពួកបង ដើម្បីទុកឲ្យពួកបងមានអ្នកដែលនៅសល់នៅលើផែនដី និងដើម្បីរក្សាជីវិតពួកបងដោយការរំដោះដ៏ធំអស្ចារ្យ។ 8 ដោយហេតុនេះ មិនមែនពួកបងទេ ដែលបញ្ជូនខ្ញុំមកទីនេះ គឺព្រះវិញ។ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាចៅហ្វាយលើអ្នកដំណាក់ទាំងអស់របស់ទ្រង់ និងជាមេគ្រប់គ្រងលើដែនដីអេហ្ស៊ីបទាំងមូលផង។ 9 “ចូរប្រញាប់ឡើងទៅឯឪពុករបស់ខ្ញុំចុះ ហើយប្រាប់គាត់ថា: ‘យ៉ូសែបកូនប្រុសរបស់លោកឪពុកបាននិយាយដូច្នេះថា: “ព្រះបានតាំងខ្ញុំជាចៅហ្វាយលើអេហ្ស៊ីបទាំងមូលហើយ សូមចុះមកជួបខ្ញុំកុំបង្អង់ឡើយ។ 10 លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន ដើម្បីបាននៅជិតខ្ញុំ គឺទាំងលោកឪពុក កូនរបស់លោកឪពុក និងចៅរបស់លោកឪពុក ព្រមទាំងហ្វូងចៀមរបស់លោកឪពុក ហ្វូងគោរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមានផង។ 11 ខ្ញុំនឹងផ្គត់ផ្គង់លោកឪពុកនៅទីនោះ ក្រែងលោលោកឪពុក អ្នកផ្ទះរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមាន ជួបការខ្វះខាត ដ្បិតនៅមានទុរ្ភិក្សប្រាំឆ្នាំទៀត”’។ 12 មើល៍! ភ្នែករបស់ពួកបង និងភ្នែករបស់ប្អូនប្រុសខ្ញុំ គឺបេនយ៉ាមីន បានឃើញថា ខ្ញុំបាននិយាយផ្ទាល់មាត់នឹងពួកបងហើយ។ 13 សូមប្រាប់ឪពុកអំពីអស់ទាំងភាពរុងរឿងរបស់ខ្ញុំនៅអេហ្ស៊ីប និងអ្វីៗទាំងអស់ដែលពួកបងបានឃើញ ហើយប្រញាប់នាំឪពុកចុះមកទីនេះផង”។ 14 រួចយ៉ូសែបកៀកកបេនយ៉ាមីនប្អូនប្រុសរបស់គាត់ ហើយយំ រីឯបេនយ៉ាមីនក៏កៀកកយ៉ូសែប ហើយយំដែរ។ 15 គាត់ក៏ថើបបងប្រុសទាំងអស់របស់គាត់ ហើយយំឱបពួកគេ។ បន្ទាប់មក បងប្អូនរបស់គាត់និយាយជាមួយគាត់។ ត្រឡប់ទៅឯឪពុកនៅដែនដីកាណានវិញ16 កាលដំណឹងនេះបានឮដល់ដំណាក់របស់ផារ៉ោនថា៖ “បងប្អូនរបស់យ៉ូសែបមកដល់” នោះវាជាការល្អក្នុងព្រះនេត្ររបស់ផារ៉ោន និងក្នុងភ្នែករបស់ពួករាជបម្រើទ្រង់។ 17 ផារ៉ោនមានរាជឱង្ការនឹងយ៉ូសែបថា៖ “ចូរប្រាប់បងប្អូនរបស់អ្នកថា: ‘ចូរអ្នករាល់គ្នាធ្វើដូច្នេះ គឺចូរដាក់អីវ៉ាន់លើសត្វរបស់អ្នករាល់គ្នា ហើយត្រឡប់ទៅដែនដីកាណានវិញ 18 រួចយកឪពុករបស់អ្នករាល់គ្នា និងអ្នកផ្ទះរបស់អ្នករាល់គ្នាមកជួបយើងចុះ។ យើងនឹងឲ្យកន្លែងល្អបំផុតនៃដែនដីអេហ្ស៊ីបដល់អ្នករាល់គ្នា ដូច្នេះចូរហូបផលល្អបំផុតនៃស្រុកនេះចុះ’។ 19 រីឯអ្នកវិញ ចូរទទួលបង្គាប់ថា: ‘ចូរអ្នករាល់គ្នាធ្វើដូច្នេះ គឺចូរយករទេះពីដែនដីអេហ្ស៊ីបទៅជាមួយអ្នករាល់គ្នាសម្រាប់កូនៗរបស់អ្នករាល់គ្នា និងសម្រាប់ប្រពន្ធរបស់អ្នករាល់គ្នាចុះ ហើយយកឪពុករបស់អ្នករាល់គ្នាមកទីនេះ។ 20 កុំឲ្យភ្នែករបស់អ្នករាល់គ្នាស្ដាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតរបស់ល្អបំផុតនៃដែនដីអេហ្ស៊ីបទាំងមូលជារបស់អ្នករាល់គ្នាហើយ’”។ 21 ពួកកូនប្រុសរបស់អ៊ីស្រាអែលក៏ធ្វើដូច្នោះ។ យ៉ូសែបក៏ប្រគល់រទេះឲ្យពួកគេ តាមបង្គាប់របស់ផារ៉ោន ហើយឲ្យស្បៀងអាហារដល់ពួកគេសម្រាប់ការធ្វើដំណើរ 22 ព្រមទាំងឲ្យសម្លៀកបំពាក់មួយកំប្លេៗដល់ពួកគេទាំងអស់គ្នាផង ប៉ុន្តែចំពោះបេនយ៉ាមីន គាត់ឲ្យកាក់ប្រាក់បីរយ និងសម្លៀកបំពាក់ប្រាំកំប្លេ។ 23 យ៉ូសែបផ្ញើទៅឪពុករបស់គាត់យ៉ាងដូច្នេះ គឺលាឈ្មោលដប់ក្បាលដែលផ្ទុករបស់ល្អបំផុតពីអេហ្ស៊ីប និងលាញីដប់ក្បាលដែលផ្ទុកស្រូវ និងនំប៉័ង ព្រមទាំងស្បៀងអាហារសម្រាប់ឪពុករបស់គាត់មកតាមផ្លូវ។ 24 រួចគាត់ជូនដំណើរបងប្អូនរបស់គាត់។ នៅពេលពួកគេចេញដំណើរទៅ គាត់ប្រាប់ពួកគេថា៖ “កុំឈ្លោះប្រកែកគ្នាតាមផ្លូវឡើយ”។ 25 ពួកគេក៏ឡើងពីអេហ្ស៊ីប ទៅដែនដីកាណានជួបយ៉ាកុបឪពុករបស់ពួកគេ។ 26 ពួកគេប្រាប់គាត់ថា៖ “យ៉ូសែបនៅរស់នៅឡើយ ហើយជាមេគ្រប់គ្រងលើដែនដីអេហ្ស៊ីបទាំងមូល”។ ចិត្តរបស់គាត់ក៏ស្រឡាំងកាំង ពីព្រោះគាត់មិនជឿពួកគេទេ។ 27 ប៉ុន្តែពួកគេប្រាប់គាត់នូវពាក្យទាំងអស់ដែលយ៉ូសែបបានប្រាប់ពួកគេ ហើយគាត់ឃើញរទេះដែលយ៉ូសែបបានបញ្ជូនមកដើម្បីទទួលគាត់ នោះវិញ្ញាណរបស់យ៉ាកុបឪពុករបស់ពួកគេក៏ស្រស់ស្រាយឡើងវិញ។ 28 អ៊ីស្រាអែលនិយាយថា៖ “គ្រប់គ្រាន់ហើយ! យ៉ូសែបកូនប្រុសរបស់យើងនៅរស់នៅឡើយ យើងនឹងទៅមើលវាមុនយើងស្លាប់”៕ |